សហព័ន្ធ​ខ្មែរ​ក្រោម​ថា អាជ្ញាធរ​វៀតណាម​កំពុង​ព្យាយាម​បំបែកបំបាក់​ខ្មែរ​ក្រោម និង​បញ្ជា​ឲ្យ​ស៊ើប​ការណ៍​គ្នា​ទៅ​វិញ​ទៅ​មក

0 464

ដោយ យន់ សាមៀន | RFA Khmer

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យដឹង​ថា អាជ្ញាធរ​វៀតណាម កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ ដើម្បី​បំបែកបំបាក់​ពលរដ្ឋ​ខ្មែរ​ក្រោម តាម​រយៈ​បង្កើត​សមាគម​ខ្មែរ​ក្រោម​ ចំនួន​ពីរ​ក្រុម​ទៅ​តាម​ត្រកូល ដែល​អតីត​​ស្ដេច​វៀតណាម ដាក់ឲ្យ​ខ្មែរ​ក្រោម ។ សហព័ន្ធ​ចាត់​ទុក​ទង្វើ​របស់​វៀតណាម​នេះ​ថា ជា​យុទ្ធសាស្ត្រ​ងាយស្រួល​គ្រប់​គ្រង​ខ្មែរ​ក្រោម មិន​ឲ្យ​ទាមទារ​សិទ្ធិ​សេរីភាព​ជា​ជន​ជាតិ​ដើម​កំណើត​ផង និង​ដើម្បី​ស៊ើប​ការណ៍​សំងាត់​ពី​ខ្មែរ​ក្រោម​ផង​ដែរ ។

ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និងព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន និពន្ធ​នាយក​សារព័ត៌មាន​ព្រៃ​នគរ ។ រូប៖ សហព័ន្ធ​ព័ត៌មាន​ខ្មែរ​កម្ពុជាក្រោម
ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និងព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន និពន្ធ​នាយក​សារព័ត៌មាន​ព្រៃ​នគរ ។ រូប៖ សហព័ន្ធ​ព័ត៌មាន​ខ្មែរ​កម្ពុជាក្រោម

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ពល​លាវ ដែល​វៀតណាម​ប្តូរ​ឈ្មោះ​ទៅ​ខេត្ត (Bac Lieu) បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ដែល​មានត្រកូល ថាច់ និង ស៊ើង បង្កើតសមាគម​ពីរ​តាម​ត្រកូល គឺ​សមាគម​មួយជា​សមាគម​ត្រកូល ថាច់ និង​សមាគម​មួយ​ទៀត​ត្រកូល ស៊ើង ។

ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​បន្ត​ថា ទោះ​បី​វៀតណាម​ថា ការ​បង្កើត​សមាគម​នេះ ដើម្បី​ជួយ​ខ្មែរ​ក្រោម ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​ក៏​ដោយ ប៉ុន្តែ​ព្រះអង្គ​យល់​ថា ធាតុ​ពិត វៀតណាម​ចង់​ធ្វើ​យ៉ាង​ណា ដើម្បី​ងាយ​ស្រួល​គ្រប់គ្រង​ខ្មែរ​ក្រោម និង​អាច​ស៊ើប​ការណ៍​សំងាត់ ពី​ខ្មែរ​ក្រោម៖ «រដ្ឋាភិបាល​វៀតណាម មិន​ឲ្យ​បង្កើត​ខ្មែរ​ក្រោម​បង្កើត​ជាស​មា​គម​ជា​ផ្លូវការ​ទេ ដូចជា​ត្រកូល ថាច់ ស៊ើង ហ្នឹង គឺ​អាជ្ញាធរ​វៀតណាម​ជា​អ្នក​ នៅ​ពី​ក្រោយ​ខ្នង ។ អ្វី​ដែលគេ​បង្កើត​ហ្នឹង ដើម្បី​ឲ្យ​ខ្មែរ​ក្រោម​ហ្នឹង​បែក​បាក់​គ្នា» ។

ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា សំដែង​ចម្ងល់​ថា ហេតុ​អ្វី បាន​ជា​អាជ្ញាធរ​វៀតណាម​ខេត្តពល​លាវ ជ្រើស​រើស​យក​ត្រកូល​តែ​ពីរ គឺ​ត្រកូល ថាច់ និង ស៊ើង ដើម្បី​អាច​បង្កើត​សមាគម ។ ព្រះអង្គ​បន្ត​ថា ប្រសិន​បើ​វៀតណាម​ពិតជា​មាន​ចេតនា​ចង់​ជួយ​ខ្មែរ​ក្រោម​មែន​នោះ​វៀតណាម ត្រូវ​អនុញ្ញាត​ឲ្យ ខ្មែរ​ក្រោម​អាច​បង្កើត​ជា​សហជីព និង​ព្រះសង្ឃ​ខ្មែរ​ក្រោម ​អាច​បង្កើត​សមាគម​បាន​ដោយសេរី​បាន៖ «នៅ​ពេល​ដែល​អាជ្ញាធរ​វៀតណាម​ ឲ្យ​យើង​បង្កើត​សមាគម​ហ្នឹង ខ្មែរ​ក្រោម​យើង​គួរតែ យើង​ជួបជុំ​គ្នា​ហ្នឹង​នៅ​ពេល តែ​ប៉ូលិស ឬ​អាជ្ញាធរ​ចេញទៅ​យើង​គួរ​និយាយ​រឿង​គ្នា​ក្រោម​វិញ វប្បធម៌ ឬក៏​សញ្ជាតិ​ខ្មែរ​ក្រោម​វិញ» ។

គោលបំណង​របស់​អាជ្ញាធរ​វៀតណាម នៅ​ខេត្តពល​លាវ​នេះ ​ធ្វើឡើង​ស្រប​ពេល​ដែល​អាជ្ញាធរ​វៀតណាម កំពុង​គាប​សង្កត់​សិទ្ធិ​បញ្ចេញមតិ​របស់​ខ្មែរ​ក្រោម នៅ​លើទឹក​ដី​កំណើត ហើយក៏​ហាក់​បី​ធ្វើឡើង​ទៅ​តាម​គម្រោង​ផែនការ​ចាស់​របស់​អតីត​ស្ដេច​វៀតណាម ។

ពាក់ព័ន្ធ​ នឹង​ការ​បង្កើត​សមាគម​តាម​ត្រកូល​នេះ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន និពន្ធ​នាយក​សារព័ត៌មាន​ព្រៃនគរ មាន​ថេរ​ដីកា​ថា ក្នុង​រជ្ជកាល​ស្ដេច​វៀតណាម ឈ្មោះ យ៉ាឡុង (Gia Long) ក្នុង គ. ស. ១៨១៣ ពេល​កម្ពុជា មាន​ជម្លោះ​ផ្ទៃក្នុង​រវាង​ក្រុមព្រះ​រាជវង្ស​ផង និង​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ថៃ​ផង ។ ស្ដេច​ខ្មែរ​ខ្លះ​ចង់​បាន​រាជបល្ល័ង្ក​ក៏​ទៅ​ទីពឹង​វៀតណាម និង​ប្រទេស​ថៃ ឲ្យ​មក​ជួយ ដើម្បី​បាន​អំណាច​រៀងៗ ខ្លួន ទើប​បណ្ដាល​ឲ្យ​ពលរដ្ឋ​វៀតណាម​ចូល​មក​រស់​នៅ​ពាសពេញ​ទឹក​ដី​ខ្មែរ ។ ព្រះអង្គ​បន្ត​ថា ក្នុង​ពេល​ប្រទេស​កើត​សង្គ្រាម​ដូច្នេះ វៀតណាម​ក៏​ឆ្លៀត​ឱកាស​បង្កើន​ការ​វាតទី​លើ​ទឹក​ដីខ្មែរ​ ដោយ​បញ្ជូន​ទ័ព​មក​ច្បាំង​ជាមួយ​ខ្មែរ​ក្រោម​ នៅ​ដែនដី​កម្ពុជា​ក្រោម និង​យក​អំណាច​បង្ខំឲ្យ​ខ្មែរក្រោម​ផ្លាស់​ប្ដូរ​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌​ដែល​ជា​របៀបរបប​ខ្មែរ​ទៅ​ជា​វៀតណាម​វិញ ។ ពេល​វៀតណាម​បង្ខំឲ្យ​ខ្មែរ​ក្រោម ​ក្លាយ​ខ្លួន​ទៅជា​ជនជាតិ​វៀតណាម​នោះ វៀតណាម​ក៏​បង្ខំឲ្យ​ខ្មែរ​ក្រោម ទទួល​យក​នូវ​ត្រកូល​ ដែល​ស្ដេច​វៀតណាម ដាក់​ឲ្យ​ដើម្បី​ប្រើប្រាស់​ព្រោះ កាល​ពី​ដើម​ឡើយ ខ្មែរ​ក្រោម​មិន​មាន​ត្រកូល​នោះ​ទេ ។

វៀតណាម​បាន​ដាក់​ត្រកូល​ឲ្យ​ខ្មែរ​ក្រោម​មួយ​ចំនួន ដូចជា ថាច់ ស៊ើង ឡាំ គឹម យ៉ាញ់ និង ចៅ​ជាដើម ។ ដោយឡែក​នៅ ខេត្ត​ក្រមួនស ត្រកូល​ប្រុស ត្រូវ​វៀតណាម​ដាក់ឲ្យ​ខ្មែរ​ក្រោម​ថា យ៉ាញ់ និង ធី សម្រាប់​ស្រី ហើយ​នៅ​ខេត្ត មាត់ជ្រូក ប្រុស​មាន​ត្រកូល ចៅ និង​ស្រី មាន​ត្រកូល នាង ។ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន មាន​ថេរ​ដីកា​ថា ពេល​វៀតណាម​ចូល មក​ឈ្លានពាន​ដែនដី​កម្ពុជា​ក្រោម និង​ធ្វើ​អាណានិគម​លើ​ប្រជាជាតិ​ខ្មែរ​ក្រោម ស្ដេច​វៀតណាម​បាន បញ្ជា​ឲ្យ​ខ្មែរ​ក្រោម​ផ្លាស់​ប្ដូរ​ទំនៀម​ទំ​លាប់​ទៅជា​វៀតណាម​ជានិច្ច ដើម្បី​ធ្វើឲ្យ​ខ្មែរ​រលាយ​ពូជសាសន៍​ទៅ​ជា​វៀតណាម មូលហេតុ​នេះ​ហើយ​បាន​ជាខ្មែរ​ក្រោម​មានត្រកូល​ជា​ភាសា​វៀតណាម ចាប់​តាំង​ពី​ពេល​នោះ រហូត​មក​ដល់​សព្វថ្ងៃ ។

ស្ដេច​វៀតណាម ដើម្បី​បម្រើ​មហិច្ឆតា​លេប​ត្របាក់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​ប្ដូរ​ឈ្មោះ​ខេត្ត ២១ របស់​ខ្មែរ​ក្រោម ទៅជា​ឈ្មោះ​វៀតណាម ហើយ​ដាក់​ខ្មែរ​ក្រោម​រស់នៅ​ក្នុង​ខេត្ត​និមួយៗ តាម​ត្រកូល ដើម្បី​បំបាត់ដាន​ប្រវត្តិសាស្ត្រ ។ ទោះ​បី​ជា​យ៉ាង​ព្រះអង្គ​បន្ត​ថា មក​ទល់​សព្វថ្ងៃ​នេះ ខ្មែរ​ក្រោម​មិន​រស់នៅ​ក្នុង​ខេត្ត តាម​ត្រកូល​កំណត់​ដោយ​វៀតណាម​ទៀត​ទេ ។

ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន មាន​ថេរ​ដីកា​បន្ត​ថា កាល​ពី​ដើម​ឡើយ​ខ្មែរ​ក្រោម មិន​មាន​ជម្រើស​ទើប​យក​ត្រកូល​ដែល​វៀតណាម​ដាក់ឲ្យ ប៉ុន្តែ​ប្រសិនបើ​ខ្មែរ​ក្រោម​អាច​ទាមទារ សិទ្ធិស្វ័យសម្រេច​ដោយខ្លួនឯង​ទៅ​ថ្ងៃ​អនាគត ខ្មែរ​ក្រោម​ នឹង​ប្តូរ​ត្រកូល​វិញ៖ «យួន​វា​ដាក់​ត្រកូល​យើង ពេល​យើង​ចង់​ឈប់​ប្រើ​ភាសា​យួន​យើង​ត្រូវ តែ​ខ្មែរ​ក្រោម​ហ្នឹង មាន​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង យើង​ប្រជុំ​គ្នា​ថា យើង​ឈប់​ទទួល​យក​វប្បធម៌​ពី​យួន​ចិន​ហ្នឹង​ហើយ ។ យើង​ចង់​ដាក់​ឈ្មោះ​យើង​ហ្នឹង​ភាសា​ខ្មែរ​សុទ្ធ» ។

មកទល់​ថ្ងៃ​ទី ២៣ មិថុនា ឆ្នាំ ២០២០ ខ្មែរ​ក្រោម​បាន​បាត់បង់​ទឹក​ដី​រយៈ​ពេល ៧១ ឆ្នាំ​មក​ហើយ ។ អង្គការ​សមាគម ខ្មែរ​កម្ពុជាក្រោម​​ ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ស្វ័យសម្រេច​ទៅ​ថ្ងៃ​អនាគត និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ ដើម្បី​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម ​មក​ពី​វៀតណាម​វិញ ៕

Leave A Reply

Your email address will not be published.