ស្ត្រីខ្មែរក្រោមដែលបន្ទោសវៀតណាម រឿងរឹបយកអាវយឺតអក្សរខ្មែរនោះ ថាជារឿងមិនពិត
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ស្ត្រីខ្មែរក្រោមម្នាក់ដែលបានអះអាងនៅតាមបណ្ដាញសង្គម Facebook ថា រដ្ឋាភិបាលយួនបានរឹបយកអាវ យឺត ដែលមានអក្សរខ្មែរ និងរូបអង្គរវត្តពីពលរដ្ឋខ្មែរក្រោម និងបានពិន័យប្រាក់ក្នុងអាវមួយ ១ លាន ដុងនោះ បានសារភាពថា អ្វីដែលនាងបាននិយាយនាពេលកន្លងមកនោះ វាមិនមែនជាការពិតទេ ។ នាងថា អ្វីដែល នាងបាននិយាយនោះ គឺនាងបានយោងតាមប្រភពពីព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលសរសេរនៅលើ Facebook ព្រះសង្ឃអង្គនោះថា ព្រះអង្គបានទទួលដំណឹងមកថា រដ្ឋាភិបាលយួនទើបតែពិន័យប្រាក់ខ្មែរ ក្រោមចំនួន ១ លានដុងរួចមកហើយ ដោយសារពាក់អាវយឺតដែលមានរូបអង្គរវត្ត ។ នាងបន្តទៀតថា ដោយ សារឃើញដំណឹងនេះ ទើបនាងបានផ្ទុះកំហឹងបន្ទោសរដ្ឋាភិបាលវៀតណាម តាមរយៈវីដេអូឃ្លីបមួយថា ទង្វើរបស់រដ្ឋាភិបាលយួនដូចជាចោរ ។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ ស្ត្រីខ្មែរក្រោមម្នាក់នៅខេត្តព្រះត្រពាំង បានផ្ទុះកំហឹងរបស់ខ្លួនស្ដីបន្ទោសរដ្ឋា ភិបាលយួនតាមរយៈវីដេអូឃ្លីបមួយ នៅលើបណ្ដាញសង្គម Facebook របស់នាងថា រដ្ឋាភិបាលវៀតណាមបានរំលោភបំពានលើវប្បធម៌ខ្មែរ នៅដែនដីកម្ពុជាក្រោម ដោយបានប្រើពាក្យធ្ងន់ៗ ហៅរដ្ឋាភិបាលយួនថា “ពួកចោរប្លន់” ក្រោយពេលនាងត្រូវអាជ្ញាធរយួនរឹបយកអាវយឺតដែលមានអក្សរខ្មែរ និងរូបអង្គរវត្ត ។
វីដេអូឃ្លីបមួយ មានប្រវែងប្រមាណជាង ២ នាទីនេះ ត្រូវបាននាងបង្ហោះហើយ លុបចេញវិញ បន្ទាប់ពីត្រូវ បានក្រុមអ្នកប្រើបណ្ដាញសង្គម Facebook ចែករំលែកពីម្នាក់ទៅម្នាក់អមជាមួយ នឹងពាក្យរិះគន់ស្ដីបន្ទោសដល់រដ្ឋាភិបាលយួនថា បានរំលោភបំពានលើវប្បធម៌ខ្មែរ នៅដែនដីកម្ពុជាក្រោម ដោយសាររដ្ឋាភិបាលយួនបានហាមមិនឲ្យលក់ និងពាក់អាវយឺតដែលមានអក្សរខ្មែរ និងរូបអង្គរវត្ត ប្រាសាទខ្មែរមួយដែលជានិម្មិតរូបនៃមោទនភាពរបស់ជនជាតិខ្មែរ ។
យោងតាមវីដេអូនេះ ស្ត្រីម្នាក់នេះ បានស្ដីបបន្ទោសរដ្ឋាភិបាលវៀតណាមថា នាងត្រូវរដ្ឋាភិបាលយួនពិន័យ ប្រាក់ប្រមាណ ១ លានដុង (ប្រហែល ៤៨ ដុល្លារ) ដោយសារនាងបានពាក់អាវយឺតដែលមានអក្សរខ្មែរ និង រូបអង្គរវត្ត ។ នាងបានស្ដីបន្ទោសចំពោះសកម្មភាពរបស់រដ្ឋាភិបាលវៀតណាម ដែលបានរឹបយកអាវ និង ពិន័យប្រាក់ចំពោះរូបនាងថា ជាទង្វើរបស់ពួកចោរប្លន់ភ្នែកស្រស់ ។
កាលពីខែមេសាកន្លងកន្លងទៅនេះ ស្ត្រីអ្នកប្រើបណ្ដាញសង្គម Facebook ម្នាក់ទៀត ក៏ត្រូវរដ្ឋាភិបាលយួន រឹបយកអាវយឺតដែលមានរូបផែនទីកម្ពុជាក្រោម និងអក្សរខ្មែរថា “កម្ពុជាក្រោម” ផងដែរ ខណៈដែលស្ត្រីម្នាក់ នេះពាក់អាវយឺតនោះទៅវត្ត នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។
នាង ចន្ទ សោភា នៅស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង បានផ្ញើសារតាមរយៈបណ្ដាញសង្គម Facebook ប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម ថា នាង “ត្រូវរដ្ឋាភិបាលយួនតាមដាន និងមកសួរចម្លើយ និងរឹបយកអាវ” ដល់ផ្ទះ តែម្ដង ។
រដ្ឋាភិបាលយួន មិនដែលបានផ្ដល់ឱកាសឲ្យពលរដ្ឋខ្មែរក្រោម បានទទួលនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនទេ ក្នុងនោះមាន “សិទ្ធិសម្រចវាសនាខ្លួនដោយខ្លួនឯង” ជាដើម តាមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម ដែលរដ្ឋាភិបាលវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១៤៣ ដែលបានបោះឆ្នោតទទួលស្គាល់ស្ដីពីការអនុម័ត លើសេចក្ដីសម្រេចនៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម នៅក្នុងកិច្ចប្រជុំលើកទី ៦១ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។ ទោះបីរដ្ឋាភិបាលវៀតណាមជាប្រទេសហត្ថលេខីក៏ដោយ តែខ្លួនមិនដែលបានអនុវត្តតាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ក្នុងការគោរពសិទ្ធិជនជាតិដើមខ្មែរក្រោមម្ដងណាឡើយ ។
វៀតណាមចាត់ទុកខ្មែរក្រោមថា ជាជនជាតិភាគតិចក្នុងចំណោមជនជាតិទាំង ៥៤ នៅក្នុងប្រទេសវៀតណាម ខណៈដែលអង្គការសហប្រជាជាតិបានចាត់ទុកខ្មែរក្រោមថា ជាជនជាតិដើម ហើយបានទទួលស្គាល់ឲ្យ សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលថ្លែងការណ៍នៅក្នុងអង្គការសហប្រជាជាតិរៀងរាល់ឆ្នាំ នៅក្នុងវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII ) នាបុរី New York សហរដ្ឋអាមេរិក ។
នៅក្នុងកថាខណ្ឌទី ១ នៃមាត្រាទី ១៤ នៅក្នុងជំពូកទី ២ ស្ដីពីសិទ្ធិមនុស្ស សិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ នៃរដ្ឋធម្មនុញ្ញ ប្រទេសសាធារណរដ្ឋសង្គមនិយមនិយមវៀតណាម បានចែងថា៖ “នៅប្រទេសសាធារណរដ្ឋ សង្គមនិយមវៀតណាម សិទ្ធិទាំងឡាយរបស់មនុស្ស និងសិទ្ធិរបស់ពលរដ្ឋចខាងវិស័យ នយោបាយ ស៊ីវិល សេដ្ឋកិច្ច វប្បធម៌ និងសង្គម ត្រូវបានទទួលស្គាល់ គោរព ការពារ និងគាំពារទៅតាមច្បាប់” ។
យោងតាមមាត្រាទី ៨ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម បានចែងថា៖ “ជនជាតិដើម និងបុគ្គលជាជនជាតិដើម មានសិទ្ធិមិនស្ថិតនៅក្នុងកម្មវត្ថុ នៃការបង្ខំឲ្យរស់នៅលាយឡំក្នុង សហគមន៍ផ្សេង ឬការបំផ្លាញវប្បធម៌របស់ខ្លួនឡើយ” ៕
Comments are closed.