ខ្មែរក្រោម នៅ​រដ្ឋ​អូ​ហៃ​អូ ប្រារព្ធ​ទិវា ៤ មិថុនា​

0 232

ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ​
​គណៈកម្មការ​សាខា​សហព័ន្ធ និង​សហ​សមាគម​ខ្មែរ -​ខ្មែរក្រោម នៃ​រដ្ឋ​អូ​ហៃ​អូ នឹង​ប្រារព្ធ​ពិធី​រំឭក​ទិវា ០៤ មិថុនា នៅ​ថ្ងៃទី ១៨ ខែឧសភា ខាងមុខ នេះ ដើម្បី​រំឭក​ដល់​ខួប ៦៤ ឆ្នាំ ថ្ងៃ​បារាំង​ផ្ទេរអំណាច​ឲ្យ​វៀត ណា​ម​គ្របគ្រង​ដែនដី​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

លោក ថាច់ សេ ប្រធានសភាតំណាងនៃសហព័ន្ធខ្មែរកម្ពូជាក្រោម
លោក ថាច់ សេ ប្រធានសភាតំណាងនៃសហព័ន្ធខ្មែរកម្ពូជាក្រោម

លោក ថាច់ សេ ប្រធានសភា​តំណាង​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ១២ ខែឧសភា នេះ​ថា កម្មវិធី​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ភោ​ជ​និ​យ​ដ្ឋា​ន​ផ្កាឈូក​រត្ន ចាប់ពី​ម៉ោង ០៥ កន្លះ ដល់ ម៉ោង ១២ អ​ធ្រា​ត ដោយ​មានការ​ថ្លែង​សុន្ទ​កថា​ចាប់អារម្មណ៍​ដល់​ទិវា ០៤ មិថុនា និង​ពិធី​ប្រគុំ តន្ត្រី​កម្សាន្ត ពេល​បញ្ចប់​កម្មវិធី ។​
(​សំឡេង លោក ថាច់ សេ​)
​លោក ថាច់ សេ បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរក្រោម ប្រារព្ធ​កម្មវិធី​នេះ រៀងរាល់ឆ្នាំ គឺ​ដើម្បី​ដាស់​ស្មារតី​ឲ្យ​កូន ខ្មែរ​គ្រប់រូប​ចងចាំ​នូវ​ប្រវត្តិ​របស់ខ្លួន​ថា កម្ពុជា​ក្រោម​ជា​ដែនដី​ខ្មែរ​មួយ​ភាគ​ធំ ត្រូវបាន​បារាំង​ផ្ទេរអំណាច​ទៅ ឲ្យ​រដ្ឋការ​វៀតណាម​កាន់កា​ប់​រហូតមកដល់​សព្វ​ថ្ងៃ ។​
(​សំឡេង លោក ថាច់ សេ​)
​យោង​ឯកសារ​នៅក្នុង​សៀវភៅ “​ផ្លូវ​ទៅយក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ដែល​បាន​បោះពុម្ព ផ្សាយ​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ឆ្នាំ ២០០៩ បានបញ្ជាក់ ដែនដី​កម្ពុជា​ក្រោម ឬ កូស័ងស៊ីន មាន​ផ្ទៃដី ៦៧.០០០ គីឡូម៉ែត្រ​ការ៉េ ត្រូវបាន​បារាំង​ផ្ទេរអំណាច​ឲ្យ​វៀតណាម​កាន់កាប់​កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។​

​យោងតាម ច្បាប់​លេខ ៤៩ / ៧៣៣ ចុះ​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ដែល​ចុះហត្ថលេខា​ដោយ​ប្រ​ធា នា​ធិបតី​បារាំង វ៉ង់​សាំង អា​យិ​យ៉ូ (Vincent Auriol) ក្នុងការ​ប្រគល់​កម្ពុជា​ក្រោម​ឲ្យ​ក្លាយទៅជា​រដ្ឋ​ចំណុះ វៀតណាម មាន​ខ្លឹមសារ​ដើម​ថា​៖
“​ច្បាប់​លេខ ៤៩ ៧៣៣ ចុះ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​១៩៤៩
​យោងតាម​មតិ​ពី​សភា​នៃ​សហភាព​បារាំង​
• រដ្ឋសភា និង​ក្រុមប្រឹក្សា​នៃ​សាធារណរដ្ឋ​បារាំង បានសម្រេច​
• រដ្ឋសភា​នៃ​សាធារណរដ្ឋ​បារាំង​បានអនុម័ត​
• ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង ប្រកាស​ច្បាប់​ដូចតទៅ​នេះ​៖
​មាត្រា ១ ក្នុង​ក្របខណ្ឌ​មាត្រា ៦០ នៃ​រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ​បារាំង និង​តាម​មតិ​របស់ សភា​កូស័ងស៊ីន នា​សម័យប្រជុំ​កាលពី​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ​១៩៤៩ លក្ខន្តិកៈ ទឹកដី​កូសាំងស៊ីន បាន​ត្រូវ​កែប្រែ​តាម មាត្រា ដូច​មានចែង​ខាងក្រោម​។
​មាត្រា ២ ទឹកដី​កូសាំងស៊ីន​ត្រូវបាន​ភ្ជាប់​ទៅជា​រដ្ឋ​ចំណុះ​វៀតណាម យោងតាម​សេចក្តីប្រកាស​រួម​កាល ពី ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ១៩៤៨ និង​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល បារាំង​កាលពី​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​១៩៤៨ ។ ទឹកដី​កូសាំងស៊ីន​ឈប់​ស្ថិតនៅក្នុង​លក្ខន្តិកៈ ជា​ទឹកដី​ឯនាយសមុទ្រ​របស់ បារាំង​ទៀត ហើយ ។​
​មាត្រា ៣ ក្នុងករណី​ដែល​លក្ខន្តិកៈ​ប្រទេស​វៀតណាម​ត្រូវ​កែប្រែ លក្ខន្តិកៈ​កូសាំងស៊ីន​នឹងត្រូវ​បាន​ទុកជា កម្មវត្ថុ​នៃ​ការ សម្រេច​របស់​សភា​ខាងលើ ដូច​មានចែង​ក្នុង​មាត្រា ៧៥ នៃ​រដ្ឋធម្មនុញ្ញ (​ជំពូក    VIII: សភា បារាំង​)
​    ​ច្បាប់​នេះ​នឹង​ត្រូវបាន​អនុវត្ត​ដូចជា​ច្បាប់​រដ្ឋ ។​
​នៅ​ទូ​ឡុង ថ្ងៃទី ០៤ ខែមិថុនា​ឆ្នាំ ១៩៤៩
​ហត្ថលេខា ប្រធានាធិបតី  វ៉ង់​សាំង អា​រិ​យ៉ូ (Vincent Auriol)​    ​
​ហត្ថលេខា នាយករដ្ឋមន្ត្រី ហន់​រី កើយ​    ​(Henri Queuille)​    ​
​ហត្ថលេខា រដ្ឋមន្ត្រី​ទឹកដី​បារាំង​ឯនាយសមុទ្រ ប៉ិល ក៏​តេ ប្ល៉​រេ​ត (Paul Coste-Floret)
​ក្រោយពី​បារាំង​បានចេញ​ច្បាប់​នេះ មក​ពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​ដែលជា​ម្ចាស់​ស្រុក​នៃ​ដែនដី កម្ពុជា​ក្រោម ត្រូវបាន​ឋិត​នៅក្រោម​អាណានិគម​វៀតណាម​រហូតមកដល់​សព្វថ្ងៃ ៕
​    ​    ​    ​

Leave A Reply

Your email address will not be published.