សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ចាត់ទុកថា ការកោះហៅខ្លួនទៅសួរនាំ ជាការសងសឹក
ដោយ គឹម សាវតា
យុវជនសកម្មក្នុងការងារសង្គមគឺលោក ថា ច់ កឿង នៅព្រឹកថ្ងៃទី ២៦ ខែ មករា បានចូលខ្លួនទៅ បំភ្លឺ តាមការកោះហៅរបស់អាជ្ញាធរ វៀតណាមស្រុក ផ្នោដាច់ ក្នុងខេត្តព្រះត្រពាំងពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ការកោះហៅទៅសាកសួរនេះ ធ្វើឡើងក្រោយពេលរូបលោក និងពលរដ្ឋខ្មែរក្រោមរួមទាំងព្រះសង្ឃប្រមាណជិត២០អង្គ និងរូបតំណាងឲ្យពលរដ្ឋខ្មែរក្រោមមកពីស្រុកចំនួន ៥ រួម មានស្រុក មាត់សមុទ្រ ស្រុក ផ្នោដាច់ ស្រុក កញ្ចោង ស្រុក ថ្កូវ និងស្រុកកំពង់ស្ពាន នៃខេត្តព្រះត្រពាំង កាលពីថ្ងៃទី ២ ៤ ខែ មករា បានធ្វើដំណើរទៅសួរសុខទុក្ខ និង ចូលរួមបច្ច័យកសាងសាលាឆទានមួយនៅ ភូមិ កន្រែង ស្ថិតនៅទឹកដី ខេត្ត លង់ ហោរ ទីដែលអាជ្ញាធរ វៀតណាម បានហាមឃាត់ពលរដ្ឋខ្មែរក្រោមនៅខេត្តមួយនេះមិនឲ្យកសាង សាលាឆទានដែលពលរដ្ឋខ្មែរក្រោម បាន សាងសង់ជិតរួចរាល់ទៅហើយ ។ បន្ទាប់ពីចូលទៅជួបសមត្ថកិច្ច តាមការកោះហៅរួច លោកចាត់ទុកថា ករណីនេះ ជាការសងសឹក ចំពោះអី្វមួយ ដែលលោកបានធ្វើសកម្មភាពកន្លងមក ដើម្បីជាផលប្រយោជន៍ដល់ខ្មែរក្រោម ។

បន្ទាប់ពីបញ្ចប់ការសាកសួរពីអាជ្ញាធរ ប្រមាណជិត ៥ ម៉ោង លោក ថាច់ កឿង បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា លោកបានបកស្រាយបំភ្លឺទៅអាជ្ញាធរវៀតណាម អំពីការផ្សាយផ្ទាល់តាមបណ្ដាញសង្គម នៅពេលដែលលោកបានទៅដល់សាលាឆទាន ដែលពលរដ្ឋខ្មែរក្រោម បានសាងសង់ជិតរួចរាល់ នៅក្នុងភូមិកន្រែង ថា លោកមិនបាននិយាយអ្វីប៉ះពាល់ដល់រដ្ឋាភិបាលវៀតណាមនោះទេ ពោលគឺគ្រាន់តែមានពាក្យសំដីខ្លះធ្វើឲ្យអាជ្ញាធរ នៅតំបន់នោះមិនសប្បាយចិត្តប៉ុណ្ណោះ ។ លោកចាត់ទុកថា ការកោះហៅនេះគឺ គ្រាន់ជាការសងសឹក ដែលលោកក្នុងនាមជាយុវជនខ្មែរក្រោមមួយរូប ចេះជួយឈឺឆ្អាលរឿងសង្គមខ្មែរក្រោម និងបានជួយដល់ពលរដ្ឋខ្មែរក្រោម ជាដើម ។
លោក ថាច់ កឿង «ការកោះហៅហ្នឹងជាការគំនុំគុំគួន ចង់សងសឹក ។ ទី ១ ចង់សងសឹក ទី ២ ចង់គំរាម ដែលថាសមាគម (សមាគមកូនខ្មែរ ដើម្បីការអភិវឌ្ឍន៍ ដែលលោកបង្កើត ) មិនបានដាក់ញត្តិសុំគេ ទី ៣ ទៅការដាក់បង្ហោះលើហ្វេសប៊ុក ដែលប៉ះពាល់ដល់រដ្ឋអំណាចវៀតណាម» ។
តែទោះជាយ៉ាងណាលោក ថាច់ កឿង អះអាងថា លោកមិនមានការភ័យខ្លាចនោះទេ នៅបន្តការងារសង្គមទាំងនោះ ព្រោះថា វាជាប្រយោជន៍ដល់ពលរដ្ឋខ្មែរក្រោម ដែលត្រូវទទួលបាន ។
ព្រះតេជព្រះគុណ គឹម សំរិន្ទ ដែលបានរួមដំណើរទៅកាន់សាលាឆទាន នៅក្នុងភូមិកន្រែងដែរនោះ មានបន្ទូលថា ព្រះអង្គបានចាកចេញពីសាលាឆទាននោះ ក្រោយលោក ថាច់ កឿង ប៉ុន្តែ ព្រះអង្គក៏ត្រូវអាជ្ញាធរឃាត់សាកសួរតាមផ្លូវផងដែរ ខណៈដែលព្រះអង្គធ្វើដំណើរត្រឡប់មកវិញតាមម៉ូតូ ហើយប្រសិនបើព្រះអង្គ នៅបន្តដំណើរជាមួយលោក ថាច់ កឿង នោះ ព្រះអង្គក៏នឹងត្រូវអាជ្ញាធរកោះហៅដូចគ្នា ។
ព្រះតេជព្រះគុណគឹម សំរិន្ទ «តាមអាត្មាគិតបើអាត្មាត្រឡប់មកជាមួយញាតិញោម វាធ្វើទុក្ខហើយ ប៉ុន្តែ ដោយអាស្រ័យមិនឃើញកនអាត្មាអញ្ចឹង វាគ្រាន់តែរារាំងប្រហែលជាជាងកន្លះម៉ោងអីហ្នឹង» ។
លោកបណ្ឌិត សឺន ជុំជួន ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មានប្រសាសន៍ថា ការដែលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ទៅពីខេត្តផ្សេង ទៅធ្វើបុណ្យ នៅសាលាឆទាន ដែលពលរដ្ឋខ្មែរក្រោម បានសាងសង់ជិតរួចរាល់ នៅក្នុងភូមិកន្រែងនោះ គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោម ផ្នែកជំនឿ និងសាសនា ។
លោកបណ្ឌិត សឺន ជុំជួន «សកម្មភាពរបស់ព្រះសង្ឃក្តី របស់យុវជនក្តី គឺជាសកម្មភាពមិនផ្ទុយនឹងគោលការណ៍ច្បាប់នោះទេ ហើយមិនផ្ទុយនឹងគោលការណ៍សិទ្ធិមនុស្សទេ វាជាសិទ្ធិរបស់ពួកគាត់ក្នុងការចូលរួមវិភាគទានកសាងវប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ» ។
អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ចៅ សេរី មើលឃើញថា ការដែលអាជ្ញាធរ មានសមត្ថកិច្ចវៀតណាម ទៅធ្វើទុក្ខបុកម្នេញ ទាំងដែលពលរដ្ឋខ្មែរក្រោម មិនបានធ្វើអ្វីខុសសោះនោះ គឺជារបៀបដឹកនាំបែបកុម្មុយនិស្តមួយ ដែលឲ្យពលរដ្ឋភ័យខ្លាច មិនបន្តសកម្មភាពរបស់ខ្លួន ។ តែទោះជាយ៉ាងណា លោកថា សព្វថ្ងៃនេះ រដ្ឋាភិបាលវៀតណាម មិនអាចបិទបាំងនូវអ្វីដែលខ្លួនបានធ្វើខុសបានទៀតទេ ព្រោះថាពលរដ្ឋខ្មែរក្រោម បានយល់ដឹងនិងចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយ នៅពេលដែលមានការរំលោភបំពានសិទ្ធិផ្សេងៗ ។ លោកបន្តថា សកម្មភាពរបស់ព្រះសង្ឃ និងក្រុមយុវជនខ្មែរក្រោម បានទៅសួរសុខទុក្ខ និងធ្វើបុណ្យទាន នៅសាលាឆទាន ដែលកំពុងមានបញ្ហាចម្រូងចម្រាស់នេះ គឺបង្ហាញថា ពលរដ្ឋខ្មែរក្រោមចេះជួយគ្នាពេលមានទុក្ខធុរៈ ដែលមិនអាចឲ្យអាជ្ញាធរវៀតណាម បន្តធ្វើទុក្ខបុកម្នេញបានតាមអំពើចិត្តទៀតនោះទេ ។
លោក ចៅ សេរី «ខ្មែរក្រោមយើងដល់សម័យហ្នឹង មិនអាចនៅស្ងៀមទៀតទេ គ្នាយើងចេះប្រមូលគ្នា ចេះសួរសុខទុក្ខគ្នា ចេះលើកទឹកចិត្តគ្នា អញ្ចឹងទៅជារឿងមួយល្អ ក្នុងសង្គមខ្មែរក្រោមយើង នៅកម្ពុជាក្រោមហ្នឹង អញ្ចឹងរដ្ឋាភិបាលយួនមិនអាចធ្វើដូចពីដើមបានទៀតទេ» ។
ពលរដ្ឋខ្មែរក្រោម ជាង ៧០ គ្រួសារ នៅឃុំកំពង់ ស្រុកប្រាសាទថ្មី បានដាក់ពាក្យស្នើសុំអាជ្ញាធរសាងសង់ សាលាឆទានក្នុងភូមិកន្រែងនេះ តាំងពីដើមឆ្នាំ ២០២១ ប៉ុន្តែ អាជ្ញាធរវៀតណាម មិនឆ្លើយតប ទើបពលរដ្ឋចាប់ផ្ដើមសាងសង់ កាលពីចុងខែមិថុនា ។ នៅពេលដែលសាងសង់បានប្រមាណ ៨០ ភាគរយ អាជ្ញាធរវៀតណាម ហាមឃាត់ការសាងសង់នោះ ទើបធ្វើឲ្យមានភាពចម្រូងចម្រាស់រហូតមកដល់ពេលនេះ ៕