ខ្មែរក្រោម នៅ​កម្ពុជា ប្រារព្វ​ទិវា​ជនជាតិដើម​ពិភពលោក លើក​ទី ២៣

270

ដោយ ស៊ឺន ចែងចើន| VOKK

លេខាធិការដ្ឋាន ដែលជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ៩ ខែសីហា​នេះ បាន​ប្រារព្វ​ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ពិភពលោក ។ សម្រាប់​ឆ្នាំ ២០១៧ ទិវា​ជនជាតិដើម​អន្តរជាតិ​ពិភពលោក គឺជា​ខួប​លើក​ទី ២៣ ប្រារព្ធ​នៅ​ទូទាំង​ពិភពលោក និង​ជា​លើក​ទី ១៣ សម្រាប់​ប្រទេស​កម្ពុជា ។​

អង្គការ​-សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា ប្រារព្វ​ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ពិភពលោកលើកទី ២៣ នៅ​ថ្ងៃទី ៩ ខែសីហា ។ រូបថតៈ ស៊ឺន ចែងចើន
អង្គការ​-សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា ប្រារព្វ​ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ពិភពលោកលើកទី ២៣ នៅ​ថ្ងៃទី ៩ ខែសីហា ។ រូបថតៈ ស៊ឺន ចែងចើន

​ពិធី​នេះ​ធ្វើឡើង នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិតនៅ​ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅវេលា​ម៉ោង ៨ ព្រឹក ដោយ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម ពី​សំណាក់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ជាង ១០០ អង្គ​/​នាក់ ។​

​ការ​ប្រារព្វ​ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ពិភពលោក​លើក​ទី ២៣ ក្រោម​ប្រធានបទ «​ខ្មែរក្រោម ត្រូវតែ​បាន​ទទួលស្គាល់ថា ជា​ជនជាតិដើម​»​។ ដោយ​ខ្មែរក្រោម​យល់ឃើញថា នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ គឺមាន​រយៈពេល ១០ ឆ្នាំ​ហើយ ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី​មួយ ក្នុង​បណ្ដា​ប្រទេស​ទាំង ១៤៣ បាន​គ្រាំទ្រ​លើ​សេចក្តីអនុម័ត​នេះ នៅ​មិនទាន់បាន​គោរព និង​លើកស្ទួយ​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុង​រស់​ក្រោម​អាណានិគម​របស់ខ្លួន ឲ្យ​ពេញលេញ​នៅឡើយ​ទេ ។​

នៅក្នុង​ទិវា​នេះដែរ គឺមាន​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ ពី​សិទ្ធិ​ជនជាតិដើម ដែល​ត្រូវ​បានអនុម័ត​ច្បាប់ ដោយ​មហាសន្និបាត អង្គការសហប្រជាជាតិ ស្តីពី​សិ​ទិ្ធ​ជនជាតិដើម កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដែលមាន​ចំនួន ៤៦ មាត្រា ចូល​ជា​ធូរ​មាន ដោយ​តម្រូវ​ឲ្យ​ប្រទេស​នានា លើ​ពិ​ព​ភ​លោក ត្រូវគោរព​សិទ្ធិ​មូលដ្ឋាន​របស់​ជនជាតិ​ដើម ជា​ម្ចាស់​ទឹកដី ។​

​លោក សឺ​ង ជុំ​ជួន ប្រធាន​លេខាធិការដ្ឋាន និង​ជា​នាយក​កម្មវិធី សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បាន​ឡើង​ធ្វើ​បទ​បទ​បង្ហាញ អំពី​ការអភិរក្ស​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម និង​បទ​បង្ហាញ​ផ្សេងទៀត ពាក់ព័ន្ធ នឹង​សិទ្ធិ​ជនជាតិដើម ។​

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក តាំង សារៈ ក៏បាន​ឡើង​ធ្វើ​បទ​បង្ហាញ អំពី​ប្រវត្តិ​ខ្មែរក្រោម ដែល​ត្រូវបាន​ចាត់ទុកថា ជា​ជន​ជាត​ដើម ។ បើតាម​លោក តាំង សារៈ និយមន័យ​ដែល​ហៅថា ជនជាតិដើម​នោះ គឺ​ជនជាតិ​ទាំងឡាយណា​ដែលជា​ម្ចាស់​ដើម ឬ​ម្ចាស់​ស្រុក​នៃ​ទឹកដី​នោះ ជនជាតិ​នោះ​ហើយ ដែល​គេ​ហៅថា ជនជាតិដើម ។​

គួររំឭកថា ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ពិភពលោក ត្រូវបាន​អនុម័ត​ដោយ​កិច្ចប្រជុំពេញអង្គ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ ១៩៩៤ សំដៅ​លើកស្ទួយ​សិទ្ធិ​របស់​ជនជាតិដើម តាមរយៈ​ការទទួលស្គាល់​ជា​សាធារណៈ និង​ជំរុញ​ការយល់ដឹង​ទូទៅ​របស់​ប្រជាជន​អំពី​វប្បធម៌ និង​បញ្ហា​របស់​ជនជាតិដើម នៅក្នុង​ពិភពលោក ។

​ចំណែក​សេចក្តីប្រកាស​ជា​សាកល ស្តីពី​សិទ្ធិ​ជនជាតិដើម​វិញ ក៏ត្រូវ​បាន​គេ​ប្រារឰ​ជា​រៀងរាល់ឆ្នាំ នៅ​ពាសពេញ​ជុំវិញ​ពិភពលោក ដោយ​ក្រុម​ជនជាតិដើម​នានា រួមទាំង​ខ្មែរក្រោម នៅក្រៅ​ប្រទេស​ផង ។ កាលបរិច្ឆេទ ១៣ ខែកញ្ញា ត្រូវបាន​ជ្រើសរើស​ឡើង ដើម្បី​រំឭក​ដល់​ការអនុម័ត និង​ការប្រកាស​នូវ​សេចក្តីប្រកាស​ជា​សាកល ស្តីពី​សិទ្ធិ​ជនជាតិដើម កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។ សេចក្តីប្រកាស ជា​សាកល​នេះ បានទទួល​ស្គាល់​នូវ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ជនជាតិ ដើម​ភាគតិច​ទាំងអស់ ទាំង​ស្ត្រី និង​បុរស នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​ពិភពលោក ដោយ​មិនមាន​ការរើសអើង​អ្វី​ទាំងអស់ ជាពិសេស នៅក្នុង​មាត្រា​នៃ​សេចក្តីប្រកាស​នេះ បានចែង​អំពី «​សិទ្ធិ​ស្វ័យ​សម្រេច វាសនា​ខ្លួន ដោយ​ខ្លួនឯង​» របស់​ជនជាតិដើម ។​

តួលេខ​អង្គការសហប្រជាជាតិ​បង្ហាញថា ជនជាតិដើម​លើ​ពិភពលោក​មាន​ប្រមាណ ៣៧០ លាន​នាក់ រស់នៅក្នុង​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ ។ ក្រុម​ជនជាតិដើម​ទាំងនោះ កំពុងតែ​ប្រឈម នឹង​ការរំលោភបំពាន បំបិទ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន ដោយ​ជាតិ​សាសន៍ ឬ​ដោយ​ប្រទេស​អាណានិគម ។ ជាពិសេស​ពួកគេ​ទាំងនោះ កំពុង​ប្រឈម នឹង​បញ្ហា​សិទ្ធិ​កាន់កាប់​ដីធ្លី វប្បធម៌ ភាសា និង​ប្រពៃណី​ផ្សេងៗ ជាដើម​៕​

រូបថតខ្លះៗ ក្នុងពិធី​ខួប​ឆ្នាំ​ទី ២៣ នៃ​ទិវា​ជនជាតិដើម​ពិភពលោក​ ។ រូបថតៈ ស៊ឺន ចែងចើន

Comments are closed.