ខ្មែរក្រោម នៅប្រទេសកម្ពុជា នឹងប្រារព្វខួប ១១ ឆ្នាំ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម
ដោយ ស៊ឺន ចែងចើន| VOKK
លេខាធិការដ្ឋាន ដែលជាបណ្តុំនៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះ នឹងប្រារព្វពិធីអបអរសាទរខួប ១១ ឆ្នាំ ថ្ងៃអង្គការសហប្រជាជាតិ ប្រកាសសិទ្ធិជនជាតិដើម ។

លេខាធិការដ្ឋានអង្គការ-សមាគមខ្មែរកម្ពុជាក្រោម គ្រោង នឹងបើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី ២៦ សីហា ចុងសប្តាហ៍នេះ ដើម្បីពិភាក្សាគម្រោងរៀបចំទិវា ១៣ កញ្ញា ដែលជាថ្ងៃអង្គការសហប្រជាជាតិ ប្រកាសសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិជនជាតិដើម ១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០១៨ នៅទីស្នាក់ការកណ្តាលរបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ។
ថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម តាមទូរសព្ទ ប្រធានលេខាធិការដ្ឋានអង្គការ-សមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុនី ហៅ ថាច់ ឡែន ឲ្យដឹងថា គោលបំណងនៃការប្រារព្វទិវានេះ គឺផ្សព្វផ្សាយពីសិទ្ធិជនជាតិដើម ដល់ពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែនៅក្រោមនឹមត្រួតត្រារបស់រដ្ឋាភិបាលយួនកម្មុយនិស្តសព្វថ្ងៃ ។ លោកបន្ថែមថា ដើម្បីលើកកម្ពស់ការយល់ដឹង អំពីខ្លឹមសារនានា ដែលមានចែងនៅក្នុងសេចក្តីប្រកាស ស្តីពីសិទ្ធិជនជាតិដើម ដែលជាសិទ្ធិមូលដ្ឋានរបស់ជនជាតិដើម ជាម្ចាស់ទឹកដី និងជាច្បាប់ត្រូវបានអនុម័ត ដោយមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដែលមានចំនួន ៤៦ មាត្រា ចូលជាធូរមាន និងតម្រូវឲ្យប្រទេសនានា ដែលជាម្ចាស់ហត្ថលេខី នៅទូទាំងពិភពលោក គោរព និងអនុវត្តតាម នូវអ្វីដែលខ្លួនបានចុះកិច្ចព្រមព្រៀង ។
សេចក្តីប្រកាសជាសាកល ស្តីពីសិទ្ធិជនជាតិដើម ត្រូវបានគេប្រារឰជារៀងរាល់ឆ្នាំ នៅពាសពេញជុំវិញពិភពលោក ដោយក្រុមជនជាតិដើមនានា រួមទាំងខ្មែរក្រោម នៅក្រៅប្រទេសផង ។ កាលបរិច្ឆេទ ១៣ ខែកញ្ញា ត្រូវបានជ្រើសរើសឡើង ដើម្បីរំឭកដល់ការអនុម័ត និងការប្រកាសនូវសេចក្តីប្រកាសជាសាកល ស្តីពីសិទ្ធិជនជាតិដើម កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។ សេចក្តីប្រកាស ជាសាកលនេះ បានទទួលស្គាល់នូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ជនជាតិដើមភាគតិចទាំងអស់ ទាំងស្ត្រី និងបុរស នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងពិភពលោក ដោយមិនមានការរើសអើងអ្វីទាំងអស់ ។ ជាពិសេស នៅក្នុងមាត្រានៃសេចក្តីប្រកាសនេះ បានចែងអំពី «សិទ្ធិស្វ័យសម្រេច វាសនាខ្លួន ដោយខ្លួនឯង» របស់ជនជាតិដើម ។
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ គឺមានរយៈពេល ១១ ឆ្នាំហើយ ដែលអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីប្រកាស ស្តីពីការទទួលស្គាល់សិទ្ធិជនជាតិដើម នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមានរដ្ឋជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៤៤ ប្រទេសបោះឆ្នោតគាំទ្រ ក្នុងនោះ ប្រទេសវៀតណាមជាប្រទេសហត្ថលេខីមួយ បានគ្រាំទ្រលើសេចក្តីអនុម័តនេះដែរ ។
យ៉ាងនេះក្តី លោក ថាច់ ឡែន បានលើកឡើងថា រដ្ឋាភិបាលវៀតណាម នៅមិនបានគោរព និងលើកស្ទួយសិទ្ធិជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងរស់ក្រោមអាណានិគមរបស់ខ្លួន ឲ្យពេញលេញនៅឡើយទេ ។ លោកថា អាជ្ញាធរវៀតណាម នៅតែរំលោភបំពានសិទ្ធិ និងបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោមបើទោះជាវៀតណាម គឺជាសមាជិកនៃអង្គការសហប្រជាជាតិ ដែលមានកាតព្វកិច្ចគោរពសិទ្ធិជនជាតិដើម ដែលចែងដោយអង្គការសហប្រជាជាតិក្តី ។

បើតាមលោក ថាច់ ឡែន បញ្ហានៃការរំលោភសិទ្ធិទាំងនោះ រួមមាន ការរំលោភដីធ្លី ការរឹតត្បិតរៀនភាសាខ្មែរ ការលុបបំបាត់វប្បធម៌ប្រពៃណី សាសនា និងមិនទទួលស្គាល់ប្រជាពលរដ្ឋខ្មែរក្រោមថា ជាជនជាតិដើម ដែលរស់កំពុងរស់នៅលើទឹកដីកម្ពុជាក្រោម សព្វថ្ងៃ ។
ក្រៅពីពលរដ្ឋខ្មែរក្រោម នៅប្រទេសកម្ពុជា ប្រារព្វពិធីបអរសាទរខួបឆ្នាំទី ១១ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ។ ពលរដ្ឋខ្មែរក្រោម នៅក្រៅប្រទេស ក៏គ្រោង នឹងប្រារព្វទិវាស្រដៀងគ្នានេះដែរ ។ ជាក់ស្តែង សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃ ៨ ខែកញ្ញា ខាងមុខនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California នឹងប្រារព្ធពិធីអបអរសាទរដល់ ខួប ១១ ឆ្នាំ រំឭកដល់ ថ្ងៃអង្គការសហប្រជាជាតិ ប្រកាសសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម ១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០១៨ ។
សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម មាន ៤៦ មាត្រា ក្នុង នោះ មាត្រាទី ៣ និងទី ៤ បានចែងថា រាល់ជនជាតិដើមមានសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង នៅលើទឹកដីកំណើតរបស់ខ្លួន ។
តួលេខអង្គការសហប្រជាជាតិបង្ហាញថា ជនជាតិដើមលើពិភពលោកមានប្រមាណ ៣៧០ លាននាក់ រស់នៅក្នុងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ។ ក្រុមជនជាតិដើមទាំងនោះ កំពុងតែប្រឈម នឹងការរំលោភបំពាន បំបិទសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយជាតិសាសន៍ ឬដោយប្រទេសអាណានិគម ។ ជាពិសេសពួកគេទាំងនោះ កំពុងប្រឈម នឹងបញ្ហាសិទ្ធិកាន់កាប់ដីធ្លី វប្បធម៌ ភាសា និងប្រពៃណីផ្សេងៗ ជាដើម ៕