សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ហូ​ឡង់​ ​ប្រារព្ធ​ខួប ៦៨ ឆ្នាំ នៃ​ទិវា ៤ មិថុនា​

342

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នៅ​ថ្ងៃអាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ ២០១៧ ចុង​សប្ដាហ៍​នេះ សាខា​សហ​ពន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រ ចាំ​ប្រទេស​ហូ​ឡង់ បាន​ប្រារព្ធ​ខួប ៦៨ ឆ្នាំ នៃ​ទិវា ៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​កាត់ ដែនដី​កម្ពុជា​ក្រោម ឬ ដែនដី​កូស័ងស៊ីន​ឲ្យ​ទៅ​យួន​ធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម ។

ពលរដ្ឋខ្មែរក្រោមនៅប្រទេស​ហូ​ឡង់​ ប្រារព្ធ​ខួប ៦៨ ឆ្នាំ នៃ​ទិវា ៤ មិថុនា​ ។ រូបថតៈ លី ហ្វាង
ពលរដ្ឋខ្មែរក្រោមនៅប្រទេស​ហូ​ឡង់​ ប្រារព្ធ​ខួប ៦៨ ឆ្នាំ នៃ​ទិវា ៤ មិថុនា​ ។ រូបថតៈ លី ហ្វាង

​ពិធី​នេះ មានការ​ចូលរួម ពី​អ្នកគាំទ្រ និង​ថ្នាក់ដឹកនាំ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ប្រទេស ហូ​ឡង់ ដូចជា លោក ត្រឹង ចន្ទ​សា​រ័​ត្រ ជា​ប្រធាន​សាខា លោក សឺ​ន សា​វ៉ាង ជា​អនុប្រធាន​សាខា លោក លី សឿង និង លោក លី ហ្វា​ង ជា​អតីត​ព្រះសង្ឃ​ដែល​ត្រូវ​អាជ្ញាធរ​យួន​ចាប់​ផ្សឹក និង​ដាក់ គុក​ក្នុង​ព្រឹត្តិការណ៍ ៨ កុម្ភៈ ឆ្នាំ ២០០៧ នៅ​សាលា​បាលី​ខេត្ត​ឃ្លាំង ។​

​លោក លី សឿង បាន​មានប្រសាសន៍ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម អំពី​ពិធី​នេះ​ថា​៖

​អ្នកស្រី តាក ពៅ​រចនា មាន​ដើមកំណើត​នៅ​ខេត្តបាត់ដំបង សព្វថ្ងៃ​នៅ​ប្រទេស​ហូ​ឡង់ ដែល​បាន ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ បាន​មានប្រសាសន៍ថា ក្នុងនាម​អ្នកស្រី​ជា​ខ្មែរ​នៅ​ប្រទេស​កម្ពុជា មានការ សោកស្ដាយ​យ៉ាងខ្លាំង ដែល​បានឃើញ​ទឹកដី​កម្ពុជា​ក្រោម​ត្រូវ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​យួន ហើយ ធ្វើ​អាណានិគម​លើ​ប្រជាជាតិ​ខ្មែរក្រោម រហូតដល់​សព្វថ្ងៃ ។​

​អ្នកស្រី តាក ពៅ​រចនា បាន​មានប្រសាសន៍​បន្តទៀតថា ទោះបី​ខ្មែរក្រោម​ត្រូវ​ឋិត​នៅក្រោម​នឹម អាណានិគម​យួន​អស់​រយៈពេល ៦៨ ឆ្នាំ​ហើយ​យ៉ាងណាក៏ដោយ តែ​ពួកគេ​នៅតែ​រក្សា​ប្រពៃណី វប្បធម៌​ទំនៀមទម្លាប់ និង​សាសនា​បាន​យ៉ាង​ខ្ជាប់ខ្ជួន ។​

​សូមបញ្ជាក់ថា រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃទី ៤ ខែមិថុនា សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ពលរដ្ឋ​ខ្មែរក្រោម ទូទាំង​ពិភពលោក ដូចជា ប្រទេស​កម្ពុជា ថៃ សហរដ្ឋអាមេរិក កាណាដា អូ​ស្តា​លី New Zealand និង ប្រទេសមួយ​ចំនួន​នៅ​អឺ​រុ​ប ដូចជា បារាំង ស្វិ​ស អ៊ីតាលី ហូ​ឡង់ ជាដើម តែងតែ​ប្រារព្ធ​ទិវា ៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម ជា អតីត​ទឹកដី​មួយ​ភាគ​ធំ​របស់​ប្រទេស​កម្ពុជា​ឲ្យ​ទៅ​យួន បន្តធ្វើ​អាណានិគម​លើ​ខ្មែរក្រោម ។​

​កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) បានប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ ក្នុងការ​ប្រគល់​ដែនដី​កូស័ងស៊ីន ឲ្យ​ទៅជា​រដ្ឋ​ចំណុះ វៀតណាម​ដែល ពលរដ្ឋ​ខ្មែរ​ចាត់ទុកថា ជា​សន្ធិសញ្ញា​ខុសច្បាប់ ។​

​សព្វថ្ងៃ ដែនដី​កម្ពុជា​ក្រោម មាន​ទំហំ ៦៨.៩៦៥ គីឡូម៉ែត្រ​ក្រឡា នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ឬ ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ។ ក្រោយពី​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម មក ពលរដ្ឋ​ខ្មែរក្រោម​វាល់​លាន​នាក់​ជា​ម្ចាស់​ស្រុក​បាន​បន្ត​រស់នៅ​ក្រោម​នឹម​អាណានិគម​យួន​រហូត មកដល់​សព្វថ្ងៃ ។​

​សព្វថ្ងៃ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម មិនមាន​សិទ្ធិ​ប្រារព្ធ​ខួប​ទិវា ៤ មិថុនា ដើម្បី​រំឭក ដល់​ថ្ងៃ​ប្រវត្តិសាស្ត្រ​ជាតិ​របស់ខ្លួន ដែល​អាណានិគមនិយម​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម និង វាសនា​របស់ខ្លួន​ផ្ទេរ​ឲ្យ​ទៅ​នៅក្រោម​នឹម​អាណានិគម​ថ្មី​របស់​យួន​នោះឡើយ ។ ទិវា​នេះ ប្រារព្ធ​បាន តែ​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​តែ​ប៉​ណ្ណោះ ៕

Comments are closed.