ខ្មែរក្រោមនៅកម្ពុជា ប្រារព្ធខួប ៦៨ ឆ្នាំ ទិវាកម្ពុជាក្រោមនៅក្រោមនឹមអាណានិគមយួន
នៅថ្ងៃទី ២៤ ខែមិថុនា ចុងសប្ដាហ៍កន្លងទៅនេះ សហគមន៍ខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីរំឭកខួប ៦៨ ឆ្នាំ ថ្ងៃទឹកដីកម្ពុជាក្រោម ឋិតនៅក្រោមនឹមអាណានិគមយួន ។ ពិធីនេះ ប្រារព្ធនៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ដោយរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩ អង្គ ។ ក្រុមយុវជនខ្មែរដែល បានចូលរួមក្នុងកម្មវិធីនេះ ស្លៀកពាក់ប្រពៃណីខ្មែរ និងពាក់ពានាព័ណ៌ខៀវ លឿង ក្រហម ជាពណ៌ទង់ជាតិ កម្ពុជាក្រោម បាននាំគ្នា ប្រគុំតន្ត្រី និងច្រៀងបទចម្រៀងជាតិនិយមខ្មែរក្រោមជាច្រើនបទ ដើម្បីរំឭកឡើងវិញ នូវប្រវត្តិសាស្ត្រជាតិខ្មែរ និងទុក្ខសោករបស់ពលរដ្ឋខ្មែរក្រោម ដែលត្រូវយួនធ្វើទុក្ខបុកម្នេញ ។

ក្រុមមេដឹកនាំខ្មែរ ដែលបានចូលរួមពិធីនេះ មានមតិចាប់អារម្មណ៍ និងសារនយោបាយរៀងៗខ្លួន ។
មានព្រះរាជបន្ទូលនៅចំពោះមុខពលរដ្ឋ និងព្រះសង្ឃដែលបានចូលរួមក្នុងពិធីនេះ អតីតទីប្រឹក្សាផ្ទាល់របស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានសន្យាថា នឹងទាមទារទឹកដីកម្ពុជាក្រោម ពីវៀតណាមមកវិញ ក្រោយគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ឆ្នាំ ២០១៨ ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបន្តទៀតថា ទឹកដីកម្ពុជាក្រោមមិនត្រូវស្ថិតក្រោមការគ្រប់គ្រងដោយប្រទេសវៀតណាមឡើយ ។ ព្រះអង្គថា តាមពិតកម្ពុជា មានផ្លូវច្បាប់រឹងមាំ និងគ្រប់គ្រាន់ក្នុងការទាមទារកម្ពុជាក្រោម ឬ កូស័ងស៊ីនមកវិញ ប៉ុន្តែដោយសាររដ្ឋាភិបាលពុំមានឆន្ទៈទើបទៅជាបែបនេះ ។
លោក ហូ វ៉ាន់ អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសឱ្យមេឃុំចៅសង្កាត់របស់ខ្លួនទាំង ៥៧ សង្កាត់ ក្នុងរាជធានី ភ្នំពេញ មិនត្រូវប្តូរឈ្មោះដើមរបស់ខ្មែរកម្ពុជាក្រោមនោះទេ ពេលពួកគេមកធ្វើសៀវគ្រួសារ សំបុត្រកំណើត និងលិខិតស្នាម ផ្សេងៗ ។
លោក ហូ វ៉ាន់ បានលើកឡើងថា កន្លងមកព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា តែង ជួបប្រទះបញ្ហាការ ធ្វើលិខិតស្នាមផ្សេងៗ ដោយអាជ្ញាធរឃុំសង្កាត់តម្រូវឱ្យពួកគេប្តូរឈ្មោះដើម ដែលជា ឈ្មោះកម្ពុជាក្រោម មកដាក់ឈ្មោះដែលខ្មែរធម្មតាវិញ ។ លោកបន្តថា ការរឹតត្បឹតបែបនេះគឺជាការអើងអើស ពីសំណាក់អាជ្ញាធរដែនដីមកលើខ្មែរក្រោម ។
លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា បាន ថ្លែងថា រាជវង្សានុវង្សពុំដែលបោះបង់ទឹកដីកម្ពុជាក្រោម ម្ដងណាឡើយ ។ លោកថ្លែងថា ដោយផ្អែកលើឯកសារយោងផ្លូវការដែលទើបទទួលបានរដ្ឋាភិបាលបារាំង អះអាងថា ក្នុងសម័យសង្គមរាស្ត្រនិយម ព្រះ បាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គតែងទាមទារជានិច្ចនូវទឹកដីកម្ពុជាក្រោមនេះ រួមទាំងក្នុងរាជព្រះបាទអង្គឌួង មកផង ។
យោងតាមវិទ្យុអាស៊ីសេរី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញថា ការប្រើវោហារសាស្ត្រផ្នែកនយោបាយរបស់ប្រឆាំងនេះ គឺជារឿងក្លែងក្លាយសុទ្ធសាធ ។ លោកបន្តថា រដ្ឋាភិបាលក៏មានភក្ដីភាពចំពោះទឹកដីដែលបាត់បង់ដែរ ប៉ុន្តែអ្វីៗមកដល់ពេលនេះ វាហួសពេលអស់ទៅហើយ ។ ម្យ៉ាងទៀត ការទាមទារដោយមធ្យោបាយណាមួយក្នុងរឿងទឹកដីកម្ពុជាក្រោមនេះ គឺមិនអាចទៅរួចឡើយមកដល់ពេលនេះ។
កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រកាសច្បាប់ លេខ ៤៩-៧៣៣ ក្នុងការប្រគល់ដែនដីកូស័ងស៊ីន ឲ្យទៅជារដ្ឋចំណុះវៀតណាមដែល ពលរដ្ឋខ្មែរចាត់ទុកថា ជាសន្ធិសញ្ញាខុសច្បាប់ ។
ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៤ ខែមិថុនា ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក តែងតែប្រារព្ធពិធីរំឭកខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ប៉ុន្តែដោយឡែកឆ្នាំ ២០១៧ នេះ ប្រទេសកម្ពុជា មានការរៀបចំបោះឆ្នោតឃុំ-សង្កាត់ចំថ្ងៃទី ៤ ខែមិថុនា ដូច្នេះ ហើយសហគមន៍ខ្មែរកម្ពុជាក្រោម សម្រេចលើកពេល និងយកថ្ងៃទី ២៤ ខែមិថុនា ជំនួសវិញ ៕
Comments are closed.