តំណាងសហព័ន្ធពន្យល់ខ្មែរក្រោមនៅអាមេរិក ពង្រឹងផែនការសម្រាប់ឆ្នាំ ២០១៦
ពលរដ្ឋខ្មែរក្រោមប្រមាណ ៣០០នាក់មកពីរដ្ឋនានានៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ មករា បានទៅជួបជុំគ្នានៅក្នុងទីក្រុងឡងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក ក្នុងកម្មវិធីបណ្តុះបណ្តាលមួយ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពកំពុងកើតមានសម្រាប់ខ្មែរក្រោមនៅ ដែនដីកម្ពុជាក្រោម និងនៅលើពិភពលោក ។

ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក លោក ថាច់ ង៉ុកថាច់ ឲ្យដឹងតាមទូរស័ព្ទពីសហរដ្ឋអាមេរិក នៅថ្ងៃទី៤ មករា ថា គោលបំណងនៃជំនួបនោះ គឺដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋខ្មែរក្រោម បានស្វែងយល់ពីសកម្មភាពដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានអនុវត្តនាពេលកន្លងមក និងដើម្បីជម្រាបជូនពីផែនការសកម្មភាពនានារបស់សហព័ន្ធខ្មែរកម្ពុជា ក្រោម នៅឆ្នាំ២០១៦ នេះ៖ «ឆ្នាំ២០១៦ នេះ យើងផ្ដោតធំទៅលើកម្ពុជាក្រោម និងតំបន់អាស៊ី។ ទី១ យើងបានធ្វើហើយនៅអន្តរជាតិ ដែលគេបានស្គាល់យើង។ ទី២ យើងនឹងជំរុញឲ្យប្រទេសអាស៊ានទាំង១០ ស្គាល់ខ្មែរក្រោមកាន់តែច្រើនឡើង។ គោលបំណងឲ្យបងប្អូនយើងក្នុងស្រុកបានដឹងឮថា ដំណើរនៃការពុះពារការខំប្រឹងប្រែងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើឲ្យអន្តរជាតិចាប់អារម្មណ៍កាន់តែខ្លាំងឡើង ខ្មែរក្រោមនៅលើទឹកដីកម្ពុជាក្រោម»។
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ត្រូវបានខ្មែរក្រោមនៅឯនាយសមុទ្រ បង្កើតឡើងកាលពីឆ្នាំ១៩៩៦ ក្នុងគោលដៅតស៊ូទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្ស សិទ្ធិរស់នៅ សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោម ដែលជាជនជាតិដើមនៅលើដែនដីកម្ពុជាក្រោម។
កាលពីចុងខែធ្នូ ឆ្នាំ២០១៥ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមមកពីទូទាំងពិភពលោក បានទៅជួបប្រជុំគ្នានៅរដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ម្តងរួចហើយ ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជា ក្រោម៕ ប្រភពព័ត៌មាន៖ RFA
Comments are closed.