បណ្ដាញសារព័ត៌មានក្នុងស្រុកមួយឈ្មោះ ព្រៃនគរ បានដាក់ពាក្យបណ្ដឹងទៅសាលាខណ្ឌដូនពេញ ប្ដឹងយកម៉ាស៊ីនថតរបស់ខ្លួន ដែលត្រូវបានកងសន្តិសុខសាលាខណ្ឌដូនពេញ រឹបអូសយកកាលពីរាត្រីថ្ងៃទី៤ ខែមករា ក្នុងខណៈដែលអ្នកយកព័ត៌មាននៃស្ថាប័នមួយនេះ ចុះយកព័ត៌មានអំពីការបណ្ដេញបាតុករចេញពីទីលានប្រជាធិបតេយ្យ។

RFA/Vann Vichar
ចាងហ្វាងសារព័ត៌មានព្រៃនគរ លោក លី ឈួន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ បានដាក់លិខិតមួយច្បាប់ជូនអភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្តិ ដើម្បីប្ដឹងទាមទារយកម៉ាស៊ីនថតរូបមកវិញ។ ការដាក់លិខិតនេះ ធ្វើឡើងបន្ទាប់ពីប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា មិនបានដោះស្រាយយកម៉ាស៊ីនថតរូបប្រគល់ឲ្យស្ថាប័នសារព័ត៌មាននេះវិញ ភ្លាមៗបន្ទាប់ពីមានហេតុការណ៍កើតឡើង។
កាលពីម៉ោងប្រមាណ ៧ និង ៣០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ បុគ្គលិកយកព័ត៌មានរបស់សារព័ត៌មានព្រៃនគរម្នាក់ឈ្មោះ សឺន ចែងចើន ត្រូវបានកងសន្តិសុខសាលាខណ្ឌដូនពេញ ប្រើដំបងបុកចំចុងដង្ហើម រួចក៏ឆ្លៀតឱកាសឆក់យកម៉ាស៊ីនថតរូបមួយគ្រឿង យកទៅបាត់ក្នុងខណៈដែលលោកកំពុងយកព័ត៌មានខាងកើតស្ពាននាគ ខាងកើតទីលានប្រជាធិបតេយ្យ។
បន្ទាប់ពីបានឆក់យកម៉ាស៊ីនថតរួច លោក សឺន ចែងចើន និងអ្នកយកព័ត៌មានផ្សេងទៀត បានរត់តាមសុំយកម៉ាស៊ីនថតមកវិញ រហូតដល់សាលាខណ្ឌដូនពេញ តែកងសន្តិសុខមិនបានប្រគល់ឲ្យលោកវិញឡើយ។ ក្រោយមក ប្រធានសន្តិសុខសាលាខណ្ឌដូនពេញ លោក គឹម វុត្ថា បានសន្យាថានឹងជួយស្វែងរកម៉ាស៊ីនថតប្រគល់ឲ្យវិញ។ តែក្រោយមក លោក គឹម វុត្ថា មិនបានឆ្លើយតបចំពោះការទាមទារឡើយ។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែមករា មិនអាចទាក់ទងប្រធានសន្តិសុខសាលាខណ្ឌដូនពេញ លោក គឹម វុត្ថា ដើម្បីសុំការបំភ្លឺបន្ថែមបានឡើយ។
ចាងហ្វាងសារព័ត៌មានព្រៃនគរ លោក លី ឈួន បានឲ្យដឹងនៅថ្ងៃទី៧ មករា ថា លិខិតរបស់លោកបានទៅដល់ដៃអភិបាលខណ្ឌដូនពេញរួចហើយ ហើយលោកនឹងរង់ចាំមើលចំណាត់ការរបស់អភិបាលខណ្ឌរូបនេះ៖ «ខាង ខ្ញុំ នឹងរង់ចាំមើលចាំមើលៗ ខាងអាជ្ញាធរគេដោះស្រាយយ៉ាងណា អាហ្នឹងបានគិតតទៅទៀត ប៉ុន្តែទន្ទឹមនឹងរឿងហ្នឹង ខ្ញុំនឹងចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសអាជ្ញាធរកម្ពុជា ប្រើអំពើហិង្សាមកលើអ្នកកាសែត ដោយមិនឲ្យអ្នកកាសែតចូលយកព័ត៌មានកាលពីព្រឹត្តិការណ៍ថ្ងៃទី៤ មករា នៅទីលានប្រជាធិបតេយ្យ»។
ទាក់ទងនឹងការរឹបអូសយកម៉ាស៊ីនថតរបស់អ្នកយកព័ត៌មាននេះ វិទ្យុអាស៊ីសេរី ក៏មិនទាន់អាចសុំការឆ្លើយតបភ្លាមៗពីអភិបាលខណ្ឌដូនពេញបានទេ នៅថ្ងៃទី៧ មករា។
នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធ បានមានប្រសាសន៍ថា លោកមានការសោកស្ដាយចំពោះបញ្ហាដែលបានកើតឡើងនេះ។ លោកថា អ្នកសារព័ត៌មានគួរតែមានសេរីភាពគ្រប់គ្រាន់ក្នុងការយកព័ត៌មាន ដូចដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។ លោក មឿន ឈានណារិទ្ធ ក៏បានកត់សម្គាល់ដែរថា ដោយសារប្រព័ន្ធតុលាការរបស់កម្ពុជា នៅខ្សោយ និងមិនឯករាជ្យ អ្នកសារព័ត៌មានហាក់មានលទ្ធភាពតិចតួចផ្នែកផ្លូវច្បាប់ ក្នុងការទាមទារយកសម្ភារៈដែលត្រូវរឹបអូសត្រឡប់មកវិញ។
លោក មឿន ឈានណារិទ្ធ៖ «ការរឹបអូសយកកាមេរ៉ារបស់អ្នកសារព័ត៌មាន មិនគ្រាន់តែរំលោភទៅលើរដ្ឋធម្មនុញ្ញទេ រំលោភទៅលើទាំងច្បាប់សារព័ត៌មានទៀត ព្រោះយើងដឹងថា នៅក្នុងច្បាប់សារព័ត៌មានហ្នឹង បានចែងថា ការចាប់ពិរុទ្ធជាមុន ត្រូវហាមឃាត់។ ការចាប់ពិរុទ្ធជាមុន មានន័យថា គឺការត្រួតពិនិត្យអីជាមុន។ អ៊ីចឹងខ្ញុំគិតថា ការហាមមិនឲ្យយកព័ត៌មាន ការរឹបអូសយកសម្ភារៈអ្នកសារព័ត៌មាន អាចចាត់ទុកថា ជាទម្រង់មួយនៃការចាប់ពិរុទ្ធជាមុនហើយ។ អ៊ីចឹងវាខុសនឹងច្បាប់សារព័ត៌មាន»។
នៅក្នុងការបង្ក្រាបលើក្រុមកម្មករ កាលពីថ្ងៃទី៣ មករា នៅក្បែរបញ្ជាការដ្ឋានទ័ពឆត្រយោង៩១១ ដែលឈានដល់ការវាយដំ និងចាប់ខ្លួនព្រះសង្ឃ កម្មករ និងមន្ត្រីសង្គមស៊ីវិលផងនោះ យោធាទ័ពឆត្រយោង៩១១ ក៏បានវាយរុញច្រាន និងបណ្ដេញអ្នកសារព័ត៌មានមិនឲ្យថតយករូបភាពនៃសកម្មភាពបង្ក្រាប របស់ពួកគេ៕ ដោយៈ យាង សុជាមេត្តា – RFA