ពល​រដ្ឋ​ខ្មែរក្រោម​ នៅ​ខេត្ត​មាត់ជ្រូក ទទូច​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​កិន​ថ្មភ្នំ និង​អាជ្ញាធរ​ដោះស្រាយ​ផលប៉ះពាល់​ដល់ការ​រស់​នៅ​របស់​ពួក​គេ​

0 240

ដោយ ស៊ឺន ចែង​ចើន

ប្រជា​ពល​រដ្ឋ​ខ្មែរក្រោម នៅស្រុក​ក្របៅ​ ឬ​យួន​ហៅថា Tịnh Biên ខេត្ត​មាត់ជ្រូក នៃ​ដែនដី​កម្ពុជា​ក្រោម​ ព្រួយ​បារម្ភ​ថា ក្រុមហ៊ុន​ធ្វើអាជីវកម្ម​វាយកម្ទេច​ថ្មភ្នំ ធ្វើ​ឲ្យ​រំខាន​ដល់ការ​រស់​នៅ​ ដោយ​ធ្វើសកម្មភាព​វាយថ្មភ្នំ​បង្ក​មានសំឡេង​ឮខ្លាំង ហើយ​ប្រឈម នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ​ នៅ​តំបន់​នោះ ។ អ្ន​កភូមិ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ធ្វើអាជីវកម្ម​កិន​ថ្មភ្នំ​ដោះស្រាយ​បញ្ហា​នេះ​ ជូន​ពល​រដ្ឋ​ជាបន្ទាន់ ។

តំណាង​ប្រជា​ពល​រដ្ឋ​ខ្មែរក្រោម​ម្នាក់ឈ្មោះ​ គឹម ហិន (Kim Hinh) រស់​នៅស្រុក​ក្របៅ បានសរសេរ​លិខិត​មួយ​ច្បាប់​បង្ហោះ​នៅ​លើបណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី ១២ មីនា សប្តាហ៍​នេះ ក្នុង​គោលបំណង​ស្នើ​ទៅ​ក្រុមហ៊ុន​ធ្វើអាជីវកម្ម​រ៉ែ​ថ្ម ដែល​មាន​ឈ្មោះ​ហៅថា​ «ក្រុមហ៊ុន​សំណង់​ទទួល​ខុសត្រូវ​លីមីត​ធីត MTV អាន​យ៉ាង​» ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់​ ។

ខ្លឹមសារ​នៃ​លិខិត​ស្នើរ​ប​ស់​តំណាង​ពល​រដ្ឋ​ខ្មែរក្រោម​ ដែល​ហាក់ដូច​អស់ជំនឿ​លើ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ដោះស្រាយ​ជូន​ពួកគាត់​នោះ​ រៀប​រាប់​ថា ក្រុមហ៊ុន​ធ្វើអាជីវកម្ម​វាយបំបែក​ថ្មភ្នំ​នេះ បានបាញ់​បំផ្ទុះ​ភ្នំ ចំនួន​ពីរដង​ ក្នុង​មួយថ្ងៃ ពោល​នៅ​ថ្ងៃត្រង់ និង​ពេលរសៀល ហើយនៅពេល​បាញ់​បំបែក​ថ្មម្ដង​ៗ សំឡេង​ឮ​ខ្ទរ​ខ្លាំង​ ហើយ​បាន​ខ្ទាត​កម្ទេច​ថ្ម​ទៅប៉ះដំបូលផ្ទះ និង​រង្គើ​ប្រេះ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ នៅ​ក្បែរ​ជើងភ្នំ​ជាញឹកញាប់ ។ ជាពី​សេស បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ ពី​ព្រោះ​អាចបង្ក​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស ដែល​កើត​ឡើង​ជាយថាហេតុ ។

ពល​រដ្ឋ​រូបនេះ​ រៀប​រាប់​បន្ត​ក្នុង​លិ​ខិតរបស់​ខ្លួន​ថា ការ​ធ្វើអាជីវកម្ម​ថ្មភ្នំ​នេះ​ ពុំ​បានផ្ដល់​ផល​ប្រយោជន៍អ្វី​ដល់​ប្រជា​ពល​រដ្ឋ នៅ​តំបន់​នោះឡើយ ដោយ​អះអាង​ថា​ មិនត្រឹមតែ​មិន​មានប្រយោជន៍​ដល់​ពល​រដ្ឋ នៅ​តំបន់​នោះ​ហើយ​ ថែមទាំង​រំខាន​ដល់ការ​រស់​នៅ និង​ធ្វើ​ឲ្យ​ហិនហោច​សម្បត្តិ​ធនធាន​ធម្មជាតិ​ទៀតផង​ ។ លិខិត​ដដែល​នេះ បញ្ជាក់​ទៀតថា ផ្លូវ​មាន​ទំហំ​តូច​ចង្អៀត​នេះ​ ជា​ផ្លូវ​សំខាន់​មួយ​របស់​ស្រុក ដែល​បានតភ្ជាប់​ទៅ​កាន់​ភូមិ​នីមួយ​ៗ សម្រាប់​ប្រជា​ពល​រដ្ឋ​ និង​កូន​ចៅ​ខ្មែរក្រោម ធ្វើដំណើរ បានរងនូវ​ការ​ខូច​ខាត់​យ៉ាងដំណំ ដោយសារ​តែឡាន​ធំ​ៗ ដឹកថ្ម​ចេញ​ចូលរបស់​ក្រុមហ៊ុន​មួយ​នេះ ។ ជាពិសេស នៅពេល​ក្មេង​ៗ សិស្សសាលា ធ្វើដំណើរ​ទៅ​សាលា​រៀន​ដោយ​ខ្លួន​ឯង​ ឬ​ជីដូន ជីតា របស់​ពួក​គេ​ជូនដំណើរ (ដោយ​ហេតុ​តែឪពុក​ម្តាយ​របស់​ពួក​គេ​ ទៅធ្វើ​ការ​ស៊ីឈ្នួល​គេ​នៅ​ឆ្ងាយ​) ។ ដូច្នេះ ពួក​គេអាច នឹង​ជួប​ប្រឈម​ នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្នុង​ពេល​ធ្វើដំណើរ នៅពេល​ឡាន​ធំ​ៗ ទាំង​នេះ បើក​ប្រជែង​គ្នា​យ៉ាង​លឿន​ ឬ​បញ្ចៀស​គ្នា​ម្តង​ៗ ធ្វើ​ឲ្យ​អ្នក​ដំណើរ​ និង​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​ដងផ្លូវ​មាន​ការ​ភ័យខ្លាច និង​អាចបង្ក​គ្រោះ​ថ្នាក់​ដល់អ្នក​ដំណើរ​តាម​ដងផ្លូវ​ផង​ ។ លើស​ពីនេះ​ទៅទៀត នៅពេល​ឡាន​ដឹកថ្ម​រាប់​សិប​គ្រឿង របស់​ក្រុមហ៊ុន​នេះ​ បានបើក​ឆ្លងកាត់​មុខផ្ទះ​របស់​ពល​រដ្ឋ​ម្តង​ៗ ធ្វើ​ឲ្យ​ដីហុយ​ខ្លាំង​មើល​ផ្លូវ​មិនឃើញ​ ពិបាក​ដកដង្ហើម ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់ ជាពិសេស​ គឺ​កុមារ​តូច​ៗ ដែល​ប្រឈម នឹងបញ្ហា​សុខភាព​យ៉ាង​ខ្លាំង ។

សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​សំណង់​ទទួល​ខុសត្រូវ​លីមីត​ធីត MTV អាន​យ៉ាង​ ទទួល​បានអាជ្ញាប័ណ្ណ​ជាក្រុមហ៊ុន​ធ្វើអាជីវកម្ម​រ៉ែ​ថ្ម នៅស្រុក​ក្របៅ ខេត្ត​មាត់ជ្រូក​ ចាប់តាំង​ពីឆ្នាំ ១៩៩២ មក ។ ក្រុមហ៊ុន​នេះ មាន​សិទ្ធិ​ប្រកប​អាជីវកម្ម ដូចជា​ បំផ្ទុះ​គ្រាប់ ជីកកកាយ យក​ថ្មភ្នំ ខ្សាច់​ភ្នំ កិន​ថ្ម ។ល។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ កំពុង​តែបង្ក​ផលប៉ះពាល់ ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរក្រោម ដែល​រស់​នៅ​ក្បែ​ជើងភ្នំ​នេះ ជាខ្លាំង ៕

មើលរូបភាពខ្លះ នៃសកម្មភាពរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម​រ៉ែ​ថ្ម នៅស្រុក​ក្របៅ ខេត្ត​មាត់ជ្រូក

Leave A Reply

Your email address will not be published.