គណៈកម្មការទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» អំពាវនាវសប្បុរសជនជិតឆ្ងាយ ជួយឧបត្ថម្ភ ដល់ការចូលរួមអុំប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក
ដោយ ស៊ឺន ចែងចើន
គណៈកម្មការទ្រទ្រង់ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៃមិត្តសមាគមខ្មែរកម្ពុជាក្រោម មានមូលដ្ឋាន នៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ១២ តុលា ២០១៨ នេះ បានរៀបចំពិធីរំកិលទូក ង ទៅកាន់ឧបដ្ឋានសាលា ដើម្បីជួសជុល និងឆ្លាក់រូប ព្រមទាំងគូរក្បូរក្បាច់រចនា ត្រៀមចូលរួមអុំប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ប្រពៃណីជាតិ ដែល នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ២០១៨ ខាងមុខនេះ ។
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាប្រធានគណៈកម្មការទ្រទ្រង់ទូក ង «ខ្មែរកម្ពុជាក្រោមមាន័យ» លោក ប៊ុន មុនី ហៅ ថាច់ ឡែន បានចេញសេចក្តីជូនដំណឹង និងធ្វើការអំពាវនាវមួយ នៅក្នុងពិធីរំកិល ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ទៅកាន់ឧបដ្ឋានសាលា នៃវត្តសាមគ្គីរង្សី ហៅវត្តខ្មែរក្រោម ដើម្បីឆ្លាក់រូប និងគូរក្បូរក្បាច់រចនា ត្រៀមលក្ខណៈចូលរួមអុំប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ ២០១៨ នេះ ។
នៅក្នុងការចូលរួមអុំប្រណាំងនេះ គណៈកម្មការទ្រទ្រង់ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានអំពាវនាវទៅដល់សប្បុរសជនជិតឆ្ងាយ ជួយឧបត្ថម្ភថវិកា និងសម្ភារៈផ្សេងៗ ដើម្បីជួយគាំទ្រ និងផ្គត់ផ្គង់នូវតម្រូវការចាំបាចរបស់ក្រុមកីឡាករទូក ង «ខ្មែរកម្ពុជាក្រោមមាន័យ» ។
ប្រធានគណៈកម្មការទ្រទ្រង់ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» រូបនេះដដែល បានបញ្ជាក់ថា ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ជាទូកតំណាងឲ្យខ្មែរក្រោមទាំងនៅក្នុងស្រុក និងក្រៅស្រុកតែមួយគត់ នឹងចូលរួមអុំប្រណាំង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ។

លោកបានធ្វើសេចក្តីរអំពាវនាវ ចំពោះសប្បុរសជនជិតឆ្ងាយ ជួយចូលរួមឧបត្ថម្ភដល់ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» យ៉ាងនេះថា៖
គួរជម្រាបជូនថា ទូក ង របស់ខ្មែរក្រោម មានឈ្មោះជាផ្លូវការថា “ខ្មែរកម្ពុជាក្រោមមានជ័យ” ត្រូវបានបង្កើតឡើង ដោយពលរដ្ឋខ្មែរក្រោម និងបានចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកតាំងពីឆ្នាំ ២០០១ មក ។
ដោយឡែក នៅដែនដីកម្ពុជាក្រោមឯណោះ ពលរដ្ឋខ្មែរក្រោម ក៏បានធ្វើពិធីបុណ្យអុំទូកនេះ ជារៀងរាល់ឆ្នាំដែរ ។ ចំណែក ការបង្កើតទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» គឺខ្មែរក្រោមមានបំណងចូលរួម ក្នុងការថែរក្សាទំនៀមទម្លាប់នេះ ឲ្យគង់វង្សតទៅទៀត ។
និមិត្តសញ្ញានៃទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» គឺរូបរាហូចាប់ច័ន្ទ រំលេចទៅដោយទង់ពណ៌ខៀវ លឿង ក្រហម ដែលជាទង់ជាតិរបស់ខ្មែរកម្ពុជាក្រោម ទទួលស្គាល់ដោយអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (Unrepresented Nation and Peoples Organization) ហៅកាត់ជាភាសាអង់គ្លេសថា UNPO ។ សម្រាប់សម្លៀកបំពាក់របស់កីឡាករវិញ គឺមាន ៣ ឈុត ដោយក្នុងមួយឈុតៗ រំលេខដោយពណ៌ខៀវ លឿង និងក្រហម ដែលជាពណ៌នៃទង់ជាតិខ្មែរកម្ពុជាក្រោមដែរ ។
បើទោះបីជា បានចូលរួមប្រកួតតាំងពីឆ្នាំ ២០០១ មកក៏ដោយ។ ប៉ុន្តែ ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» មិនធ្លាប់ទទួលបានចំណាត់ថ្នាក់ក្នុងផែនលេខ ១ នោះទេ គឺជាប់ត្រឹមចំណាត់ថ្នាក់មធ្យម (លេខ ២) ប៉ុណ្ណោះ ។ យ៉ាងនេះក្តី អ្នកគ្រប់គ្រងទូក ង ខ្មែរកម្ពុជាក្រោម ធ្លាប់លើកឡើងថា បើឈ្នះ គឺជាកិត្តិយសរបស់ខ្មែរក្រោម តែបើចាញ់វិញ ក៏បានបង្ហាញថា ជាការចូលរួមប្រណាំងរបស់ខ្មែរក្រោម ដើម្បីចូលរួមចំណែក ក្នុងការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ឲ្យគង់វង្សឋិតថេរតរៀងទៅ ៕
ខាងក្រោមនេះ ជារូបថតខ្លះៗ នៃសកម្មភាព រំកិល ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ។ រូបថតៈ ស៊ឺន ចែងចើន