ព្រះសង្ឃខ្មែរក្រោម រងការចោទថា យកព្រះពុទ្ធរូប ទៅបោះចោលក្នុងទឹកស្រះ ត្រូវគំរាមចាប់ផ្សឹក
ដោយ ស៊ឺន ចែងចើន|សារព័ត៌មាន ព្រៃនគរ
ព្រះចៅអធិការ និងគណៈកម្មាធិការវត្តស្ទឹងមានជ័យ កាលពីថ្ងៃទី ៥ ខែធ្នូ បានចោទព្រះសង្ឃខ្មែរក្រោមមួយអង្គ ព្រះតេជព្រះគុណ គឹម សិលា ព្រះជន្ម ៥២ ព្រះវស្សា ដែលគង់នៅក្នុងកុដិលេខ ៤៣ ក្នុងវត្តស្ទឹងមានជ័យ ថាបានយកពុទ្ធបដិមាជាច្រើនអង្គទៅបោះចោលក្នុងទឹកស្រះ ។

កាលពីម្សិលមិញ ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន ព្រះចៅអធិការស្ដីទី និងមន្ត្រីសង្ឃវត្តស្ទឹងមានជ័យ បាន កោះប្រជុំមួយ ដោយមានការចូលរួមពីអនុគណខណ្ឌមានជ័យ និងមន្ត្រីក្រសួងធម្មការ និងសាសនា ដើម្បីធ្វើការចាប់ផ្សឹក និងបណ្តេញចេញពីវត្ត ទៅលើព្រះសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ គឹម សិលា ។
ព្រះចៅអធិការស្ដីទី ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន បានមានថេរដីកាថា ពុទ្ធប្បដិមា ដែលត្រូវបានបោះចោលនេះ ត្រូវបានដូនជី និងអ្នករត់ម៉ូតូឌុបម្នាក់រកឃើញ នៅក្នុងស្រះទឹក កាលពីថ្ងៃសៅរ៍ ។

ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន មានថេរដីកាបន្ថែមថា ការដែលកោះប្រជុំរឿងអធិករណ៍ ដែលបានកើតឡើងក្នុងវត្តស្ទឹងមានជ័យនេះ គឺដើម្បីរកដំណោះស្រាយសម្រាប់ព្រះសង្ឃខ្មែរក្រោមអង្គនេះ។ ព្រះអង្គលើកឡើងថា ប្រសិនបើរកឃើញថា មានកំហុស ដែលធ្វើឲ្យប៉ះពាល់ដល់ពុទ្ធប្បដិមានោះ ព្រះសង្ឃខ្មែរក្រោមអង្គនេះ អាចប្រឈម នឹងការចាប់ផ្សឹក ។
ទោះជាយ៉ាងណា គម្រោងចាប់ផ្សឹក ព្រះតេជព្រះគុណ គឹម សិលា មិនបានសម្រេចឡើយ ។ ដោយហេតុតែ កាលពីម្សិលមិញ ព្រះសង្ឃខ្មែរក្រោមជាង ៥០ អង្គ បានមកជួបជុំគ្នានៅវត្តស្ទឹងមានជ័យ ដើម្បីតវ៉ាជំទាស់ទៅ នឹងសេចក្ដីសម្រេចចាប់ផ្សឹកនោះ ។
ឆ្លើយតបទៅ នឹងការចោទប្រកាន់នេះ ព្រះតេជព្រះគុណ គឹម សិលា មានថេរដីកាថា ព្រះអង្គមិនបានបោះពុទ្ធប្បដិមាចូលទៅក្នុងស្រះទឹកទេ ។ ព្រះអង្គលើកឡើងថា ករណីនេះ ជាការលាបពណ៌ ដើម្បីទម្លាក់កំហុសមកលើព្រះអង្គ ។ ព្រះតេជព្រះគុណ គឹម សិលា មានថេរដីកាបញ្ជាក់ថា ព្រះចៅអធិការ និងមន្ត្រីសង្ឃក្នុងវត្ត ជាអ្នករៀបចំផែនការ ដើម្បីកំចាត់ព្រះអង្គឲ្យចាកចេញពីវត្តនេះ ដោយព្រះអង្គ លើកហេតុផលថា មានការរើសអើង ពីព្រោះព្រះអង្គជាព្រះសង្ឃខ្មែរក្រោម និងមានគេចង់បានកុដិថ្មីរបស់ព្រះអង្គ ។

សូមបញ្ជាក់ថា ព្រះតេជព្រះគុណ គឹម សិលា បាននិមន្តចូលមកគង់ នៅក្នុងវត្តស្ទឹងមានជ័យ តាំងពីឆ្នាំ ២០០០ មកម្ល៉េះ ។ បើគិតមកទល់ នឹងពេលនេះ គឺរយៈពេល ១៥ ព្រះវស្សាមកហើយ ។
ព្រះតេជព្រះគុណ គឹម សិលា កន្លងមកធ្លាប់ចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដូចជានិមន្តទៅធ្វើសកម្មភាពមនុស្សធម៌ដល់ទាហានការពារប្រាសាទព្រះវិហារ នៅឯខេត្តព្រះវិហារ ផ្តល់ទីកន្លែងស្នាក់នៅ និងអាហារូបករណ៍ ដល់សិស្ស/និស្សិត ។ ជាពិសេសសកម្មភាពចែកអំណោយដល់ សកម្មជនតវ៉ារឿងបញ្ហាដីធ្លី ដោយបានផ្ដល់អាហារ ថវិកា នៅពេលពួកគាត់ចូលរួមការតវ៉ាម្តងៗ ៕
Comments are closed.