ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​សំដែង​ការ​បារម្ភ​ពី​សុវត្ថិភាព​របស់​ព្រះសង្ឃ​ ​ខ្មែរក្រោម​ ​ក្រោយ​អាជ្ញាធរ​ខ្មែរ​ ​នៅ​ខេត្ត​កំពង់ចាម​ចាប់​ផ្សឹក​ ​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​

0 77

ដោយ យាង​ ​សុធា​រិន្ទ

​ក្រោយ​ទទួល​បាន​ព័ត៌មាន​ថា​ ​ព្រះសង្ឃ​ខ្មែរក្រោម​ ​ព្រះតេជព្រះគុណ​ ​ប៉ាង​ សុ​ដា​ ​ព្រះ​ចៅអធិការ​ ​វត្ត​វង្ស​គ​ត​បុរី​សេរី​ភ្នំពេញ​ ​ហៅ​វត្តភ្នំ​ពេញ​ថ្មី​ ​ត្រូវ​បាន​គណៈ​ម​ន្រ្តី​សង្ឃ​ ​និង​អាជ្ញាធរ​ខេត្ត​កំពង់​ ​ចាម​ចាប់​ព្រះ​កាយ​ផ្សឹក​កាលពី​ថ្ងៃ​ទី​ ​២​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​នៅ​លើ​ពិភពលោក​ ​បាន​សំដែង​ការ​បារម្ភ​ពី​សុវត្ថិភាព​របស់​ព្រះអង្គ​ ​។​

ព្រះតេជព្រះគុណ ប៉ាង សុដា និមន្តចូលរួម​ពិធីចងដៃ​ព្រះចៅអធិការ ព្រះ​ពហុស្សូត​ឆ្វេង​-​ស្តាំ និង​តែងតាំង​គណៈកម្មការ​ថ្មី ដើម្បី​មើល​ខុសត្រូវ​ក្នុង​វត្ត​សាមគ្គី​រង្សី កាលពី​ថ្ងៃ ១៤ មិថុនា ២០១៥ ។​ រូបៈ ស៊ឺន ចែងចើន
ព្រះតេជព្រះគុណ ប៉ាង សុដា និមន្តចូលរួម​ពិធីចងដៃ​ព្រះចៅអធិការ ព្រះ​ពហុស្សូត​ឆ្វេង​-​ស្តាំ និង​តែងតាំង​គណៈកម្មការ​ថ្មី ដើម្បី​មើល​ខុសត្រូវ​ក្នុង​វត្ត​សាមគ្គី​រង្សី កាលពី​ថ្ងៃ ១៤ មិថុនា ២០១៥ ។​ រូបៈ ស៊ឺន ចែងចើន

​ការ​បារម្ភ​នេះ​ ​ស្រប​ពេល​ដែល​អាជ្ញាធរ​មិនបាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ជា​ផ្លូវការ​អំពី​ ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ចាប់​ព្រះ​កាយ​ផ្សឹក​ព្រះអង្គ​ឡើយ​ ​ខណៈ​ទីតាំង​ដែល​ព្រះអង្គ​កំពុង​ស្ថិតនៅ​ក៏​មិន​ដឹង​ពិតប្រាកដ​ ​។​

​មូលហេតុ​ពិតប្រាកដ​ ​ដែល​ឈាន​ដល់​ការ​ចាប់ខ្លួន​ផ្សឹក​ព្រះសង្ឃ​ខ្មែរក្រោម​ ​មកពី​ខេត្ត​ឃ្លាំង​ ​ដែនដី​កម្ពុជាក្រោម​ ​អង្គ​នេះ​ ​មិន​ត្រូវ​បាន​គណៈ​ម​ន្រ្តី​សង្ឃ​ ​និង​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា​ពន្យល់​ប្រាប់​ ​ជា​ផ្លូវការ​នោះ​ទេ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ស្គាល់​ ​និង​រាប់អាន​ ​ព្រះអង្គ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ពី​ស្ថានភាព​របស់​ព្រះអង្គ​ ​។​

​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​កាលពី​ថ្ងៃ​ទី​ ​៣​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ ឱ្យ​ដឹង​ថា​ ​កាលពី​រសៀល​ថ្ងៃ​ទី​ ​២​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​នគរបាល​ស្រុក​ ​ខេត្ត​ព្រះ​អនុគណស្រុក​ ​និង​ព្រះមេ​គណ​ខេត្ត​កំពង់ចាម​ ​ជាច្រើន​អង្គ​ ​និង​រូប​ ​បាន​មក​ឡោមព័ទ្ធ​ ​និង​នាំ​ខ្លួន​ព្រះតេជព្រះគុណ​ ​ប៉ាង​ សុ​ដា​ ​ជា​ព្រះ​ចៅអធិការ​វត្ត​វង្ស​គ​ត​បុរី​ ​សេរី​ភ្នំពេញ​ ​ហៅ​វត្តភ្នំ​ពេញ​ថ្មី​ ​ស្ថិតនៅ​ភូមិ​ ​ដូន​បុ​ស​ ​ឃុំ​ចំការ​អណ្តូង​ ​ស្រុក​ចំការ​លើ​ ​ខេត្ត​កំពង់ចាម​ ​ដោយ​មិនបាន​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​ ​។​

​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​អះអាង​ថា​ ​ក្នុង​ពេល​ចុះទៅ​នាំ​ខ្លួន​នោះ​ ​សមត្ថកិច្ច​ធ្វើឡើង​ហាក់​ក្នុង​ស្ថានភាព​តក់ក្រហល់​ ​និង​មិន​មាន​ដីកា​តាម​នីតិវិធី​ត្រឹមត្រូវ​ឡើយ​ ​។​ ​គណៈ​ម​ន្រ្តី​សង្ឃ​ ​និង​សមត្ថកិច្ច​ចុះ​មកដល់​ទីតាំង​វត្ត​ចាប់ខ្លួន​ទាំង​ព្រះអង្គ​មិនបាន​ដឹងខ្លួន​ ​ជាមុន​ ​និង​មិនបាន​ត្រៀម​ខ្លួន​ជាមុន​ ​ដែល​សូម្បីតែ​ស្បែកជើង​ក៏​គ្មាន​ផង​ ​។​ ​ចំណែក​ព្រះសង្ឃ​ ​ក្នុង​វត្ត​ ​និង​គណៈកម្មការ​វត្ត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​ទូរស័ព្ទ​ទាំងអស់​ ​ដើម្បី​លុប​រូបថត​ ​ឬ​វីដេអូ​ ​ដែល​ថត​អំពី​ទិដ្ឋភាព​នៃ​ការ​ចាប់ខ្លួន​នោះ​ផង​ដែរ​ ​។​ ​បន្ទាប់ពី​ការ​នាំ​ខ្លួន​នោះ​ ​កុដិ​របស់​ព្រះអង្គ​ ​ត្រូវ​បាន​សមត្ថកិច្ច​ចូល​រុះរើ​ ​ឆែកឆេរ​ ​និង​ដាក់​បំរាម​មិន​ឱ្យ​មាន​ជន​ណាមួយ​ចូល​ជិត​ ​ឡើយ​ ​ហើយ​សមត្ថកិច្ច​ក៏​ត្រូវ​បាន​ពង្រាយ​កម្លាំង​ជុំវិញ​បរិវេណ​វត្ត​យ៉ាង​តឹងរឹង​ផង​ដែរ​ ​។​

​នេះ​មិនមែន​ជា​ករណី​ទីមួយ​ទេ​ ​ដែល​ព្រះសង្ឃ​ខ្មែរក្រោម​ ​ត្រូវ​បាន​គណៈ​ម​ន្រ្តី​សង្ឃ​ ​និង​សមត្ថកិច្ច​នៃ​ប្រទេស​កម្ពុជា​ចាប់​ផ្សឹក​ ​និង​ឃុំ​ខ្លួន​ ​។​

​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​០​៧​ ​អតីត​ព្រះសង្ឃ​ខ្មែរក្រោម​នាម​ ​ទឹម​ ​សា​ខន​ ​ជា​ព្រះ​ចៅអធិការ​វត្ត​ ​ភ្នំ​ដិ​ន​ខាងជើង​ ​ស្រុក​គិរី​វង្ស​ ​ខេត្ត​តាកែវ​ ​ត្រូវ​បាន​គណៈ​ម​ន្រ្តី​សង្ឃ​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា​ ​បញ្ជា​ឱ្យ​ម​ន្រ្តី​សង្ឃ​ខ្មែរ​ចាប់​ផ្សឹក​ ​រួប​បញ្ជូន​ទៅ​ដាក់​ពន្ធ​នាគា​រ​ ​នៅ​ស្រុកកំណើត​របស់​ព្រះអង្គ​ ​ក្នុង​ខេត្ត​មាត់ជ្រូក​ ​ដែនដី​កម្ពុជាក្រោម​ ​ដែល​ជាប់​ព្រំប្រទល់​ជាមួយ​ខេត្ត​តាកែវ​របស់​កម្ពុជា​ ​។​ ​នៅ​ពេល​នោះ​ ​អតីត​ព្រះសង្ឃ​ខ្មែរ​អង្គ​នេះ​ ​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ ​«​បំបែកបំបាក់​មិត្តភាព​ ​កម្ពុជា​-​វៀតណាម​»​ ​។​

​មុន​ចាប់​ផ្សឹក​ ​គណៈ​ម​ន្រ្តី​សង្ឃ​ជាន់ខ្ពស់​កម្ពុជា​ ​អះអាង​ថា​ ​ភិក្ខុ​ ​ទឹម​ ​សា​ខន​ ​បាន​ប្រ​ពឹ្រត្ត​ខុស​ ​នឹង​វិ​ន័យ​ព្រះ​ព្រះពុទ្ធសាសនា​ ​ដែល​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​ជាតិ​ ​អន្តរជាតិ​ ​ជាពិសេស​រវាង​ ​ប្រទេស​ទាំង​ពី​​​រ​កម្ពុជា​-​វៀតណាម​ ​យក​ទី​អាវាស​វត្ត​ ​ធ្វើជា​ទីបញ្ជាការ​ ​សម្រាប់​បំរើ​ចលនា​ ​ឃោសនា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិ​ន័យ​ ​និង​សេចក្តីថ្លៃថ្នូរ​ព្រះពុទ្ធសាសនា​ ​។​

​ខ្មែរក្រោម​នៅ​មិនទាន់​អាច​សន្និដ្ឋាន​បានទេ​ថា​ ​តើ​ការ​ចាប់ខ្លួន​ផ្សឹក​ព្រះសង្ឃ​ខ្មែរក្រោម​ ​ប៉ាង​ សុ​ដា​ ​នៅ​ពេលនេះ​ ​មាន​មូលហេតុ​​​អ្វី​ពិតប្រាកដ​នៅឡើយ​ ​ប៉ុន្តែ​ ​បើ​តាម​លោក​ ​ប៊ុន​ ​មុនី​ ​ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ព្រះ​ភិក្ខុ​អង្គ​នេះ​ ឱ្យ​ដឹង​ថា​ ​កន្លងទៅ​ ​ព្រះតេជព្រះគុណ​ ​ប៉ាង​ សុ​ដា​ ​ធ្លាប់​បាន​ចូលរួម​យ៉ាងសកម្ម​ដែរ​ ​នៅ​ក្នុង​ ​សកម្មភាព​របស់​សង្គម​ខ្មែរក្រោម​ ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​នៅ​ក្រៅ​ប្រទេស​ ​។​ ​ព្រះអង្គ​តែង​ចូលរួម​ជួយ​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ជួប​ការលំបាក​ ​និង​ខ្វះខាត​ ​។​ ​លោក​ថា​ ​ក្នុង​រដូវ​កាល​នៃ​ការ​ឆ្លង​រាតត្បាត​ ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ព្រះអង្គ​ក៏បាន​ផ្តល់​ជំ​អំណោយ​ជួយ​ ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​នៅ​ដែនដី​កម្ពុជាក្រោម​ ​ផង​ដែរ​ ​។​

​ទាំង​អ្នកនាំពាក្យ​ក្រសួងធម្មការ​ ​និង​កិច្ច​សាសនា​ ​ទាំង​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា​ ​មិនទាន់​ ​បញ្ជាក់​ជា​ផ្លូវការ​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ផ្សឹក​ព្រះអង្គ​ឡើយ​ ​។​ ​ប៉ុន្តែ​ ​លោក​ ​សេង​ សុ​មុនី​ ​អ្នកនាំពាក្យ​ក្រសួងធម្មការ​ ​និង​កិច្ចការ​សាសនា​ទទួលស្គាល់​ថា​ ​ភិក្ខុ​អង្គ​នេះ​ ​ពិតជា​ត្រូវ​បាន​ ​គណៈ​ម​ន្រ្តី​ម​ន្រ្តី​សង្ឃ​ខេត្ត​កំពង់ចាម​ផ្សឹក​រួចហើយ​ ​កាលពី​ថ្ងៃ​ទី​ ​២​ ​ខែកញ្ញា​ ​។​ ​លោក​បញ្ជាក់​ថា​ ​ក្រោយពេល​ផ្សឹក​រួច​ ​គណៈ​ម​ន្រ្តី​សង្ឃ​ ​បាន​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​ទៅតាម​នីតិវិធី​បន្ត​ទៀត​ ​។​

​បើ​តាម​អាជ្ញាធរ​នៅ​ខេត្ត​កំពង់ចាម​ ​ដែល​បាន​បញ្ជាក់​ប្រាប់​សារ​ព័ត៌មាន​ ​នៅ​ក្នុងស្រុក​ឱ្យ​ដឹង​ថា​ ​ការ​ចាប់ខ្លួន​ផ្សឹក​ព្រះសង្ឃ​ខ្មែរក្រោម​ ​អង្គ​នេះ​ ​ធ្វើឡើង​តាម​បញ្ជា​របស់​​​ក្រសួងមហាផ្ទៃ​ ​ប៉ុន្តែ​ ​មិន​ប្រាប់​ពី​មូលហេតុ​ឡើយ​ ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​កម្ពុជា​ ​ចំនួន​ ​៧​ ​ជា​សមាជិក​ ​អំពាវនាវ​ដល់​គណៈ​ម​ន្រ្តី​សង្ឃ​ ​និង​សមត្ថកិច្ច​ខ្មែរ​គ្រប់​លំដាប់​ថ្នាក់​ ​ផ្តល់​នូវ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ចាប់ខ្លួន​នេះ​ ​និង​បង្ហាញ​ឱ្យ​បាន​ច្បាស់លាស់​ ​ពី​ទីកន្លែង​ដែល​ព្រះអង្គ​កំពុង​ស្ថិតនៅ​ ​៕​

Leave A Reply

Your email address will not be published.