ជីវិតជោគជ័យក្នុងការសិក្សារបស់ព្រះសង្ឃខ្មែរក្រោម នៅក្រៅស្រុកអាស្រ័យដោយបច្ច័យ ចង្ហាន់បិណ្ឌបាត និងកម្លាំងចិត្ត
ដោយ លី ឈូន
ក្នុងមួយឆ្នាំៗ មានព្រះសង្ឃខ្មែរក្រោម មិនតិចជាង ១0 អង្គ នោះទេ ដែលទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត និងបណ្ឌិតពីមហាវិទ្យាល័យនានា ។ ព្រះសង្ឃដែលបានជោគជ័យក្នុងការសិក្សានោះ ដោយសារមានការឧបត្ថម្ភ និងទំនុកបម្រុងប្រាក់ ឬបច្ច័យ និងចង្ហាន់បិណ្ឌបាតពីញាតិញោម នៅតាមចំណុះជើងវត្ត ដែលព្រះអង្គស្នាក់នៅ ។

ឈរកណ្ដាលហ្វូងភ្ញៀវ និង សមណនិស្សិតនិស្សិតចម្រុះជាតិសាសន៍ រាប់ពាន់នាក់ កំពុងត្រេកអរ ថ្ងៃទទួលសញ្ញាប័ត្រ របស់ខ្លួននិងសាច់ញាតិនោះ ។ សមណនិស្សិតខ្មែរ ក្រោមមួយព្រះអង្គ និមន្តមកពីខេត្តព្រះត្រពាំង ដែលវៀតណាមដាក់ឈ្មោះថ្មី ថា ត្រា វិញ (Tra Vinh) ព្រះនាម គឹម វណ្ឌឿន ដែលដៃទាំងពីរឱបបាច់ផ្កា រួមនិងវត្ថុអនុស្សាវរីយ៍ ព្រមទាំងសញ្ញាប័ត្រពណ៌ខៀវមួយច្បាប់ផង ងាកមកឆ្លើយនឹងសំណួររបស់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរថា ថ្ងៃនេះព្រះអង្គមកទទួលបរិញ្ញាប័ត្រ ជំនាញព្រះពុទ្ធសាសនា ឯកទេសភាសាអង់គ្លេស ។
សមណនិស្សិតបញ្ចប់បរិញ្ញាអង្គនេះ បន្តថា ព្រះអង្គនិមន្តមករៀននៅប្រទេសថៃនេះ មានរយៈពេល ៤ ឆ្នាំហើយៗ ព្រះអង្គមិនបាននៅបន្តការសិក្សាទៀតទេ ព្រោះខ្វះថវិកាបង់ថ្លៃសាលា ។
ព្រះភិក្ខុ គឹម វណ្ឌឿន បន្តទៀតថា ទោះជាយ៉ាងណា នៅប្រទេសថៃនេះងាយនឹងនិមន្តបិណ្ឌបាតស្វែងរកចង្ហាន់ និង បច្ច័យសម្រាប់សិក្សារៀនសូត្រដែរ ព្រោះប្រជាពលរដ្ឋថៃមានជំនឿមុតមាំចំពោះព្រះពុទ្ធសាសនាណាស់ ។
ព្រះភិក្ខុ គឹម វណ្ឌឿន៖ «លោកខ្មែរក្រោមយើង ភាគច្រើននិមន្តមកពឹងអាស្រ័យវត្តហ្នឹងឯង ដើម្បីបានទៅបិណ្ឌបាតបានចង្ហាន់ បានបច្ច័យសន្សំបន្តិចបន្តួចទៅ ហើយមានបុណ្យ មានទានអី កាលណាគេខ្វះខាត គេនិមន្តយើងទៅ ដល់ចឹងយើងបានបច្ច័យសម្រាបរៀនសូត្របន្តអីចឹង» ។
សមណនិស្សិតខ្មែរក្រោមព្រះអង្គនេះបន្តថា ព្រះអង្គមានសំណាងណាស់ដែលកាន់សញ្ញាប័ត្រមកពីកម្ពុជាក្រោម ហើយបានមហាវិទ្យាល័យកម្រិតអន្តរជាតិនៅប្រទេសថៃអនុញ្ញាតិឲ្យចូលរៀន ខុសពីប្រទេសកម្ពុជាដែលមិនទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះសង្ឃខ្មែរក្រោម មកពីកម្ពុជាក្រោមឡើយ ។
ព្រះភិក្ខុគឹមវណ្ឌឿន៖ «មិននឹកស្មានថាយើងយកសញ្ញាប័ត្រយើងមករៀនបន្ត មហាវិទ្យាល័យ បាន អីចឹងទេ នេះប្រហែលជាបុណ្យកុសលដែលយើងបានបួសរៀនបានល្អអីចឹង ។ ឯរឿងវិលទៅស្រុកវិញ គឺត្រូវតែជួយវត្តអីចឹងហើយ ពីព្រោះ នៅវត្តបើកសាលាច្រើនដែរ បើកដល់ បីសាលាឯណោះ» ។
ចំណែកយុវតីនិស្សិតខ្មែរក្រោម ១ នាក់ គ្មានពីរនៅក្នុងប្រទេសថៃនេះវិញ គឺកញ្ញា សឺន សូនី កញ្ញាមកពីស្រុកកំពង់ស្ពានខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។ កញ្ញា សឺន សូនីជានិស្សិតកំរិតបរិញ្ញាឆ្នាំទី ៤ ឯកទេសព្រះពុទ្ធសាសនា ជំនាញភាសាអង់គ្លេស នៃមហាវិទ្យាល័យចូឡាឡុងកនខេត្តអាយុធ្យា ។
មានរាងស្ដើងល្អិត សម្បុរស្រឯម នៅដៃមានកាន់បាច់ផ្កា សម្រាប់ចូលរួមសាទរទិវាសមណនិស្សិតខ្មែរក្រោមទទួលសញ្ញាប័ត្រ ។ កញ្ញាសូនី ប្រាប់ថាការដែលមករៀននៅប្រទេសថៃនេះ ជាចំណង់ចំណូលចិត្តរបស់កញ្ញា និងជាទម្លាប់របស់ក្រុមគ្រួសារកញ្ញាផងដែរ ។
សម្រាប់ការរៀនបន្តថ្នាក់អនុបណ្ឌិត នៅឆ្នាំដល់នេះ កញ្ញា សូ នី ប្រាប់ថា កញ្ញាមិនទាន់ប្រាកដនៅឡើយ ព្រោះថាសព្វថ្ងៃនេះ ជួនកាលបាយព្រឹក បាយល្ងាច គឺអាស្រ័យដោយចង្ហាន់បិណ្ឌបាតរបស់ព្រះសង្ឃទេ ហើយកញ្ញាចាយប្រិតប្រៀនបំផុត ក៏ដោយក៏ខ្ទង់ចំណាយក្នុងមួយឆ្នាំ ៗ អស់មិនតិចជាង ៦.០០០០ ( ប្រាំមួយម៉ឺន) បាតស្មើនឹងប្រមាណ ២.០០០ (ពីរពាន់) ដុល្លា ឯណោះ ។
និស្សិតស្រីខ្មែរក្រោម មានតែ ១ គ្មាន ២ នៅក្នុងប្រទេសថៃបន្តថា ខ្ទង់ចំណាយច្រើនបែបនេះ មិនដឹងថាតើ ឪពុកម្ដាយ និង បងប្អូនរបស់កញ្ញាមានលទ្ធភាពជួយទំនុកបំរុងឲ្យកញ្ញារៀនបន្ត ឬ ក៏អត់នោះទេ ។
កញ្ញាសូ នី៖ «ម៉ែ ឪ កូនចូលចិត្តឲ្យកូនចៅរៀនអក្សរខ្មែរអីចឹង ហើយបង ៗ របស់កូនក៏រៀនអក្សរខ្មែរអីចឹងដែរ ។ មិនទាន់ដឹងមេចទេការរៀនបន្តនោះ ព្រោះមិនទាន់ដឹងខ្លួនថាតើ បងប្អូនអាចជួយបានទៀតឬ ទេ កន្លងមកបានខាងព្រះសង្ឃជួយខ្លះ នៅឯផ្ទះផ្ញើមកខ្លះ។ ចំពោះឪពុកម្ដាយគាត់ចាស់ៗ អស់ហើយ សង្ឃឹមតែបង ៗ ទេ» ។
ការលើកឡើងនេះក្នុងឱកាសដែលសាលាមហាវិទ្យាល័យចូឡាឡុងកនខេត្តអាយុធ្យាប្រគល់សញ្ញាប័ត្រ ពីថ្នាក់បរិញ្ញាប័ត្រ ដល់ថ្នាក់បណ្ឌិត ដល់សមណនិស្សិតនិងនិស្សិតចម្រុះជាតិសាសន៍ ប្រមាណជាង ៣.០០០ (បីពាន់) រូប កាលពីថ្ងៃអាទិត្យទី ១៣ ខែធ្នូ កន្លងទៅនេះ ។
ក្នុងចំនោមសមណនិស្សិតនិងនិស្សិតទាំងជាង ៣.០០០ (បីពាន់) រូបនេះ ក៏មានសមណនិស្សិតខ្មែរក្រោមចំនួន ៥ ព្រះអង្គផងដែរ ដែលទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតចំនួន ៣ ព្រះអង្គ និងបរិញ្ញាបត្រចំនួនពីរព្រះអង្គ ។ សមណនិស្សិតខ្មែរក្រោមទាំង ៥ ព្រះអង្គនេះ និមន្តមកពីខេត្តព្រះត្រពាំងចំនួន ៤ ព្រះអង្គ និងនិមន្តមកពីខេត្តឃ្លាំង ដែលវៀតណាមដាក់ឈ្មោះថ្មីថា សុក ត្រាំង (Soc Trang) ចំនួន ១ ព្រះអង្គ ។
ពីកណ្ដាលចំណោមពុទ្ធបរិស័ទជនភៀសខ្លួនខ្មែរក្រោមជាង ២០ នាក់ និងសមណនិស្សិតខ្មែរក្រោមជាច្រើនអង្គទៀត ដែលមកជូនរង្វាន់លើកទឹកចិត្តដល់សមណនិស្សិតខ្មែរក្រោមទាំង ៥ ព្រះអង្គដែលទទួលសញ្ញាបត្រ ហើយ និង អមដោយ របាំបាច់ផ្ការបស់សិស្សានុសិស្សជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃនោះផង សមណនិស្សិតខ្មែរក្រោមថ្នាក់អនុបណ្ឌិតមួយព្រះអង្គ ដែលជាទីប្រឹក្សា នៃអង្គភាព មូលនិធិពុទ្ធិកសិក្សាខ្មែរថេរវាទ ព្រះនាម សឺន ចាំង ។ ព្រះអង្គឆ្លើយតបនឹងការលើកឡើងរបស់សមណនិស្សិតនិស្សិតខ្មែរក្រោម ថា ការដែលសមណនិស្សិត និស្សិតខ្មែរក្រោមសិក្សា នៅក្រៅប្រទេសមិនអាចតស៊ូរៀនឲ្យចប់ចុងចប់ដើមបាន ដោយមានមូលហេតុបីយ៉ាងជាចំបង ប្រការទីមួយ គឺការខ្វះខាតថវិកា ។ ទី ២ គឺ ដោយសារបញ្ហាសុខភាព និងទី ៣ គឺ ដោយសារបញ្ហាសមត្ថភាពផ្ទាល់ខ្លួនរបស់និស្សិតម្នាក់ៗ នោះ ឯង ។
សមណនិស្សិតអនុបណ្ឌិតឯកទេស ទស្សនៈព្រះពុទ្ធសានា ជំនាញភាសាថៃ ព្រះអង្គ សឹន ចាំង បញ្ជាក់បន្ថែមថា ចំពោះរូបព្រះអង្គផ្ទាល់ ក៏ព្រះអង្ករមិនបានបន្តការសិក្សាទៅថ្នាក់បណ្ឌិតនោះដែរ ក៏ព្រោះតែបញ្ហាទាំង ៣ ប្រការខាងដើមនោះឯង ។
ព្រះភិក្ខុ សឹន ចាំង ៖ «អាត្មាមករៀនទាំងពីបរិញ្ញារហូតមកដល់ពេលនេះ ១០ ឆ្នាំហើយ មើលមកពីឆ្នាំ ២០១០ រៀនបរិញ្ញា ៥ ឆ្នាំ ហើយន្តចូលអនុបណ្ឌិត ៥ ឆ្នាំទៀត ឥឡូវឈប់បន្តហើយ» ។
សព្វថ្ងៃមានសមណនិស្សិតខ្មែរក្រោម ដែលកំពុងបំពេញការសិក្សាតាមមហាវិទ្យាល័យនានា ក្នុងប្រទេសថៃប្រមាណជាង ១០០ (មួយរយ) អង្គ ។ ចំពោះថវិកាសម្រាប់ទ្រទ្រង់ការសិក្សារបស់ សមណនិស្សិតខ្មែរក្រោមទាំងនេះវិញ បានមកពីការឧបត្ថម្ភពីឪពុកម្ដាយ សាច់ញាតិផ្ទាល់ខ្លួននិស្សិតមួយអង្គៗ ផង និងពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ជាពិសេសគឺបច្ច័យបានពីការនិមន្តគោចរបិណ្ឌបាតតាមភូមិស្រុកនៃប្រជាពលរដ្ឋថៃផង ។
ទន្ទឹមនឹងនេះ ដើម្បីទ្រទ្រង់បន្ថែមដល់ការសិក្សារបស់សមណនិស្សិតខ្មែរក្រោមក្រៅស្រុកនេះ សាលាគណខេត្តព្រះត្រពាំង បានឧបត្ថម្ភដល់អង្គភាពមូលធិពុទ្ធិកសិក្សាខ្មែរថេរវាទ ក្នុងមួយឆ្នាំចំនួន ១.០០០ (មួយពាន់) ដុល្លារ ហើយថវិកា ១.០០០ (មួយពាន់) ដុល្លារ នេះ ជាថវិកាមួយចំណែក នៃថវិកា វិភាគទាន សម្រាប់វិស័យសិក្សាអប់រំ ដែលផ្ដល់ដោយ វត្តខ្មែរទូទាំងខេត្តព្រះត្រពាំង ឧបត្ថម្ភដល់សាលាគណខ្មែរក្នុងមួយឆ្នាំចំនួន ១.០០០.០០០ (មួយលាន) ដុង ស្មើនឹងប្រមាណ ៤០ ដុល្លារ ។
ចំណែកសាលាគណខ្មែរ នៅខេត្តឃ្លាំង និងខេត្តដទៃទៀតមិនឮមានការឧបត្ថម្ភ ដល់សមណនិស្សិតខ្មែរក្រោម ដែលសិក្សានៅក្រៅប្រទេសនោះទេ មានតែការឧបត្ថម្ភជាលក្ខណៈឯកជន ពីព្រះចៅអធិការ នៃវត្តនិមួយៗ តែប៉ុណ្ណោះ ។
ចំពោះការឧបត្ថម្ភដល់និស្សិតខ្មែរក្រោម រៀននៅក្រៅប្រទេសនេះ ដែរគេឃើញអង្គភាពសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមានទីតាំងនៅព្រះរាជាណាចក្រកម្ពុជា តែងតែឧបត្ថម្ភដល់សមណនិស្សិតនិស្សិតខ្មែរក្រោម ទំាងនៅកម្ពុជា និង នៅក្រៅប្រទេស តាមតិចតាមច្រើនជាហូរហែ ។ ហើយថវិកាទាំងនេះ បានមកដោយការឧបត្ថម្ ភពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ។
ចំពោះខ្ទង់ចំណាយរបស់សមណនិស្សិតខ្មែរក្រោមសិក្សា នៅក្រៅប្រទេស ដោយឡែកសម្រាប់ប្រទេសថៃ គឺថ្នាក់បរិញ្ញាបត្រ ចំណាយក្នុង ១ វគ្គ ( ៤) ខែចាប់ពី ១១.០០០ (មួយម៉ឺនមួយពាន់) បាត ទៅ ១២.០០០ ( មួយម៉ឺនពីរពាន់) បាត ស្មើនឹងប្រមាណជា ៣០០ (បីរយ ទៅបួនរយ) ដុល្លា ។
ចំណែកខ្ទង់ចំណាយថ្នាក់អនុបណ្ឌិតវិញក្នុង ១ វគ្គ ( ៤) ខែចាប់ពី ២៥.០០០ (ពីរម៉ឺនប្រាំពាន់) បាត ស្មើនឹងប្រមាណជា ៨០០ (ប្រាំបីរយ) ដុល្លា ទៅ ៣០.០០០ ( បីម៉ឺន) បាត ស្មើនឹងប្រមាណ(មួយពាន់) ។
រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានស្ថាប័នខ្មែរក្រោម ណាមួយឧបត្ថម្ភៈឲ្យពេញលេញ លើកទឹកចិត្តដល់ព្រះសង្ឃខ្មែរក្រោមសិក្សានៅក្រៅស្រុក ដើម្បី កាត់បន្ថយការបោះបង់ចោលការសិក្សាកណ្ដាលទីរបស់ព្រះសង្ឃខ្មែរក្រោមសិក្សានៅក្រៅស្រុកនោះឡើយ ៕