ព្រះសង្ឃ និងប្រជាពលរដ្ឋតវ៉ាមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងព្រះសង្ឃខ្មែរក្រោម ២ អង្គ
ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ
ព្រះសង្ឃខ្មែរក្រោម និងប្រជាពលរដ្ឋប្រមាណជាង ៥០ អង្គ/នាក់ នៅព្រឹកថ្ងៃពុធទី ១៩ សីហា ២០១៥ នេះ បានប្រមូលផ្តុំគ្នាតវ៉ា នៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការទម្លាក់ ការចោទប្រកាន់មកលើព្រះសង្ឃខ្មែរក្រោមទាំង ២ អង្គ ដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចាប់ព្រះកាយ និងផ្សឹក កាលពីថ្ងៃទី ១ ខែសីហា ២០១៥ កន្លងទៅនេះ ។

ការតវ៉ាដោយមានលើកបដាសរសេរជាសារសុំឲ្យ «តុលាការដោះលែងព្រះសង្ឃខ្មែរក្រោម ២ អង្គ» របស់ព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋនោះ ធ្វើឡើង ក្នុងខណៈដែលចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរអតីតព្រះសង្ឃ ជា វណ្ណដា ។
អតីតព្រះសង្ឃខ្មែរក្រោម ១ អង្គទៀត ព្រះនាម ដាវ ទេព្យ ត្រូវបានតុលាការសម្រេចឲ្យនាំខ្លួនយកទៅឃុំឃំងជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃ ស កាលពីថ្ងៃទី ៣ សីហា ដើម្បីរង់ចាំថ្ងៃបើកសវនាការ ។

ព្រះសង្ឃខ្មែរក្រោមទាំង ២ អង្គនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទគំរាមកំហែង នឹងសម្លាប់ ការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់លិខិតសាធារណៈក្លែងក្លាយ ។

ក្រោយពីបញ្ចប់ការសាកសួររបស់ចៅក្រមស៊ើបសួរ នៅវេលាម៉ោងជាង ១១ ព្រឹកថ្ងៃនេះ ព្រះតេជព្រះគុណ ជា វណ្ណដា ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃសបន្តទៀត ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីឃើញរថយន្តទ្រុងនាំខ្លួន ព្រះតេជព្រះគុណ ជា វណ្ណដា យកទៅឃុំបន្ត ព្រះតេជព្រះគុណ ថាច់ ហាសំអាង ព្រះចៅអធិការវត្តសាមគ្គីរង្សី និងជាអគ្គហិរញ្ញិកនៃសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម បានមានសង្ឃដិកាថា ព្រះអង្គ នឹងដឹកនាំព្រះសង្ឃ និងពលរដ្ឋធ្វើយុទ្ធនាការតវ៉ាទៅកាន់ស្ថាប័នពាក់ព័ន្ធ បើតុលាការមិនព្រមដោះលែងព្រះសង្ឃខ្មែរក្រោមទាំងពីរអង្គ ក្នុងរយៈពេលខ្លី ខាងមុខនេះ ។

គួររំឭកថា កាលពីថ្ងៃ ទី ១ ខែសីហា ២០១៥ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង និងមន្ត្រីធម្មការ បានចុះទៅត្រួតពិនិត្យរដ្ឋបាល នៅក្នុងវត្តអង្គតាម៉ិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរបានឃាត់ខ្លួនព្រះសង្ឃពីរអង្គ ដែលជាព្រះខ្មែរក្រោម បន្ទាប់មកអាជ្ញាធរចម្រុះ ក៏បានរកឃើញនៅក្នុងកុដិព្រះសង្ឃទាំងពីរអង្គនេះ នូវគ្រឿងញៀនមួយកញ្ចប់តូច ដាវសាំមារ៉ៃ ១ កូនកាំបិត ១ ប៉័ងតោ ១ ស្រោមអនាម័យ ១ កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ។ ក្រោយពីចាប់ផ្សឹករួចមក សមត្ថកិច្ចក៏បានចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយតុលាកាបានសម្រេចឲ្យយកទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃ ស ៕
Comments are closed.