ខ្មែរក្រោម​ត្រូវ​ពឹង​លើ​ខ្លួនឯង​

133

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

ក្រុមអ្នកវិភាគ​ឯករាជ្យ​នៅ​កម្ពុជា បាន​លើកឡើងថា ប្រទេស​កម្ពុជា​មិនអាច​ធ្វើ​អន្តរ​គម​ន៍​អ្វី​ទាក់ទង​នឹង​បញ្ហា​កម្ពុជា ក្រោម​បានឡើយ ព្រោះ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ពឹង​តែ​ខ្លួនឯង​មិន​ជាប់​ផង ដូច នេះ បញ្ហា​កម្ពុជា​ក្រោម​មានតែ​ខ្មែរក្រោម​ត្រូវ​ពឹង​ខ្លួន​ដោយ​ខ្លួនឯង ។ ការលើកឡើង​បែបនេះ ខណៈដែល​ព្រឹត្តិការណ៍ រំឭក​ខួប​ថ្ងៃ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម ត្រូវបាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក​ប្រារព្ធ​រៀងរាល់ឆ្នាំ ធ្វើ ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​មតិ​ជាតិ និង​អន្តរជាតិ ហើយ​ជម្រុញ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រតិកម្ម​ថា “…​កម្ពុជា ក្រោម ជា​ទឹកដី​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ​…”  ។ ផ្ទុយ​ពីនេះ  រដ្ឋាភិបាល​ខ្មែរ​ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា​មិនឃើញ​មានប្រតិកម្ម​អ្វី​តប​ឡើយ ។​

កូនខ្មែរក្រោមម្នាក់ធ្វើបាតុកម្ម នៅទីក្រុង San Francisco រដ្ឋ California  សហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម នៅ កម្ពុជាក្រោម ។
កូនខ្មែរក្រោមម្នាក់ធ្វើបាតុកម្ម នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម នៅ កម្ពុជាក្រោម ។

​ជាការ​ពិតណាស់ អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា លោក បណ្ឌិត សុខ ទូច បាន​មានប្រសាសន៍ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ ២៧ ខែមិថុនា ឆ្នាំ ២០១៤ ថា បញ្ហា​កម្ពុជា​ក្រោម គឺ ជា​មេរៀន​ប្រវត្តិសាស្ត្រ​ទុក​សម្រាប់​ឲ្យ​កូន​ខ្មែរ     និង អ្នកនយោបាយ​ខ្មែរ​រៀនសូត្រ​តាម ដើម្បី​កុំ​ឲ្យ​ដើរ​លើ​គន្លង​ចាស់​របស់​អ្នកដឹកនាំ​ជំនាន់​មុន​តែប៉ុណ្ណោះ និង​ថា ខ្មែរក្រោម​មិនអាច​សង្ឃឹម​ទៅលើ​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​បានឡើយ នៅពេលនេះ ព្រោះថា កម្ពុជា​សព្វថ្ងៃ ទប់​ខ្លួនឯង​សឹងតែ​មិន​ជាប់​ផង ។ ដូច្នេះហើយ លោក​ថា ពេលនេះ ខ្មែរក្រោម​ត្រូវ​ពឹង​លើ​ខ្លួនឯង ។  ការដែល​អ្នកវិភាគ ខ្មែរ​និយាយ​ខ្លី​ប៉ុណ្ណេះ​នេះ ក៏​ល្មម​ឲ្យ​ខ្មែរក្រោម​នៅ​គ្រប់ទិសទី​ក្នុង​ពិភពលោក​ដឹងខ្លួន​ថា បើ​ខ្មែរក្រោម​ខ្លួនឯង មិន​ជួយ គិត មិន​ជួយ​ដោះស្រាយ​បញ្ហា​របស់​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​ដោយ​ខ្លួនឯង​ទេនោះ វា​ប្រាកដ​ណាស់​ថា គ្មាន អ្នកណា​គេ​ទៅ​គិតគូរ​ជំនួស​នោះទេ ។

​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​៖

កម្ពុជា​ក្រោម ធ្លាប់ជា​អតីត​ដែនដី​មួយ​ភាគ​របស់​ប្រទេស​កម្ពុជា ត្រូវបាន​បារាំង​កាត់​ឲ្យ​វៀតណាម​គ្រប់គ្រង​នៅ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩  ។ ក្រោយពេល​បារាំង​ចុះហត្ថលេខា ប្រគល់​ដែនដី​កូស័ងស៊ីន ឬ ដែនដី​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​មក នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ ប្រទេស​វៀតណាម ដែលមាន ៣ ភាគ គឺ ខាងជើង  កណ្ដាល និង​ភាគខាងត្បូង ដែល​គេ​ស្គាល់​ជា​សាធារណៈ​ថា ដែនដី​កម្ពុជា​ក្រោម នោះ ត្រូវបាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ជា​សមាជិក​ទី ១៤៩ របស់​អង្គការសហប្រជាជាតិ ។ កត្ដា​នេះ វា​ស្រប​នឹង​សម្ដី​របស់ លោក សុខ ទូច បាន​ថ្លែងថា ដែនដី​កម្ពុជា​ក្រោម ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ថា ជា​របស់​វៀតណាម ទៅហើយៗ “​មិនអាច​ភាគី​កម្ពុជា​ទៅ​ចេញមុខ​” ធ្វើ​អន្តរាគមន៍​រឿង​ដែនដី​កម្ពុជា​ក្រោម​បានឡើយ ។

ខណៈដែល លោក សុខ ទូច បាន​ថ្លែងថា ប្រទេស​កម្ពុជា មិនអាច​ចេញមុខ​ធ្វើ​អន្តរាគមន៍​រឿង​កម្ពុជា​ក្រោម​បាន​នោះ តើ​ខ្មែរក្រោម​ខ្លួនឯង​ត្រូវ​ឈរ​ឱបដៃ​រងចាំ​ថ្ងៃ​ស្លាប់​ឬ​យ៉ាងណា ។ លោក​បាន​បន្ត​ផ្ដល់​អនុសាសន៍​ដល់​ពល​រដ្ឋ​ខ្មែរ   ក្រោម​ថា មានតែ «​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ហ្នឹង គាត់​ត្រូវតែ​ក្រោកឈរឡើង​” ដើម្បី​ទាមទារ​នូវ​អ្វី​ដែលជា​សិទ្ធិ​របស់ ខ្លួន «​កុំ​ឲ្យ​បាត់បង់​នូវ​ជាតិពន្ធុ​របស់ខ្លួន​នៅក្នុង​ទឹកដី​វៀតណាម ហើយ​ជាតិពន្ធុ​នេះ មាន​យូរយារ​ណាស់​មកហើយ ៗ​មិនមែនជា​របស់​វៀត​ណា​ម​ទេ​» ។

​បើ​និយាយ​ពី​លក្ខណៈ​ប្រវត្តិសាស្ត្រ​វិញ ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា នៅតែ​អាច​ទាមទារ​ឲ្យ​វៀតណាម​ទទួលស្គាល់ថា ទឹកដី​កម្ពុជា​ក្រោម គឺជា​អតីត​ទឹកដី​របស់​កម្ពុជា​បាន ។ លើសពីនេះ លោក​ថា សិស្ស និស្សិត បញ្ញវ័ន្ត ឬ អ្នកប្រវត្តិសាស្ត្រ​ខ្មែរ​ជាដើម មាន​សិទ្ធិ​ប្រកាស​ទាមទារ​ឲ្យ​វៀតណាម​ទទួលស្គាល់​ការពិត ហើយ​ថា       អ្នក​ទាំងនោះ​អាចមាន​សិទ្ធិ​ធ្វើការ​តវ៉ា​ទាមទារ​នៅមុខ​ស្ថានទូត​វៀតណាម​បាន ប្រសិនបើ​ការតវ៉ា​នោះ​ធ្វើឡើង​ដោយ​អហិង្សា ។ នេះ​បើ​ការលើកឡើង​របស់ លោក បណ្ឌិត សុខ ទូច ដែល​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ ។

​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​អាច​ទាមទារ “​កម្ពុជា​ក្រោម​” មកវិញ​៖

​ខណៈដែល លោក បណ្ឌិត សុខ ទូច អះអាងថា កម្ពុជា​មិនអាច​ចេញមុខ​ធ្វើ​អន្តរាគមន៍​រឿង​ដែនដី​កម្ពុជា​ក្រោម បាន នោះ  លោក កែម ឡី អ្នកវិភាគ​ខ្មែរ​ម្នាក់ទៀត​បានកត់សម្គាល់​បន្តថា យុវវ័យ​ខ្មែរ​ជំនាន់​ក្រោយ​អាច​កសាង​ផ្លូវ​មួយ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ដោយ “​ទាំង​ខ្មែរលើ ទាំង​ខ្មែរក្រោម ត្រូវ​រៀបចំ​ឯកសារ​ឲ្យ​ល្អ​តាំងពី​ពេលនេះ​ទៅ ក្នុង​កាលៈទេសៈ​ណាមួយ​ដែល​យុវវ័យ​ជំនាន់​នេះ នឹង​ឡើងកាន់​អំណាច ប្រហែលជា​គាត់​មាន​បេះដូង​ខ្មែរ​ច្រើនជាង​អ្នកដឹកនាំ​ជំនាន់​នេះ ។ គាត់​អាច​នឹងធ្វើ​ការតវ៉ា​បាន ឲ្យ​តែ​អ្វី​ជា​របស់​ខ្មែរ ទោះបីជា ៥០ ឆ្នាំ ១០០ ឆ្នាំ   ១ ពាន់​ឆ្នាំ​” ក៏​ខ្មែរ​ត្រូវតែ​ទាមទារ​មកវិញ​ដែរ ។

សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​៖

​តាំងពី​អតីតកាល​រហូតមកដល់​ពេលនេះ គេ​សង្កេតឃើញថា ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម​ខ្លះ​ដែលមាន​តំណែង​ធំៗ នៅក្នុង​រដ្ឋាភិបាល​ខ្មែរ​នៃ​ប្រទេស​កម្ពុជា និង​ខ្មែរក្រោម​ខ្លះទៀត “​តំណែង​របស់ខ្លួន​អែក​ស្ប៉ា​យ​ហើយ​” (Expire) នៅ តែ​តែងតាំង​ខ្លួនឯង​ថា​ជា “​អតីត​សមាជិក​ព្រឹទ្ធសភា​” ឬ “​អតីត​សមាជិក​រដ្ឋសភា​” ជាដើម​ក្ដី  ពួកគាត់ បាននិងកំពុង តែ​ធ្វើដំណើរ​ពឹង​លើ​ដង្ហើម​រដ្ឋាភិបាល​ខ្មែរ​ទៅ​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​នោះ ដូចជា មិនឃើញ​បុគ្គល​ណា​ម្នាក់ ធ្វើ​បានឡើយ ។ ដូច្នេះហើយ តើ​ខ្មែរក្រោម​ត្រូវ​ពឹង​ទៅលើ​អ្វី ? ហើយ​មាគ៌ា​អ្វីដែល​ល្អ​បំផុត​សម្រាប់​ខ្មែរក្រោម ? ​ចម្លើយ​គឺ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជា​មាគ៌ា​មួយ​ល្អ​បំផុត​សម្រាប់​ខ្មែរក្រោម ស្រប​ពេលដែល​អង្គការ សហប្រជាជាតិ​បានទទួល​ស្គាល់​ខ្មែរក្រោម​ថា ជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ហើយ​សេចក្ដីប្រកាស​ជា      សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម​របស់​អង្គការសហប្រជាជាតិ​បាន​ចែងថា “ ជនជាតិដើម​មាន​សិទ្ធិ​ស្វ័យ​សម្រេច ។ តាម​ស្មារតី​នៃ​សិទ្ធិ​នេះ ជនជាតិដើម ធ្វើ​សេចក្តីសម្រេចចិត្ត​អំពី​ស្ថានភាព​នយោបាយ​របស់ខ្លួន​ដោយ​សេរី ព្រមទាំង​ធ្វើការ​អភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​ដោយ​សេរី​” ។

​យោងតាម​សៀវភៅ​ម​គ្គុ​ទ្ទេស “​ផ្លូវ​ទៅយក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ដែល​បាន​បោះពុម្ព​ដោយ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ឆ្នាំ ២០០៩ បាន​សរសេរ​អំពី​ទិសដៅ​របស់ខ្លួន​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើការ “​តស៊ូ​ទាម​ទាម​ឱ្យ​រដ្ឋាភិបាល​យួន​គោរព​សិទ្ធិមនុស្ស សិទ្ធិ​រស់នៅ​ដោយ​សុវត្ថិភាព សិទ្ធិ​រក្សា​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រ ពៃ​ណី និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​របស់​ខ្មែរក្រោម​ដែលជា​ជនជាតិដើម នៅលើ​ដែនដី​កម្ពុជា​ក្រោម​” សព្វថ្ងៃ ។ គោលដៅ​នៃ​ការតស៊ូ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​អង្គការ​របស់​ខ្មែរក្រោម​មួយ​មាន​សាខា​ជុំវិញ ពិភពលោក​នោះ បាន​បង្កើត​ទង់ជាតិ​របស់ខ្លួន​មួយ​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ផងដែរ ។ ទង់ជាតិ​ខ្មែរក្រោម មាន​បី​ឆ្នូត ដែលមាន​ទំហំ​ស្មើគ្នា និង​មាន​ពណ៌​ផ្សេងគ្នា ហើយ​មាន​ខ្នាត​ទទឹង​ពីរភាគបី បណ្តោយ​បី​ភាគបី ។ ឆ្នូត​ពណ៌​ខៀវ​នៅ​ខាងលើ ជា​និមិត្តរូប​នៃ​សិទ្ធិសេរីភាព​និង​ប្រជាធិបតេយ្យ​ដែល ជា​សិទ្ធិ​ខ្ពស់​ជាងគេ​បំផុត ។ ឆ្នូត​ពណ៌​លឿង​នៅ​ចំ​កណ្តាល ជា​និមិត្តរូប​នៃ​ជាតិ​សាសន៍​របស់​ខ្មែរក្រោម ដែល​ស្រឡាញ់​សន្តិភាព​និង​យុត្តិធម៌ ។ ពណ៌​ក្រហម​នៅ​ខាងក្រោម​ជា​និមិត្តរូប​នៃ​វីរភាព អង់អាច​ក្លាហាន​របស់​វីរជន​ខ្មែរក្រោម​ដែល​ហ៊ាន​បូជាជីវិត​ខ្លួន​ដើម្បី​ជាតិ រស់ ។

​អ្វីដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុងតែ​ធ្វើ​សព្វថ្ងៃនេះ ត្រូវបាន​គេ​មើលឃើញថា ជា​សកម្មភាព​មួយ​ដ៏​មាន​ប្រសិទ្ធិ ភាព​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម តែ​ការ​បានសម្រេច​ជា​ផ្លែផ្កា​ឆាប់​ឬ​យូរ វា​អាស្រ័យ​ទៅ លើ​កម្លាំង​នៃ​ការចូលរួម​របស់​ខ្មែរក្រោម​គ្រប់រូប​ជាមួយនឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​នាំគ្នា​ជម្រុញ​ឲ្យ​វត្តមាន របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កាន់តែ​លេចធ្លោ​ក្នុង​ឆាក​អន្តរជាតិ និង​ការធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ស្រុក​ចេះ​ប្រើ ប្រាស់​សិទ្ធិ​របស់ខ្លួន បាន​ដល់​កម្រិតណា​តែប៉ុណ្ណោះ ៕

Comments are closed.