ខ្មែរក្រោមបានឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំខ្មែរ តែស្ថាប័នរដ្ឋ រោងចក្រ និងសាលារៀន នៅតែធ្វើការដដែល
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
គណៈកម្មាធិការប្រជាជនខេត្តព្រះត្រពាំង នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនទើបតែចេញសេចក្ដី ណែនាំមួយដល់គ្រប់ស្ថាប័ន សាលារៀនរដ្ឋ និងក្រុមហ៊ុនពាណិជ្ជកម្ម នៅក្នុងខេត្តព្រះត្រពាំង ត្រូវមានផែនការរៀបចំឲ្យមន្ត្រីរដ្ឋការ កម្មករ សិស្ស និងនិស្សិតជាជនជាតិខ្មែរនៅក្នុងខេត្តមួយនេះ បានឈប់សម្រាករយៈពេល ៣ ថ្ងៃ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានចូលមក ដល់នាពាក់កណ្ដាលខែមេសាខាងមុខនេះ ។

យោងតាមលិខិតលេខ ៨៥៩ របស់គណៈកម្មាធិការប្រជាជនខេត្តព្រះត្រពាំង ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧ ដើម្បីធ្វើសេចក្ដីណែនាំដល់ដល់គ្រប់ស្ថាប័នរដ្ឋចាប់ពីថ្នាក់ភូមិដល់ខេត្ត ស្ដីពីការអនុវត្ត ផែនការរបស់ខ្លួននៅក្នុងថ្ងៃ “បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០១៧ របស់ជនជាតិខ្មែរ” នៅកម្ពុជាក្រោម បាន បញ្ជាក់ថា នៅឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០១៧ នេះ អាជ្ញាធរគ្រប់ស្ថាប័ន និង អង្គភាព តាំងពីមូលដ្ឋានដល់ថ្នាក់ខេត្តត្រូវអនុវត្តនូវផែនការមួយចំនួន ក្នុងគោលបំណងអ្វីមួយដែលរដ្ឋាភិ បាលយួនលើកឡើងថា ដើម្បីឲ្យពលរដ្ឋខ្មែរក្រោមបាន “សប្បាយរីករាយ សាមគ្គី សុវត្ថិភាព និង ប្រិតសំចៃ” ។ ផែនការទាំងនោះរួមមាន ការដើរសួរសុខទុក្ខ ប្រគេន និងជូនពរឆ្នាំថ្មីដល់ព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោមរូបណាដែលមានប្រជាប្រិយភាពនៅតាមវត្តអារាម និងភូមិស្រុក ការប្រកួត កីឡា វិទ្យុ និងទូរទស្សន៍រដ្ឋត្រូវមានកម្មវិធីផ្សាយពិសេសសម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ត្រូវមានគ្រូ ពេទ្យសម្រាប់បង្កាព្យាលបាលជំងឺ និងមានក្រុមការពារសន្តិសុខ ជាដើម ។
នៅក្នុងសេចក្ដីណែនាំនេះដដែល គណៈកម្មាធិការជនជាតិខេត្តព្រះត្រពាំង ក៏បានណែនាំដល់ “ប្រ ធានគ្រប់ស្ថាប័ន អង្គភាព ក្រុមហ៊ុនពាណិជ្ជកម្ម សាលារៀន ត្រូវមានផែនការរៀបចំឲ្យកម្មាភិបាល ទាហាន មន្ត្រីរដ្ឋការ កម្មករ សិស្ស និងនិស្សិត ជនជាតិខ្មែរ បានឈប់សម្រាកបុណ្យចូលឆ្នាំថ្មី រយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ ២០១៧” ។ សេចក្ដីណែនាំនេះ មានន័យ ថា ខណៈដែលពលរដ្ឋខ្មែរក្រោមកំពុងតែឈប់សម្រាក គ្រប់ស្ថាប័ន អង្គភាព ក្រសួងរដ្ឋ សាលារៀន មហាវិទ្យាល័យ និង សកលវិទ្យាល័យ នៃរដ្ឋាភិបាល នៅតែបើកទ្វារឲ្យជនជាតិយួនធ្វើ ការ និងរៀនដដែល ។
ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ រកា នព្វស័ក ពុទ្ធសករាជ ២៥៦១ នឹងឈានចូលមកដល់នៅថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ ៣, ៤ និង ៥ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា ខាងមុខ នេះ ។

សព្វថ្ងៃ ពលរដ្ឋខ្មែរក្រោមជាច្រើនបានធ្វើចំណាកស្រុកទៅធ្វើជាកម្មករ នៅទីក្រុងព្រៃនគរ នៅតាម រោងចក្រចិនយួន និងបរទេស មកពីជីវភាពគ្រួសារក្រីក្រ ។ ពលរដ្ឋខ្មែរក្រោមទាំងនេះ ជារៀងរាល់ឆ្នាំ នាំគ្នាត្រឡប់ទៅស្រុកកំណើតលេងបុណ្យចូលឆ្នាំរបស់ជនជាតិយួន ជំនួសឲ្យបុណ្យចូលឆ្នាំខ្មែរ របស់ខ្លួនវិញ មកពីថ្ងៃបុណ្យចូលឆ្នាំយួន រដ្ឋាភិបាលយួនបានណែនាំឲ្យរោងចក្រ ស្ថាប័នរដ្ឋ និង សាលារៀនទូទាំងប្រទេសបិទទ្វារសម្រាកកន្លះខែ តែដល់ថ្ងៃបុណ្យជាតិរបស់ខ្មែរ នៅកម្ពុជាក្រោម វិញ រដ្ឋាភិបាលយួនមិនបាននែណាំឲ្យបិទទ្វារឈប់សម្រាក ដើម្បីឲ្យជនជាតិដើមខ្មែរក្រោមបាន ឱកាសចូលរួមពិធីបុណ្យប្រពៃណីជាតិខ្មែររបស់ខ្លួន ដូចជាជនជាតិយួន ឡើយ ។
រដ្ឋាភិបាលយួនជាប្រទេសហត្ថលេខី ទទួលស្គាល់សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជា ជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) កាលពីឆ្នាំ ២០០៧ ដោយបានសន្យាថា នឹងគោរពសិទ្ធិ ជនជាតិដើមនៅក្នុងប្រទេសរបស់ខ្លួន ក្នុងនោះ មានខ្មែរក្រោមជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ជាដើម ។ រៀងរាល់ឆ្នាំ រដ្ឋាភិបាលភិបាលយួនមិនដែលណែនាំឲ្យស្ថាប័នរដ្ឋ ក្រុមហ៊ុន និងសាលា រៀននៅទូទាំងដែនដីកម្ពុជាក្រោម បិទទ្វារឈប់សម្រាកនៅក្នុងថ្ងៃបុណ្យជាតិខ្មែរ ដូចជា បុណ្យ ចូលឆ្នាំថ្មី និង បុណ្យសែនដូនតា ដើម្បីឲ្យជនជាតិដើមខ្មែរក្រោមបានឱកាសប្រារព្ធ និងចូលរួម នៅក្នុងពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរឡើយ ។
នៅខែមេសា ខាងមុខនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលទៅថ្លែងការណ៍នៅក្នុងមហាសន្និបាត លើកទី ១៦ នៃវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម (UNPFII) នៅបូរី New York សហរដ្ឋអាមេរិក រយៈ ពេល ២ សប្ដាហ៍ ដើម្បី ថ្លែងអំពីបញ្ហារបស់ខ្មែរក្រោមនៅដែន ដីកម្ពុជាក្រោមជម្រាបដល់សហគមន៍អន្តរជាតិបានជ្រាប អំពីអ្វីដែលរដ្ឋាភិបាលបានរំលោភបំពាន សិទ្ធិមនុស្សលើជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ វេទិកាជនជាតិដើមឆ្នាំនេះ អង្គការ សហប្រជាជាតិនឹងពិភាក្សាផ្ដោតលើប្រធានបទ “ចាត់វិធានការដើម្បីអនុវត្តសេចក្តីប្រកាសជាសកល របស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម” ស្របពេលដែលសេចក្ដីប្រកាសនេះអនុម័តបាន ១០ ឆ្នាំ ៕

Comments are closed.