ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​នៅតែ​ជួប​បញ្ហា​ពេល​ត្រឡប់​ទៅលេង​ស្រុក​

0 58

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

(​សហរដ្ឋអាមេរិក​) ដោយ​សង្ឃឹមថា នឹង​ទទួលបាន​នូវ​លុយ​ដុល្លារ​ជាច្រើន​ពី​សំណាក់​ពលរដ្ឋ​វៀតណាម នៅក្រៅ​ប្រទេស ត្រឡប់​ទៅលេង​ស្រុក​វិញ ដើម្បី​ស្ដារ​សេដ្ឋកិច្ចជាតិ រដ្ឋាភិបាល​វៀតណាម បានប្រកាសថា នឹងមិន​តម្រូវឱ្យមាន​អនិកជន​វៀតណាម ដែល​រស់នៅ​បរទេស​ទៅ​ចុះឈ្មោះ​ជាមួយ​ប៉ូលីស នៅក្នុង​តំបន់ មូលដ្ឋាន​ទៀត​ទេ  ។  ទោះជា​យ៉ាងនេះ​ក្ដី  គោលនយោបាយ​នេះ នៅតែ​ត្រូវបាន​អនុវត្ត​លើ​ខ្មែរក្រោម ដដែល នៅពេលដែល​ពួកគេ​បានមក​ទស្សនា​ស្រុកកំណើត​របស់ខ្លួន នៅ​ដែនដី​កម្ពុជា​ក្រោម ។​

ច្រកព្រំដែនខេត្តមាត់ជ្រូក (An Giang) ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៣៖ លោក លី ឈូន ចាងហ្វាងកាសែត ព្រៃនគរ និងគ្រួសារ ត្រូវអាជ្ញាធរវៀត ណាមឃុំឃាំង ៤៨ ម៉ោង ខណៈដែលលោក និងក្រុមគ្រួសារធ្វើដំណើរ ទៅស្រុកកំណើតនៅកម្ពុជាក្រោម ដើម្បីសួរសុខទុក្ខសាច់ញាតិក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ។
ច្រកព្រំដែនខេត្តមាត់ជ្រូក (An Giang) ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៣៖ លោក លី ឈូន ចាងហ្វាងកាសែត ព្រៃនគរ និងគ្រួសារ ត្រូវអាជ្ញាធរវៀត ណាមឃុំឃាំង ៤៨ ម៉ោង ខណៈដែលលោក និងក្រុមគ្រួសារធ្វើដំណើរ ទៅស្រុកកំណើតនៅកម្ពុជាក្រោម ដើម្បីសួរសុខទុក្ខសាច់ញាតិក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ។

នៅពេល​ថ្មីៗ​នេះ គេហទំព័រ​បណ្ដាញ​ខ្មែរក្រោម ដែលមាន​អ​សយ​ដ្ឋា​ន khmerkrom.net បានចេញ​ផ្សាយ អត្ថបទ​ជា​ភាសា​អង់គ្លេស​មួយ​រិះគន់​ដល់​រដ្ឋាភិបាល​វៀតណាម​ថា “​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​នៅតែ ជួប​បញ្ហា​ពេល​ត្រឡប់​ទៅលេង​ស្រុក​” ។

​អត្ថបទ​នេះ​បាន​បន្តថា  “​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស តែងតែ​ប្រឈមមុខ​នឹង​ការយាយី ដោយ​អាជ្ញា ធរ​វៀតណាម​នៅតាម​មូលដ្ឋាន និង ប៉ូលីស ខណៈដែល​ពួកគេ ត្រូវបាន​តម្រូវឱ្យ​ចុះឈ្មោះ និង អង្គុយ ឆ្លើយ​ជាមួយ​ការសួរចម្លើយ អំពី​សមាគម និង​បញ្ហា​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅក្រៅ​ប្រទេស ។​

អត្ថបទ​ដដែល​បាន​បន្តទៀតថា ទង្វើ​នេះ​បង្ហាញ​ឲ្យ​ឃើញថា  រដ្ឋាភិបាល​វៀតណាម នៅតែ​ប្រើ​គោល នយោបាយ​រើសអើង​ពូជសាសន៍​លើ​ពលរដ្ឋ​ខ្មែរក្រោម  មិន​ត្រឹ​វ​តែ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ប៉ុណ្ណោះ ទេ វា​ថែមទាំង​រើសអើង​លើ​ខ្មែរក្រោម​នៅ​បរទេស​ទៀតផង ។ សកម្មភាព​ទាំងនេះ គឺ​ផ្ទុយ​នឹង​សារ ដែល​វៀត ណា​ម​តែងតែ​ឃោ​សា​នា​ថា ប្រជាជន​ដែល​រស់នៅ​ក្រៅប្រទេស​អាច​ធ្វើ​មាតុភូមិ​និវត្ត​ចូល​ស្រុក​វិញ​បាន ។​

​នៅពេលដែល​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ទៅដល់​ភូមិ​ស្រុក​របស់​ពួកគេ  រឿង​ដំបូង​ដែល​ពួកគេ មានការ ព្រួយបារម្ភ​នោះ គឺ  ត្រូវបំពេញ​កិច្ចការ​មួយ គឺ​ទៅ​ជួប​នគរបាល​វៀតណាម​នៅតាម​មូលដ្ឋាន ដើម្បី​ចុះ ឈ្មោះ និង​ឆ្លើយ​នឹង​សំនួរ​ដែល​គេ​សួរចម្លើយ  ។ ក្រៅពីនេះ ប៉ូលីស​វៀតណាម បាន​បង្ខំ​ឲ្យ​ខ្មែរក្រោម បំពេញ​សំណុំបែបបទ​ចុះកិច្ចសន្យា​មួយ​ថា “ នឹងមិន​ធ្វើការ​ឃោសនា​ប្រឆាំងនឹង​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម​ទៀតឡើយ​”  ។ អត្ថបទ​នេះ បាន​ចោទ​អាជ្ញាធរ​វៀតណាម​ថា “​ទាំងនេះ គឺជា​ទង្វើ នៃ​ការ បំភិតបំភ័យ និង​ជា​ទម្រង់ នៃ​ការគំរាមកំហែង​ប្រឆាំងនឹង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​” ។​

ការសួរចម្លើយ​របស់​អាជ្ញាធរ​វៀតណាម អាច​ចំណាយពេល​រហូតដល់​ទៅ ៣០ នាទី ឬ ២ ម៉ោង ឬ ច្រើនជាង​នេះ ។ សំណួរ​ដែល​ប៉ូ​លិ​ស្ត​វៀតណាម​សួរ​ច្រំ​ដែលៗ​នោះ  មានដូចជា តើ​អ្នកធ្វើការ​អ្វី​នៅ​បរ ទេស ?  ប្រាក់ខែ​របស់​អ្នក​មួយខែ​ប៉ុន្មាន ? តើ​អ្នក​មានបាន​ចូលរួម​ជាមួយ​ចលនា​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ដែរឬទេ ? តើ​អ្នក​ដឹងថា អ្នកណា​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម  ? ។​

​អត្ថបទ​ដដែល​បាន​ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម​ថា  មានការ​ប្រកាន់ពូជសាសន៍​លើ​ពលរដ្ឋ​ខ្មែរ ក្រោម ព្រោះ​ជនជាតិ​យួន​នៅក្រៅ​ប្រទេស​ទៅ​ស្រុកកំណើត​លេង   អាជ្ញាធរ​វៀតណាម​មិនបាន​សួរចម្លើយ​ឡើយ ប៉ុន្តែ​គោលនយោបាយ​នេះ នៅតែ​អនុវត្ត​លើ​ពលរដ្ឋ​ខ្មែរក្រោម ។

​ខ្មែរក្រោម នៅក្រៅ​ប្រទេស​មាន​សិ​ទិ្ធ​ចូលរួម​នៅក្នុង​អង្គការ​ណាមួយ និង​គណបក្សនយោបាយ ដោយ​សេរី វៀតណាម​មិនមាន​សិទ្ធិ​សួរ​ជីកឫស្ស​ជី​គល់​នូវ​បញ្ហា​ផ្ទាល់ខ្លួន​របស់គេ​ទេ ។ ប្រសិនបើ​វៀតណាម បាន ចេញ​ទិដ្ឋាការ​សម្រាប់​ពួកគេ​ឱ្យទៅ​កម្សាន្ត​នៅ​ប្រទេស​របស់ខ្លួន​ហើយ អាជ្ញាធរ​វៀតណាម​មិនមាន​សិទ្ធិ ឲ្យ​នគរបាល​ដើម្បី​សួរចម្លើយ​ភ្ញៀវទេសចរ​ខ្មែរក្រោម​ទាំងនេះ ដូច​អ្នកទោស​នោះទេ ។​

​នេះ​ជា​ពេលវេលា​មួយ​សម្រាប់​ប្រទេស​វៀតណាម​បង្ហាញ​ដល់​ពិភពលោក​ថា  វៀតណាម​ជា​ប្រទេស​មាន ច្បាប់ និង​មាន​ការគោរព​សិទ្ធិមនុស្ស​ស្មើគ្នា ដោយ​មិនមាន​ការប្រកាន់​ពូជសាសន៍​ទៀតឡើយ ។ ជាពិសេស ទាំង​ពលរដ្ឋ​ខ្មែរក្រោម​ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម​ឋិត​នៅ​ភាគខាងត្បូង​វៀតណាម សព្វថ្ងៃ ទាំង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ដែល​ទៅលេង​ស្រុកកំណើត​របស់​ពួកគេ​ផ្ទាល់  សម​នឹង​ទទួលបាន នូវ​ការគោរព និង​ភាពថ្លៃថ្នូរ​ដូចជា​ជនជាតិ​យួន ឬ ជនជាតិ​កិន (Kinh) ផងដែរ ។​

​គួរ​រំ​ឮ​ក​ដែរ​ថា កាលពី​ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៣ នេះ ចាងហ្វាង កាសែត ព្រៃនគរ លោក លី ឈូ​ន ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់ឃុំខ្លួន  និង​ប្រពន្ធ​កូន  ដើម្បី​សួរចម្លើយ និង​ឆែកឆេរ​តាំង ពី​ក្បាល​ដល់​ចុងជើង ហើយ​បង្ខំ​ឲ្យ​គាត់​បើក​អ៊ីមែល​ឲ្យ​ឆែក​ទៀត នៅ​ច្រកព្រំដែន​ខេត្ត​មាត់ជ្រូក ឬ ខេត្ត​អា​យ៉ាង ខណៈដែល គ្រួសារ​របស់លោក​ធ្វើដំណើរ​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា ទៅ​ស្រុកកំណើត​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ និង​សាច់ញាតិ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ។ ក្រោយពី​ត្រូវ​ឃាត់ខ្លួន​នៅ​ព្រំដែន អស់​រយៈពេល ៤៨ ម៉ោង មក ប៉ូលិស​ព្រំដែន​បាន​ពិន័យ​ប្រាក់​លោក​ចំនួន ៣០ លាន​ដុង ដែល​អាច​ស្មើនឹង ១.៥០០ ដូ​ល្លារ​អាមេរិក  ជា​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ៕

Leave A Reply

Your email address will not be published.