ខ្មែរ​ក្រោម ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី គម្រប់ ៧០ ឆ្នាំ ក្រោម​ការ​រឹតត្បិត និង​ឃ្លាំមើល​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ

0 334

ដោយ មួង ណារ៉េត | RFA

ពលរដ្ឋ​ខ្មែរ​ក្រោម​ អះអាង​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ នៅ​តែ​បន្ត​ឃ្លាំមើល ​ការ​រំលឹក​ខួប គម្រប់ ៧០ ឆ្នាំ នៃ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដូច​រាល់ៗ ឆ្នាំ​ដែរ ។ ខ្មែរ​ក្រោម​ ចាត់​ទុក​ថា ​សកម្មភាព​ឃ្លាំមើល​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ចូលរួម ភ័យ​ខ្លាច និង​ជា​រឹតត្បិត​សេរីភាព​សម្ដែង​មតិ​របស់​ពួក​គេ ។

សម្ដេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ព្រះរាជ​តំណាង​របស់​ព្រះមហាក្សត្រ ដែល​ចូលរួម​ពិធី​រំលឹក​ខួប​បាត់​បង់​ទឹកដី​ កម្ពុជា​ក្រោម រាល់​ឆ្នាំ ។ រូបថតៈ សារព័ត៌មាន ព្រៃនគរ

ខ្មែរ​ក្រោម​អះអាង​ថា ការ​ប្រារព្ធ​កម្មវិធី​រំលឹក​ខួប​បាត់​បង់​ទឹកដី ខេត្ត​ចំនួន ២១ និង​កោះ ២ នៅ​កម្ពុជា​ក្រោម គម្រប់​ខួប ៧០ ឆ្នាំ នៅ​ឆ្នាំ​នេះ រង​ការ​រឹតត្បិត​ ទាំង​ទីតាំង​ប្រារព្ធ​ពិធី និង​សេរីភាព​សម្ដែង​មតិ ​ពី​របប​ក្រុង​ភ្នំពេញ ។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់​ថា មាន​សមត្ថកិច្ច​ស្លៀក​ពាក់​ឯក​សណ្ឋាន​ បាន​មក​ឈរ​ឃ្លាំមើល ការ​ប្រារព្ធ​ពិធី​នៅ​ពេល​ព្រឹក ។ ប៉ុន្តែ​សមត្ថកិច្ច​ទាំង​នោះ មិន​បាន​លួច​ថត​រូប ឬ​លួច​ថត​សំឡេង ដូច​រាល់​ឆ្នាំ​ទេ ។ យ៉ាង​ណា​ក្ដី លោក​នៅ​តែ​ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ ព្រោះ​ការ​ឃ្លាំមើល​បែប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ខ្លះ មិន​ហ៊ាន​បញ្ចេញ​មតិ​ជា​សាធារណៈ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព ។ លោក សឺន ជុំជួន​ អះអាង​ថា ក្នុង​ខួប​ទី ៧០ ឆ្នាំ នៃ​ការ​បាត់​បង់​ដែនដី​កម្ពុជា​ក្រោម​នេះ មាន​អ្នក​ចូល​រួម ទាំង​គ្រហស្ថ និង​ព្រះ​សង្ឃ ជាង ១ ពាន់ ៧ រយ (១.៧០០) នាក់ និង​មាន​ព្រះរាជ​តំណាង​របស់​ព្រះមហាក្សត្រ គឺ​ សម្ដេច​ ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ដូច​រាល់​ឆ្នាំ ។ ចំណែក​ទីតាំង​ប្រារព្ធ​កម្មវិធី គឺ​អាជ្ញាធរ ​តម្រូវ​ឲ្យ​ធ្វើ​នៅ​ស្នាក់​ការ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ​នៅ​ខណ្ឌ​សែនសុខ ដែល​មាន​សភាព​តូច​ចង្អៀត ។

​​ពេល​ព្រឹក​ ជា​កម្មវិធី​រំលឹក​ខួប​ទី ៧០ ឆ្នាំ នៃ​​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ចំណែក​ពេល​រសៀល ជា​វេទិកា​សំណួរ​ចម្លើយ ពាក់ព័ន្ធ​នឹង​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ។ ត្បិត​កម្មវិធី​នៅ​ឆ្នាំ​នេះ ធំ​ជាង​រាល់​ឆ្នាំ ប៉ុន្តែ​ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម មិន​បាន​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ​ចូល​រួម​ទេ ដោយ​សារ​ រាល់​ឆ្នាំ​គណបក្ស​កាន់​អំណាច​មិន​បាន​បញ្ចូល​តំណាង​របស់​ខ្លួន​ទៅ​ចូលរួម ។ ទោះ​មិន​បាន​អញ្ជើញ​ តែ​មាន​សកម្មជន​គណបក្ស​នយោបាយ ២ ទៅ​ចូលរួម គឺ​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន ។ ក្រៅ​ពី​ចូលរួម គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ គាំទ្រ​​​ការ​រំលឹក​ខួប​ទី ៧០ ឆ្នាំ នៃ​ការ​បង់​ទឹកដី​កម្ពុជា​ក្រោម និង​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ ផ្ដល់​សិទ្ធិ​ពេញ​លេញ​ឲ្យ​ខ្មែរ​ក្រោម​បាន​ប្រារព្ធ​ខួប​នេះ នៅ​ទី​សាធារណៈ ។

ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អ្វី​ទេ ​គ្រាន់​តែ​​​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ប្រារព្ធ​​ខួប​ទី ៧០ ឆ្នាំ​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បាន​ចំអក​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​របស់​ខ្មែរ តែ​ក្នុង​ក្ដី​ស្រមៃ​ប៉ុណ្ណោះ ។

តំណាង​យុវជន​ខ្មែរ​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឿន វីរ៉ាត់ ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​គណបក្ស​កាន់​អំណាច​ កែ​ប្រែ​ពាក្យ​សំដី ហើយ​ត្រូវ​ផ្ដល់​សិទ្ធិ​​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ បាន​ចូលរួម​ប្រារព្ធ​កម្មវិធី​រំលឹក​ខួប​ឈឺចាប់​បាត់បង់​ទឹកដី ជា​ឱឡារិក​ និង​ត្រូវ​ជំរុញ​ទៅ​អាជ្ញាធរ​វៀតណាម បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​ពលរដ្ឋ​ខ្មែរ កំពុង​រស់នៅ​កម្ពុជា​ក្រោម៖ «អត់​ឲ្យ​ទីលាន​ប្រជាធិបតេយ្យ​យើង​ធ្វើ ។ កន្លែង​នេះ​ហើយ គឺ​យើង​តូច​ចិត្ត ។ ដល់​យួន ហែ​អ្នក​តា សមាគម​យួន​ទៅ​ធ្វើ​គ្រប់​ខេត្ត​ ផ្ដល់​ឱកាស​ឲ្យ​គេ​ធ្វើ​​ វា​បំពាន​ទៅ​លើ​ស្មារតី​ជាតិ​និយម​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រួម​ទាំង​​យុវជន​ខ្មែរ បង​ប្អូន ។ សូម​ផ្ដាំ​​ផ្ញើ​ទៅ​សាលា​រាជធានី​ភ្នំពេញ ដែល​មាន​លោក ឃួង​ ស្រេង ជា​អភិបាល​ បើក​ខួរ​ក្បាល​ពិចារណា​ឡើង​វិញ ហើយ​ខ្មែរ​ក្រោម​ធ្វើ​ពិធី​នេះ មិន​បាន​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​យួន​ទេ ។ ឧទាហរណ៍​អស់​លោក ចេះ​ធ្វើ​ខួប​គោរព​ដល់​ជីដូន​ជីតា​អស់​លោក ហើយ​អស់​លោក ជា​ខ្មែរ​ដូច​គ្នា​នេះ គ្រាន់​តែ​ផ្ដល់​ទីតាំង​ដើម្បី​រំលឹក​ខួប​ថា យួន​យក​ដី​ខ្មែរ បារាំង​កាត់​ឲ្យ​រឿង​អ្វី​អស់​លោក មិន​ផ្ដល់​(ទីតាំង) ឲ្យ ។ ខ្ញុំ​លឺ​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​កាន់​អំណាចដី​កម្ពុជា​ក្រោម ស្ថិត​ក្នុង​អារម្មណ៍​ឬ​ក៏​ដី​កម្ពុជា​ក្រោម​ជា​របស់​ខ្មែរ​។ បើ​សិន​ជា​ដី​កម្ពុជា​ក្រោម ជា​របស់​ខ្មែរ សូម​ក្រោក​ឈរ ដើម្បី​ប្រាប់​ទៅ​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន»

តំណាង​យុវជន​រូប​នេះ ​ក៏​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ ​បញ្ឈប់​សកម្មភាព​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម ព្រោះ​ វៀតណាម​គ្មាន​បាន​ជួយ​អ្វី​ដល់​កម្ពុជា​ទេ គឺ​មាន​តែ​​ជិះជាន់ ធ្វើ​អាណានិគម​ និង​រំលោភ​សិទ្ធិ​ខ្មែរ​​ក្រោម​ធ្ងន់ធ្ងរ ។ លោក ខឿន វីរ៉ាត់ ក៏​សង្ឃឹម​ដែរ​ថា ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ហ៊ាន​ជំរុញ​ឲ្យ​វៀតណាម យក​ចិត្ត​ទុក​ដាក់​ ផ្ដល់​ឱកាស​ឲ្យ​ខ្មែរ​នៅ​កម្ពុជា​ក្រោម អាច​បើក​សាលា​រៀន ​ដូច​មេដឹកនាំ​វៀតណាម ដែល​តែង​ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ យក​ចិត្ត​ទុក​ដាក់​មើល​ថែ បើក​សាលា​រៀន​វៀតណាម និង​ឆាប់​ផ្ដល់​សញ្ជាតិ​ឲ្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ជា​ដើម ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ លោក ថាច់ សេដ្ឋា ចង់​ឃើញ​រដ្ឋាភិបាល​ ជំរុញ​ឲ្យ​មាន​​ផ្សះផ្សា​ជាតិ​ខ្មែរ​​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​សិន​ទើប​អាច​រក​ក្ដី​សុខ​ឲ្យ​ខ្មែរ​ក្រោម និង​ខ្មែរ​​​នៅ​កម្ពុជា​​បាន ។ លោក ថាច់ សេដ្ឋា យល់​ថា ​រដ្ឋាភិបាល គួរ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដឹងគុណ​វីរបុរស​ខ្មែរ​ក្រោម និង​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​វៀតណាម ដឹង​គុណ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ ជា​ជាង​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដឹង​គុណ​វៀតណាម ព្រោះ​វៀតណាម​ ជំពាក់​គុណ​ខ្មែរ​ច្រើន​ណាស់​ ដោយ​ពួកគេ​មិន​ដែល​បាន​សង​គុណ​ខ្មែរ​ទេ តែ​បាន​កាប់​សម្លាប់​បញ្ញា​វន្ត អ្នក​តស៊ូ និង​វីរបុរស​ខ្មែរ​ក្រោម យ៉ាង​សាហាវ​យង់​ឃ្នង៖ «ដោយសារ​យើង​ធ្លាប់​បែក​បាក់​សាមគ្គី​​ជាតិ​ហ្នឹង​ហើយ បាន​វា​អស់​ទឹក​អស់​ដី ។ អ៊ីចឹង បើ​កាល​ណា​ យើង​ផ្សះផ្សា​ជាតិ រួបរួម​គ្នា ក៏​ជា​បំណង​មួយ​របស់​សម្ដេច​ព្រះ​ករុណា បរម​រតន​កោដ្ឋ​ដែរ ហើយ​ក៏​ជា​បំណង​ប្រាថ្នា​របស់​ប្រជារាស្ត្រ​ចង់​ឲ្យ​មាន​ការ​រួបរួម​ការ​ផ្សះ​ផ្សា​ជាតិ​យើង​ដែរ។ ដូច្នេះ​ហើយ ខ្ញុំ​សូម​ឆ្លៀត​ឱកាស​យក​កម្មវិធី​នេះ គាំទ្រ​ថា ធ្វើ​ម្ដេច​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ រួប​រួម​ជាតិ​ទៅ បង្ហាញ​ពី​មហិទ្ធិឫទ្ធិ ហើយ​នឹង​បង្ហាញ​ពី​ការ​សាមគ្គី​ជាតិ​​​យើង​ ដែល​នៅ​ប៉ុន​បាត​ដៃ។ មិន​អ៊ីចឹង​ទេ រក​កន្លែង​ធ្វើ​បុណ្យ​អត់​បាន​ ដូច​ខ្មែរ​ក្រោម​ អ៊ីចឹង»

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី និង​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី៤ មិថុនា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។

តំណាង​ខ្មែរ​​ក្រោម នៅ​តែ​ទទូច​ឲ្យ​របប​ក្រុង​ភ្នំពេញ ដាក់​បញ្ចូល​ថ្ងៃ​ទី ៤ ខែ​មិថុនា ជា​ទិវា​កាន់​ទុក្ខ​​ជាតិ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​មន្ត្រី​រាជការ បុគ្គលិក​ឯកជន បាន​ឈប់​សម្រាក ​ចូលរួម​​​​កាន់​ទុក្ខ​បាត់​​បង់​ទឹកដី​កម្ពុជា​មួយ​ផ្នែក​ទៅ​ប្រទេស​វៀតណាម ដល់​សព្វ​ថ្ងៃ ៕

Leave A Reply

Your email address will not be published.