ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​កម្ពុជា អះអាងថា​បុណ្យចូលឆ្នាំថ្មី នៅ​កម្ពុជា​ក្រោម​សប្បាយ​ជាង ព្រោះ​រក្សាបាន​ប្រពៃណី​ខ្មែរ​

0 285

ដោយ​ គឹម សាវតា 

​ចាប់ពី​ថ្ងៃ​សុក្រ ៩ រោច ដល់​ថ្ងៃអាទិត្យ ១១ រោច ខែចេត្រ ព​.​ស​.២៥៦៦ គឺជា​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ពោល​គឺជា​ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទី​ស​ទី​ប្រារព្វ​ពិធី​បែប​ប្រពៃណី និង​មាន​កម្មវិធី​សប្បាយៗ ជាច្រើន​ដើម្បី​ចូលរួម​អបអរ ។ សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម ដែល​មក​រស់នៅ​កម្ពុជា​ក្រោម បាន​អះអាងថា កម្មវិធី​អបអរ​ឆ្នាំ​ថ្មី នៅ​ដែនដី​កម្ពុជា​ក្រោម គឺមាន​ភាពសប្បាយ​ជាង​នៅ​កម្ពុជា ព្រោះថា កម្មវិធី​សប្បាយៗ និង​បែប​ប្រពៃណី​ខ្មែរ គឺ​ត្រូវ​បានរៀបចំ​នៅតាម​វត្ត​អារាម ។​

ទិដ្ឋភាពដង្ហែ «របាំ​ត្រុដិ​» ក្នុងពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅដែនដីកម្ពុជាក្រោម ។ រូបៈ Le Duy Thuan
ទិដ្ឋភាពដង្ហែ «របាំ​ត្រុដិ​» ក្នុងពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅដែនដីកម្ពុជាក្រោម ។ រូបៈ Le Duy Thuan

​លោក គឹម តារា ប្រកប​របរ​កាត់សក់ ជា​ពលរដ្ឋ​ខ្មែរក្រោម​មួយរូប​មក​ខេត្ត​ព្រែក​ឫស្សី​  បាន​ប្រាប់​អ្នក​សារព័ត៌​ព្រៃនគរ និង សំឡេង​កម្ពុជា​ក្រោម (VOKK) ថា លោក​មក​រស់នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា ប្រមាណ​ជាង ១០ ឆ្នាំ​មកហើយ ប៉ុន្តែ​លោក​មិនអាច​បំភ្លេច​ស្រុកកំណើត​របស់លោក​បាន​ឡើយ ជាពិសេស​ពេល​មាន​បុណ្យទាន​សំខាន់ៗ ដូចជា​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ។ លោក​បន្តថា ទាំង​មុន និង​ក្រោយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ គឺ​លោក​តែងតែ​ទៅលេង​ស្រុកកំណើត​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ព្រោះ​លោក​នៅតែមាន​អារម្មណ៍​ថា សប្បាយរីករាយ​ជាង​ការ​ប្រារព្វ​នៅ​កម្ពុជា បើទោះជា​ប្រពៃណី​ទំនៀមទម្លាប់​ស្រដៀង​គ្នា​ក្តី ។ អ្វីដែល​លោក​ឃើញថា សប្បាយ​ជាង​នៅ​កម្ពុជា​នោះ មិន​ត្រឹមតែ​ជា​ស្រុកកំណើត​របស់ខ្លួន​ប៉ុណ្ណោះ​ទេ​  គឺ​ការរៀបចំ​ល្បែង​ប្រជាប្រិយ​តាមរបៀប​ខ្មែ រ​នៅមាន​ច្រើន​  ហើយ​អ្នកចូលរួម​ក៏មាន​ច្រើនជាង​នៅ​កម្ពុជា​ផងដែរ ។​

​អ្នកស្រី សាន សុខន អ្នក​ប្រកប​របរ​លក់​ទឹកអំពៅ នៅ​ម្ដុំ​ក្រោម​ពេទ្យ​មិត្តភាព​កម្ពុជា​-​រូ​ស្ស៊ី​  មាន​ស្រុកកំណើត នៅ​ស្រុក​កញ្ជោ​ង ខេត្ត​ព្រះ​ត្រពាំង ក៏បាន​អះអាងថា នៅ​ដែនដី​កម្ពុជា​ក្រោម ក៏មាន​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ផងដែរ ដូចជា​បោះ​អ​ង្គុ​ញ វាយក្អម ទាញព្រ័ត្រ និង​រាំវង់ តាម​វត្ត​អារាម គឺ​មិនសូវមាន​ការរៀបចំ​ដាច់ដោយឡែក នៅតាម​ផ្ទះ ឬ​កន្លែង​ផ្សេង​នោះទេ ដែល​ធ្វើឱ្យ​អ្នក​មក​ចូលរួម​ច្រើន ពោល​គឺមាន​អ្នកចូលរួម​ច្រើន​តាំងពីព្រឹក ព្រោះ​ត្រូវយក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ និង​រសៀល​ដល់​យប់ គឹ​មាន​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ។​

​លោក លឹម វ៉ាង​កេវ ពលរដ្ឋ​ខ្មែរក្រោម​មួយរូប​ទៀត មកពី​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ដែល​តែងតែ​ទៅលេង​ស្រុកកំណើត​ជា​ញឹកញាប់ បាន​ប្រាប់​ពី​អ្វីដែល​គួរឱ្យកត់សម្គាល់​មួយ​ទៀតថា ដោយសារ​តែមាន​បណ្ដាញ​សង្គម​ច្រើន នៅ​កម្ពុជា​ក្រោម យុវជន និង​ចាស់​ព្រឹទ្ធា​រ្យ នៅ​ដែនដី​កម្ពុជា​ក្រោម បាន​សហការ​គ្នា្ន​ក្នុងការ​រៀបចំ​ពិធី​បែប​សាសនា និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​តាម​វត្ត​អារាម​នានា ហើយ​ផ្សព្វផ្សាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ ។ អ្វីដែល​មាននៅ​ដែនដី​កម្ពុជា​ក្រោម ធ្វើឱ្យ​ខ្មែរ​នៅ​គ្រប់ទិសទី​ចង់ដឹង ចង់ឃើញ​ក្នុងនោះ​មាន​ខ្មែរ ដែលមាន​ដើមកំណើត នៅ​កម្ពុជា ក៏បាន​ទៅលេង​ក្នុងឱកាស​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ជា​បន្តបន្ទាប់​ផង ។​

​លោក សឺ​ន សែត ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​សមន​និ​សិ​ត្ស​-​និ​សិ​ត្ស​ខ្មែរ​កម្ពុជា​ក្រោម មានប្រសាសន៍​ក្នុង​ពិធី​អបអរ​ឆ្នាំ​ថ្មី ដែល​ប្រារព្ធ​ធ្វើ​នៅ​បុរី​ព្រៃនគរ ស្ថិតនៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ នេះ​ថា បើទោះជា​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អជ្ញាធរ​វៀតណាម​ក្តី ប៉ុន្តែ ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​ក​កម្ពុជា​ក្រោម នៅតែ​ប្រារព្ធ​ពិធី​បែប​វប្បធម៌​ប្រពៃណី​ខ្មែរ​យ៉ាង​ខ្ចា​ប់​ខ្ជួន ដើម្បី​បញ្ជាក់ថា ខ្លួន​ជា​ខ្មែរ ជា​ម្ចាស់​ទឹក ម្ចាស់​ដី​លើ​ទឹកដី​ដែល​ខ្លួន​រស់នៅ ។ លោក​បន្តថា ផ្ទុយទៅវិញ​ប្រសិនបើ​ខ្មែរក្រោម មិន​ខិតខំ​ថែរក្សា​អ្វី​ជា​របស់​ខ្មែរ​នោះទេ គេ​អាច​ថា​មិនមាន​ខ្មែរ រស់នៅ​ដែនដី​កម្ពុជា​ក្រោម​នោះទេ ខណៈដែល​ដែនដី​ដែល​ខ្លួន​រស់នៅ កំពុង​ត្រួតត្រា​ដោយ​វៀតណាម​ស្រាប់ ។​

​យោងតាម​ឯកសារ​ដែល​ចុះផ្សាយ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា   ​ទំនៀម​ពិធី​ចូលឆ្នាំ​ប្រព្រឹត្តទៅ​ចំនួន ៣ ថ្ងៃ ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ​មហាសង្ក្រាន្ត ថ្ងៃទី ២ ជា​ថ្ងៃ វន​បត ថ្ងៃទី ៣ ជា​ថ្ងៃ​ឡើងស័ក ។ រីឯ​ការកំណត់​ខែ ថ្ងៃ ម៉ោង នាទី ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុតកំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះមក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹងបាន​ដោយ​ប្រើ​ក្បួន​ហោរាសាស្ត្រ​បុរាណ គឺ​ក្បួន​ម​ហាស​សង្ក្រាន្ត​ត ៕​

Leave A Reply

Your email address will not be published.