របរ​វេចនំអន្សមជ្រូក​របស់​ពលរដ្ឋខ្មែរ​ក្រោម​

0 353

អត្ថបទ និង​រូបថត​ផ្ដល់​ដោយ​ពលរដ្ឋ​​ ពី​កម្ពុជាក្រោម

នំអន្សមជ្រូក ជា​នំ​ដែល​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ស្ទើរគ្រប់​ក្រុម​គ្រួសារ​ តែងតែ​រៀបចំ​វេច​ជា​រៀងរាល់​ឆ្នាំ មិនដែល​ខាន​ឡើយ ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ និង​រដូវ​បុណ្យ​សែនដូនតា​ ឬបុណ្យភ្ជុំបិណ្ឌ ។ ជាទូទៅ​ឲ្យតែ​ជិតដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ថ្ងៃ​ភ្ជុំបិណ្ឌ មុនមួយ ឬពីរ​ថ្ងៃ​ ប្រជាពលរដ្ឋ​ខ្មែរក្រោម តែង​ញាប់ដៃញាប់ជើង ម្នីម្នា​រៀបចំ​វេច​នំអន្សម ដើម្បី​ទុក​ចូលរួម​ក្នុងឱកាសនៃ​ពិធីបុណ្យ​ទាំងនោះ​ ។

បើ​និយាយ​ពីមុខ​របរ​វេច​នំ​វិញ មាន​ពលរដ្ឋខ្មែរ​ក្រោម​ ជាច្រើន​គ្រួសារ​ នៅ​ភូមិ​រាជ​មល្ល​ ស្រុក​ផ្នោ​ដាច់​ ខេត្ត​ព្រះត្រពាំង​ នៃ​ដែនដី​កម្ពុជាក្រោម​ បាន​ប្រកបមុខរបរ​វេច​នំអន្សមជ្រូក​មួយ​នេះ​ ជិត​ ៤០​ ឆ្នាំ​មក​ហើយ​ ។ ផលិតផល​នំអន្សមជ្រូក ឬនំ​ជ្រូក ដែល​ពលរដ្ឋខ្មែរ​ក្រោម និយម​ហៅ​ គឺ​មានឈ្មោះ​ល្បីល្បាញ​ទាំង​ក្នុង​ និង​ក្រៅ​ខេត្ត​ នា​ពេល​បច្ចុប្បន្ន​ ។

នំអន្សមជ្រូក​របស់​អ្នកភូមិ​រាជ​មល្ល​ ក្រៅពី​មានឱជារស​ឆ្ងាញ់​ដ៏​អស្ចារ្យ​នោះ​ គេ​អាច​រក្សាទុក​បាន​រហូតដល់​ជាង​មួយ​សប្តាហ៍​ ឬលើស​ពីនេះ ។ ជាពិសេស ដើម្បី​ធ្វើ​បាន​នំអន្សមជ្រូក ដែល​មាន​រសជាតិ​ឆ្ងាញ់​ គឺ​ត្រូវ​បាន​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល​ ដោយ​ពួក​គាត់​ត្រូវ​ស្វែងរក​វត្ថុធាតុដើម​យក​មក​ធ្វើឲ្យ​ទៅជា​នំអន្សមជ្រូក មាន​ជាអាទិ៍​ ស្លឹកចេក​ស្រស់​ល្អ យក​ទៅ​ហាលថ្ងៃ​ឲ្យ​ទន់​ល្អ ការធ្វើ​អនាម័យ និង​ជ្រើស​យក​អង្ករដំណើប​ ដែល​មានគុណ​ភាព​ខ្ពស់​ រួច​យក​អង្ករ​ទៅ​លាង​ជាច្រើនលើក ហើយ​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ គឺ​ទឹក​ស្លឹក​ងប់​ ដែល​មាន​ពណ៌ខៀវ​ស្រស់​ល្អ មើលទៅ​គួរឲ្យ​ជាប់ចិត្ត ។ នេះ​ហើយ គឺជា​លក្ខណៈ​ពិសេស​នៃ​នំអន្សមជ្រូក​របស់​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ភូមិ​រាជ​មល្ល ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះត្រពាំង ។

បើ​និយាយ អំពី​គ្រឿងផ្សំ​ ដែល​យក​មក​ធ្វើជា​នំអន្សមជ្រូក​នោះ មាន​ដូចជា សាច់​ជ្រូក ខ្លាញ់ជ្រូក (ភាគច្រើន​គេ​យក​សាច់​ជ្រូក​បី​ជាន់​ ដោយសារ​វា​មាន​ជាតិ​ខ្លាញ់​តិច​ៗ) ពង​ទា​ប្រៃ និង​សណ្តែក​ខៀវ ហើយ​លាយ​បញ្ចូល​គ្នា​ជាមួយ​ស្លឹកខ្ទឹម​ ម្រេច អំបិល មើម​ខ្ទឹមស និង​ស្ករស ជាដើម ដើម្បី​ធ្វើឲ្យ​នំអន្សម​មាន​រសជាតិ​ឆ្ងាញ់។

នៅក្នុង​ដំណាក់កាល​វេច​នំអន្សមជ្រូក​ គឺ​ពួក​គាត់​វេច​ដោយ​ផ្ចិតផ្ចង់ គឺ​ចង​យ៉ាងណា​ឲ្យ​នំអន្សមជ្រូកមានរូបរាង​​ស្អាត ការ​ចង​នេះ ក៏​មិនមែន​ជា​ការ​ងាយ​នោះ​ដែរ​ ពោល គឺ​យើង​ត្រូវ​ចងឲ្យណែន​ល្អ ដើម្បី​យក​ទៅ​ស្ងោរ ទឹក​មិន​អាច​ជ្រាបចូល​ទៅ​ខាងក្នុង​នំអន្សម​បាន​ ឬមិន​ធ្វើឲ្យ​អង្ករ​រលាយ​ចេញ ។ ការណ៍​នេះ ធ្វើឲ្យ​នំ​អាច​រក្សាទុក​បាន​យូរថ្ងៃ ហើយ​ពេល​ដែល​ហូប​ទៅ​ គឺ​នៅតែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ធម្មតា ដូច​នំអន្សម​ទើប​វេច​ថ្មី​ៗ ។ អ្វី​ដែល​ពិសេស​នោះ គឺ​ពួក​គាត់​មិន​ប្រើជា​តិ​គីមី​ ដើម្បី​រក្សា​នំអន្សម​ទុក​អោយ​បាន​យូរថ្ងៃ​ឡើយ ។

ក្រោយពី​វេច​នំអន្សម​ទាំងនោះ​រួចរាល់​ហើយ​ ដំ​ណា​ក់កា​លល​ចុងក្រោយ គឺ​ចំណាយពេល​ប្រមាណ​ពី ៥ ទៅ ៦ ម៉ោង ​ក្នុង​ការ​ស្ងោរ ទម្រាំតែ​ឆ្អិន​ល្អ ។ ការ​ស្ងោរ​នេះ គឺ​ត្រូវ​នៅចាំ​មើល​ជាប់​ជានិច្ច យើង​ត្រូវ​មើល​ភ្លើង​ឲ្យបាន​ដិតដល់ ហើយ​ត្រូវ​ប្រែ​នំ​ទៅ​ម្ខាងទៀត​ ដើម្បីឲ្យ​នំ​ឆ្អិន​បាន​ល្អ ។ បន្ទាប់ពី​នំ​ឆ្អិន​ហើយ យើង​ស្រង់​យកចេញ​ពី​ឆ្នាំង​មក​ព្យួរឲ្យ​ស្ងួត​ទឹក​ ទើប​យក​ទៅ​ប្រគល់ឲ្យ​អតិថិជន និង​អាជីវករ​តូច​ធំ នៅ​តាម​ទីផ្សារ​ក្នុង​ខេត្ត​ព្រះត្រពាំង និង​នៅ​បណ្តា​ខេ​ត្ត​នានា នៅ​ដែនដី​កម្ពុជាក្រោម ។

ពរ​ដ្ឋ​ខ្មែរក្រោម​ម្នាក់ ដែល​ជា​អ្នក​ប្រកបមុខរបរ​វេច​នំអន្សមជ្រូក​លក់​ ឲ្យដឹង​ថា ពីមុន​គ្រឿងផ្សំ​សម្រាប់​វេច​នំអន្សមជ្រូក មាន​អង្ករដំណើប​ជាដើម គឺ​ទិញ​តែ​នៅ​ភូមិស្រុក​ជិតខាង​យក​មក​ធ្វើ​ ។ ប៉ុន្តែ ដោយពេល​បច្ចប្បន្ន​នេះ មាន​ជនជាតិ​ចិន និង​យួន ជាច្រើន ក៏បាន​ប្រកបមុខរបរ​មួយផងដែរ​ ។ ​ម្ល៉ោះហើយ អ្នក​ភូមិ​ក្បែរ​ៗ នោះ ក៏​មិន​អាច​ផ្គត់ផ្គង់​នូវ​អង្ករដំណើប​ និង​វត្ថុធាតុដើម​ផ្សេងទៀត ដែល​មានគុណ​ភាព​ខ្ពស់ ដល់​អាជីវករ​អ្នក​ប្រកបរបរ​ធ្វើ​នំអន្សមជ្រូក​ នៅក្នុង​ភូមិ​រាជ​មល្ល​បាន​គ្រប់គ្រាន់​ឡើយ ។ ដូច្នេះហើយ ម្តងម្កាល​ពួក​គាត់ ក៏បាន​ទៅ​ទិញ​អង្ករដំណើប​របស់​ថៃ​ ដើម្បី​យក​មក​បង្រ្គប់ទៅ​​តាម​តម្រូវការ​របស់​គាត់ ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា​ យីហោ​នំអន្សមជ្រូក​របស់​ពលរដ្ឋខ្មែរ​ក្រោម នៅ​ភូមិ​រាជ​មល្ល ឈ្មោះ ជិន យ៉ី នា​ពេល​បច្ចប្បន្ន​នេះ​ មិន​ត្រឹមតែ​ផ្គត់ផ្គង់​សម្រាប់​អតិថិជន នៅក្នុង និង​ក្រៅ​ខេត្ត​ព្រះត្រពាំង ប៉ុណ្ណោះទេ គឺ​ផលិតផល​នំអន្សមជ្រូក​នេះ​ បាន​ផ្គត់ផ្គង់​នៅ​គ្រប់តំបន់ ទូទាំង​ដែនដី​កម្ពុជាក្រោម ។ ក្រៅពី​នេះ ក៏​មា​នភ្ងៀវ​ទេសចរណ៍​ នៅ​ខេ​ត្ត​ឆ្ងាយ​ៗ ដូច​ទីក្រុង​ព្រៃនគរ ខេត្ត​ចង្វា​ត្រពាំង និង​ខេត្ត​ទួល​តា​មោក កោះ​ត្រ​ល ក៏បាន​មក​ទិញ​នំអន្សមជ្រូក​នេះ​ ជាដុំ ដើម្បី​យក​ទៅ​លក់​បន្ត​ផង​ដែរ ។ ម្ចាស់ហាង​នំអន្សមជ្រូក ជិន យ៉ី ដដែល​នេះ បាន​ឲ្យដឹង​ទៀត​ថា​ មុន​ពេល​ចូលឆ្នាំ​ចិន​ចូល​មក​ដល់​ម្តង​ៗ គឺ​ក្នុង​មួយថ្ងៃ គាត់​អាច​ធ្វើ​នំអន្សមជ្រូក ចាប់ពី​បួន​ពាន់​ ទៅ​ប្រាំ​ពាន់​នំ ដើម្បី​ផ្ក​ត់​ផ្គង់​នៅ​លើ​ទីផ្សារ ។ ចំណែក​បុគ្គលិក​កំពុង​បំពេញការងារ​ក្នុង​ហាង​របស់​គាត់​ គឺ​មានរហូត​ដល់ទៅ​ ៥០ នាក់ ។

សូម​បញ្ជាក់​ថា តម្លៃ​នំអន្សមជ្រូក​មួយ បើលក់រាយ​នៅ​តាម​ទីផ្សារ​ គឺ​មានតម្លៃ​ចន្លោះ​ពី​បាំ្រ​ពីរ​ម៉ឺន ទៅ​បាំ្រ​បី​ម៉ឺន​ដុង ។ ចំណែក​តម្លៃ លក់​ជាដុំ​ទៅ​ឲ្យ​អាជីវក​លក់​បន្ត​វិញ​ គឺ​មានតម្លៃ​ចាប់​ពី​បាំ្រ​ម៉ឺន ទៅ​បាំ្រ​មួយ​ម៉ឺន​ដុង ក្នុង​មួយ​នំអន្សមជ្រូក ។

ការ​ប្រកបមុខរបរ​វេច​នំអន្សមជ្រូក​របស់​ពលរដ្ឋខ្មែរ​ក្រោម នៅ​ភូមិ​រាជ​មល្ល​ ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះត្រពាំង កំពុងតែ​ពេញនិយម​ខ្លាំង​របស់​អ្នកភូមិ​នៅ​ទីនេះ ។ មុខរបរ​នេះ​ ក្រៅតែ​ពី​ជួយ​ដល់​ក្រុម​គ្រួ​សា​របស់​អ្នកភូមិ ឲ្យ​មាន​ជីវភាព​ធូរធារ​នោះ ។ អាជីវកម្ម​អន្សមជ្រូក​របស់​ពួក​គាត់​ ក៏​កំពុងតែ​ពង្រីក​ឲ្យ​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃផង ។ ដោយសារតែមុខ​​របរ​មួយ​នេះ បាន​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋខ្មែរ​ក្រោម​ ជាច្រើន​គ្រួសារ នៅក្នុង​ភូមិ​រាជ​មល្ល​នេះ ហើយ​ពួក​គាត់​ក៏​បា​នបេ្ត​ជ្ញា​ចិត្ត នឹង​ថែរក្សា​របរ​ប្រពៃណី​ខ្មែរ​មួយ​នេះ​ ឲ្យបាន​គង់​វង់​ជា​រៀង​រហូត ៕

Leave A Reply

Your email address will not be published.