ពលរដ្ឋ​ខ្មែរក្រោម​ដង្ហែ​បដិមា ឧកញ៉ា សឺ​ង គុយ​ ​បន្ទាប់ពី​បាន​កសាង​សម្រេច​ជា​ស្ថាពរ​

0 3,683

ដោយ ថាច់ ប្រីជា គឿន​

​រូបសំណាក ឧកញ៉ា សឺ​ង គុយ ជា​វីរបុរស​ជាតិ​នៅ​ដែនដី​កម្ពុជា​ក្រោម ត្រូវបាន​ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង កសាង​សម្រេច​ជា​ស្ថាពរ និង​បានធ្វើ​ពិធី ដង្ហែ​ជុំវិញ​ខេត្ត​ព្រះ​ត្រពាំង នៅវេលា​ម៉ោង ១ រសៀល ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ។ រូប​បដិមា​នេះ ដឹកនាំ​កសាង​ដោយ ព្រះតេជព្រះគុណ គឹម សំ​រិន្ទ ជា​ព្រះសង្ឃ​គង់នៅ វត្ត​អរុណរង្សី​ចាក់​អា​គ្រោង ឋិត​នៅក្នុង​ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង ។​

ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម ថតរូបអនុស្សាវរីយ៍ជាមួយ នៅពីចេតិយ​របស់ ឧកញ៉ា សឺ​ង គុយ នៅ​វត្ត​ពោធិ​ចុ​ឡា​មនី​ព្រះ​ចេតិយ (​ចេតិយ​) ឋិត​នៅក្នុង​ស្រុក​ថ្កូវ ក្រោយពីដង្ហែ​ជុំវិញខេត្តព្រះត្រពាំង ។ រូបៈ ផ្តល់ឲ្យ
ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម ថតរូបអនុស្សាវរីយ៍ជាមួយ នៅពីចេតិយ​របស់ ឧកញ៉ា សឺ​ង គុយ នៅ​វត្ត​ពោធិ​ចុ​ឡា​មនី​ព្រះ​ចេតិយ (​ចេតិយ​) ឋិត​នៅក្នុង​ស្រុក​ថ្កូវ ក្រោយពីដង្ហែ​ជុំវិញខេត្តព្រះត្រពាំង ។ រូបៈ ផ្តល់ឲ្យ

​ពិធី​ដង្ហែ​នេះ មាន​អ្នកចូលរួម​ទាំង​ព្រះសង្ឃ និង​គ្រហស្ថ​ប្រមាណ​ជាង ៤០ អង្គ និង​រូប ដោយ​ធ្វើការ​ដង្ហែ​ចេញពីផ្ទះ​ជាង​ឆ្លាក់​រូប​ស្រុក​កំពង់ធំ  ​ហែ​ទៅកាន់​ដើមឈើ​ទាល​ដែល ឧកញ៉ា សឺ​ង គុយ បាន​ដាំ​នៅ​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង នា​ឆ្នាំ ១៨៤១  រមណីយដ្ឋាន​ស្រះ គូ​ក្បែរ​វត្ត​អង្គរ​រាជបុរី (​អង្គ​)  វត្ត​ពោធិ​វង្ស​កំពង់​ដូង ឋិត​នៅក្នុង​ស្រុក​កញ្ចោង ទី​ដែល​កងទ័ព​របស់ ឧកញ៉ា សឺ​ង គុយ ច្បាំង​ជាមួយ​កងទ័ព​យួន ឈ្មោះ ត្រឹង ត្រុ​ង តៀង (Tran Trung Tien) និង​ដង្ហែ​ទៅកាន់​វត្ត​ពោធិ​ចុ​ឡា​មនី​ព្រះ​ចេតិយ (​ចេតិយ​) ឋិត​នៅក្នុង​ស្រុក​ថ្កូវ ជាទី​ដែលមាន​ចេតិយ​របស់ ឧកញ៉ា សឺ​ង គុយ រួច​ដង្ហែ​ទៅ​តំកល់​បណ្ដោះអាសន្ន​នៅផ្ទះ​របស់ លោក ថាច់ ថា នៅ​ភូមិ​បន្ទាយ​ក្រ ស្រុក​ថ្កូវ ដើម្បី​រៀបចំ​ធ្វើ​ពិធី​អបអរ “​ទិវា​នារី​អន្តរជាតិ​” នៅ​ថ្ងៃទី ៨ ខែមីនា ខាងមុខនេះ ។ តាម​សេចក្ដីជូនដំណឹង នៅពេល​ធ្វើ​ពី​ធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ចប់ ក្រុម​សកម្មជន នឹង​ដង្ហែ​បដិមា ឧកញ៉ា សឺ​ង គុយ ទៅ​តាំងនៅ​វត្ត​អរុណរង្សី​ចាក់​អា​គ្រោង ឋិត​នៅក្នុង​ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង ដើម្បី​គោរពបូជា ។​

​នេះ​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ដែនដី​កម្ពុជា​ក្រោម ដែលមាន​ការកសាង និង​ដង្ហែ​បដិមា ឧកញ៉ា សឺ​ង គុយ បែបនេះ ។​

​លោក សឺ​ង សម្រេច ជា​ឧត្ដម​ទីប្រឹក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​សរសេរ​នៅលើ Facebook របស់គាត់​ថា នេះ​ជា “​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ ដើម្បី​រំឭក​នូវ​ឧបការគុណ និង​វិ​រ​ភាព​ដ៏​ខ្ពង់ខ្ពស់ នៃ​លោក​ឧកញ៉ា សឺ​ង គុយ (១៧៧១ – ១៨៤១) ដែល​មិន​ត្រឹមតែ​ខ្មែរ​យើង​ទេ សូម្បី​អន្តរជាតិ ក៏បាន​អនុម័ត​ទទួលស្គាល់ថា​ជា​វីរបុរស​ដែរនោះ ។ ខ្ញុំព្រះករុណា – ខ្ញុំ សូម​សម្តែង​នូវ​សេចក្តី​គោរព​សរសើរ ចំពោះ​ស្មារតី​ស្នេហា​ជាតិ  ​សេចក្តីក្លាហាន​បូជា​ប្តូរផ្តាច់ នៃ​ព្រះសង្ឃ និង​បងប្អូន​រួម​លោហិត ។ កាយវិកា​នេះ ពិតជា​បាន​ចាប់​អង្រួន​ស្មារតី​កូន​ខ្មែរក្រោម​គ្រប់រូប ឲ្យ​ភ្ញាក់រឭក អំពី​តម្លៃ​ជីវិត​រស់នៅ និង​តម្លៃ​ខ្មែរ​” ។​

​ឧកញ៉ា សឺ​ង គុយ ជា​វីរបុរស​ជាតិ​នៅ​ដែនដី​កម្ពុជា​ក្រោម ប្រសូត​ឆ្នាំ ១៧៧១ និង​ទទួលអនិច្ចកម្ម​នៅ​ឆ្នាំ ១៨៤១ ក្នុង​ជន្មាយុ ៧០ ឆ្នាំ ។ នៅ​ឆ្នាំ ១៨៤១ មុន​បារាំង​ចូលធ្វើ​អាណានិគម​ទឹកដី​   កម្ពុជា​ក្រោម ១៨ ឆ្នាំ ស្ដេច មិញ ម៉ាង របស់​យួន​បាន​សោយ​ទីវ​ង្គ​ត ស្ដេច ទេវ ទ្រី បាន​ឡើង​សោយរាជ្យ​បន្ដ និង​ស្ដេច​យួន​អង្គ​នេះ បាន​បន្ត​នយោបាយ​រំលាយ​ពូជសាសន៍​មកលើ​ជនជាតិដើម​ខ្មែរក្រោម ដោយ​បានចេញ​រាជបញ្ជា ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ប្ដូរ​ប្រពៃណី សាសនា និង​ទំនៀមទម្លាប់​តាមរបៀប​ជនជាតិ​យួន ក្នុងនោះ មាន​បង្ខំ​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម ដែលជា​អ្នក​គោរព​តាម​ពុទ្ធសាសនា​ថេរវាទ មកកាន់​ពុទ្ធសាសនា​មហាយាន​   ដែល​ពាក់​ខោអាវ​ដៃជើង​ធំ​  ដូច​លោក​យួន​សព្វថ្ងៃ ។ ឧកញ៉ា សឺ​ង គុយ ក្នុងឋានៈ​ជា​ចៅហ្វាយស្រុក​ព្រះ​ត្រពាំង បាន​ដឹកនាំ ពលរដ្ឋ​ក្រោក​ឡើង​តតាំង​ជាមួយ​រាជបញ្ជា​រំលាយ​ពូជសាសន៍​របស់​ស្ដេច​យួន​ក្រុង​ហ្វេ ។ ការ តស៊ូ​បាន​ច្បាំង​គ្នា​ជាមួយ​ទ័ព​យួន​ជាច្រើនលើក និង​ច្រើន​សមរភូមិ ក្នុងនោះ មាននៅ​ក្នុង​វត្ត​ពោធិ​វង្ស​កំពង់​ដូង ឋិត​នៅក្នុង​ស្រុក​កញ្ចោង ជាដើម ដែល​ក្នុង​សមរ​ភូម​នេះ ចៅហ្វាយ គុយ  ​បាន​កាត់​ក្បាល​មេទ័ព​របស់​យួន​ម្នាក់​ឈ្មោះ ត្រឹង ត្រុ​ង តៀង ឲ្យ​ស្លាប់​នៅក្បែ​វត្ត​កំពង់​ដូង​  ហើយ​ជនជាតិ​យួន​បានធ្វើ​កន្លែង​បូជា​មេទ័ព​របស់គេ​ត្រង់​កន្លែងកើតហេតុ​នោះ មាននៅ​រហូតមកដល់​សព្វថ្ងៃ ។​

​ដោយសារ​ទ័ព​របស់​យួន​ជា​ទ័ព​របស់​ប្រទេសមួយ និង​ទ័ព​របស់​ឧកញ៉ា សឺ​ង គុយ ជា​ទ័ព​ភូមិ​ស្រុក មាន​កម្លាំង​ខ្សោយ​ជាង ទើប​មិនអាច​ដេញ​ទ័ព​យួន​ឈ្លានពាន​ទឹកដី​កម្ពុជា​ក្រោម​បាន ។ ឧកញ៉ា សឺ​ង គុយ ក៏បាន​ប្ដូរ​នយោបាយ​ចរចា​ជាមួយ​រាជការ​យួន ដើម្បី​រក្សាទុក​ពុទ្ធសាសនា ថេរវាទ ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​ឲ្យ​បាន​គង់វង្ស​នៅ​ដែនដី​កម្ពុជា​ក្រោម ដោយ​វិធី​សុខ ចិត្ត​ប្រគល់​ខ្លួន​ឲ្យ​រាជការ​យួន​កាត់​សិរសា នៅ​ឆ្នាំ ១៨៤១ ។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០១៥ គេហទំព័រ​សារព័ត៌មាន និង​បណ្ដាញ​សង្គម​អន្តរជាតិ​មួយ​ឈ្មោះ Rappler ដែលមាន​មូលដ្ឋាន​នៅ ប្រទេស​ភី​លិ​ហ្វិ​ន (Philippines) បានជ្រើសរើស​យក ឧកញ៉ា សឺ​ង គុយ ដើម្បី​ធ្វើ​ប្រជា​ម​តី​ជ្រើសរើស​ធ្វើជា​និម្មិត​រូប​វីរបុរស​សម្រាប់​ប្រជាជាតិ​ជាតិខ្មែរ​ទាំងមូល ក្នុង​វីរបុរស​ទាំង ១៤ រូប នៃ​ប្រទេស​អាស៊ាន ។ គេហទំព័រ Rappler ហើយ​បានសរសេរថា “​ប្រទេសជាតិ​នីមួយៗ តែងតែមាន​វីរបុរស​ដែល​ពួកគេ​ត្រូវតែ​ដឹង ។ យើងខ្ញុំ កំពុងតែ​រៀបចំ​ការផ្ដល់​កិត្តិយស​ដល់​វីរបុរស​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន ។ តើនរ​ណាខ្លះ​នៅក្នុង​បេក្ខជន​ទាំងនេះ​ជា​អ្នកតំណាង​ឲ្យ​ឧត្ដមគតិ​វីរបុរស​របស់​អ្នក​” ។​

​នៅលើ Facebook ជា​ផ្លូវការ នៃ គេហទំព័រ Rappler បានសរសេរថា “ ឧកញ៉ា សឺ​ង គុយ ជា​វីរបុរស​ជាតិ​នៃ​ប្រទេស​កម្ពុជា​” (Oknha Son Kuy is a national hero of Cambodia) និង​បាន​សរសេរ​នៅលើ រូបថត ឧកញ៉ា សឺ​ង គុយ កត់សម្គាល់​នូវ​ប្រវត្តិ ឧកញ៉ា សឺ​ង គុយ ថា “​ឧកញ៉ា សឺ​ង គុយ ត្រូវ​កាត់​សិរសា​នៅ​ឆ្នាំ ១៨៤១ ដោយ​យួន  ​ជា​ថ្នូរ​នឹង​ការរក្សា​ពុទ្ធសាសនា និង វប្បធម៌​ឲ្យ​ខ្មែរក្រោម​គោរព ប្រតិបត្តិ​រហូតមកដល់​សព្វថ្ងៃ​” ។​

​វីរបុរស​នៃ​ប្រជាជាតិ​អាស៊ាន​ដែល​គេហទំព័រ Rappler បានធ្វើ​ប្រជា​ជា​មតិ​ជាមួយ ឧកញ៉ា សឺ​ង គុយ នោះ រួមមាន ទី ១ ស្ដេ​ង នរេន្ទ្រ សួន ជា​វីរបុរស​នៃ​ប្រទេស​ថៃ ទី ២ លោក Jose Rizal ជា​វីរបុរស​នៃ​ប្រទេស​ប្រទេស​ភី​លិ​ហ្វិ​ន​  ទី ៣  Lim Boseng ជា​វីរបុរស នៃ​ប្រទេស​សិង្ហបូរី​  ទី ៤ លោក Aung San ជា​វីរបុរស នៃ​ប្រទេស​ភូមា  ​ទី ៥ ព្រះ​ចៅ អនុវង្ស​  ជា​វីរបុរស នៃ​ប្រទេស​លាវ ទី ៦ លោក Raden Sudirman ជា​វីរបុរស នៃ​ប្រទេស​ឥណ្ឌូណេស៊ី ទី ៧ លោក Awang Alak Betatar ជា​វីរបុរស នៃ​ប្រទេស​ព្រុយ​ណេ​  ទី ៨ លោក Tunku Abdul Rahman ជា​វីរបុរស នៃ​ប្រទេស​ម៉ាឡេស៊ី ទី ៩ លោកស្រី Cut Nyak Dhien ជា​វីរបុរស នៃ​ប្រទេស​ឥណ្ឌូ​ណេ​សី ទី ១០ លោកស្រី Alizabeth Choy ជា​វីរបុរស នៃ​ប្រទេស​សិង្ហ​បុរី ទី ១១ ម្ចាស់​ក្ស​ត្រី សុរិយោទ័យ នៃ​ក្រុង​អយុធ្យា ជា​វីរបុរស នៃ​ប្រទេស​ថៃ ទី ១២ បងប្អូន​ស្រី​ត្រកូល ត្រឹង (Tru’ng) គឺ ត្រឹង ត្រាក់ និង ត្រឹង ញ៉ី ជា​វីរបុរស នៃ​ប្រទេស​វៀតណាម និង​ទី ១៣ លោកស្រី Melchora Aquino ជា​វីរបុរស នៃ ប្រទេស​ភី​លិ​ហ្វិ​ន​  ៕​

Leave A Reply

Your email address will not be published.