​ពលរដ្ឋ​ខ្មែរក្រោម​ ​ប្រតិកម្ម​នឹង​អាជ្ញាធរ​វៀតណាម​ ​ដែល​មិន​ចុះឈ្មោះ​ជា​សំនៀង​ភាសាខ្មែរ​ ​ក្នុង​ឯកសារ​សំបុត្រកំណើត​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​

0 173

ដោយ លី ឈូន
​បន្ទាប់ពី​អាពាហ៍ពិពាហ៍​ចាប់ដៃ​គ្នា​ ​កសាង​សុភមង្គល​គ្រួសារ​ហើយ​ ​ឪពុក​ម្ដាយ​ភាគច្រើន​តែងតែ​ចង់បាន​កូន​ ​នឹងបាន​ត្រៀម​ចិត្តគំនិត​ពិភាក្សា​ប្ដី​ប្រពន្ធ​រក​ឈ្មោះ​ល្អ​ៗ​ ​ដាក់ឲ្យ​កូន​ ​។​ ​កូនប្រុស​ត្រូវ​ដាក់ឈ្មោះ​អ្វី​ ​រីឯ​កូនស្រី​ត្រូវ​ដាក់ឈ្មោះ​អ្វី​ ​ដើម្បីឲ្យ​កូន​មានឈ្មោះ​សមតា​ម​ទំនៀមទម្លាប់​ខ្មែរ​ផង​ ​ជា​ឈ្មោះ​មានជោគ​ ​មានជ័យ​ក្នុង​ជីវិត​របស់​កូន​ផង​ ​និង​ជា​ឈ្មោះ​ដែល​មាន​អត្ថន័យ​ ​ពីរោះ​ស្ដាប់​ទៀត​ផង​ ​។​ ​តែ​បច្ចុប្បន្ន​ឪពុក​ម្ដាយ​ភាព​ច្រើន​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ត្រូវ​ខកចិត្ត​យ៉ាង​ខ្លាំង​ដោយសារតែ​អាជ្ញាធរ​យួន​ ​នៅ​តាម​មូលដ្ឋាន​ ​មិនព្រម​ដាក់ឈ្មោះ​ជា​សំនៀង​ភាសាខ្មែរ​ក្នុង​សំបុត្រកំណើត​ឲ្យ​កូន​ខ្មែរក្រោម​នោះ​ទេ​ ​ដោយ​ពួក​អាជ្ញាធរ​លើកឡើង​ថា​ ​ពិបាក​ក្នុង​ការ​អាន​ ​និង​សរសេរ​ ​។​ ​ឈ្មោះ​មនុស្សម្នាក់​ ​ៗ​ ​មិន​ត្រឹមតែ​សំគាល់​លើ​អត្តសញ្ញាណ​បុគ្គល​ប៉ុណ្ណោះ​ទេ​ ​ឈ្មោះ​ថែមទាំង​មាន​អត្ថន័យ​ទៅតាម​ត្រកូល​ ​និង​លក្ខណៈ​ជាតិសាសន៍​ទៀ​ផង​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ចាត់​ទុក​ការ​មិន​ចុះឈ្មោះ​ជា​សំនៀង​ភាសាខ្មែរ​ក្នុង​សំបុត្រកំណើត​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​បែរជា​បង្ខំឲ្យ​ដាក់ឈ្មោះ​ជា​សំនៀង​ភាសា​វៀតណាម​ ​ជំនួស​វិញ​នេះ​ ​ថា​ ​ជា​ការរើសអើង​ ​ហើយ​ថា​ ​វៀតណាម​ ​កំពុងតែ​ព្យាយាម​លុបបំបាត់​ពូជសាសន៍​ខ្មែរក្រោម​ ​ដែល​ម្ចាស់​ស្រុក​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។

រូបតំណាង និងគំរូលិខិតបញ្ជាក់កំណើត ។ រូបពី Internet
រូបតំណាង និងគំរូលិខិតបញ្ជាក់កំណើត ។ រូបពី Internet

បុរស​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ​ថាច់​សីលា​អាយុ​ ៣០​ ឆ្នាំ ​ជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ប្រាសាទ​គង់​ស្រុក​បាយ​ឆៅ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​មី សៀង (My Xuyen) ​ខេត្ត​ឃ្លាំង​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​សុក្រ​ត្រាំង​ (Soc Trang)​ ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​និង​សារព័ត៌មាន​ព្រៃ​នគរ​ថា បន្ទាប់​ពី​ដឹង​ថា​កូន​មក​ចាប់​កំណើត ​ទាំង​ប្ដី​ទាំង​ប្រពន្ធ​លោក​មិន​ថា​យប់​មិន​ថា​ថ្ងៃ​ទេ​តែង​តែ​ឆ្លៀត​ពេល​ពិភាក្សា​​​​គ្នា​រក​ឈ្មោះ​ល្អ ៗ ​ដាក់​ឲ្យ​កូន​ ។ លោក​ថាច់​ សីលា​បន្ត​ទៀត​ថា​មិន​ត្រឹម​តែ​ប្ដី​ប្រពន្ធ​លោក​ពិគ្រោះ​គ្នា​ប៉ុណ្ណោះ​ទេ​ លោក​ថែម​ទាំង​បាន​ទៅ​សុំឲ្យ​​ព្រះ​ឧបជ្ឈាយ៍​នៅ​វត្ត​ប្រាសាទ​គង់​ ដែល​ជា​ឧបជ្ឈាយ៍​របស់​លោក​ជួយ​គន់​គូរ​​ ណែនាំ​ដាក់​ឈ្មោះ​ឱ្យ​កូន​លោក​ផង​ដែរ​៖ «​​ពេល​ប្រពន្ធ​ខ្ញុំ​មាន​ ផ្ទៃ​ពោះ​ហើយ​ ទើប​ចាប់​ផ្ដើម​គិត​ដូច​គិត​ថា​បើ​សិន​ជា​បាន​កូន​ប្រុស​ដាក់​ឈ្មោះ​ថា​សុ​គុណ​តែ​បើ​បាន​កូន​ស្រី​ដាក់​ឈ្មោះ​ថា​ចរិយា​ ។ ឈ្មោះ​ថា​ចរិយា​នេះ​គឺ​ជា​នាម​បញ្ញត្តិ​របស់​ខ្ញុំ​កាល​នៅ​បួស​ ដែល​ព្រះ​ឧបជ្ឈាយ៍​ព្រះ​នាម​ថាច់​សិទ្ធិ ជា​ព្រះ​ចៅ​អធិការ​វត្ត​ប្រសាទ​គង់​លោក​បាន​ដាក់​នាម​បញ្ញត្តិ​ឱ្យ​ខ្ញុំ​ថា​ធម្ម​ចរិយា​ រួច​ហើយ​ខ្ញុំ​ក៏​ឃើញ​ថា​ឈ្មោះ​ហ្នឹង​ល្អ​ពេញ​ចិត្ត​ក៏​ដាក់​ឈ្មោះ​ថា​ចរិយា​ហ្នឹង​ឲ្យ​កូន​ស្រី​ខ្ញុំ​ទៅ​»

បុរស​ខ្មែរ​ក្រោម​ដែល​ខក​ចិត្ត​ព្រោះ​តែ​អាជ្ញាធរ​វៀតណាម​មិន​ព្រម​ដាក់​ឈ្មោះ​កូន​ក្នុង​សំបុត្រ​កំណើត​ជា​សំនៀង​ភាសា​ខ្មែរ​នោះ​លើកឡើង​​ទៀត​ថា ​លោក​ស្ទើរ​តែ​ស្រែក​យំ​ពេល​ដែល​ខាង​មន្ទីរ​ពេទ្យ​មិន​ព្រម​ដាក់​ឈ្មោះ​កូន​របស់​លោក​ជា​សំនៀង​ភាសា​ខ្មែរ​ក្នុង​សំបុត្រ​កំណើត​ឡើយ​ទោះ​បី​ជា​លោក​ខំ​អង្វរ​ករ​យ៉ាង​ណា​ក៏​នៅ​តែ​មិន​បាន​។ លោក​ថាច់​ សីលា បន្ត​ទៀត​ថា ក្រោយ​មក​នៅ​ពេល​ទៅ​ចុះ​ឈ្មោះ​កូន​នៅ​ក្នុង​សៀវភៅ​គ្រួសារ​អាជ្ញាធរ​មូលដ្ឋាន​មិន​ព្រម​ចុះ​ឈ្មោះ​កូន​លោក​ជា​សំនៀង​ភាសា​ខ្មែរ​ក្នុង​​បញ្ជី​ជាតិនេះដដែល ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​សំអាង​លេស​ថា​ឈ្មោះ​ជា​សំនៀង​ភាសា​ខ្មែរ​ពិបាក​អាន​និង​ពិបាក​សរសេរ​ ដូច្នោះ​ហើយ​លោក​ក៏​ទ្រាំ​ដាក់​ឈ្មោះ​កូន​ទៅ​តាម​អាជ្ញាធរ​បង្ខំ​ទៅ ​ដោយ​ទទួល​យក​ឈ្មោះ​កូន​ជា​សំនៀង​ភាសា​ខ្មែរ​ផង​ និ​សំនៀង​ភាសា​វៀតណាម​ផង​ ៖ «បើ​ឈ្មោះ​មែន​ទេន​ហៅ​នៅ​ខាង​ក្រៅ​ហៅ​ថា​ចរិយា​ តែ​បើ​ក្នុង​សំបុត្រ​កំណើត​ដាក់​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា​ថាច់​ធី​ កេវ ស្វឹង ​​(Thah Thi Kieu Xuan ) វិញ​ ។ នៅ​ថ្ងៃ​ដែល​កូន​ខ្ញុំ​កើត​ខាង​មន្ទីរ​ពេទ្យ​គេ​សួរ​ថា​ដាក់​ឈ្មោះ​អី​ប្រាប់​មក​គេ​ដាក់​ឲ្យ​ក៏​ប៉ុន្តែ​ ដល់​ពេល​យើង​ដាក់​ឈ្មោះ​ជា​សំនៀង​ភាសា​ខ្មែរ​ទៅ​សរសេរ​ចេញ​ជា​ភាសា​អក្សរ​ឡាតាំង​ដូច្នេះ​ហើយ​ គេ​ថា​ពិបាក​អាន​ ពិបាក​​សរសេរ​ ខ្ញុំ​​ក៏​ដាក់​ឈ្មោះ​ថា​ថាច់ ធី កេវ ស្វឹង​ អី​ចឹង​ទៅ ហ្នឹង​សម្ដី​ពេទ្យ​នឹង​និយាយ​ថា ​ហើយ​ឥឡូវ​នេះ​ខ្មែរ​យើង​ធ្វើ​សំបុត្រ​កំណើត​ក្ដី​បញ្ជីជាតិ​ អត្ត​សញ្ញាណ​ប័ណ្ណ​អី​ហ្នឹង​ទៅ​តាម​យួន​អស់​ហើយ​»

ស្រដៀង​គ្នា​នេះ​ដែរ​លោក​អាចារ្យ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ជា​អាចារ្យ​នៅ​វត្ត​ពល​លាវ​ចាស់​ក្នុង​ស្រុក​សេនា​ទា​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ស្រុក​​វិញ​ឡើយ​ (Vinh Loi) ​ខេត្តពល​លាវ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ ​បាក់​លីវ (Bac Lieu) ​ឲ្យដឹង​ថា​ ​មិន​ត្រឹម​តែ​សំបុត្រ​កំណើត​​ ឬ បញ្ជី​ជាតិ​ប៉ុណ្ណោះ​ទេ​ ដែល​អាជ្ញាធរ​​វៀតណាម មិន​ដាក់​ឈ្មោះ​ឱ្យ​ជា​សំនៀង​ភាសា​ខ្មែរ​ដោយ​សំអាង​ហេតុ​ផល​នេះ​ ហេតុផល​នោះ​ទេ ឥឡូវ​នេះ​សូម្បី​តែ​អត្ត​សញ្ញាណ​ប័ណ្ណ​ ក៏​អាជ្ញាធរ​វៀតណាម​បន្លំ​​​កែប្រែពី​ជនជាតិ​ខ្មែរ​ទៅ​ជា​ជន​ជាតិ​វៀតណាម​ដែរ ហើយ​​អ្នក​បួល​​ជា​សង្ឃ​សោះ​ក៏​ចុះ​ក្នុង​អត្ត​សញ្ញាណ​ប័ណ្ណ​ថា​គ្មាន​សាសនា​ជា​ដើម​៖​ «ឥឡូវ​នេះ​រឿង​ជន​ជាតិ​ឬ​ Dan Toc ហ្នឹង​គេ​ធ្វើ​ច្រឡំ​ច្រើន​ ដូច​ជា​​អន្ទិត​​សុង​គាត់​មាន​ត្រកូល សឺន​ តែ​គេ​ដាក់​ឲ្យ​គាត់​ទៅ​ជា​ជន​ជាតិ​វៀតណាម​ ហើយ​កាល​នោះ​គាត់​ជា​សង្ឃ​ តែ​បែរ​ជា​ដាក់​ឲ្យ​គាត់​ថា​គ្មាន​សាសនា​ទៅ​ទៀត​។ រីឯ​​នៅ​ឯ​វត្ត​អណ្ដូង​ចេក​លោក​គ្រូ​យឿង​​រឿង​ព្រះ​អង្គ​ជា​ខ្មែរ​ តែ​ដាក់​ឲ្យ​ព្រះ​អង្គ​​ថា​​ជន​ជាតិ​វៀតណាម​ ហើយ​សាសនា​និង​ក៏​គ្មាន​ទៀត​ ឥឡូវ​នេះ​គេ​ច្រើន​តែ​ធ្វើ​ច្រឡំ​ជន​ជាតិ​ខ្មែរ​ ឲ្យទៅ​ជាជន​ជាតិ​វៀតណាម​ជា​ដើម​អីចឹង​»

ការ​លើក​ឡើង​មក​នេះ​បន្ទាប​ពី​មាន​គ្រួសារ​ខ្មែរ​មួយ​គ្រួសារ​នៅ​ក្នុង​ស្រុក​កំពង់​ស្ពាន​ ដែល​វៀតណាម​ ដាក់​ឈ្មោះ​ថ្មី​ថា កូវ​កែ​ (Cau Ke ) ​ខេត្ត​ព្រះ​ត្រពាំង​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ត្រា វិញ ​(Tra Vinh)​ អាជ្ញាធរ​មូលដ្ឋាន​មិន​ព្រម​ចុះ​ឈ្មោះ​កូន​ពួក​គាត់​ជា​សំនៀង​ភាសា​ខ្មែរ​ទៅ​ក្នុង​សំបុត្រ​កំណើត​និង​បញ្ជីជាតិ​ ចំពោះ​កូន​​ដែល​ទើប​តែ​កើត​ថ្មី ​ដោយ​សមត្ថកិច្ច​វៀតណាម​ទាំង​នោះ​សំអាង​លេស​ថា​ភាសា​ខ្មែរ​លំបាក​អាន​លំបាក​សរសេរ​ ។

ទំនៀម​ទម្លាប់​ខ្មែរ​ ការ​ដាក់​ ឈ្មោះ​ឲ្យ​កូន​ មាតា បិតា អាណាព្យាបាល តែង​ធ្វើ​ទៅ​តាម​ក្បួន​ហោរា​សាស្ត្រ​ ដោយ​យោង​ទៅ​តាម​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ និង​យោង​ទៅ​តាម​ពង្ស មាន​ពង្យ​មនុស្ស ពង្ស​យក្ស ឬ ពង្ស​ទេវតា ​តាម​ស័ក្ដិ​យស​នៃ​ត្រកូល ​និង​​តាម​ធាតុ មាន​ធាតុ ទឹក ភ្លើង មាស ដី និង​ធាតុ​ឈើ​ជា​ដើម ។​ ឈ្មោះ​នៃ​បុគ្គល​ម្នាក់​ ៗ កាល​ពី​សម័យ​ដើម​គេ​ដាក់​ឈ្មោះ​តាម​ស័ក្ដិ​ ឬ វណ្ណៈ ​ប្រជា​ជន​សាមញ្ញ​​អាច​ប្រើ​ឈ្មោះ​តែ​មួយ​ព្យាង្គ​ឬ​មួយ​ពាក្យ​តែ​ប៉ុណ្ណោះ ឧទាហរណ៍​ដូច​ជា​ឈ្មោះ​គង់​ ឈ្មោះ​សិទ្ធិ ឈ្មោះ​ខ្មៅ​ជា​ដើម​ ។ ចំពោះ​ត្រកូល​ ឬ វណ្ណៈ​អភិជន​អាច​ដាក់​ឈ្មោះ​បុគ្គល​ត្រឹម​​ពីរ​ព្យាង្គ​ឬ​ពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពាក្យ​បាន​ ឧទាហរណ៍​ដូច​ ​ជា​ឈ្មោះ​ គង់​ណៃ ពិ​សិទ្ធិ នរៈ នារី ។ល។ ចំណែក​ឯ​វណ្ណៈ​ក្សត្រ​អាច​តាំង​ព្រះ​នាម ចាប់​ពី​បី​ព្យាង្គ​ ឬ​បី​ពាក្យ​ឡើង​ទៅ​ឧទាហរណ៍​ដូច​​ជា​ឈ្មោះ​ គង់​សម្ភី​ និង​ដូច​ជា​ព្រះ​នាម​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន​ទ្រង់​មាន​ព្រះ​នាម​ថា ​សីហមុនី​ជា​ដើម។

​​បច្ចុប្បន្ន​ការ​​ដាក់​ឈ្មោះ​បុគ្គល​ទៅ​តាម​សក្ដិ វណ្ណៈ ឬ តាម​ក្បួន​ហោរាសាស្ត្រ​​​មិន​មាន​ទៀត​ទេ​ គេ​ច្រើន​ដាក់​ឈ្មោះ​កូន​ចៅ​ ទៅ​តាម​ព្រឹត្តិ​ការ​សំខាន់ ៗ ឬ ទៅ​តាម​ឈ្មោះ​​បុគ្គល​ល្បី​ ៗ មាន​ឈ្មោះ​តារា​ចម្រៀ​​​​​​​​​​​​​​​​​​​​​​​ង​ជា​ដើម ។​ តាម​អ្នក​ដែល​ធ្លាប់​ធ្វើ​បញ្ជី​ជាតិ​ឱ្យ​កូន​ នៅ​ប្រទេស​វៀតណាម​​ ទោះ​ការ​ដាក់​ឈ្មោះ​កូន​ជា​ភាសា​អ្វី​ក៏​ដោយ ​ច្បាប់​ឱ្យ​ប្រើ​ត្រឹម​តែ​ ១៦ ព្យាង្គ​ ឬ​ ពាក្យ​តែ​ប៉ុណ្ណោះ​។

ឧត្ដម​ទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក សឺន សម្រេច ​លើក​ឡើង​ថា​ ការ​មិន​ចុះ​ភាសា​ខ្មែរ​ក្នុង​សំបុត្រ​កំណើត​នៃ​ទារក​ទើប​កើត​មក​ ចាត់​ជា​ការ​សម្លាប់​រាល់​ទារក​ខ្មែរ​ទាំង​អស់​ដោយ​ចេតនា​ ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​ពូជ​ជាតិ​សាសន៍​។

​យោង​តាម​មាត្រា​ ​៣​ ​នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ចែង​ថា​ ​«​ជនជាតិ​ដើម​ ​និង​បុគ្គល​ជនជាតិ​ដើម​ ​មាន​សេរីភាព​ ​និង​សមភាព​ដូច​ពលរដ្ឋ​ ​និង​បុគ្គល​ដទៃទៀត​ ​ព្រមទាំង​មាន​សិទ្ធិ​រួចផុត​ ​ពី​ការរើសអើង​គ្រប់រូប​ភាព​ ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​ ​ជាពិសេស​ ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ដើមកំណើត​ ​ឬ​អត្តសញ្ញាណ​របស់​​ខ្លួន​ ​ជា​ជនជាតិ​ដើម​»​ ​។​

​ចំណែក​វាក្យ​ខណ្ឌ​ទី​ ​២​ ​នៃ​មាត្រា​ ​៣​៣​ ​ក៏បាន​ចែង​ដែរ​ថា​ ​«​ជនជាតិ​ដើម​ ​មាន​សិទ្ធិ​ក្នុង​ការកំណត់​អត្តសញ្ញាណ​ ​ឬ​សមាជិកភាព​របស់​ខ្លួន​ផ្ទាល់​ ​ស្របតាម​ទំនៀមទម្លាប់​ ​និង​ប្រពៃណី​របស់​ពួកគេ​ ​។​ ​ការ​នេះ​នឹង​មិន​ធ្វើឲ្យ​បុគ្គល​ជនជាតិ​ដើម​ ​បាត់បង់​សិទ្ធិ​ក្នុង​ការ​​ទទួល​សញ្ជាតិ​ពី​រដ្ឋ​ ​ដែល​ខ្លួន​រស់នៅ​ឡើយ​»​ ​

Leave A Reply

Your email address will not be published.