ពលរដ្ឋខ្មែរក្រោម នៅតែប្រឈមផលលំបាក ក្នុងការរស់នៅកម្ពុជា
ដោយ ស៊ឺន ចែងចើន | VOKK
ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈថា ពលរដ្ឋខ្មែរ ដែលមានដើមកំណើត នៅឯដែនដីកម្ពុជាក្រោម ពេលមកដល់ប្រទេសកម្ពុជា គឺជាប្រជាពលរដ្ឋខ្មែរក្តី តែក្នុងស្ថានភាពជាក់ស្តែងច្បាប់ជាតិ ពុំបានចែងពីបែបបទផ្នែករដ្ឋបាល ឬផ្លូវច្បាប់ឲ្យបានជាក់លាក់ ដើម្បីឲ្យខ្មែរក្រោមអាចទទួលបានសិទ្ធិនេះ នៅឡើយទេ ។ ស្របពេលដែលលក្ខខណ្ឌតម្រូវតឹងរឹង សម្រាប់បុគ្គលម្នាក់ៗ ខ្មែរក្រោមជាច្រើនពុំអាចទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ និងទទួលបានសិទ្ធិផ្សេងៗ ដែលបុគ្គលម្នាក់គួរទទួលបានក្នុងនាមជាពលរដ្ឋនោះទេ ។
យោងតាមរបាយការណ៍កន្លងមករបស់អង្គការ សមាគមខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅប្រទេសកម្ពុជា បានបង្ហាញថា ភាគច្រើននៃពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ចង់រស់នៅជាអចិន្ត្រៃយ៍ នៅលើទឹកដីនេះ ។ តាមរបាយការណ៍មួយក្រោមចំណងជើងថា “សិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា” បានបង្ហាញថា ខ្មែរក្រោមដែលពុំមានអត្តសញ្ញាណប័ណ្ណបន្តប្រឈម នឹងផលលំបាកនានា ក្នុងការរស់នៅក្នុងប្រទេសកម្ពុជា រួមមានការរើសអើង កង្វះលំនៅដ្ឋាន និងកង្វះការទទួលស្គាល់ ពីអាជ្ញាធរមួយចំនួន ។
ពលរដ្ឋខ្មែរក្រោម ដែលបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុសំឡេងកម្ពុជាក្រោម ភាគច្រើនបានលើកឡើងដូចៗ គ្នា ពីបញ្ហាប្រឈមរបស់ពួកគាត់ថា រងការបដិសេធធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ។ បើទោះជាពលរដ្ឋខ្មេរក្រោមទាំងនោះ មួយចំនួនមានអត្តសញ្ញាណប័ណ្ណគំរូចាស់ហួសសុពលភាពក៏ដោយ តែសមត្ថកិច្ចនៅតែមិនព្រមប្តូរ ឬធ្វើជូនពលរដ្ឋខ្មែរក្រោមឡើយ ដោយលើកហេតុផលថា ជួបការលំបាកលើទិដ្ឋភាពច្បាប់ ឬពួកគាត់ជាខ្មែរក្រោម ។
អង្គការសមាគមខ្មែរកម្ពុជាក្រោម ប៉ាន់ប្រមាណថា ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា មានប្រមាណ ១ លាននាក់ ។
ជារឿយៗ ក្រុមអង្គការ សមាគមខ្មែរកម្ពុជាក្រោម តែងរកឱកាស ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពន្យល់ពីការស្នើបង្កើតឲ្យមានបទដ្ឋានគតិយុត្តិជាក់លាក់ សម្រាប់ឋានៈជាពលរដ្ឋរបស់ខ្មែរក្រោម ៕