អាជ្ញាធរវៀតណាម ខេត្តក្រមួនស ចាប់ឃុំខ្លួនពលរដ្ឋខ្មែរក្រោមម្នាក់ រឿងជម្លោះដីធ្លីក្នុងខេត្តនេះ
ដោយ យន់ សាមៀន | RFA Khmer
ខ្មែរក្រោមក្នុង និងក្រៅប្រទេសទាមទារទៅអាជ្ញាធរវៀតណាម ខេត្តក្រមួនស ឱ្យដោះលែងពលរដ្ឋខ្មែរក្រោមម្នាក់ឱ្យមានសេរីភាពឡើងវិញ ក្រោយអាជ្ញាធរវៀតណាម បានចាប់ និងឃុំខ្លួនមិនទាន់ដោះលែងពាក់ព័ន្ធករណីជម្លោះដីធ្លីក្នុងខេត្តនេះ ។ ប្រធានអន្តរសាសនា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅក្រៅប្រទេសថា អង្គការលោក នឹងប្ដឹងទៅអង្គការសិទ្ធិមនុស្សអន្តរជាតិ បើវៀតណាមមិនព្រមដោះលែងពលរដ្ឋខ្មែរក្រោម រូបនោះទេ ។

សាច់ញាតិបុរសខ្មែរក្រោម ដែលត្រូវអាជ្ញាធរវៀតណាម ចាប់ខ្លួន និងសមាគមខ្មែរកម្ពុជាក្រោម មួយចំនួនកំពុងរៀបចំធ្វើញត្តិដាក់ទៅអាជ្ញាធរ និងរដ្ឋាភិបាលវៀតណាម ស្នើឱ្យដោះលែងលោក លោក ហ្វិន យ៉ាងដៀប ដែលកំពុងជាប់ឃុំនោះមកវិញ ។ ក្រៅពីនេះ ពួកគេក៏ស្វះស្វែងរកអ្នកច្បាប់ ឬមេធាវី ដើម្បីតតាំងតាមផ្លូវច្បាប់ផងដែរ ។
លោកស្រី ហ្វិន ធី ហូវ ដែលត្រូវអាជ្ញាធរវៀតណាម ចាប់ខ្លួន ប៉ុន្តែត្រូវដោះលែងមកវិញ និងជាប្អូនស្រីលោក វិន វ៉ាងដៀប ឱ្យអាស៊ីសេរីដឹងថ្ងៃទី ៩ ខែមិថុនាថា អាជ្ញាធរវៀតណាម បានវាយ និងប្រើដំបង ឆក់ពួកលោកស្រី ឱ្យដួលទៅ នឹងដីរួចទើបវាយខ្នោះបញ្ជូនឡើងឡាន យកទៅសាលាឃុំប៉ប្រក់ នៃខេត្តក្រមួនស ដែលវៀតណាមហៅថា កៀង យ៉ាង (Kien Giang)។ លោកស្រីបន្តថា បើទោះលោកស្រី យំអង្វរសុំកុំចាប់ខ្លួនលោកស្រី ដែលមានកូនខ្ចី ក៏អាជ្ញាធរមិនស្ដាប់ដែរ៖ «ប្ដីខ្ញុំហ្នឹងគេដាក់ស្លាបសេក ហើយជាន់នៅហ្នឹងថ្នល់ គេដំបងឆកគេគ្នាគេប្រាំនាក់សង្កត់ប្ដីខ្ញុំ រូបខ្ញុំទើបសម្រាលកូនបានមួយខែកន្លះគេប្រាំនាក់មកសង្កត់ខ្ញុំ ហើយខ្ញុំសូមអង្វរទៀតថា កុំចាប់ខ្ញុំអីព្រោះអីខ្ញុំកូនខ្ចី» ។
អាជ្ញាធរវៀតណាមជាង ៥០ នាក់ កាលពីយប់ទី ៧ មិថុនា បានចុះចាប់ខ្លួនពលរដ្ឋខ្មែរក្រោម មួយគ្រួសារ ដែលមានសមាជិក ៦ នាក់ ក្នុងនោះមានស្ត្រីម្នាក់ទើបសម្រាលកូនជាងមួយខែផង ដោយចោទប្រកាន់ថា ពួកគេដឹកនាំបះបោរធ្វើការទន្ទ្រានយកដី ដែលកំពុងមានជម្លោះទំហំជាង ៣.០០០ ហិកតារ ។
លោកស្រី ហ្វិន ធី ហូវ រៀបរាប់ទៀតថា ពេលបញ្ជូនដល់សាលាឃុំ ក្រោយការសាកសួរជាង ២ ម៉ោង អាជ្ញាធរវៀតណាម បានដោះលែង លោកស្រី ប្ដីលោកស្រី សាច់ញាតិទាំងអស់ ៥ នាក់ឱ្យមកផ្ទះវិញ ដោយឡែកចំពោះបងប្រុសរបស់លោកស្រី គឺ លោក វិន វ៉ាងដៀប អាជ្ញាធរ វៀតណាម មិនដោះលែងទេ ។ ស្ត្រីខ្មែរក្រោមរូបនេះបន្តទៀតថា ក្រោយការចាប់ខ្លួនបងប្រុសលោកស្រី និងសាច់ញាតិលោកស្រីបានព្យាយាមទៅសួរដំណឹង ប៉ុន្តែ អាជ្ញាធរវៀតណាមព្យាយាមលាក់បាំងទីកន្លែងឃុំដោយដោយម្ដងប្រាប់ថា ឃុំខ្លួននៅសាលាស្រុក ម្ដងថា ឃុំខ្លួននៅសាលាខេត្ត៖ «ពួកឃុំពួកស្រុកគេចោទគាត់ (លោក វិន វ៉ាងឌៀប) ដឹកនាំប្រជារាស្ត្រទៅយកដីហ្នឹង ប៉ុន្តែគាត់ជាអ្នកស៊ីឈ្នួលទេ គាត់មិនមែនជាម្ចាស់ដីទេ ម្ចាស់ដីគេជួលគាត់ សងសេរីភាពឱ្យបងខ្ញុំនឹកឃើញតូចចិត្តអស់ទាស់ដែរ» ។

ពលរដ្ឋខ្មែរក្រោម ដែលរងគ្រោះដោយសារតែការបណ្ដេញចេញពីដីធ្លី លោក សឺន ចាំង ប្រាប់ថា មូលហេតុដែលអាជ្ញាធរវៀតណាម ចាប់ លោក ហ្វិន វ៉ាងដៀប ដោយសារលោក បានបើកត្រាក់ទ័រឈូសឆាយលើដីរបស់លោក មុនអាជ្ញាធរវៀតណាមរឹបអូសយក ។ លោកឱ្យដឹងទៀតថា លោក វិន វ៉ាងដៀប គ្រាន់តែជាអ្នកស៊ីឈ្នួល ឈូសឆាយដីធ្វើភ្លឺស្រែឱ្យពលរដ្ឋក្នុងភូមិប៉ុណ្ណោះ ។ ពលរដ្ឋខ្មែរក្រោមរូបនេះ ស្នើទៅអាជ្ញាធរវៀតណាមដោះលែង លោក វិន វ៉ាងឌៀប ហើយបើចង់ដាក់ទោសគឺ ដាក់ទោសពលរដ្ឋខ្មែរក្រោមជាង ១០០ គ្រួសារ ដែលជាអ្នកជួល លោក វិន វ៉ាងដៀប ឱ្យឈូសឆាយដីនេះ៖ «ម្នាក់គេចាប់ទៅហ្នឹងអត់មានដីនៅក្នុងទេ ប៉ុន្តែ គ្នាក្រហើយម៉ែឈឺទៀត ហើយគ្នាស៊ីឈ្នួលកនខ្ញុំទាំងអស់គ្នាមួយភូមិស្រុកហ្នឹងណា បើមានទោសអីឱ្យរដ្ឋាភិបាលគេដោះស្រាយជាមួយកនខ្ញុំទៅ» ។
ពលរដ្ឋខ្មែរក្រោម កាលពីថ្ងៃទី ៨ ខែមិថុនា ក៏បាននាំគ្នាទៅតវ៉ានៅសាលាឃុំប៉ប្រក់ទាមទារឲ្យដោះលែង លោក វិន វ៉ាងដៀប ប៉ុន្តែ សមត្ថកិច្ចវៀតណាម មិនបានស្ដាប់តាមការទាមទារនោះទេ ។
លោក សឺន ចាំង ឱ្យដឹងថា ពេលនេះក្រុមពលរដ្ឋក្នុងឃុំកំពុងប្រមូលស្នាមមេដៃធ្វើញត្តិដាក់ទៅអាជ្ញាធរខេត្តក្រមួនស ទាមទារឱ្យដោះលែង លោក វិន វ៉ាងដៀប ។ លោកថា ក្រៅពីការដាក់ញត្តិពលរដ្ឋកំពុងស្វះស្វែងរកមេធាវី ឬអ្នកច្បាប់ដើម្បីជួយតតាំងផ្លូវច្បាប់ផងដែរ ។
មូលហេតុដែលបណ្ដាលឲ្យអាជ្ញាធរវៀតណាម ចាប់ខ្លួនពលរដ្ឋខ្មែរក្រោមនេះ ដោយសារតែ កាលពីថ្ងៃទី ៥ ខែឧសភា អាជ្ញាធរវៀតណាមបានចុះទៅរឹបអូសយកដីជាង ៣.០០០ ធ្វើជាកម្មសិទ្ធិរបស់រដ្ឋ ពីពលរដ្ឋខ្មែរក្រោមចំនួន ១៤៥ គ្រួសារកំពុងប្រើប្រាស់ បណ្ដាលឱ្យពលរដ្ឋខ្មែរក្រោមជាង ១០ នាក់រងបួសធ្ងន់និងស្រាល ។ ពលរដ្ឋខ្មែរក្រោមឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះតាំងពីអំឡុងឆ្នាំ ១៩៧៣ មកម៉្លេះ ប៉ុន្តែអាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ។
អគ្គលេខាធិការសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោក សឺន ជុំជួន ដែលតាមដានដំណើររឿងនេះ ឱ្យអាស៊ីសេរីដឹងថា ក្រុមលោកកំពុងជជែករកវិធីសាស្ត្រទាមទារទៅរដ្ឋាភិបាលវៀតណាម ឱ្យដោះលែងពលរដ្ឋខ្មែរក្រោម កំពុងជាប់ឃុំ និងទាមទារឱ្យទៅរដ្ឋាភិបាលវៀតណាម ប្រគល់ដីមានជម្លោះមកឱ្យពលរដ្ឋខ្មែរក្រោមគ្រប់គ្រង និងអាស្រ័យផល៖ «ផែនការហ្នឹងអាចចេញជាសេចក្ដីថ្លែងការណ៍ផង អាចមានជាញត្តិស្នើទៅរដ្ឋាភិបាលវៀតណាមផង យើងរៀបចំជារបាយការណ៍សង្ខេបមួយ ដែលទាក់ទង នឹងស្ថានភាពបច្ចុប្បន្ន» ។
រីឯប្រធានអន្តរសាសនា សហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខ្មែរក្រោម ប្រទេសកាណាដា ព្រះតេជព្រះគុណ ធីធី ធម្មោ ថ្កោលទោសអាជ្ញាធរវៀតណាម ដែលចាប់ខ្លួនពលរដ្ឋខ្មែរបែបនេះ ។ ព្រះតេជព្រះគុណ ជំរុញទៅមន្ត្រីសង្ឃក្នុងខេត្តក្រមួនស និងទឹកដីកម្ពុជាក្រោម គួរធ្វើអន្តរាគមន៍ទៅអាជ្ញាធរវៀតណាម ឱ្យដោះលែងពលរដ្ឋខ្មែរក្រោមរូបនោះ ដោយព្រះអង្គយល់ថា មន្ត្រីសង្ឃមានឥទ្ធិពលក្នុងជជែកជាមួយអាជ្ញាធរវៀតណាម៖ «គណៈសង្ឃ ឬមន្ត្រីសង្ឃប្រចាំខេត្តមានអំណាចសមគួរណាស់បើយើងគិតទៅអំណាចហ្នឹង អាចជួយសម្រួលក្នុងករណីអីម៉្យាង ឬអាចអន្តរាគមន៍បានទៀតនៅក្នុងរឿងហ្នឹង» ។
ទាក់ទងករណីបណ្ដេញចេញនេះ ស្ថានទូតវៀតណាម ប្រចាំទីក្រុងភ្នំពេញ មិនទាន់ឆ្លើយតបសំណួរ អាស៊ីនៅឡើយទេ នៅថ្ងៃទី ៩ មិថុនានេះ ។
ព្រះតេជព្រះគុណ ធីធី ធម្មោ ព្រមានថា បើអាជ្ញាធរវៀតណាម មិនដោះលែងលោក វិន វ៉ាងដៀប នោះទេ អង្គការព្រះអង្គ នឹងប្ដឹងទៅអង្គការសិទ្ធិមនុស្សអន្តរជាតិឱ្យដឹងលឺ ឬធ្វើអន្តរាគមន៍ពីករណីនេះ ។ សមាគមខ្មែរកម្ពុជាក្រោម សង្កេតឃើញនៅរយៈពេលចុងក្រោយនេះ អាជ្ញាធរវៀតណាម បានធ្វើទុក្ខបុកម្នេញលើពលរដ្ឋកម្ពុជាក្រោមជាបន្តបន្ទាប់ ដូចជាការចោទប្រកាន់ថា ករណីបង្ហោះព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គមហ្វេសប៊ុក និងការបណ្ដេញពលរដ្ឋខ្មែរក្រោម ចេញពីដីធ្លីដោយហិង្សា ដែលនេះជាការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម ជាជនជាតិដើម ផ្ទុយទៅ នឹងគោលការណ៍សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ៕