ខ្មែរក្រោម គ្រោងប្ដឹងអង្គការសិទ្ធិមនុស្ស រឿងវៀតណាមរំលោភសិទ្ធិ

0 117

ដោយ ទីន ហ្សាការីយ៉ា l RFA

ចាងហ្វាងកាសែតព្រៃនគរ លោក លី ឈួន លើកបង្ហាញលិខិតឆ្លងដែនរបស់លោកដល់ អ្នកកាសែត នៅក្នុងសន្និសីទកាសែតកាលពី ថ្ងៃទី២១ មេសា ឆ្នាំ២០១៣ ។ RFA
ចាងហ្វាងកាសែតព្រៃនគរ លោក លី ឈួន
លើកបង្ហាញលិខិតឆ្លងដែនរបស់លោកដល់
អ្នកកាសែត នៅក្នុងសន្និសីទកាសែតកាលពី
ថ្ងៃទី២១ មេសា ឆ្នាំ២០១៣ ។ RFA

សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​ដាក់​លិខិត​ទៅ​អង្គការ សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ពិសេស​ដាក់​ទៅ​ ការិយាល័យ​ឧត្ដមស្នងការ ​អង្គការ​សហប្រជាជាតិ​ទទួល​ បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា ​រំលោភ​សិទ្ធិ​ដើរ​ហើរ​របស់​បង​ប្អូន​ខ្មែរ​ក្រោម ដែល​កំពុង​ រង​ការ​​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ដែល​មានតី​តាំង​នៅ​ស្រុក​ខ្មែរ បាន​បញ្ចេញ​របាយការណ៍​ មួយ​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម និង​ព្រះសង្ឃ​ជាង ៣០​នាក់ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន និង ​រារាំង​មិន​ឲ្យ​ចូល​ទៅ​លេង​នៅ​ស្រុក​កំណើត​នៅ​ទឹក​ដី ​កម្ពុជា​ក្រោម គិត​ពី​ឆ្នាំ​២០១០ មក​ដល់​ឆ្នាំ ​២០១៣។

ការ​បញ្ចេញ​របាយការណ៍​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​២១ មេសា ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ។ ថ្លែង​ក្នុង​សន្និសីទ​នោះ ចាងហ្វាង​កាសែត​ព្រៃនគរ លោក លី ឈួន ដែល​ត្រូវ​វៀតណាម ហាម​មិន​ឲ្យ​ចូល​​ទៅ​លេង​ស្រុក​កំណើត​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែរ​នោះ មាន​ប្រសាសន៍​ថា លោក​ដាក់​ពាក្យ​បណ្ដឹង​ស្ដីពី​ការ​អាជ្ញាធរ​វៀតណាម មាន​ការ​រើស​អើង និង​រំលោភ​សិទ្ធិ​ដើរ​ហើរ​របស់​លោក​ទៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម​ឥត​ឈប់​ឈរ​នេះ។

លោក​បាន​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​១២ មេសា នៅ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ លោក​និង​ប្រពន្ធ​កូន​បាន​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​អាជ្ញាធរ​វៀតណាម នៅ​ច្រក​ព្រំដែន​ទិនបៀង (Tinh Bien) បាន​ចាប់​លោក និង​ប្រពន្ធ​កូន​របស់​លោក​ឃុំ​ខ្លួន​ចំនួន ៤៨​ម៉ោង រួច​បាន​បញ្ជូន​ក្រុម​គ្រូសារ​លោក​ឲ្យ​វិល​មក​កម្ពុជា​វិញ ដោយ​គ្មាន​មូលហេតុ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម និង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ទៀត ដែល​ធ្លាប់​បាន​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន និង​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​ប្រទេស​វៀតណាម ដោយ​គេ​បាន​លើក​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​ព្រះចៅ​អធិការ​វត្ត​មួយ​ចំនួន​ដែល​អាជ្ញាធរ​វៀតណាម ចង់​ចាប់​ផ្សឹក រួម​មាន ព្រះតេជព្រះគុណ លី ចិន្ដា និង​ព្រះសង្ឃ​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​នេះ គឺ​អាជ្ញាធរ​វៀតណាម បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ឲ្យ​ធ្វើ​គិញ​សម្ងាត់​ស៊ើប​អង្កេត​ឲ្យ​វៀតណាម ជា​ដើម។

ព្រះចៅ​អធិការ​វត្ត​សាមគ្គីរង្សី ព្រះតេជព្រះគុណ សៀង សុវណ្ណរ៉ា និង​ជា​អនុ​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​ក្រោម មាន​ថេរដីកា​ថា កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះអង្គ​បាន​និមន្ត​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន​នៅ​កម្ពុជា​ក្រោម ដើម្បី​សួរ​សុខទុក្ខ​ញាតិញោម​នៅ​ទី​នោះ។ ព្រះតេជព្រះគុណ​បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម បាន​ដក​យក​លិខិត​ឆ្លង​ដែន​នៅ​ព្រំដែន ហើយ​ព្រះអង្គ​ធ្វើ​ការ​តវ៉ា​ខ្លាំង​ទើប​អាជ្ញាធរ​ប្រគល់​លិខិត​ឆ្លង​ដែន​ឲ្យ​វិញ។ នៅ​ពេល​ព្រះអង្គ​និមន្ត​ទៅ​ដល់​ស្រុក​កំណើត​មួយ​ថ្ងៃ សមត្ថកិច្ច​វៀតណាម ប្រមាណ ១០​នាក់ បាន​មក​និមន្ត​ព្រះអង្គ​ឲ្យ​ទៅ​ជួប​នៅ​ផ្ទះ​របស់​មន្ត្រី​វៀតណាម ដែល​ស្ថិត​ឃុំ​ហ្វាដុង ខែត្រ​ឃ្លាំង។ អាជ្ញាធរ​វៀតណាម បង្ខំ​ឲ្យ​ព្រះតេជព្រះគុណ​ឆ្លើយ​ប្រាប់​អំពី​សកម្មភាព​របស់​អង្គការ សមាគម​នៅ​កម្ពុជា បាន​ធ្វើ​អ្វី​ខ្លះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ឡេ មិញង៉ុក (Le Minh Ngoc) ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា។

បន្ថែម​ពី​លើ​នេះ​ទៀត អង្គការ​សមាគម​ខ្មែរ​ក្រោម​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម ត្រូវ​តែ​បញ្ឈប់​សកម្មភាព​គំរាមកំហែង​ដល់​ខ្មែរ​ក្រោម​ជា​បន្ទាន់។ អាជ្ញាធរ​វៀតណាម ត្រូវ​តែ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ថា​ជា​ជន​ជាតិ​ដើម និង​ត្រូវ​បញ្ឈប់​ការ​នាំ​ខ្លួន ឬ​ការ​ចាប់​ខ្លួន​ខ្មែរ​ក្រោម​យក​ទៅ​សួរ​ចម្លើយ​នៅ​ប៉ុស្តិ៍​នគរបាល នៅ​ពេល​ពួកគាត់​ចេញ​ចូល​មក​កម្ពុជា​ម្ដងៗ និង​ត្រូវ​តែ​បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​ដើរហើរ​របស់​ខ្មែរ​ក្រោម​ឲ្យ​ស្រប​ទៅ​តាម​សេចក្ដី​ប្រកាស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម។

សេចក្ដី​ប្រកាស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម​នេះ ជនជាតិ​ដើម​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដូច​ប្រជាពលរដ្ឋ​ទូទៅ ព្រម​ទាំង​មាន​សិទ្ធិ​រួច​ផុត​ពី​ការ​រើស​អើង​គ្រប់​រូបភាព​ក្នុង​ការ​អនុវត្ត​សិទ្ធិ​ជា​ពិសេស ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ដើម​កំណើត ឬ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ជន​ជាតិ​ដើម ៕

Leave A Reply

Your email address will not be published.