ពលរដ្ឋខ្មែរក្រោមនៅអាមេរិកបាតុកម្មទាមទារឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម
ពលរដ្ឋខ្មែរក្រោម នៅអាមេរិកបានធ្វើបាតុកម្ម នៅថ្ងៃច័ន្ទ ទី ១៥ ខែកុម្ភៈ ម្សិលមិញ នេះ ប្រឆាំងនឹង រដ្ឋាភិបាលវៀតណាម ក្នុងខណៈដែលមេដឹកនាំរបស់គេមកចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីទាមទារមានការគោរពសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម នៅក្នុងដែនដីកម្ពុជាក្រោម ។ ក្រុមបាតុករខ្មែរក្រោមបានលើកទង់ជាតិរបស់ខ្លួនចម្រុះជាមួយនឹងទង់ជាតិ លាវ និងយួនសេរីដែលមានមូលដ្ឋាននៅក្រៅប្រទេស ទង់ជាតិខ្មែរ និងទង់ទង់ប្រទេសមួយចំនួន ទៀតដែលក្រុមបាតុករទៅចូលរួមបាតុកម្មទាមទារឲ្យមានផ្លាស់ប្ដូរនៅប្រទេសរបស់ពួកគេ ។

បាតុកម្មនេះរៀបចំនៅពីមុខរមនីយដ្ឋានលំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងស្វាគមន៍មេដឹកនាំប្រទេសទាំង ១០នៅក្នុងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ឬ អាស៊ាន ។
កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅរមនីយដ្ឋាន Sunnylands ដែលមានរយៈពេលពីរថ្ងៃ គឺពីថ្ងៃច័ន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងផ្តោតជាសំខាន់លើបញ្ហាពាណិជ្ជកម្ម សមុទ្រចិនខាងត្បូង និងការប្រឆាំងភេរវកម្ម ។
នៅមុនកិច្ចប្រជុំចាប់ផ្តើម ក្រុមអង្គការសិទ្ធិមនុស្ស ក៏ដូចជាអ្នកតំណាងរាស្ត្រអាស៊ានមួយចំនួនបានទទូចឱ្យសហរដ្ឋអាមេរិក លើកយកបញ្ហាសិទ្ធិមនុស្សមកជជែកជាមួយនឹងមេដឹកនាំអាស៊ានទាំងនោះ ផងដែរ ។
ខណៈដែលពលរដ្ឋខ្មែរក្រោមធ្វើបាតុកម្មនោះ ក៏មាន ពលរដ្ឋខ្មែរអាមេរិកាំង ក្រុមជនជាតិថៃ លាវ និងជនជាតិយួន បានធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំរបស់ខ្លួនផងដែរ ។ ពួកគេតវ៉ាប្រឆាំង និងការរំលោភសិទ្ធិមនុស្ស ។ ជាមួយគ្នានោះ ក៏មានអ្នកតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហា សមុទ្រប៉ាស៊ីហ្វិក (TPP) ដែលរដ្ឋបាល លោក អូបាម៉ា កំពុងជំរុញ ។
រដ្ឋាភិបាលវៀតណាម ត្រូវសហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ធ្វើសេច ក្ដីរាយការណ៍ជាបន្តបន្ទាប់ថា មានការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោមជាទម្ងន់ ។ សព្វថ្ងៃ ព្រះសង្ឃខ្មែរក្រោមពីរនៅខេត្តឃ្លាំង គឺ ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន កំពុងតែជាប់ពន្ធនាគារនៅឡើយ បន្ទាប់ពីអាជ្ញាធរយួនបានចាប់ផ្សឹកនឹងដាក់ពន្ធនាគារកាលពីឆ្នាំ ២០១៣ មក ៕
Read more at voguebabe.com
Comments are closed.