ខ្មែរក្រោម រំឭកពីការដាក់ញត្តិរបស់ខ្លួនឡើងវិញ ខណៈអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ ថ្ងៃ
ដោយ ស៊ឺន ចែងចើន| VOKK
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ កក្កដា ខាងមុខ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះផ្សព្វផ្សាយ កាលពីថ្ងៃទី ១៦ កក្កដា ២០១៧ ។

អង្គការ-សមាគមខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅប្រទេសកម្ពុជា កាលពីថ្ងៃទី ៥ មិថុនា ២០១៧ បានដាក់ញត្តិម្តងរួចហើយទៅរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងការបរទេសកម្ពុជា ក្នុងឱកាសពលរដ្ឋខ្មែរក្រោម នៅទូទាំងពិភពលោកប្រារព្វទិវា ៤ មិថុនា ដែលជាខួប ៦៨ ឆ្នាំ នៃថ្ងៃបារាំងបានកាត់ដែនដីកម្ពុជាក្រោម ទៅឲ្យយួនធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។
ទាក់ទិនបញ្ហានេះ នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាប្រធានលេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម ដឹងថា គិតមកដល់ថ្ងៃទី ១៩ កក្កដានេះ ខាងលោកនៅមិនទាន់ទទួលបានការឆ្លើយតបបែបណាទេ ពីក្រសួងការបរទេសកម្ពុជា ។
ក្នុងខ្លឹមសារនៃញត្តិនោះ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម បានស្នើសុំឲ្យរដ្ឋាភិបាលវៀតណាម ត្រូវតែបញ្ឈប់នូវរាល់ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ។ សុំឲ្យរដ្ឋាភិបាលវៀតណាម ត្រូវតែបញ្ឈប់រាល់ការរឹតត្បិតអំពីការសិក្សាអប់រំ ដូចជាការហាមប្រាមមិនឲ្យសិក្សាអំពីភូមិសាស្ត្រ ប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម។ សុំឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់រាល់ការរឹមអូស ឬដកហូតដីធ្លី និងបញ្ហាផ្សេងៗ ទៀត ។
នេះមិនមែនជាលើកទីមួយទេ ដែលយើងបានផ្ញើទៅរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ ប៉ុន្តែហាក់ដូចជាមិនមានការឆ្លើយតបជាផ្លូវការណាមួយ ពីរដ្ឋាភិបាលវៀតណាម ។ យើងខ្ញុំសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់ឯកឧត្តមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ចាប់ពីថ្ងៃទី ២០ ដល់ ២២ កក្កដា នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងលើកយកបញ្ហារបស់ខ្មែរនៅកម្ពុជាក្រោម ដើម្បីស្នើរកដំណោះស្រាយ ។ នេះជាការលើកឡើងរបស់លោក សឺង ជុំជួន ។
ដោយអស់ជំនឿមកលើស្ថាប័នក្រសួងការបរទេសខ្មែរ លោក ស៊ឺន ជុំជួន លើកឡើងថា «យើង នឹងធ្វើយុទ្ធនាការផ្សព្វផ្សាយញត្តិ តាមបណ្តាញព័ត៌មានសង្គមវិញ»
សូមបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក ង្វៀន ភូត្រុង នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រមទាំងលោក ហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ក្រៅពីនេះ លោក សាយ ឈុំ និងលោក ង្វៀន ភូត្រុង ក៏ នឹងចូលរួមជាអធិបតីក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុ ផងដែរ ។
ក្នុងពេលជាមួយគ្នានៃដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម មកកម្ពុជាលើកនេះ វិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកញត្តិ ដែលបានដាក់ទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី ៥ មិថុនា ២០១៧ មកផ្សាយឡើងវិញ ៖
Comments are closed.