ខ្មែរក្រោម​ប្រតិកម្ម ​នឹង​វៀតណាម ដែល​កាឡៃ​ប្រវត្តិ​ប្រណាំងទូក ង នៅ​កម្ពុជា​ក្រោម​

0 1,077

ដោយ ស៊ឺន ចែងចើន

​សៀវភៅ​ភាសា​ខ្មែរ​ថ្នាក់​ទី ៤ ដែល​បាន​បោះពុម្ព​ដោយ​ក្រសួង​អប់រំ នៃ​រដ្ឋាភិបាល​វៀតណាម កាលពីពេល​ថ្មីៗ បាន​កាឡៃ​ប្រវត្តិ​ពិធី​ប្រណាំងទូក ង នៅ​កម្ពុជា​ក្រោម ។ នៅក្នុង​ឱកាស បុណ្យ​អកអំបុក ឆ្នាំ ២០២០ ដែល​រៀបចំ​នៅក្នុង​ខែកត្តិក ត្រូវ​ នឹងខែតុលា កន្លងទៅនេះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ជាច្រើន បាន​ប្រតិកម្ម​ចំពោះ​ការ​កាឡៃ​នេះ ដោយ​ពួកគេ​លើកឡើងថា ខ្លឹមសារ​នៃ​អត្ថបទ​នៅក្នុង​សៀវភៅ​នេះ​ថា ជាការ​បំផ្លើស​ពី​ការពិត​ទាំងស្រុង និង​ថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​គោលបំណង​លុបបំបាត់​វប្បធម៌ និង​អត្តសញ្ញាណ​របស់​ខ្មែរ នៅ​កម្ពុជា​ក្រោម ។​

​សៀវភៅ​ភាសា​ខ្មែរ​ថ្នាក់​ទី ៤ ដែល​បាន​បោះពុម្ព​ដោយ​ក្រសួង​អប់រំ នៃ​រដ្ឋាភិបាល​វៀតណាម ។ រូបៈ Facebook
​សៀវភៅ​ភាសា​ខ្មែរ​ថ្នាក់​ទី ៤ ដែល​បាន​បោះពុម្ព​ដោយ​ក្រសួង​អប់រំ នៃ​រដ្ឋាភិបាល​វៀតណាម ។ រូបៈ Facebook

​ពលរដ្ឋ​ខ្មែរ​ នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុង​រស់​ក្រោម​ការត្រួតត្រា​របស់​ប្រទេស​វៀតណាម ទើបតែ​បាននាំគ្នា​ប្រារព្វ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដូច​ពលរដ្ឋ​ខ្មែរ នៅ​កម្ពុជា​ដែរ កាលពី​ថ្ងៃទី ៣០ និង​ថ្ងៃទី ៣១ ខែតុលា សប្តាហ៍​កន្លងទៅនេះ ។ ពិធីបុណ្យ​នេះ ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម ប្រារព្វ​ឡើងជា​រាល់​ឆ្នាំ និង​ចាត់ទុកថា​ជា​បុណ្យប្រពៃណី​វប្បធម៌​ជាតិដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​សំខាន់ៗ ជាច្រើន​ទៀត បើទោះជា​ពិធីបុណ្យ​អុំទូក នៅ​កម្ពុជា​ក្រោម ត្រូវបាន​រៀបចំ និង​ចាត់ចែង ដោយ​រដ្ឋ​ភិ​បាល​វៀតណាម​ក្ដី ។ ពិធីបុណ្យ​អុំទូក​ដែល​ពលរដ្ឋ​ខ្មែរក្រោម តែង​ប្រារព្វ​ជា​រៀងរាល់ឆ្នាំ​នោះ ធ្វើឡើង នៅក្នុង​ខេត្ត​ធំៗ ចំនួន​ពីរ គឺ ឃ្លាំង និង​ខេត្ត​ព្រះ​ត្រពាំង ។ ក្រៅពីនេះ នៅតាម​ខេត្ត​នានា ក៏មាន​ពិធី​ប្រណាំងទូក ង ដាច់ដោយឡែក​របស់ខ្លួន​ផងដែរ ។​

​អត្ថបទ​ហាត់​អាន​មួយ ​នៅក្នុង​សៀវភៅ «​ភាសា​ខ្មែរ​ថ្នាក់​ទី ៤» មាន​ចំណងជើង​ថា «​ប្រវត្តិ​ប្រណាំងទូក ង​» បានសរសេរថា​៖ «​ថ្ងៃមួយ ជិត​ដល់ពេល​ចង្ហាន់​ថ្ងៃត្រង់ តាម​ជ្លូវ​វិល​មកពី​បិណ្ឌបាត ស្រាប់​តែមាន​ភ្លៀង​ធំ​ខ្យល់​ខ្លាំង ទឹក​ជន់​លិចលង់ ។ ព្រះសង្ឃ​គ្រប់​អង្គ ពុំ​អាច​វិល​មក​ទាន់​ចង្ហាន់​ពេល​ថ្ងៃត្រង់ ។ ឃើញ​ដូច្នោះ ពុទ្ធបរិស័ទ​ក្នុងភូមិ ប្រណាំង​គ្នា​កាប់​ឈើ​ធ្វើ​ក្បូន ដើម្បី ជូន​ព្រះសង្ឃ​វិល​ទៅ​វត្ត ឲ្យ​ទាន់​ចង្ហាន់​ថ្ងៃត្រង់ ។ ទឹក​កាន់តែ​ជន់​ជោរ​ឥត​បង្អង់ ការធ្វើ​ក្បូន​ក៏​កាន់តែ​ប្រញាប់ប្រញាល់​ជាបន្ទាន់ ។ គេ​ទាំងឡាយ ប្រណាំងប្រជែង​គ្នា​ធ្វើ​ក្បូន​អុំ​យ៉ាង​ចំណាន នាំ​ព្រះសង្ឃ​ទៅ​វ​ត្គ​បាន​ទាន់ពេល​» ។​

​អត្ថបទ​ដដែល បាន​បន្ត​ដោយ​គូសបញ្ជាក់ថា «​ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​បាន​ជូន​ព្រះសង្ឃ​ឆ្លង​ផុតពី​ភ្លៀង​ធំ ខ្យល់​ខ្លាំង ទៅដល់​វត្ត​ដោយ​សុវត្ថិភាព​នោះ រៀងរាល់ឆ្នាំ ប្រជាជន​ខ្មែរ តែង​ចាត់តាំង​ពិធី​ប្រណាំងទូក​តាម​ដង​ទន្លេ ជា​រៀងរហូត» ។​

​អត្ថបទ​ដដែល បាន​សរសេរ​បញ្ចប់​យ៉ាងខ្លី​ថា «​អំណើះ​តៗ មក បណ្តា​ទូក ក្បូន​ចម្លង​ទាំងនោះ បាន​កែលម្អ​ជា​សន្សឹមៗ មាន​រូបរាង​វែង​ស្តួច សណ្ឋាន​ដូច​ពស់ គេ​ហៅថា “​ទូក ង​” » ។​

​ពលរដ្ឋ​ខ្មែរក្រោម ជាពិសេស​ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម បាននាំគ្នា​ចែករំលែក​អត្ថបទ​នោះ​តៗ គ្នា នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) និង​បញ្ចេញមតិ​ប្រហាក់ប្រហែលគ្នា​ថា ពួកគេ​មិនអាច​ទទួលយក​បានឡើយ ចំពោះ​ការ​បំផ្លើស​ព័ត៌មាន​បែបនេះ ។ អ្នកខ្លះ​លើកឡើង ដោយ​សម្ដែង​ការមិន​ពេញចិត្ត និង​សោកស្ដាយ ចំពោះ​អ្នកសរសេរ​អត្ថបទ ដែល​គ្មាន​សំអាង​ហេតុផល​ច្បាស់លាស់ និង​មិនបាន​សិក្សា​ស្រាវជ្រាវ​រក​ឯកសារ​ជា​ភ័ស្តុតាង​ពាក់ព័ន្ធ​ទៅ នឹង​អត្ថបទ​របស់ខ្លួន ។

សៀវភៅ​ភាសា​ខ្មែរ​ថ្នាក់​ទី ៤ ដែល​បាន​បោះពុម្ព​ដោយ​ក្រសួង​អប់រំ នៃ​រដ្ឋាភិបាល​វៀតណាម ។ រូបៈ Facebook
សៀវភៅ​ភាសា​ខ្មែរ​ថ្នាក់​ទី ៤ ដែល​បាន​បោះពុម្ព​ដោយ​ក្រសួង​អប់រំ នៃ​រដ្ឋាភិបាល​វៀតណាម ។ រូបៈ Facebook

​ទាក់ទង នឹង​បញ្ហា​នេះដែរ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា លោក តាំង សារៈ លើកឡើងថា ប្រការ​សំខាន់ ដែល​វៀតណាម មិន​ហ៊ាន​សរសេរ​ប្រវត្តិ​ពិត​នៃ​ពិធីបុណ្យ​អុំទូក ដែល​មានចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ និង​មាន​នៅតាម​សិលាចារឹក នៃ​ប្រាសាទ​អង្គរ​នោះ ដោយសារតែ វៀតណាម​ខ្លាច​កូនចៅ​ខ្មែរក្រោម ជំនាន់​ក្រោយ​ដឹង​ការពិត អំពី​បញ្ហា​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​កម្ពុជា​ក្រោម ។ ជាក់ស្តែង​ពិធីបុណ្យ​ប្រណាំងទូក​របស់​ខ្មែរ គឺមាន​ប្រវត្តិ​នៃ​កំណើត​មកពី​ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ។ ដូច្នេះ វៀតណាម​ព្យាយាម​លុបបំបាត់​កេរដំណែល​វប្បធម៌​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់​ទុកជា​ប្រវត្តិសាស្ត្រ ដល់​សព្វថ្ងៃនេះ បើទោះជា​ពួកគេ​ដឹងថា ដែនដី​កម្ពុជា​ក្រោម កាលពីមុន​ជា​ទឹកដី​របស់​ប្រទេស​កម្ពុជា​ក៏ដោយ ពួកគេ​នៅតែ​ព្យាយាម​លាក់បាំង​បញ្ហា​នេះ ដោយ​ចង់​បំបាត់ដាន​ប្រវត្តិសាស្ត្រ និង​បង្ហាញ​ឲ្យ​ក្មេងជំនាន់ក្រោយ​ឲ្យ​យល់ថា ទឹកដី​កម្ពុជា​ក្រោម ជា​ដី​ភូមិសាស្ត្រ​របស់​វៀតណាម ។​

​លោក តាំង សារៈ «​គាត់​មិនអាច​សរសេរ​ប្រវត្តិ​ពិត​នៃ​ពិធីបុណ្យ​អុំទូក​នោះបានទេ ពីព្រោះ​គាត់​កំពុងតែ​បំបាត់ដាន កុំ​ឲ្យ​គេ​ដឹងថា ដែនដី​កម្ពុជា​ក្រោម គឺជា​អតីត​ទឹកដី​មួយផ្នែក​នៃ​អាណាចក្រ​ខ្មែរ ។ អ៊ីចឹង បើកាលណា​សរសេរ ពី​ប្រវត្តិ​នៃ​ពី​ធី​បុណ្យអុំទូក ឲ្យ​ត្រឹមត្រូវ​តាម​ប្រវត្តិ​ដើម គឺ​វា នឹង​បញ្ចាក់​យ៉ាងច្បាស់​ថា ដែនដី​កម្ពុជា​ក្រោម ជា​ដែនដី​ន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​អ​តី​តៈ​កាល​» ។​

​លោក តាំង សារៈ បាន​ឲ្យ​ដឹង​បន្ថែមថា រដ្ឋ​អំ​ណាក​កុ​ម្មុយ​និ​ស្ត​វៀតណាម ជារឿយៗ តែងតែ​ប្រើ​គ្រប់​ឧបាយកល់ ដើម្បី​បន្សាប​ពី​ធី​បុណ្យប្រពៃណី​របស់​ខ្មែរក្រោម​បន្តិច​ម្តងៗ ក៏ប៉ុន្តែ​មិនអាច​ធ្វើ​ទៅរួច​បានឡើយ ដោយសារតែ​បុណ្យអុំទូក គឺ​ពិធីបុណ្យ​មួយ ដែល​ជាប់​ទាក់​ទង់ នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ ដូច្នេះហើយ ពលរដ្ឋ​ខ្មែរក្រោម​ឲ្យ​តែ​ដល់​រដូវ​កាល​នៃ​ពី​ធី​បុណ្យ គឺ​ប្រារព្ធ​ឡើង​នូវ​ពិធី​ប្រពៃណី​នេះ មិនដែល​អាក់ខាន​ឆ្នាំ​ណា​ម្តង​ឡើយ ។ ជាក់ស្តែង​ពិធីបុណ្យ​អុំទូក​នៅ​កម្ពុជា​ក្រោម ដែល​ពីមុនមក​ពលរ​ដ្ឋ​ខ្មែរក្រោម​តែង​រៀបចំ​កម្មវិធី​ដោយ​ខ្លួនឯង តែ​ដោយ​វៀតណាម​មិនអាច​បំបាត់​ពី​ធី​នេះ​បាន ទើប​អាជ្ញាធរ​វៀតណាម សម្រេច​ចាត់ចែង​កម្មវិធី​ប្រណាំង​ទូកង តាំងពី​ឆ្នាំ ២០០៦ មក ។

​គួរ​ជម្រាបជូន​ថា ពិធីបុណ្យ​អុំទូក ឬ​ប្រណាំងទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ មក​ម្លេះ ។ យោងតាម​សៀវភៅ​ជ័យ​វរ្ម័នទី ៧ នៅក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​ចងក្រង​ថា ក្នុងអំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា អស់​រយៈពេល​ប្រមាណ ៤ ឆ្នាំ ។ គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ ១១៨១ និង​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត ។

រូបថតគំនូរដំបូងបំផុត ដែលអាណាចក្រខ្មែរ ប្រារព្វព្រះរាជពិធីបុណ្យអុំទូកជាផ្លូវការ នៅឆ្នាំ ១៨៧៣ ។ រូបៈ Facebook
រូបថតគំនូរដំបូងបំផុត ដែលអាណាចក្រខ្មែរ ប្រារព្វព្រះរាជពិធីបុណ្យអុំទូកជាផ្លូវការ នៅឆ្នាំ ១៨៧៣ ។ រូបៈ Facebook

​ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​កម្ពុជា​ក្រោម ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រំឭក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី ឲ្យ​រួច​ផុតពី​ការជិះជាន់​របស់​ពួក​ចាម ដែលជា​ខ្មាំងសត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ ។​

​ចំណែក​ឯកសារ​ល្បែង​ប្រណាំងទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ ដែល​និពន្ធ​ដោយ​លោក ថាច់ ប៉ែន ហៅ ប៉ាង ជា​អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង​ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម បាន​ចែងថា សម័យ​លង្វែក ព​.​ស ២០៧១ គ​.​ស ១៥២៨ ព្រះបាទ​អង្គចន្ទ​ទី ១ ទ្រង់​តាំង​ពញា​តាត ងារ​ជា​ស្និទ្ធ​ភូ​បា ជា​ស្ដេច​ក្រាញ់ នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់ ។ ស្ដេច​ក្រាញ់​នេះ បាន​ចាត់​របៀប​រៀបចំ​ការពា​រ​ស្រុក​ឲ្យ​មាន​ទាហានជើងទឹក​ចែកជា ៣ ក្រុម ។ ក្រុមទី ១ ហៅ​ទ័ពស្រួច ហាត់​ច្បាំង និង​ទូក​ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​សព្វថ្ងៃ ។ ក្រុមទី ២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​សព្វថ្ងៃ ។ ហើយ​ក្រុមទី ៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​មាន​ទ្រង់ទ្រាយ ដូចជា​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ តែ​រាង​ស្ដួច​វែង​មាន​ដំបូល​តែមួយ​កាត់​ខាងមុខ ឥត​ជញ្ជាំង ជា​ទូក​ដាក់​ស្បៀងអាហារ​សម្រាប់​កងទ័ព ។​

​របៀប​ហាត់​ចំបាំង​តាម​ទំនៀមទម្លាប់​ស្តេចត្រាញ់ កម្ពុជា​ក្រោម ស្តេច​លើ​មន្ត្រី ៤ ទិស (​ចតុស្តម្ភ​) ដែល​នៅក្រោម​ឱវាទ​លោក​ស្និទ្ធ​ភូ​បា​ស្តេចត្រាញ់​គ្រប់ជំពូក ដែល​ប​ញ្ញ​តិ​ច្បាប់​សម្រាប់​ស្រុក ។​ល​។ កំណត់​ថ្ងៃពេញបូណ៌មី ខែ​ក​ត្តិ​ត​រដូវ​អកអំបុក​នោះ មន្ត្រី​ទាំង ៤ ទិស ត្រូវ​កេណ្ឌ​ទាហានជើងទឹក ទាំង​ជើងគោក​សមយុទ្ធ​មួយថ្ងៃ​មួយ​យប់​រាល់​ឆ្នាំ ។ ចំណែក​ទាហានជើងទឹក​ឲ្យ​ទៅ​ប្រឡង​ឫទ្ធិ​ឯ​ទន្លេ​ពាម​កន្ថោ ក្នុង​ខេត្ត​ឃ្លាំង ដ្បិត​ទីនោះ​ជាទី​ប្រជុំ​ទឹក​គ្រប់​ខេត្ត និង​ទៅមក​បាន​ស្រួល ។​

​តាមរយៈ​ប្រភព​ឯកសារ​ទាំងពីរ​នេះ បាន​សន្និដ្ឋានថា ប្រទេស​កម្ពុជា សម័យបុរាណ​ជា​ប្រទេស​មាន​កងទ័ពជើងទឹក​យ៉ាងខ្លាំង​ពូកែ និង​មាន​ពិធី​ហ្វឹកហ្វឺន ពិធី​សមយុទ្ធ​កងទ័ព​នេះ ហើយ​អាចសន្និដ្ឋាន​ទៀតថា ប្រទេស​កម្ពុជា ធ្វើ​ពិធី​នេះ​រៀង​រហូតមក គឺជា​ប់​តំណ​មកពី​សម័យ​សមយុទ្ធ​ក្នុងសម័យ​បុរាណ​នេះឯង ទើប​មានការ​ប្រកួត​ប្រណាំងទូក​ង​ជាប់​មកដល់​សព្វថ្ងៃនេះ ។​

ចម្លាក់រឿងចម្បាំងទាក់ទង នឹងព្រះរាជពិធីបុណ្យ អុំទូក ឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ រូបៈ Facebook
ចម្លាក់រឿងចម្បាំងទាក់ទង នឹងព្រះរាជពិធីបុណ្យ អុំទូក ឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ រូបៈ Facebook

​ពិធីបុណ្យ​អុំទូក គឺជា​ការ​អុំទូក​ប្រណាំង​គ្នា នៅលើ​ផ្ទៃ​នៃ​ទន្លេ​សាគរ រវាងទូក​ជាច្រើន​ដែល​បានមកពី​បណ្តា​ខេត្ត​ក្រុង​ផ្សេងៗ គ្នា ។ ចំណែកឯ​ក្បាច់​រចនាប័ទ្ម​នៃ​ក្បាលទូក​ត្រូវបាន​គេ​រចនា​ប្លែកៗ និង​ផ្សេងគ្នា ដែល​ទូក​ខ្លះ​ត្រូវបាន​គេ​រចនា​ជា​ទូក​សត្វ​មករ ទូក​នាគ​ក្បាល ៥ ទូក​គ្រុឌ ទូក​នាគ​ក្បាល​មួយ ទូក​រាជហង្ស ទូក​ក្បាលដំរី ទូក​ក្រពើ ទូក​ហនុមាន​ជិះ​យក្ស ទូក​សុវណ្ណ​មច្ឆា ជាដើម ។ ដែល​ប្រភេទ​ទូក​ទាំងនេះ ត្រូវបាន​គេ​ជឿថា ស្ថា​ប័​ត្យ​ករ​ខ្មែរ​បាន​ប្រើប្រាស់​ការ​រចនាប័ទ្ម ទៅតាម​ចម្លាក់​ក្នុង​ប្រាសាទបន្ទាយឆ្មា និង​ប្រាសាទបាយ័ន ។​

​សូមបញ្ជាក់​ផងដែរ​ថា ពិធីបុណ្យ​អុំទូក នៅ​កម្ពុជា​ក្រោម ប្រារព្ធ​ឡើង ដំណាលគ្នា​ជាមួយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ទន្លេចតុមុខ ប្រទេស​កម្ពុជា​ដែរ ។ ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក នៅ​កម្ពុជា​ក្រោម មាន ២ ទីតាំង គឺ​នៅ​ខេត្ត​ឃ្លាំង និង​ខេត្ត​ព្រះ​ត្រពាំង ។ ចំណែក​ខេត្ត​ខ្លះ មិនបាន​រៀបចំ​ប្រកួត​អុំ​ប្រណាំង​ទូកង​ទេ តែ​ពលរដ្ឋ​នៅក្នុង​ខេត្ត​ទាំងនោះ នាំគ្នា​ធ្វើដំណើរ​ទៅ​មើល​ការប្រណាំង​ទូក នៅ​ខេត្ត​ឃ្លាំង និង​ខេត្ត​ព្រះ​ត្រពាំង ។ រីឯ​លក្ខណៈពិសេស​រប​ស់ទូ​កង នៅ​កម្ពុជា​ក្រោម មាន​ភាពខុសប្លែក​ពី​ប្រទេស​កម្ពុជា គឺ​ការដាក់​ឈ្មោះ​ទូកង ។ នៅ​កម្ពុជា​ក្រោម ឈ្មោះ​ទូកង ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម​ប្រសិទ្ធិ​នាម ដោយ​យកតាម​ឈ្មោះ​នាម​វត្ត ឬ​ឈ្មោះ​ស្រុក (​និគម​) នីមួយៗ របស់​ពួកគេ ។ ខណៈ​ឈ្មោះ​ទូកង នៅ​កម្ពុជា​ភាគច្រើន​ត្រូវដាក់​ជា​ឈ្មោះ​មនុស្ស ឬ​ឈ្មោះ​ថ្នាក់ដឹកនាំ​ប្រទេស និង​អាចដាក់​ឈ្មោះ​ទូក ចំពោះ​អ្នកមាន​ធនធាន ដែល​បាន​ឧបត្ថម្ភ​ទូក​របស់​ពួកគេ​ផងដែរ ៕​

Leave A Reply

Your email address will not be published.