ខ្មែរក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ ត្រៀម​ជាស្រេច​ សម្រាប់​ពិធីបុណ្យ​អកអំបុក​ និង​ប្រណាំងទូក​-ង

0 297

ដោយ ស៊ឺន ចែងចើន

ពលរដ្ឋខ្មែរ​ក្រោម​ ត្រៀម​ប្រា​រព្វ​ពិធីបុណ្យ​អុំទូក​ ដូច​ពលរដ្ឋខ្មែរ​ នៅ​កម្ពុជា​ដែរ​ ។ ពិធីបុណ្យ​អុំទូក​ដែល​ពលរដ្ឋខ្មែរ​ក្រោម​ តែង​ប្រា​រព្វ​ជា​រៀងរាល់​ឆ្នាំ​នោះ​ នឹង​ធ្វើឡើង​ នៅក្នុង​ខេ​ត្ត​ធំៗ​ ចំនួន​ពីរ​ គឺ​ ឃ្លាំង​ និង​ខេត្ត​ព្រះត្រពាំង​ ។ ក្រៅពី​នេះ​ នៅ​តាម​ខេត្ត​នានា​ ក៏​មាន​ពិធី​ប្រណាំងទូក​ ង ដាច់ដោយឡែក​របស់​ខ្លួន​ផង​ដែរ​ ។

ពិធី​ប្រណាំងទូក​ ង នៅ​ដងទន្លេ​ម៉ាស់​ស្ប៉េ​រ៉ូ​ (Maspero​) ឬទន្លេបាសាក់​ ឋិតនៅ​ក្នុង​សង្កាត់​ទី​ ៨ ទីក្រុង​ឃ្លាំង​ កាលពីឆ្នាំ ២០១៨ ។​
ពិធី​ប្រណាំងទូក​ ង នៅ​ដងទន្លេ​ម៉ាស់​ស្ប៉េ​រ៉ូ​ (Maspero​) ឬទន្លេបាសាក់​ ឋិតនៅ​ក្នុង​សង្កាត់​ទី​ ៨ ទីក្រុង​ឃ្លាំង​ កាលពីឆ្នាំ ២០១៨ ។​

ពលរដ្ឋខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ដែល​កំពុង​រស់​ក្រោម​ការត្រួតត្រា​របស់​ប្រទេស​វៀតណាម​ នោះ​ បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ​ ដើម្បី​នាំ​គ្នា​ប្រា​រព្វ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះព្រះខែ​ និង​អកអំបុក​ ចាប់ពី​ថ្ងៃទី​ ១០​ ដល់​ថ្ងៃទី​ ១១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ។ ពិធីបុណ្យ​នេះ​ ត្រូវ​បាន​ពលរដ្ឋខ្មែរ​ក្រោម​ ប្រា​រព្វ​ឡើងជា​រាល់​ឆ្នាំ​ និង​ចាត់ទុកថា​ជា​បុណ្យប្រពៃណី​វប្បធម៌​ជាតិ​ដ៏​ធំ​មួយ​ ក្នុងចំណោម​ពិធីបុណ្យ​សំ​ខាន់​ៗ ជាច្រើន​ទៀត​ បើ​ទោះជា​ពិធីបុណ្យ​អុំទូក​ នៅ​កម្ពុជាក្រោម​ ត្រូវ​បាន​រៀបចំ​ និង​ចាត់ចែង​ ដោយ​រដ្ឋ​ភិបាល​វៀតណាម​ក្ដី​ ។

យោង​តាម​គេហទំព័រ​សារព័ត៌មាន​កឹង​ធើ​ (ព្រែកឫស្សី​) ផ្សាយ​ជា​ខេមរភាសា​ បាន​បញ្ជាក់​ថា​ ពិធីបុណ្យ​អុំទូក​នៅ​ខេត្ត​ឃ្លាំង​ និង​ខេត្ត​ព្រះត្រពាំង​ឆ្នាំនេះ​ ចាប់ពី​ថ្ងៃទី​ ៥ ខែវិច្ឆិកា​ទៅ​ នឹង​មាន​រៀបចំ​នូវ​កម្មវិធី​សំ​ខាន់​ៗ ​; ដូចជា​ ពិធី​សែន​ព្រះខែ​ ពិធី​ប្រណាំងទូក​-ង ល្បែង​ប្រជាប្រិយ​ បាល់ទះ​យុវជន​ខ្មែរ​ ផ្សារណាត់​តាំងពិព័រណ៍​ ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ ពិធី​ប្រឡង​បណ្តែត​លយប្រទីប​ សមោសរ​សិល្បៈ​មហាជន​ និង​ពិធី​ប្រឡង​បង្ហាញ​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ តាំងពិព័រណ៍​រូបភាព​សិល្បៈ​ ម្ហូបអាហារ​តាម​ដង​វិថី​ក្រុង​ តាំងពិព័រណ៍​ពី​ភូមិ​របរ​ប្រពៃណី​ខ្មែរ​ បង្ហាញ​ពី​សកម្មភាព​ដាល់អំបុក​ ដាក់​បង្ហាញ​ផលិតផល​ពិសេស​របស់​ជនរួមជាតិ​ខ្មែរ​នៅក្នុង​មណ្ឌល​វប្បធម៌​-ទេសចរណ៍​គូ​ស្រះស្រី​ ។ល។ ដោយឡែក​ ពិធី​ប្រណាំងទូក​-ង នឹង​ប្រព្រឹត្តទៅ​ នៅ​ថ្ងៃទី​ ១០​ និង​ថ្ងៃទី​ ១១​ ខែ​វិ​ច្ឆិ​កា​ ។

គេហទំព័រ​ដដែល​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ តាម​ការ​គ្រោងទុក​ ខេ​តឃ្លាំង​ នឹង​មាន​ទូក​-ង បុរស​ នារី​ប្រមាណ​ ៦១​ ទូក​ នៅក្នុង​ និង​ក្រៅ​ខេត្ត​ចូលរួម​ (ក្នុង​នោះ​ ទូក​ក្នុង​ខេត្ត​មាន​ប្រមាណ​ ៤៨​ ទូក​ ក្រៅ​ខេត្ត​ប្រមាណ​ ១៣​) ។ ចំណែក​ខេត្ត​ព្រះត្រពាំង​វិញ​ មាន​ទូក​ ង តែ​ ៨ ប៉ុណ្ណោះ​ ដែល​ជា​ទូក​តំណាង​ឲ្យ​ស្រុក​ទាំង​ ៧ និង​ទីរួមខេត្ត​ ១ ទូក​ សម្រាប់​ចូលរួម​អុំ​ប្រណាំង​គ្នា​ នៅ​ខេត្ត​ព្រះត្រពាំង​ ។

យ៉ាងនេះ​ក្តី​ គិត​មក​ត្រឹម​ថ្ងៃទី​ ២ ខែវិច្ឆិកា​នេះ​ ទូក​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ នៅ​ខេត្ត​ឃ្លាំង​ ឆ្នាំ​ ២០១៩​ នេះ​ មាន​ចំនួន​ ៥៤​ ទូក​ ប៉ុណ្ណោះ​ ដែល​បាន​ចុះ​ក្នុង​បញ្ជី​ជា​ផ្លូវការ​របស់​គណៈកម្មាធិការ​រៀបចំ​កម្មវិធី​បុណ្យអុំទូក​ ។ ក្នុង​នោះ​ ទូក​មក​ពី​ខេ​ត្ត​ផ្សេង​ៗ មាន​ចំនួន​ ១១​ ទូក​ ( ៧ ទូក​ផ្នែក​បុរស​ និង​ ៤ ទូក​ផ្នែក​នារី​) ដែល​បាន​ចុះឈ្មោះ​ចូលរួម​អុំ​ប្រណាំង​ គឺ​មក​ពី​ខេត្ត​ព្រះត្រពាំង​ (Tra​ Vinh​), ខេត្ត​លង់​ហោ​ (Vinh​ Long​), ខេត្ត​ហូវ​យ៉ាង​ (Hau​ Giang​), ខេត្ត​ក្រមួនស​ (Kien​ Giang​), ខេត្ត​ពល​លាវ​ (Bac​ Lieu​), ខេត្ត​ទឹកខ្មៅ​ (Ca​ Mau​) ។

ប្រភព​ដដែល​ ឲ្យដឹង​ទៀត​ថា​ ក្រៅពី​ចំនួន​ទូក​ ដែល​បាន​ចុះឈ្មោះ​រួចហើយ​ គណៈកម្មាធិការ​រៀបចំ​កម្មវិធី​បុណ្យអុំទូក​រំពឹង​ថា​ នឹង​មាន​ចំនួន​ទូក​កើនឡើង​បន្ថែម​ទៀត​ នៅមុន​ការប្រកួត​ប្រណាំង​ ឈាន​ចូល​មកដល់​ជា​ផ្លូវការ​ នៅ​ថ្ងៃទី​ ១០​ និង​ថ្ងៃទី​ ១១​ ខែវិច្ឆិកា​ ខាង​មខុនេះ​ ។

គួរ​ជម្រាប​ជូន​ថា​ ការ​ប្រណាំងទូក​ ង នៅ​កម្ពុជាក្រោម​ គឺ​ខុសពី​ការ​ប្រណាំង​ នៅ​កម្ពុជា​ ដោយ​ការ​ប្រណាំង​ នៅ​កម្ពុជាក្រោម​ គឺ​រង្វាន់​លេខ​ ១, ២, ៣ មានតែ​ ១ ទូក​ ប៉ុណ្ណោះ​ ហើយ​ការប្រកួត​តម្រូវឲ្យ​ក្រុមកីឡា​ករ​ទូក​ ង ផ្នែក​បុរស​ធ្វើការ​អុំ​ប្រណាំង​ក្នុងរយៈ​ចម្ងាយ​ ១២០០​ ម៉ែត្រ​ និង​ ទូក​ ង នារី​អុំ​ប្រណាំង​ចម្ងាយ​ ១០០០​ ម៉ែត្រ​ ។

ដោយឡែក​ចំណាត់ថ្នាក់​នៃ​ការ​ប្រណាំងទូក​ ង នៅ​កម្ពុជាក្រោម​ ឆ្នាំ​ ២០១៩​ នេះ​ សម្រាប់​ក្រុម​ជើងឯក​ទូក​បុរស​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​ ២០០​ លាន​ដុង​, រង្វាន់​លេខ​ ២ ចំនួន​ ១៥០​ លាន​ដុង​, រង្វាន់​លេខ​ ៣ ចំនួន​ ១០០​ លាន​ដុង​, រង្វាន់​លេខ​ ៤ ចំនួន​ ៨០​ លាន​ដុង​ ។ សម្រាប់​ជើងឯក​ទូក​នារី​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ ១៥០​ លាន​ដុង​, រង្វាន់​លេខ​ ២ ចំនួន​ ១០០​ លាន​ដុង​, រង្វាន់​លេខ​ ៣ ចំនួន​ ៨០​ លាន​ដុង​ និង​រង្វាន់​លេខ​ ៤ ចំនួន​ ៥០​ លាន​ដុង​ ។ បន្ថែម​ពីលើ​នេះ​ គណៈកម្មាធិការ​រៀបចំ​កម្មវិធី​បុណ្យអុំទូក​ នឹង​ផ្តល់​ប្រាក់​រង្វាន់​ ចាប់់​ពី​ ២-៨ លាន​ដុង​ ដល់​ក្រុម​លេខ​ ១ និង​ លេខ​ ២ សម្រាប់​ក្រុម​ជម្រុះ​របស់​គូប្រកួត​នី​មួយ​ៗ រហូតដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ។

សូម​បញ្ជាក់​ថា​ សម្រាប់​ខេត្ត​ព្រះត្រពាំង​ ព្រះសង្ឃ​ និង​ពលរដ្ឋខ្មែរ​ក្រោម​ តែង​រៀបចំ​ពិធី​ប្រណាំងទូក​ ង នា​ដងទន្លេ​កំពង់​ ឋិតនៅ​ក្នុង​ទីក្រុង​ព្រះត្រពាំង​ នៅ​ថ្ងៃទី​ ១៤​ កើត​ ខែកត្តិក​ រៀងរាល់​ឆ្នាំ​ ក្នុង​ពិធី​ “បុណ្យ​អកអំបុក​” ។ ចំណែក​ នៅ​រម​ណិ​យដ្ឋាន​ស្រះ​គូ​ ក្បែរ​វត្ត​អង្គ​វិញ​ ព្រះសង្ឃ​ និង​ពលរដ្ឋខ្មែរ​ក្រោម​ បាន​រួមគ្នា​ប្រារព្ធ​ “បុណ្យ​អកអំបុក​” រយៈពេល​ ២ ថ្ងៃ​ ដោយមាន​ការចាត់តាំង​កម្មវិធី​កម្សាន្ត​ជាច្រើន​ ។ ដោយឡែក​នៅ​ខេត្ត​ឃ្លាំង​វិញ​ ពិធី​ប្រណាំងទូក​ ង នឹង​ប្រព្រឹត្តទៅ​រយៈពេល​ ២ ថ្ងៃ​ នៅ​ដងទន្លេ​ម៉ាស់​ស្ប៉េ​រ៉ូ​ (Maspero​) ឬទន្លេបាសាក់​ ឋិតនៅ​ក្នុង​សង្កាត់​ទី​ ៨ ទីក្រុង​ឃ្លាំង​ ។

ពលរដ្ឋខ្មែរ​ក្រោម​ នៅ​កម្ពុជាក្រោម​ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​អកអំបុក​ លយប្រទីប​ សំពះព្រះខែ​ និង​បង្ហោះគោម​ នៅ​តាម​វត្តអារាម​ និង​ទីកម្សាន្ត​នានា​ នៅ​ថ្ងៃ​ ១៥​ កើត​ ខែក​ក្ដិត​ រៀងរាល់​ឆ្នាំ​ ទៅតាម​ប្រណី​ជាតិ​មិនដែល​អាក់ខាន​ឡើយ​ បើ​ទោះបី​បច្ចុប្បន្ន​នេះ​ ពលរដ្ឋខ្មែរ​ក្រោម​ កំពុង​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម​ ក៏ដោយ​ ៕

Leave A Reply

Your email address will not be published.