ក្រុម​គ្រួសារ​ខ្មែរក្រោម​ភៀសខ្លួន​នៅ​ថៃ​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​ដោះលែង​អ្នក​ជាប់ឃុំ​ ៥​ នាក់​ទៀត

0 103

ដោយ យ៉ង ចាន់តារា | RFA Khmer

ក្រុម​គ្រួសារ​ខ្មែរក្រោម​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ យោគយល់ និង​ដោះលែង​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់ឃុំ​ទាំង​ប្រាំ​នាក់​ទៀត​។ ពួកគាត់​នៅតែ​បារម្ភ​ខ្លាច​សាច់ញាតិ​នៅក្នុង​ពន្ធនាគារ ទ្រាំទ្រ​នឹង​ទុក្ខ​លំបាក​ពុំបាន ព្រោះ​សុទ្ធតែ​អ្នកមាន​វ័យចាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ។

(រូបឯកសារ) ជនភៀសខ្លួនខ្មែរក្រោម នៅប្រទេស​ថៃ ពេល​ទទួល​ជំនួយ​ស្បៀងអាហារ​ ពី​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ ។ រូប៖ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម
(រូបឯកសារ) ជនភៀសខ្លួនខ្មែរក្រោម នៅប្រទេស​ថៃ ពេល​ទទួល​ជំនួយ​ស្បៀងអាហារ​ ពី​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ ។ រូប៖ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម

ក្រុម​គ្រួសារ​ខ្មែរក្រោម​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ទទូច​ដល់​អាជ្ញាធរ​ថៃ ឲ្យ​ដោះលែង​សមាជិកគ្រួសារ​របស់​ពួកគាត់​ទាំង​ប្រាំ​នាក់​ទៀត​ឲ្យ​បាន​ឆាប់ ព្រោះ​ពួកគាត់ គ្រាន់តែ​ស្វែងរក​ការងារ ធ្វើ​ការងារ ដើម្បី​បាន​ប្រាក់​ខ្លះ​សម្រាប់​ចិញ្ចឹម​ក្រពះ​ដោយ​ពុំបាន​ប្រព្រឹត្ត​ល្មើសច្បាប់​ធ្ងន់ធ្ងរ​ឡើយ​។ ពួកគាត់​ចង់​ឲ្យ​ខ្មែរក្រោម​ដែល​ជាប់ឃុំ​ទាំង​៥​នាក់​ទៀត​មាន​សេរីភាព​ឡើងវិញ ព្រោះ​ប៉ូលិស​ថៃ​បាន​ឃុំខ្លួន​ឪពុកម្ដាយ​បងប្អូន​ពួកគាត់​អស់​៤៩​ថ្ងៃ​ហើយ មក​ទល់​នឹង​ពេល​នេះ។

ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ ដែល​ឪពុកម្ដាយ​កំពុង​នៅក្នុង​ពន្ធនាគារ លោកស្រី នាង សុវង្ស ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ថា លោកស្រី​ចង់​ឃើញ​ឪពុកម្ដាយ​មាន​សេរីភាព​ឡើងវិញ ក្រោយពី​ឃើញ​សមត្ថកិច្ច​ថៃ​ដោះលែង​ខ្មែរក្រោម​ម្នាក់ទៀត កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។ លោកស្រី​បន្ត​ថា បើ​សមត្ថកិច្ច​មិន​ដោះលែង​ឪពុកម្ដាយ​លោកស្រី​ទេ គ្រួសារ​លោកស្រី​នឹង​ជួប​បញ្ហា​ជីវភាព ព្រោះ​លោកស្រី​មិនអាច​រក​ប្រាក់​សម្រាប់​ឲ្យ​ឪពុកម្ដាយ​ចាយវាយ​ក្នុង​គុក​គ្រប់គ្រាន់​។ លោកស្រី​បញ្ជាក់​ថា ឪពុក​លោកស្រី​ប្រាប់​ឲ្យ​រក​អ្នកធានា​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​ឲ្យ​បាន​ឆាប់ ព្រោះ​គាត់​ទ្រាំ​នឹង​ទុក្ខ​លំបាក​លែង​បាន​ទៀតហើយ។

លោកស្រី នាង សុវង្ស៖ «ឪ​មានតែ​ត្អូញ​ថា​យ៉ាប់​ទៅៗ​ហើយ​បង មើល​ទំនង​យ៉ាប់​ទៅៗ គាត់​លែង​ទ្រាំ ពីមុន​គាត់​ថា​ម៉េចៗ ថា​ឪ​ម៉េច​ក៏បាន​ដែរ នៅក្នុង​ហ្នឹង​ក៏បាន​ដែរ​។ ឥឡូវ​អត់​ទេ អត់​និយាយ​ដូច​មុន​ទេ​ណា​គាត់​ចាប់ផ្ដើម​ឆ្លើយ​ផ្ដាច់ការ​ថា ពិបាក​ណាស់​កូន​អើយ គាត់​ថ្ងូរ​រហូត​។ បែប​ខ្ញុំ​ថា​ឪ​ខ្ញុំ​ទ្រាំ​លែង​បាន​ហើយ»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ទៀត ដែល​មាន​ប្អូនស្រី​កំពុង​ជាប់ឃុំ លោកស្រី លី ធីយី​ប ប្រាប់​ថា រាល់ថ្ងៃ​លោកស្រី​អាណិត​ក្មួយ​ស្រី​អាយុ​ជាង​២​ឆ្នាំ ដែល​ស្រែកយំ​រក​ម៉ែ ហើយ​ក្មួយ​ស្រី​ចេះតែ​មើលផ្លូវ​ម៉ែ​រហូត ធ្វើ​ឲ្យ​លោកស្រី​ខ្លោចចិត្ត​អាណិត​ក្មួយ​។ លោកស្រី​បន្ត​ថា ប្អូនស្រី​លោកស្រី​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ផង ខ្លាច​តែ​នាង​ទ្រាំ​នៅក្នុង​គុក​មិនបាន​យូរ​។ លោកស្រី​អំពាវនាវ​ដល់​អង្គការ​មនុស្សធម៌ ពិសេស​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​បាងកក អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ថៃ អនុគ្រោះ និង​ដោះលែង​ប្អូនស្រី​លោកស្រី​ឲ្យ​បាន​មក​ជួប​កូន​វិញ​ផង។

លោកស្រី លី ធីយីប៖ «ចាស​អ៊ីចឹង​ខ្ញុំ​សូម​ឲ្យ​អង្គការ​ឆាប់​ជួយ​ប្អូន​ខ្ញុំ​ឲ្យ​បាន​ចេញ​មក​ឆាប់ៗ ម្សិលមិញ​វា​តេ​មក​វា​ថា វា​ឈឺក្បាល​រហូត​ដែរ​ហ្នឹង ចាស​វា​ឈឺក្បាល​ហើយ តែ​គ្រាន់​ថា​វា​ឈឺក្បាល វា​ថា​រឿង​ការ​ហូប​ចុក​អី​ធម្មតា​ហ្នឹង ពី​ម្សិល​វា​គ្រាន់​ថា​វា​ឈឺក្បាល​បន្តិច ធម្មតា​នៅក្នុង​គុក​វា​មិនមែន​សេរី​ដូច​នៅ​ក្រៅ»

ប៉ូលិស​ថៃ បាន​ចាប់​ខ្មែរក្រោម​១០​នាក់ បញ្ជូន​ទៅ​ពន្ធនាគារ ក្នុងស្រុក​ឡាំលូកកា (Lam Lukka) ខេត្ត​ប៉ាថុមថានី (Pathum Thani) កាលពី​ថ្ងៃទី​១៤ ខែ​តុលា ដោយ​ចោទប្រកាន់​ពី​បទ​ចូល​ប្រទេស​ថៃ​ខុស​ច្បាប់ និង​ធ្វើ​ការងារ​ដោយ​គ្មាន​ឯកសារ​អនុញ្ញាត​។ បន្ទាប់​មក​សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ បាន​ដោះលែង​ខ្មែរក្រោម ២​លើក គឺ​លើក​ទី​១ ដោះលែង​ខ្មែរក្រោម​ចំនួន​៤​នាក់ ក្នុង​អំឡុង​ពាក់កណ្ដាល​ខែវិច្ឆិកា និង​លើក​ទី​២ ដោះលែង​ខ្មែរក្រោម​ចំនួន​១​នាក់ កាលពី​ចុងខែ​វិច្ឆិកា​។ បច្ចុប្បន្ន​នៅសល់​ខ្មែរក្រោម​៥​នាក់​ទៀត នៅ​បន្ត​ជាប់​ពន្ធនាគារ​សួន​ភ្លូ ទីក្រុង​បាងកក ដែល​អាជ្ញាធរ​ថៃ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​សមាគម​ជនភៀសខ្លួន​ខ្មែរក្រោម​ប្រចាំ​ប្រទេស​ថៃ លោក ឡឹម កែវសំណាង លើកឡើង​ថា សមាជិក​ក្នុង​សមាគម​ខ្មែរក្រោម​ទាំងអស់ ស្នើសុំ​អាជ្ញាធរ​ថៃ ដោះលែង​ខ្មែរក្រោម​ទាំង​៥​នាក់​ទៀត ឲ្យ​មក​ជួបជុំ​គ្រួសារ​វិញ​។ លោក​បន្ត​ថា សាច់ញាតិ​របស់​អ្នក​ជាប់ឃុំ​កំពុង​រង់ចាំ​ផ្លូវ​ឪពុកម្ដាយ​បងប្អូន​ពួកគេ​ត្រឡប់មកវិញ ហើយ​អ្នក​ជាប់ឃុំ​មិនអាច​អត់ទ្រាំ​បាន​យូរ​ទៀត​ទេ ព្រោះ​ពួកគាត់​មាន​វ័យចាស់​ហើយ។

លោក ឡឹម កែវសំណាង៖ «ហើយ​សូម​ស្នើសុំ​អង្គការ​មនុស្សធម៌​មិន​ថា​នៅ​បរទេស ក្នុង​ប្រទេស​ថៃ​ទេ នៅ​បរទេស​ក៏ដោយ​ស្នើ​ធ្វើ​យ៉ាងណា​ជួយ​ពួកគាត់​ចេញ​ផង​ចំនួន​៥​នាក់​ទៀត ដែល​ជាប់​ក្នុង​ពន្ធនាគារ​ស្រុក​ថៃ​។ ឥឡូវ​គេ​ប្រឈម​បញ្ហា​គឺ​សំខាន់​បំផុត​គឺ​ថវិកា​ហ្នឹងហើយ​ចំនួន​ម្នាក់​ប្រាំ​ម៉ឺន​បាត​លុយ​ថៃ វា​ស្មើ​មួយ​ពាន់​ដុល្លារ​ជាង ជិត​ពីរ​ពាន់​នឹង​ណា​។ យើង​ស្នើ​យ៉ាងណា​សូម​ឲ្យ​អង្គការ​ពាក់ព័ន្ធ​អង្គការ​នៅ​បរទេស គឺ​អង្គការ​នៅក្នុង​ប្រទេស​ថៃ អង្គការ​មនុស្សធម៌​ណា​ជួយ​ដល់​ពួកគាត់​ផង ពីព្រោះ​គាត់​នៅក្នុង​គុក​ពិបាក​ខ្លាំង​ណាស់​ហើយ​គាត់​ជា​មនុស្ស​ចាស់ជរា​ទៀត»

របាយការណ៍​របស់​សមាគម​ជនភៀសខ្លួន​ខ្មែរក្រោម ឲ្យ​ដឹង​ថា នៅ​ប្រទេស​ថៃ មាន​ពលរដ្ឋ​ខ្មែរក្រោម​ជាង​ពីរ​រយ​(២២៧)​នាក់ កំពុង​រស់នៅ​ភៀសខ្លួន ដោយ​សុំ​សិទ្ធិ​ជ្រកកោន​ពី​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ទីក្រុង​បាងកក។ ពួកគេ​ភាគច្រើន​បាន​រត់គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដោយសារ​ការ​បញ្ចេញ​មតិ ការគោរព​ជំនឿ​សាសនា និង​អ្នកខ្លះ​ត្រូវ​វៀតណាម​រឹបអូស​ដីធ្លី​ជាដើម៕

Leave A Reply

Your email address will not be published.