ជនភៀសខ្លួនខ្មែរកម្ពុជាក្រោមកំពុងស្នាក់នៅប្រទេសថៃរាប់រយនាក់ ជាប់ផុងក្នុងនីតិវិធីសុំសិទ្ធិជ្រកកោននៅប្រទេសទីបី
ពលរដ្ឋខ្មែរកម្ពុជាក្រោម ប្រមាណជាង ២០០នាក់ កំពុងស្នាក់នៅប្រទេសថៃ បានជាប់ផុងក្នុងនីតិវិធីសុំសិទ្ធិជ្រកកោននៅប្រទេសទីបី ដោយអ្នកខ្លះបានជាប់នៅប្រទេសថៃជាង ១០ឆ្នាំហើយ។ ខ្មែរក្រោមទាំងនោះអះអាងថា មូលហេតុដែលពួកគេចង់ទៅរស់នៅប្រទេសទីបី ដោយសារតែការធ្វើទុក្ខបុកម្នេញផ្នែកសិទ្ធិមនុស្ស សាសានា វប្បធម៌ និងអក្សរសាស្រ្ត នៅប្រទេសវៀតណាម ចំណែកឯនៅកម្ពុជាវិញ ពួកគេក៏រងនូវការអើសអើងថា ជាជនជាតិវៀតណាម និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងសាសានា។

អតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលធ្លាប់ជាប់ពន្ធនាគារនៅវៀតណាម និងកម្ពុជាជាច្រើនខែ លោក សឺន ហៃ ប្រាប់អាស៊ីសេរីថា លោកជាប់ពន្ធនាគារពីរលើកដោយសារតែលោកធ្លាប់ងើបឡើងតវ៉ា ដើម្បីសិទ្ធិសេរីភាព និងការសំដែងមតិដោយហិង្សាទាំងនៅវៀតណាម និងកម្ពុជា។ បច្ចុប្បន្នលោករស់នៅប្រទេស ស៊ុយអ៊ែត (Sweden) ជាជនភៀសខ្លួនផ្នែកនយោបាយ ពីការតាមចាប់របស់របបលោក ហ៊ុន សែន៖ «កើតជាខ្មែរកម្ពុជាក្រោមនៅវៀតណាមប្រឈមនឹងរដ្ឋាភិបាលយួនចោទប្រកាន់យើងថា ខ្មែរ ហើយធ្វើបាបយើងគ្រប់រូបភាព។ យើងគេចខ្លួនមកសំងំមករស់នៅស្រុកខ្មែរដោយសង្ឃឹមថា ជាប្រទេសខ្មែររបស់យើង ដើម្បីបានសិទ្ធិខ្លះៗ ដើម្បីបានធ្វើការងារសង្គម។ ផ្ទុយទៅវិញ យើងមកយើងខកចិត្តទាំងស្រុងដោយសារតែយើងមកជួបរដ្ឋាភិបាលខ្មែរមួយទៀត ដែលចោទប្រកាន់យើងថា ជាយួន។ យើងនិយាយមិនច្បាស់គេធ្វើទុក្ខបុកម្នេញយើងគ្រប់ប្រភេទ»។
លោកថា ករណីនីតិវិធីសុំសិទ្ធិជ្រកកោននៅប្រទេសទីបីប្រើប្រាស់រយៈពេល ៣ខែ ទើបបានសម្រេច។ ឥឡូវនេះ លោកបានចូលបំរើការងារជាអ្នកចំណិតអាហារនៅភោជយនីដ្ឋានល្អីមួយឈ្មោះ Max។ ទោះបីលោកទៅដល់ប្រទេសទីបីក៏ដោយ លោកនៅបន្តរិះគន់របបលោក ហ៊ុន សែន ករណីរំលោភសិទ្ធិមនុស្ស និងសាសានា តាមរយៈបណ្តាញសង្គម (Facebook)។
មិនមែនខ្មែរកម្ពុជាក្រោម ដែលរងទុក្ខវេទនាមានសំណាងបានសុំសិទ្ធិជ្រកកោននៅប្រទេសទីបី ដូចករណីលោក សឺន ហៃ ទាំងអស់គ្នានោះទេ។ យ៉ាងហោចណាស់ក៏មានខ្មែរក្រោមចំនួន ២០៥នាក់ កំពុងជាប់គាំងរស់នៅទីក្រុងបាងកក ប្រទេសថៃដោយអ្នកខ្លះបានរស់ទីនោះរយៈពេល ១០ឆ្នាំមកហើយ។ បច្ចុប្បន្នខ្មែរក្រោមទាំងនោះមួយចំនួនទទួលបានសិទ្ធិជាជនភៀសខ្លួនពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ចំណែកមួយចំនួនទៀត នៅមិនទទួលបានសិទ្ធិជាជនភៀសខ្លួននៅឡើយទេ។ ពួកគេ កំពុងព្រួយបារម្ភពីការតាមចាប់របស់សមត្ថកិច្ចថៃ និងប្រឈមនឹងគ្មានប្រាក់ ដើម្បីដោះស្រាយជីវីភាពប្រចាំថ្ងៃ ដោយសារតែពួកគេមិនអាចចាកចេញពីផ្ទះជួល ដើម្បីស្វែងរកការងារធ្វើបាន។ ជនភៀសខ្លួនខ្មែរកម្ពុជាក្រោម លោក លី ឈួន ប្រាប់អាស៊ីសេរី កាលពីពេលថ្មីៗ នេះថា ខ្មែរកម្ពុជាក្រោមដែលកំពុងស្វែងរកសិទ្ធិជ្រកកោនកំពុងរងទុក្ខវេទនាក្នុងប្រទេសថៃ៖ «តាមពិតយើងភៀសខ្លួនហើយជួប UNHCR គេផ្តល់ប័ណ្ណឲ្យយើងកាន់បណ្តោះអាសន្ន ប៉ុន្តែមិនធានាទេ ព្រោះប័ណ្ណនេះមិនស្របច្បាប់នោះទេ។ ពេលតម្រួតគេចាប់បាន ជួនកាលទៅ UNHCR ទៅសុំបាន ហើយជួនកាលសុំមិនបានទេ គឺត្រូវគេចាប់បញ្ជូនទៅកម្ពុជាវិញ។ កាលដែលយើងនៅរាល់ថ្ងៃនេះ យើងលំបាកណាស់។ យើងមិនហ៊ានចេញដើរ»។
លោក លី ឈួន ដែលជាប់ពន្ធនាគារដោយសារតែរៀនភាសាខ្មែរកាលពីឆ្នាំ១៩៨៥ នៅទឹកដីកំណើតកម្ពុជាក្រោម មានប្រសាសន៍បន្តទៀតថា មានមូលហេតុជាច្រើន ដែលខ្មែរក្រោមរួមទាំងលោកផង មិនអាចរស់នៅប្រទេសវៀតណាម និងកម្ពុជាបាន។
មិនខុសពីលោក លី ឈួន នោះទេ លោកស្រី យឿង ធីកន ខ្មែរកម្ពុជាក្រោមដែលរត់គេចពីការតាមចាប់របស់អាជ្ញាធរវៀតណាមដោយសារតែគ្មានលុយបង់ពន្ធស្រែនោះ ក៏កំពុងរងទុក្ខវេទនា នៅប្រទេសថៃដែរ ដោយសារតែលោកស្រីចំណាយអស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្តែលោកស្រីមិនទាន់អាចទៅរស់នៅប្រទេសទីបីបាន។ លោកស្រីថា ដោយសារតែមិនអាចរកការងារធ្វើបាន និងមានកូនមានជំងឺប្រចាំខ្លួនធ្វើឲ្យជីវភាពលោកស្រី ធ្លាក់ដុនដាបណាស់ រហូតរត់ទៅរកអង្គការក្នុងស្រុកថៃ ដើម្បីស្វែងរកជំនួយ ដើម្បីចិញ្ចឹមជីវិត៖ «នៅថៃរាល់ថ្ងៃនេះ ពិបាកដែរហ្នឹង។ យើងជាជនភៀសខ្លួនអត់មានកាត អត់មានច្បាប់ទម្លាប់។ យើងអត់ទៅរកស៊ីអីបានទេ។យើងចេះតែពួនលាក់ខ្លួន»។
លោកស្រីថា កាលពីលោកស្រីរត់មកកម្ពុជា លោកស្រីស្មានតែអស់ទុក្ខ ប៉ុន្តែនៅកម្ពុជាលោកស្រីត្រូវបានបង្ខំឲ្យចូលគណបក្ស ប្រជាជនកម្ពុជា ពេលលោកស្រីបដិសេធ លោកស្រីត្រូវរងការគំរាមកំហែងរហូតសម្រេចចិត្តរត់ចេញពីកម្ពុជាម្តងទៀត។
មន្រ្តីការពារិសទ្ធិមនុស្សខ្មែរកម្ពុជាក្រោម អះអាងថា ការលើកឡើងរបស់ជនភៀសខ្លួនខ្មែរកម្ពុជាជារឿងពិត មិនមែនប្រឌិត ដើម្បីបានសិទ្ធិជ្រកកោននៅប្រទេសទីបីនោះទេ។
អគ្គលេខាធិការ សមាមគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា ខ្មែរកម្ពុជាក្រោម ដែលមានបំណងចង់ទៅរស់នៅប្រទេសទីបី ដោយសារតែពួកគេមិនអាចទ្រាំនឹងការធ្វើបាប និងការអើសអើងនៅវៀតណាម និងកម្ពុជា។ លោកបន្តថា ជួនកាលខ្មែរក្រោមនៅកម្ពុជា ដែលងើបឡើងតវ៉ាទាមទារសិទ្ធិឲ្យខ្មែរក្រោមនៅវៀតណាម ត្រូវបានរដ្ឋាភិបាលកម្ពុជាមិនពេញចិត្ត ហើយព្យាយាមធ្វើទុក្ខបុកម្នេញ។
របាយការណ៍អង្គការសិទ្ធិមនុស្សបីអង្គការរួមមានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ផ្សាយកាលពីដើមឆ្នាំ២០១៧ ឲ្យដឹងថា ទោះបីជារដ្ឋាភិបាលប្រកាសថា ខ្មែរក្រោមជាពលរដ្ឋខ្មែរក៏ដោយ ប៉ុន្តែច្បាប់ជាតិមិនទាន់ផ្តល់យន្តការច្បាស់លាស់ផ្នែកច្បាប់ឲ្យខ្មែរក្រោមទទួលបានសិទ្ធិនេះនៅឡើយទេ។ បញ្ហានេះ ខ្មែរក្រោមមកពីទឹកដីកម្ពុជាក្រោមលំបាកទទួលបានអត្តសញ្ញាណប័ណ្ណ ដើម្បីប្រើប្រាស់។ ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណពួកគេមិនអាចទិញដី ផ្ទះ ទទួលបានសេវាអប់រំ និងសិទ្ធិបោះឆ្នោតជាដើម។ របាយការណ៍បង្ហាញទៀតថា ខ្មែរក្រោមនៅទឹកដីខ្មែរក្រោម ដែលវៀតណាមកំពុងត្រួតត្រានោះ កំពុងរងការធ្វើទុក្ខបុកម្នេញដែរ។ ប្រសិនបើពួកគេតវ៉ារឿងដីធ្លី ជំនឿសាសនា និងសិទ្ធិនយោបាយ នឹងត្រូវអាជ្ញាធរវៀតណាមបង្ក្រាបយ៉ាងហិង្សា។ ចំពោះព្រះសង្ឃក៏ត្រូវវៀតណាមចាប់ដាក់ពន្ធនាគារ និងចាប់ផ្សឹកដែរ។ របាយការណ៍បន្ថែមទៀតថា ដោយឡែកខ្មែរក្រោមនៅកម្ពុជាវិញ នៅតាមមូលដ្ឋានខ្មែរក្រោមជួការអើសអើស ដោយសារតែពលរដ្ឋខ្មែរយល់ថា ខ្មែរក្រោមជាជនជាតិវៀតណាម។ ចំណែករដ្ឋាភិបាលវិញ នៅតែមានគំនាបលើខ្មែរក្រោមមិនឲ្យធ្វើសកម្មភាពប៉ះពាល់ដល់ទំនាក់ទំនងខ្មែរ និងវៀតណាមឡើយ។ ការបង្ក្រាបលើពលរដ្ឋខ្មែរក្រោមរបស់រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជាបន្តបន្ទាប់ក្រោយខ្មែរក្រោម និងព្រះសង្ឃងើបឡើងតវ៉ាប្រឆាំងនឹងទូតវៀតណាម កាលពីឆ្នាំ២០១៤ រឿងបន្លំប្រវត្តិសាស្រ្តទឹកដីខ្មែរក្រោម។ អតីតព្រះសង្ឃ លោក សឺន ហៃ ដែលដឹកនាំតវ៉ានោះ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគាររយៈពេល ៥ខែ។ លោកត្រូវបានដោះលែងបន្ទាប់ពីលោកសន្យាឈប់ធ្វើសកម្មភាពនយោបាយ។
ពាក់ព័ន្ធទៅនឹងការធ្វើទុក្ខខ្មែរក្រោមនៅវៀតណាម និងកម្ពុជានេះ មន្រ្តីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា ករណីរំលោភសិទ្ធិមនុស្សលើខ្មែរកម្ពុជាក្រោមនៅវៀតណាម រដ្ឋាភិបាលកម្ពុជាមិនធ្វើអន្តារគមន៍នោះទេ៖ «ជាផ្លូវការ ខ្មែរក្រោមឋិតក្នុងអធិបតេយ្យភាពរបស់វៀតណាម។ គ្រាន់តែជាពូជពង្សរបស់យើងតាំងពីដើម ដូចជា ខ្មែរសុរិន ប៉ុន្តែផ្លូវច្បាប់យើងមិនអាចរំលាភអធិបតេយ្យភាពរបស់ថៃរបស់ខ្មែរទេ»។
អាស៊ីសេរីទាក់ទងមន្រ្តីទូតវៀតណាមជុំវិញការ រំលោភសិទ្ធិមនុស្សនៅវៀតណាម ប៉ុន្តែមន្រ្តីទូតមិនឆ្លើយតបនឹងសំណួររបស់អាស៊ីសេរីនោះទេ។ ចំណែកមន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅបាងកក ក៏នៅមិនទាន់ឆ្លើយតបនឹងសំណួរអាស៊ីសេរីជុំវិញ ការពន្យារពេលនីតិវិធីផ្តល់សិទ្ធិជ្រកកោនរបស់ខ្មែរកម្ពុជាក្រោម។
ដោយសារតែផលលំបាក់របស់ខ្មែរក្រោមនៅវៀតណាម និងកម្ពុជា ដើម្បីជៀសវាងខ្មែរក្រោមទៅស្វែងរកសិទ្ធិរស់នៅប្រទេសទី៣ សហគមខ្មែរក្រោមស្នើឲ្យរដ្ឋាភិបាលកម្ពុជា គោរពកាតព្វកិច្ចអន្តរជាតិ ដើម្បីធានាថា គ្មានជនណាម្នាក់ ត្រូវបានរារាំងពីការទទួលបានសិទ្ធិមនុស្ស ដោយសារតែសញ្ជាតិ ជាតិសាសន៍ ត្រូវចេញលិខិតបទដ្ឋានបញ្ជាក់ថា ប្រសិនបើបុគ្គលណាម្នាក់ ដែលមានកំណើតជាខ្មែរក្រោម អាចបង្ហាញសញ្ជាតិខ្មែរតាមរយៈជាតិពន្ធ ឬឪពុកម្តាយជាខ្មែរក្រោម អាចមានសិទ្ធិទទួលបានឯកសាបញ្ជាក់អត្តសញ្ញាណ។ សហគមខ្មែរក្រោមក៏ស្នើឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិទាំងឡាយយល់ដឹងអំពីសិទ្ធិនានា របស់ខ្មែរក្រោម និងនីតិវធីដែលពួកគេអាចទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ និងបង្កើត និងផ្សព្ធផ្សាយប្រឆាំងនឹងការរើសអើងពូជសាសន៍នៅថ្នាក់ជាតិ៕ RFA