និស្សិតខ្មែរក្រោមអបអរសាទរ បញ្ចប់ការសិក្សាបរិញ្ញាប័ត្រ
ដោយ សឺន ថាយ ធន|VOKK

សមណនិស្សិតខ្មែរក្រោមដែលកំពុងសិក្សានៅក្នុងប្រទេសថៃ បានប្រារព្ធនូវពិធីអបអរសាទរសមណនិស្សិតបញ្ចប់បរិញ្ញាបត្រ ឆ្នាំ ២០១៥ នៅក្នុងមជ្ឈមណ្ឌល នៃមហាវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ កាលពីថ្ងៃពុធទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ ក្រោមការរៀបចំរបស់មូលនិធិពុទ្ធិកសិក្សាខ្មែរថេរវាទវៀតណាមខាងត្បូង សាខាប្រចាំខេត្តអយុធ្យា ។
ពិធីអបអរសាទរ បានប្រព្រឹត្តទៅក្រោមអធិបតីភាពព្រះតេជព្រះគុណគឹមម៉ាយ ឡិន ជាអនុប្រធាននៃអង្គការមួយនេះ។

ពិធីអបអរសាទរ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ព្រះតេជព្រះគុណ គឹម ម៉ាយ ឡិន ជាអនុប្រធាននៃអង្គការមួយនេះ ។
អង្គប្រជុំ បានធ្វើការបូកសរុបការងារ ដែលបានធ្វើរួចហើយ ក្នុងរយៈពេលមួយឆ្នាំ កន្លងមក រួមមានការសិក្សារបស់សមណនិស្សិតដែលកំពុងសិក្សានៅក្នុងសកលវិទ្យានេះ នៃខេត្តអយុធ្យា និងការធ្វើកិច្ចវត្តចំពោះព្រះមន្រី្តសង្ឃខេត្តព្រះត្រពាំង និងគោលការណ៍ របស់មូលនិធិសាខាខេត្តអយុធ្យា សម្រាប់ឆ្នាំ ២០១៥ រួមមានការ ដោះស្រាយនូវបញ្ហាទុក្ខ លំបាករបស់សមណនិស្សិត ខិតខំពង្រឹងការសិក្សា ដល់សមណនិស្សិត ឲ្យមានគុណភាពខ្ពស់នូវក្នុងវិស័យសិក្សាចាប់តាំងពីថ្នាក់បរិញ្ញាបត្រឡើងទៅ និងមានការ រៀបចំគណៈកម្មការសមាជិកមួយចំនួននៃ មូលនិធិដើម្បីទៅសួរសុខទុក្ខ និងធ្វើកិច្ចវត្តដល់ព្រះមន្រី្ត សង្ឃខេត្តព្រះត្រពាំង មុនរដូវចូលព្រះវស្សាឆ្នាំ ២០១៥ ។
ចំនួនសមណនិស្សិត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ក្នុងឆ្នាំ ២០១៥ នេះ មាន១៥ អង្គ មានឯកទេសផ្សេងៗគ្នា ដូចជាជំនាញផ្នែកព្រះពុទ្ធសាសនា និងការអភិវឌ្ឍ សង្គមជាដើម ។
គួររំឭកថា សមណនិស្សិតខ្មែរក្រោម ដែលបាននិមន្តមកពីដែនដីកម្ពុជាក្រោម ទៅបន្តការសិក្សាតាមសកលវិទ្យាល័យនានាក្នុងប្រទេសថៃនេះ ដោយបានការបញ្ជូនពីសមា គមព្រះសង្ឃខ្មែរក្រោមមួយនៅខេត្តព្រះត្រពាំង ដែលមានឈ្មោះថា “សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ” និងកាន់លិខិតឆ្លងដែន (Passport) របស់ប្រទេសវៀតណាម ។

សូមបញ្ជាក់ថា ព្រះសង្ឃខ្មែរក្រោមដែលមានឱកាសចូលបន្តការសិក្សាកម្រិតបរិញ្ញានៅប្រទេសថៃបាននោះ ក៏ដោយសារ សញ្ញាប័ត្រកម្រិតមធ្យមសិក្សាទុតិយភូមិ ដែលចេញដោយអគ្គាធិការសិក្សា នៃសមាគមព្រះសង្ឃព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រ ពាំងនោះ ត្រូវបានសកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យល័យក្នុងប្រទេសថៃ ទទួលស្គាល់សមមូលស្មើថ្នាក់ទី ១២ ដែលវាផ្ទុយពីរដ្ឋាភិបាលនៃប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មិនបានទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះសង្ឃខ្មែរ នៅកម្ពុជាក្រោមនោះទេ ៕
Comments are closed.