ខ្មែរក្រោម ស្នើ​រដ្ឋាភិបាល​កម្ពុជា លើកយក​បញ្ហា​ខ្មែរក្រោម​ទៅ​ជជែក​ជាមួយ​មេដឹកនាំ​វៀតណាម​

0 1,658

ដោយ ស៊ឺន ចែងចើន

ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ខ្មែរក្រោម នៅ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើកយក​បញ្ហា ដែល​ទាក់ទង​ទៅ នឹង​ខ្មែរក្រោម ទៅ​ពិភាក្សា​ជាមួយ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ដ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ង្វៀង ភូ​ត្រុ​ង (Nguyen Phu Trong) ដែល នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ ។ ការអំពាវនាវ​បែបនេះ ដោយសារ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្មែរក្រោម មើលឃើញថា អាជ្ញាធរ​នៃ​របប​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ធ្វើទុក្ខបុកម្នេញ​ដល់​សេរីភាព​ខាង​ជំនឿ​សាសនា សេរីភាព​ខាង​ការបង្កើត​សមាគម និង​អង្គការ សេរីភាព​ក្នុងការ​ជួបជុំ ការសម្ដែង​ពីអ្វី​មួយ មានការ​ហាមឃាត់​ប្រជាជន​ខ្មែរក្រោម ក្នុងការ​សិក្សា ខាង​អក្សរសាស្ដ្រ​ខ្មែរ និង​ភាសា និង​ការ​រឹបអូស​យក​ដី​របស់​ប្រជាជន​ដោយ​បង្ខំ ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​មានការ​ប្រឆាំង​តវ៉ា​ជា​ញឹកញាប់​ពី​ប្រជាពលរដ្ឋ​ខ្មែរក្រោម តែ​ត្រូវបាន​បង្ក្រាប​ដោយ​អាជ្ញាធរ​វៀតណាម ។​

លោក សឺ​ន យឿ​ង (ឈរថ្លែងការណ៍) នាយកសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ។ រូបថតៈ ស៊ឺន ចែងចើន
លោក សឺ​ន យឿ​ង (ឈរថ្លែងការណ៍) នាយកសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ។ រូបថតៈ ស៊ឺន ចែងចើន

​លោក សឺ​ង យឿ​ង ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បានស្នើ​សុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកយក​បញ្ហា​មួយចំនួន ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​កំពូល​វៀតណាម លោក ង្វៀង ភូ​ត្រុ​ង (Nguyen Phu Trong) ដែល នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ​ខាងមុខ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ដល់​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ បញ្ហា​នៃ​ការស្នើសុំ​ទាំងនោះ ទាក់ទង​ករណី​សិទ្ធិមនុស្ស ដែល​ប្រជាពលរដ្ឋ​ខ្មែរក្រោម កំពុង​រស់នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម បាន​ប្រឈមមុខ នឹង​បញ្ហា​ជាច្រើន ដូចជា​សេរីភាព​ជំនឿ និង​ការប្រតិបត្តិ​សាសនា សេរីភាព​ក្នុង​វិស័យ​អប់រំ សេដ្ឋកិច្ច សង្គមកិច្ច វិស័យ​វប្បធម៌ សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ព័ត៌មាន​ព័​ត៌​ជាដើម ។​

លោក ប៊ុន មុនី ក្នុងអង្គ​មហាសន្និបាត​វិសាមញ្ញនៃមិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម កាលពីឆ្នាំ ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន
លោក ប៊ុន មុនី ក្នុងអង្គ​មហាសន្និបាត​វិសាមញ្ញនៃមិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម កាលពីឆ្នាំ ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន

​ស្រដៀង​គ្នា​នេះដែរ លោក ប៊ុន មុនី (​ហៅ ថាច់ ឡែ​ន​) ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម និង​ឲ្យ​ខ្មែរក្រោម​មាន​សិទ្ធិ​រៀនសូត្រ​អក្សរសាស្ត្រ​ជាតិ សិទ្ធិ​ក្នុង​ជំនឿ​សាសនា ដូចដែល​ជនជាតិ​វៀតណាម ទទួលបាន​ក្នុងប្រទេស​កម្ពុជា ដូច្នេះ​ដែរ ។​

លោក តាំង សារៈ ប្រធាន​សាខាសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ។ រូបថតៈ ស៊ឺន ចែងចើន
លោក តាំង សារៈ ប្រធាន​សាខាសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ។ រូបថតៈ ស៊ឺន ចែងចើន

ចំណែក ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក តាំង សារៈ បានស្នើ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ក្នុងនាម​ឈាមជ័រ​ជា​ខ្មែរ​ដូចគ្នា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​គោរព​សិទ្ធិសេរីភាព​ខ្មែរក្រោម ដែលជា​ម្ចាស់​ស្រុក​ឲ្យ​បាន​ពេញលេញ ។ តាម លោក តាំង សារៈ បើទោះបីជា រដ្ឋាភិបាល​ខ្មែរ មិនបាន​ស្នើ​ឲ្យ​គាំពារ ក្នុងការ​ការពារ​ប្រជាពលរដ្ឋ​របស់ខ្លួន ដែល​រស់នៅ​ក្រៅប្រទេស​តាមរយៈ​មធ្យោបាយ​ការទូត​ក្តី ក៏​រដ្ឋា​រដ្ឋាភិបាល​វៀត​ណា​ម​ខ្លួនឯង​ផ្ទាល់ គប្បី​មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​ជនជាតិដើម ទៅតាម​ច្បាប់​នៃ​ការគ្រប់គ្រង​រដ្ឋ​របស់​ប្រទេស​វៀតណាម និង​គោរព​តាម «​គោលការណ៍​សិទ្ធិមនុស្ស និង​គោលការណ៍​សិទ្ធិ​ជនជាតិដើម​» ដែល​វៀតណាម គឺជា​សា​មា​ជិ​ក​ហត្ថា​លេ​ខី​នៃ​អង្គការសហប្រជាជាតិ​ផង​នោះ ។​

​គួរ​ជម្រាបជូន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃនេះ លោក ង្វៀង ភូ​ត្រុ​ង នឹង​ចូលគាល់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ មុន នឹង​ចូលទៅ​ថ្វាយបង្គំ​សម្ដេចព្រះ​មហាសង្ឃរាជ​ទាំង ២ គណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រៅពីនោះ​លោក​ក៏ នឹង​ជួប​ជាមួយ​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និង​ចូលរួម​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ផងដែរ ។​

​ស្របពេល​ជាមួយគ្នានេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ ក៏បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ថា «​ក្នុង​សេចក្តីថ្លែងការណ៍​រួម​កម្ពុជា​-​វៀតណាម ខាងមុខ កម្ពុជា​ត្រូវសុំ​ឲ្យ​វៀតណាម គោរព និង​ការពារ​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​ផង​» ។ ការលើកឡើង​បែបនេះ ទំនងជា​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចង់​សំដៅទៅ​រដ្ឋាភិបាល​កម្ពុជា របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​នាពេល​កន្លងមក នរណា​ក៏​ដឹង​ដែរ​ថា គ្រប់​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​វៀតណាម មក​កម្ពុជា ខាង​ភាគី​កម្ពុជា មិនដែល​បាន​លើកយក​ករណី ដែល​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ត្រូវ​រដ្ឋាភិបាល​វៀតណាម ធ្វើទុក្ខបុកម្នេញ ជាមួយ​ភាគី​វៀតណាម ម្តងណា​ឡើយ ។ ផ្ទុយទៅវិញ គឺ​ខាង​ភាគី​វៀតណាម តែងតែបាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​មើលថែ​ជនជាតិ​វៀតណាម នៅ​កម្ពុជា ទៅវិញ ។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ (ឈរ) អ្នកវិភាគ​ឯករាជ្យ ។ រូបថតៈ Facebook Mong Hay Lao
លោក​បណ្ឌិត ឡៅ ម៉ុងហៃ (ឈរ) អ្នកវិភាគ​ឯករាជ្យ ។ រូបថតៈ Facebook Mong Hay Lao

​គួរកត់សម្គាល់​ផងដែរ​ថា ជារឿយៗ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្មែរក្រោម តែង​យក​ឱកាស នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ថ្នាក់ដឹកនាំ នៃ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​វៀតណាម​មក​ប្រទេស​កម្ពុជា​ម្តងៗ ដើម្បី​ដាក់​ញ​តិ្ត ឬ​សេចក្តីថ្លែងការណ៍ ស្នើ​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​បញ្ឈប់​ការ​រិត​ត្បិត​សេរីភាព​ដល់​ពលរដ្ឋ​ខ្មែរ រស់នៅ​កម្ពុជា​ក្រោម ។ ប៉ុន្តែ ការដាក់​ញា​ត្តិ​កន្លងមក មិនដែល​ទទួលបាន​ផល​វិជ្ជមាន​ម្ដងណា​ឡើយ នៅពេលដែល​សំណើ​របស់​ពួកគេ​ស្នើ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​លើកយក​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ខ្មែរ នៅ​កម្ពុជា​ក្រោម ទៅ​ជជែក​ជាមួយ​មេដឹកនាំ​វៀតណាម មិន​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា យកមក​ពិចារណា​ឡើយ ។​

​ថ្លែងប្រាប់​កាសែត ភ្នំពេញ​ប៉ុស្តិ៍ លោក ផៃ ស៊ី​ផាន មន្ត្រី​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កំពូល​វៀតណាម​នេះ ថា​ជាការ​បង្ហាញ​ពី​ភាព​វិជ្ជមាន​លើ​កិច្ចសហការ​គ្រប់​វិស័យ​រវាង​កម្ពុជា​-​វៀតណាម ជាពិសេស​គឺ​ការរក្សា​ស្ថិរភាព និង​សន្ដិភាព​តាម​ព្រំដែន ខណៈ​ការបោះបង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង ២ ជិត​បញ្ចប់ ។​

​ទោះជា​យ៉ាងណា លោក មាស នី អ្នកសិក្សា​ស្រាវជ្រាវ​សង្គម​បាន​កត់សម្គាល់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ មាន​រូបភាព​បង្ហាញ​ច្បាស់​ថា​ប្រទេស​វៀតណាម ហាក់​មាន​ឥទ្ធិពល​លើ​កម្ពុជា ក្រោយពី​មានការ​បង្កើត​ឲ្យ​មាន​ស្ដូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅតាម​ខេត្ត​ក្រុង​របស់​កម្ពុជា ដែល​លោក​យល់ថា ជាការ​បង្ហាញ​នូវ​ការដឹងគុណ​ខ្លាំងពេក​លើ​វៀតណាម ។​

​លោក មាស នី បារម្ភ​ថា ការបង្ហាញ​ពី​ភាព​ដឹងគុណ​ខ្លាំង​បែបនេះ អាចធ្វើ​ឲ្យ​កម្ពុ​ជាមាន​គ្រោះថ្នាក់​ដោយសារ​ធ្វើ​ឲ្យ​មាន​លំហូរ​ជនជាតិ​វៀតណាម​ខុសច្បាប់​បន្ថែមទៀត ដែល​ហាក់​មិន​ខុសពី​ប្រវត្តិសាស្ត្រ​ក្នុងសម័យ​ព្រះបាទ ជ័យជេដ្ឋា​ទី ២ ដែល​កាលនោះ ព្រះអង្គ​ដឹងគុណ​វៀតណាម​ខ្លាំងពេក ហើយ​បានអនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ចូលមក​តាំង​លំ​នៅលើ​ទឹកដី​កម្ពុជា​ក្រោម ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ក្រោយមក​ពលរដ្ឋ​វៀតណាម​ក៏​ទទួល​សិទ្ធិ​ស្របច្បាប់ និង​កំពុង​រស់នៅ និង​កាន់កាប់​រហូតដល់​សព្វ​ថ្ងៃ ៕

Leave A Reply

Your email address will not be published.