ពលរដ្ឋខ្មែរក្រោមរងគ្រោះ ២ តំបន់ផ្សេងទៀត ក្នុងខេត្តក្រមួនស ផ្ទុះការតវ៉ារឿងបញ្ហាដីធ្លី ជាមួយអាជ្ញាធរវៀតណាម
ដោយ ស៊ឺន ចែងចើន
នៅក្នុងសប្តាហ៍នេះ ពលរដ្ឋខ្មែរក្រោម ដែលរងគ្រោះក្នុងជម្លោះដីធ្លីមកពីភូមិចំនួន ២ ផ្សេងទៀត ស្ថិតក្នុងភូមិខ្សាច់ និង ភូមិកោះរងៀង ស្រុកព្រៃមេង ខេត្តក្រមួនស បានផ្ទុះការតវ៉ា ទាមទារ ឲ្យរដ្ឋាភិបាលវៀតណាម ជួយអន្តរាគមរកដំណោះស្រាយ ក្នុងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ ជាមួយអាជ្ញាមូលដ្ឋាន នៅក្នុងខេត្តមួយនេះ ។ ការតវ៉ារបស់អ្នកភូមិក្នុងតំបន់ផ្សេងនេះ បានកើតឡើង ស្របពេល ដែលតុកលាការក្នុងស្រុក យ៉ាង ថាញ់ (ស្រុកព្រៃមេង) នៃខេត្តក្រមួនស កាត់ទោសឲ្យកសិករខ្មែរក្រោម ៤ នាក់ ឲ្យជាប់ពន្ធគារពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ក្នុងសំណុំរឿងដីធ្លី ទាំងអយុត្តិធម៌ ។

អាជ្ញាធរវៀតណាម ក្នុងខេត្តក្រមួនស នៅថ្ងៃទី ១៩ ខែមករា ក្នុងសប្តាហ៍នេះ បានបញ្ជូនកម្លាំងសមត្ថកិច្ចចម្រុះ ដែលប្រដាប់ដោយអាវុធ ជិត ៥០ នាក់ ចុះទៅរារាំងកសិករខ្មែរក្រោម ចំនួនពីរភូមិ មិនឲ្យចុះធ្វើស្រែស្រែចម្ការលើដីរបស់ពួកគាត់សាជាថ្មី ។ ក្រុមអាជ្ញាធរយួន រួមមានប៉ូលិស និង ទាហាន បើកត្រាក់ទ័រមកឈូសឆាយលើដីស្រែរបស់កសិករខ្មែរក្រោម និង កាយដីបិទប្រឡាយបង្ហូទឹកដាក់ស្រូវរបស់កសិករខ្មែរក្រោម ។ ករណីនេះ កើតឡើង នៅភូមិខ្សាច់ និង ភូមិកោះរងៀង ដែលមានចម្ងាយពី ភូមិប៉ប្រក់ ឃុំប៉ប្រក់ ស្រុកយ៉ាងថាញ់ ខេត្តក្រមួនស ជាង ៣ គីឡូម៉ែត្រ ទីដែលអ្នកភូមិ ៤ នាក់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ នៅក្នុងរឿងជម្លោះដីធ្លីដូចគ្នា ដែលបានប្រែក្លាយទៅជាអំពើហិង្សា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ ។
វីដេអូ ពីការតវ៉ា កាលពីថ្ងៃអង្គារ បានបង្ហាញថា អាជ្ញាធរវៀតណាម បានប្រើកម្លាំងសមត្ថកិច្ចរាប់សិបនាក់ ប្រដាប់ដោយអាវុធ ដើម្បីបណ្តេញកសិករខ្មែរក្រោម ចេញពីដីស្រែទាំងបង្ខំ និង បានដាក់គ្រឿងចក្រជាច្រើនគ្រឿង ទៅកាយ និង ឈូសឆាយដីបិទប្រឡាយ ដែលកសិករខ្មែរក្រោម កំពុងបូមទឹកចូលក្នុងស្រែរបស់ពួកគាត់ ។
ក្នុងវីដេអូដដែល ក៏បង្ហាញពីការប្រឈមមុខដាក់គ្នាជាមួយក្រុមអាជ្ញាធរវៀតណាម ដែលកំពុងការពារដី ដែលរឹបអូសពីកសិករខ្មែរក្រោម ទៅដាក់ជាតំបន់ការពារអភិរក្សវាលស្មៅដុង-ក-បាង (Đồng cỏ bàng) និង អភិរក្សសត្វក្រៀលក្បាលក្រហម ។ ក្រុមកសិករខ្មែរអះអាងថា ពួកគាត់បានកាន់កាប់ដីស្រែនេះ តាំងពីអំឡុងឆ្នាំ ១៩៧៣ មកម្ល៉េះ ដោយធ្វើស្រែចម្ការ តាំងពីជំនាន់ដូនតារបស់ពួកគេមក ។ កសិករខ្មែរក្រោម ស្នើទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះស្រាយ និង ស្នើឲ្យអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស និង សហគមន៍អន្តរជាតិ ជួយធ្វើកិច្ចអន្តរាគមន៍ករណីវិវាទដីធ្លីនេះ ។
កសិករខ្មែរក្រោម នៅភូមិកោះរងៀង បានស្រែកតវ៉ា នៅទីកន្លែងកើតហេតុ ដោយទាមទារយ៉ាងដូច្នេះថា៖
ដោយឡែកកសិករខ្មែរក្រោម នៅឯភូមិខ្សាច់វិញ បានប្រឆាំងនឹងការរឹបអូសយកដីធ្លីរបស់អាជ្ញាធរវៀតណាម យ៉ាងនេះថា៖
ពលរដ្ឋខ្មែរក្រោមមានជម្លោះដីធ្លីម្នាក់ លោក ឈុ ធី ឲ្យសំឡេងកម្ពុជាក្រោម ដឹងបន្ថែមថា គិតត្រឹមថ្ងៃទី ២៣ ខែមករា នេះ ក្រុមអាជ្ញាធរវៀតណាម នៅតែបន្តដាក់ពង្រាយកម្លាំងសមត្ថកិច្ចឲ្យល្បាតឃ្លាំមើល ជុំវិញតំបន់ជម្លោះ ហើយបើពលរដ្ឋខ្មែរក្រោមរូបណា ហ៊ានចុះទៅធ្វើស្រែក្នុងចំណុចនោះ នឹង ត្រូវចាប់ខ្លួនជាមិនខាន ។ លោកយល់ថា ទង្វើរបស់ អាជ្ញាធរៀតណាមបែបនេះ ចង់ធ្វើទុក្ខបុកម្នេញកសិករខ្មែរក្រោម ដោយសារតែពួកគេរស់រានមានជីវិត អាស្រ័យទៅលើការធ្វើស្រែចំការ ដូច្នោះ ការណ៍ដែលអាជ្ញាធរវៀតណាម បណ្តេញពួកគេចេញពីដីធ្លី គឺស្មើនឹងសម្លាប់ពួកគេដូច្នោះដែរ ។
គួរជម្រាបជូនថា នៅក្នុងឆ្នាំ ២០២០ ករណីជម្លោះដីធ្លី បានផ្ទុះឡើងយ៉ាងកក្រើក នៅខេត្តក្រមួនស បណ្តាលឲ្យពលរដ្ឋខ្មែរក្រោម ប្រមាណ ៨០០ នាក់ ស្មើនឹងចំនួន ១៤៥ គ្រួសារ ដែលជាជនរងគ្រោះនៃការបង្ខំបណ្ដេញពីដីធ្លី ទទួលរងនូវអំពើហិង្សា ពីសំណាក់អាជ្ញាធរវៀតណាម ។ ការផ្ទុះហិង្សាជាមួយអាជ្ញាធរវៀតណាម កើតឡើងដោយសារតែ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម រួមមានកងកម្លាំងសមត្ថកិច្ចចម្រុះ ប៉ូលិស ទាហាន ដែលប្រដាប់ដោយអាវុធ ជាង ១០០ នាក់ បានចុះទៅរឹបអូសយកដីជាង ៣០០០ ហិកតា ។ ប៉ុន្តែ ពលរដ្ឋខ្មែរក្រោមជំទាស់រហូតផ្ទុះជាអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោម ជាង ១០ នាក់រងបួសធ្ងន់ និង ស្រាល ។ ពលរដ្ឋខ្មែរក្រោមឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះ តាំងពីអំឡុងឆ្នាំ ១៩៧៣ មកម្ល៉េះ ប៉ុន្តែ អាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ។
ពាក់ព័ន្ធនឹងសំណុំរឿងដីធ្លី នៅខេត្តក្រមួនសដែរនោះ កាលពីថ្ងៃទី ៣ ខែធ្នូ ២០២០ តុលាការស្រុកយ៉ាងថាញ់ នៃ ខេត្តក្រមួនស របស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានប្រកាសសាលក្រមផ្ដន្ទាទោសកសិករខ្មែរក្រោម ចំនួន ៤ នាក់ក្នុងភូមិប៉ប្រក់ ឲ្យជាប់ពន្ធនាគារ ពី ១ ឆ្នាំទៅ ២ ឆ្នាំកន្លះ ពីបទប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និង បទប្រឆាំងនឹងអាជ្ញាធរសាធារណៈ ដែលជាសំណុំរឿងដីធ្លី កាលពីដើមខែឧសភា ឆ្នាំ ២០២០ ។ រីឯពលរដ្ឋខ្មែរក្រោម ជាប់ពាក់ព័ន្ធចំនួន ២៣ នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរម្រេចដាក់ពិន័យរដ្ឋបាល ដោយពិន័យជាប្រាក់ក្នុងម្នាក់ៗ ចាប់ពីបីលានដុងទៅបួនលានដុង ឬស្មើ នឹង ១៥០ ដុល្លារ ទៅ ២០០ ដុល្លារ ។
នៅដែនដីកម្ពុជាក្រោម តែងកើតមានបញ្ហាវិវាទដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម ជាមួយក្រុមឈ្មួញមានអំណាចជនជាតិយួន និង ក្រុមហ៊ុន រួមទាំងជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយនឹងអាជ្ញាធរដែនដីផងដែរ ។ ចំណែកខេត្តមួយចំនួន ដែលមានបញ្ហាដីធ្លីនោះ មានដូចជា ខេត្តមាត់ជ្រូក ខេត្តឃ្លាំង ខេត្តព្រះត្រពាំង និង ខេត្តក្រមួនស ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀតណាម ។ ហើយនៅពេលដែលពលរដ្ឋខ្មែរក្រោម ហ៊ានចេញមុខតវ៉ាទាមទារដីធ្លីរបស់ពួកគេមកវិញ ត្រូវបានអាជ្ញាធរចាប់ខ្លួន ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយចោទប្រកាន់ពីបទ ប្រើប្រាស់ហិង្សាប្រឆាំងនឹងអាជ្ញាធរសាធារណៈវៀតណាម ៕