ខ្មែរក្រោម​នឹង​បាន​ធូរស្បើយ​​បើ​កម្ពុ​ជាមាន​រដ្ឋាភិបាល​មួយ​ដែល​មិន​ទុក​ខ្មែរ​គ្នាឯង​ជាស​ត្រូវ​

0 154

នៅពេល​ថ្មី​នេះ ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានទទួល​លិខិត​មួយច្បាប់​តាម រយៈ​សារ​អ៊ី​ម៉ែ​លពី​អ្នក​ស្ដាប់​នៅ​កម្ពុជា​ក្រោម ។ ម្ចាស់​លិខិត​នេះ បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ជុំវិញ ព្រឹត្តិការណ៍ បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ នីតិកាល​ទី ៥ នៅក្នុង​ប្រទេស​កម្ពុជា និង​អំពី​ការ ចូលរួម​របស់​ខ្មែរក្រោម ដើម្បី​ផ្លាស់ប្ដូរ​នៅក្នុង​ប្រទេស​កម្ពុជា ។ ពី​ប្រទេស​កាណាដា អ្នកនាង ថាច់ សុជាតា សូម​ធ្វើ​សេចក្ដីរាយការណ៍​ខ្លឹមសារ​ដើម​នៃ​លិខិត​នេះ​ដូចតទៅ ៖

យុទ្ធនាការឃោសនាបោះឆ្នោតគណបក្សសង្គ្រោះជាតិ ។
យុទ្ធនាការឃោសនាបោះឆ្នោតគណបក្សសង្គ្រោះជាតិ ។

រដ្ឋាភិបាលខ្មែរមួយ ដែលមិនទុកខ្មែរគ្នាឯងជាសត្រូវ

“ សូម​ថ្វាយបង្គំ​ព្រះ​ថេ​រា​នុថ​រៈ​គ្រប់​ព្រះអង្គ​ជាទីគោរព !

​សូម​ជំរាប​មក​បងប្អូន​ខ្មែរ​រួម​លោហិត ជាទី​នឹករឭក​ស្នេហា !
​នៅពេលដែល​រដូវវស្សា​ធ្វើដំណើរ​មកដល់ ជាមួយនឹង​ភ្លេ​ក​បន្ទោរ​ផ្គរ​រន្ទះ​សូរ​កក្រើក​ប្រថពី នៅ កម្ពុជា ឯណោះ សភាពការណ៍​នយោបាយ​ក៏​ហាក់ដូចជា​កំពុង​កក្រើក​រំ​ជួយ​យ៉ាង​ខ្លាំងក្លា​ប្លែក​ពី​ធម្មតា ។ គឺ​ដោយសារ​ការបោះឆ្នោតជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ កាន់តែ​រំកិល​មក​ជិត ការបង្ហាញ​ភាព​គាំទ្រ​ចំពោះ​បក្សប្រឆាំង គឺ​បក្ស​សង្គ្រោះ​ជាតិ ពី សំណាក់​មហាជន​ខ្មែរ និង​អន្តរជាតិ ហាក់ដូច​ជាមាន​សន្ទុះ​កាន់តែ​ស្រួចស្រាវ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ សន្ទុះ​កម្លាំង​ក្នុង​ការចង់ ឃើញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មួយ​ថ្មី​នៅ​កម្ពុជា ដែលមាន​រដ្ឋាភិបាល​ប​ន្តុ​ប​ឡើង ដោយ​បក្សកុម្មុយនិស្ត​វៀត ណា​ម​តាំងពី​ឆ្នាំ ១៩៧៩ មក  បន្ទាប់ពី​ការផ្លាស់ប្តូរ​មួយ​ដែល​ទទួល​បរាជ័យ ក្រោយ​ការបោះឆ្នោត​ដែល រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ ១៩៩៣ ដែលជា​ផ្លែផ្កា​នៃ​កិច្ច ព្រមព្រៀង​ក្រុងប៉ារីស នា​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ កំពុង​ឡើង​កំរិត​ខ្ពស់ ដែល​គេ​មិនអាច​ទាយ ទុក​ថា តើ​ឆន្ទៈ​មហាជន​ក្នុង​រឿងនេះ នឹង​ឡើងដល់​កម្រិតណា​ដែរ ។ ហើយ​នៅក្នុងពេល​ជាមួយគ្នា​នោះ មាន​ខ្មែរ​ខ្លះ រហូតដល់​មានការ​ព្រួយ បារម្ភ​ថា បើ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ហើយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ព្រម​ចុះ​ចេញពី​ដំណែង ដោយ​អាង​លើ​ការគាំទ្រ​ពី​បរទេស ដែល​អាច​ពី​សំណាក់ ប្រ​ទេ​រស​វៀតណាម​ផង ពី​ប្រទេស​ចិន​ផង ព្រមទាំង​កម្លាំងយោធា​និង​មន្ត្រីរាជការ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង កម្ពុជា​អាច​ប្រឈម​នឹង វិបត្តិ​មួយ​ថ្មី ទៀត​…​។ ល​។​

​ព្រះតេជព្រះគុណ ព្រមទាំង​បងប្អូន​ខ្មែរ​រួម​លោហិត​ជាទីគោរព​ស្នេហា !

​ដោយ​យើង​មាន​ខ្សែលោហិត​ជា​ជាតិខ្មែរ​រួមគ្នា បន្ត​ពូជ​ជាតិ​សាសន៍​មួយ​ដ៏​ប្រកបទៅដោយ អរិយធម៌ អតីតកាល​រុងរឿង​ស្ទើរតែ​ផុត​គេ​នៅក្នុង​សកលលោក  ទោះបីជា​ព្រះអង្គ​និង​បងប្អូន​រួម លោហិត នៅ​កម្ពុជា​ពុំបាន​ជ្រួតជ្រាប​ពិតប្រាកដ អំពី​សុខទុក្ខ​ដែល​ព្រះសង្ឃ​និង​ខ្មែរក្រោម​ជាង​ដប់ លាន​នាក់ ដែល​ត្រូវ គេ​កាត់ផ្តាច់​ឲ្យ​ទៅ​រស់នៅ​ក្រោម​កណ្តាប់ដៃ​ដែក​របស់​យួន តំណ​វង្ស​ត្រកូល​មក ហើយ​នោះ ក៏​ខ្មែរក្រោម​នៅតែ​ព្យាយាម​ផ្ញើ​ក្តីសង្ឃឹម និង​ចងភ្ជាប់​ភ​ព្វ​វាសនា ជាមួយ​បងប្អូន​នៅ​កម្ពុជា ជា​រហូតមក ។ គ្រប់ពេលវេលា ពួក​ខ្ញុំ​តែង​គិតថា សុខទុក្ខ​របស់​បងប្អូន​ខ្មែរ​នៅឯ​នាយ​ខ្សែ​ព្រំដែន​ម្ខាង ដែលមាន​រូប​ប្រសាទ អង្គរវត្ត បោះ​ឡើងលើ​ទង់ជ័យ​ជាតិ គឺជា​សុខទុក្ខ​រួម​របស់​យើងទាំងអស់គ្នា​។ នេះ​គឺជា​ជម្រើស​មួយ​ដែល កើតឡើង​ដោយ​ឯងៗ ពី​ក្នុង​បេះដូង​ខ្មែរក្រោម​ដ៏​អភព្វ ដែល​ត្រូវបាន​គេ បំភ្លេចចោល ស្ទើរតែ​ទាំងស្រុង​។ ទោះជា​តាម​ការចងចាំ និង​ឯកសារ​ប្រវត្តិសាស្ត្រ  ពុំបាន​បង្ហាញ​អំពី សកម្មភាព​ណាមួយ​របស់ រដ្ឋាភិបាល​ខ្មែរ ក្នុងការ​ការពារ​ព្រះសង្ឃ​ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែល​ត្រូវ​ពួក​យួន​រំលោភសិទ្ធិ សេរីភាព​តាម​អំពើ​ចិត្ត ក៏​ខ្មែរក្រោម​តែងតាំង​ចិត្ត​ធ្វើ​ព​លិ​កលម្ម​សព្វ​បែប យ៉ាង ដើម្បី​ប្រទេស​កម្ពុជា ឯករាជ្យ​។ មាន​ជា​ឧទ្ទាហរណ៍ ពលិកម្ម​ដ៏​សុទ្ធចិត្តរ​បស់ទ័ព​ម៉ៃ​ហ្វ​ក និង កន្សែងស មកជួយ​ច្បាំង​ការពារ បូរណភាព​ទឹកដី​កម្ពុជា ដែល​ត្រូវ​ទ័ព​យៀកកុង​វាយលុក​ឈ្លានពាន នា​ទសវត្សរ៍​ឆ្នាំ ១៩៧០ ជាដើម ។ ប៉ុន្តែ​យើង​ក៏​ចងចាំ​ដែរ អំពី​សកម្មភាព​នៃ​រដ្ឋា​ភិ​បាល​ខ្មែរ​បច្ចុប្បន្ន ដែល​មិនបាន​បង្ហាញ​ការ​ឈឺឆ្អាល ទាល់តែសោះ ចំពោះ​ទុក្ខលំបាក​របស់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ខ្មែរក្រោម ទាំង​នៅ​កម្ពុជា​ក្រោម ទាំង​នៅ​កម្ពុជា ហើយ​ថែមទាំង​ជួយ​ដល់​រដ្ឋាភិបាល​ល​យួន ក្នុងការ តាម​ចាប់​ព្រះសង្ឃ​និង​ខ្មែរក្រោម ដែល​បាន​ភៀសខ្លួន​មក​ជ្រកកោន​នៅ​កម្ពុជា ដើម្បី​ប្រគល់​ទៅ​ឲ្យ រដ្ឋាភិបាល​យួន​ធ្វើបាប​ដាក់គុក ច្រវាក់​ទៀតផង ។ ដូច្នេះហើយ ចង់​ឬ​មិន​ចង់ ខ្មែរក្រោម​ក៏​ប្រហែល ជា​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​មួយ​ដែរ នៅ​កម្ពុជា ក្នុងការ​បោះឆ្នោត​ខាងមុខនេះ ។​

លិខិត​នេះ សរសេរ​ផ្ញើមក​ប្រគេន​ព្រះសង្ឃ ព្រមទាំង​បងប្អូន​រួម​លោហិត ក្នុងន័យ​ថា ការ បោះ ឆ្នោត​ជ្រើសរើស​បេក្ខជន​ដែលជា​ទី​សង្ឃឹម​របស់​យើង គឺជា​សិទ្ធិ​ផ្ទាល់​របស់​យើង​ម្នាក់ៗ ។ ហើយក៏ ក្នុងន័យ​សង្ឃឹមថា ការប្រែប្រួល​ឯណា​និ​មួយ​នៅ​កម្ពុជា អាច​នឹង​នាំមក​នូវ​សេចក្តីសុខ​សន្តិភាព និង ការរីកចំរើន​នៅ​កម្ពុជា​ផង ជួយ​បន្ធូរ​នូវ​ទុក្ខលំបាក​របស់​ព្រះសង្ឃ​និង​ប្រជា​ពលរ​ដ្ខ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ផង ដែរ តាមរយៈ​រដ្ឋាភិបាល​ខ្មែរ​មួយ ដែល​មិន​ទុក​ខ្មែរ​គ្នាឯង ជាស​ត្រូវ ។

​ទោះជា​យ៉ាងណាក៏ដោយ សតិ​រលឹក​ដឹង​របស់​ខ្មែរក្រោម​គ្រប់ពេលវេលា គឺ​យើង​មិនត្រូវ បណ្តោយ ឲ្យ​ស្ថានការណ៍​ណាមួយ មករ​លប់​លើ​មូលហេតុ​ដើម នៃ​ដំណើរ​តស៊ូ​អហិង្សា ដោយ ស្វិតស្វាញ របស់​ខ្មែរក្រោម ដើម្បី​ទាមទារ​ឲ្យ​យួន​គោរព​សិទ្ធិ​យើង​ជា​ជនជាតិដើម ហើយក៏​មិនគួរ សង្ឃឹម​” ពេក “ ថា​ស្ថាន ការណ៍​នៅ​កម្ពុជា អាច​នឹង​ជួយ​រំដោះ​យើង​ពី​នឹម​ដែក​របស់​យួន​បានដែរ ក្រៅពី​ស្មារតី  ”​ខ្លួន​ទីពឹង​លើ​ខ្លួនឯង​”​។

​អ្វី​ដែលជា​ក្តីសង្ឃឹម និង​សំណូមពរ​ពី​កម្ពុជា​ក្រោម គឺ​សូម​បែរបន់ កុំ​ឲ្យ​ការបោះឆ្នោត​នេះ នាំ​បង្ក​ឲ្យ​មានការ​បែកបាក់​សាមគ្គីភាព​រវាង​ខ្មែរ​នឹង​ខ្មែរ​កាន់តែ​ជ្រៅ​ទៅ ព្រោះថា ការយក​ចាញ់ឈ្នះ ស្លាប់ រស់​រវាង​ខ្មែរ​គ្នាឯង គឺជា​ការនាំ​ផលប្រយោជន៍​ឲ្យ​សត្រូវ តែប៉ុណ្ណោះ ។

ពាក្យចាស់​បុរាណ​ខ្មែរ បាន​ចារ​ទុក​ថា “​រនាប​បាក់​យក​រនាប​ជួស សម្ដី​ហួស​ជួស​វិញ​មិនបាន ឡើយ​” ។ ក្នុងការ​ឃោសនា សូមមេត្តា​កុំ​ឲ្យ​មាន​ពាក្យសំដី​ណា​ដែល​បង្កើត​ការឈឺចាប់ ឲ្យ​មាន​របួស ស្លាកស្នាម​ជ្រៅ​ពេក ឲ្យ​មាន​អនុស្សាវរីយ៍​ជូរចត់​ពេក រហូត​មិន​ឲ្យ​ខ្មែរ​ធ្វើការ​ផ្សះផ្សា​ជាតិ​បាន ។

​យើងខ្ញុំ​ជា​ខ្មែរក្រោម មាន​សង្ឃឹមថា ទាំង​ព្រះសង្ឃ ទាំង​បងប្អូន​ខ្មែរ​កណ្តាល និង​ខ្មែរក្រោម នៅ​កម្ពុជា ក៏ដូចជា​នៅ​គ្រប់​ជ្រុងជ្រោយ​នៃ​ពិភពលោក យល់​ពី​ទឹកចិត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម  ដែល​មិន ចង់ឃើញ​ប្រទេស​កម្ពុ​ជាមាន​ភ​ព្វ​វាសនា​ដូច​កម្ពុជា​ក្រោម ហើយ​សូម​ព្រះអង្គ​និង​ជន​រួម​លោហិត មេត្តា ទទួល​នូវ​សេចក្តី​គោរព ស្នេហា និង​នឹករលឹក​ដ៏​លើសលប់ ពី​ព្រះសង្ឃ​និង​បងប្អូន​ខ្មែរ នៅ កម្ពុជា​ក្រោម​។​

ធ្វើ​នៅ​កម្ពុជា ខែកក្កដា ឆ្នាំ​២ ០១៣

តាម​ការជួប​សំណេះសំណាល​ផ្តាំផ្ញើ ពី​ព្រះសង្ឃ និង​ខ្មែរ​មកពី​កម្ពុជា​ក្រោម​”

Leave A Reply

Your email address will not be published.