ខ្មែរក្រោម ​នឹង​រលាយ​បើ​មិន​ភ្ញាក់រឭក​ទាន់ពេលវេលា​

0 653

ដោយ លី ឈូ​ន​

​ដោយ​មើលឃើញ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន ​កំពុង​ឈ្លក់​ នឹង​ភាពភ័យខ្លាច​អំណាច​របស់​អាជ្ញាធរ​វៀត​ណា​ម ឈ្លក់​ នឹង​ភាព​ស៊ី​វល័យ ហើយ​នាំគ្នា​ត្រាប់​តាម​ចរិត​បរទេស​ត្រាប់​តាម​វប្បធម៌​បរទេស ប្រើ​ភាសា អក្សរសាស្ត្រ និង​ទំនៀមទម្លាប់​វៀតណាម​ជាធំ ក្នុង​សហគមន៍​របស់ខ្លួន ពិសេស​ក្នុង​វត្ត​អារាម​ខ្មែរ​ជាដើម ។ ជាហេតុ​ធ្វើឱ្យ​មានមតិ​ជាច្រើន​បានលើកឡើង​ថា​ នេះ​ជា​ហានិភ័យ ដែល​នាំ​ឲ្យ​ជាតិ​របស់​ខ្មែរក្រោម​ត្រូវ​រលាយ ។ ចំណែក អង្គការ​សង្គម​ស៊ីវិល​ខ្មែរក្រោម​វិញ​បញ្ជាក់ថា ពូជសាសន៍​ខ្មែរក្រោម​ នឹងមិន​រលាយ​ទេ ព្រោះ​ពួកគេ​បានភ្ញាក់រឭក​ទាន់ពេល​វេលា ។​

វត្ត​សេរី​មុនី​សោភ័ណ ហៅ​វត្ត​កោះ​ដូង ជាវត្តមួយដែលនៅដាច់ស្រយា ឋិត​នៅ​ស្រុក​វាល​ផ្លុ​ង ខេត្ត​ពល​លាវ ដែនដី​កម្ពុជា​ក្រោម ​។​ រូបៈ Facebook
វត្ត​សេរី​មុនី​សោភ័ណ ហៅ​វត្ត​កោះ​ដូង ជាវត្តមួយដែលនៅដាច់ស្រយា ឋិត​នៅ​ស្រុក​វាល​ផ្លុ​ង ខេត្ត​ពល​លាវ ដែនដី​កម្ពុជា​ក្រោម ​។​ រូបៈ Facebook

​លោកគ្រូ​អាចារ្យ​បង្រៀន​មួយ​ព្រះអង្គ​គង់នៅ​វត្ត​កោះ​ដូង ព្រះអង្គ​សុំ​មិន​បញ្ចេញ​ព្រះនាម​ព្រះ​អង្ក​ប្រាប់​សារព័ត៌មាន​ព្រៃនគរ​ និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ នៅថ្ងៃនេះថា ​វត្ត​សេរី​មុនី​សោភ័ណ ហៅ​វត្ត​កោះ​ដូង​ នេះ ឋិត​នៅក្នុង​ស្រុក​វាល​ផ្លុ​ង ដែល​វៀតណាម​ប្ដូរ​ឈ្មោះ​ថ្មី​ថា (Phuoc Long ) ខេត្ត​ពល​លាវ ហៅ (Bac Lieu) ដែនដី​កម្ពុជា​ក្រោម ​។​

​ព្រះអង្គ​មាន​ថេរ​ដីកា​បន្តថា វត្ត​កោះ​ដូង​ខ្សត់​ពុទ្ធបរិស័ទ​ខ្មែរ​ណាស់ ចំណុះជើងវត្ត​មានតែ​ជាង ២០០ គ្រួសារ​ខ្មែរ​ប៉ុណ្ណោះ ហើយ​ភាគច្រើន​នៅ​ឆ្ងាយ​ពី​វត្ត​រហូតដល់​ទៅ​ជាង ១០ គីឡូម៉ែត្រ​ពី​វត្ត​ក៏មាន ​។ មូលហេតុ​ដែល​ខ្សត់​ពុទ្ធ​បរិស័ទ​ខ្មែរ​ដោយសារតែ​ក្នុងសម័យ​សង្គ្រាម​បារាំង ជប៉ុន​ នៅ​ឆ្នាំ ១៩៤៥ ខ្មែរក្រោម​នៅ​តំបន់​នេះ​ ត្រូវបាន​ពួក​យៀ​ក មិញ​សម្លាប់​រង្គាល ឯ​វត្ត​អារាម​ក៏ត្រូវ​បាន​យៀកមិញ ដុតបំផ្លាញ​ទៅជា​ផេះផង់ ផងដែរ​ ។​

​ព្រះអង្គ​បញ្ជាក់ថា ​ពេល​និមន្ត​ទៅ​បុណ្យទាន​ម្ដងៗ ​ព្រះអង្គរ​មិន​ចង់​ប្រើ​ភាសា​វៀតណាម ក្នុងការ​អត្ថាធិប្បាយ ឬទេ​សនា អំពី​ខ្លឹមសារ​នៃ​បុណ្យ​ទេ តែ​ពុទ្ធបរិស័ទ​បាន​សំណូមពរ​ឲ្យ​ព្រះអង្គ​ប្រើ​ភាសា​វៀតណាម ព្រោះ​ពុទ្ធបរិស័ទ​ខ្មែរ​ភាគច្រើន​មិនចេះ​ភាសា​ខ្មែរ ។​

​លោកគ្រូ​អាចារ្យ​បង្រៀន៖ «​នៅ​វត្ត​កោះ​ដូង​យើង​នេះ មិនសូវមាន​ខ្មែរ​ផង ឥឡូវ​ហ្នឹង​ទៅ​សូត្រធម៌​តាម​ភូមិ តាម​ស្រុក​ហ្នឹង ចង់​និយាយ​អំពី​អត្ថន័យ​បុណ្យ​អីហ្នឹង ។​ គ្រួសារ​គេ​សំណូមពរ​ឲ្យ​និយាយ​ភាសា​វៀតណាម​តែម្ដងទៅ ព្រោះ​ចេះ​ភាសា​ខ្មែរ តែ​ប្ដី​ប្រពន្ធ​ទេ កូនៗ មិនចេះ​ផង​លោកគ្រូ​អើយ និយាយ​ភាសា​វៀតណាម​តែម្ដងទៅ​»​ ។​

​លោកគ្រូ​អាចារ្យ​បង្រៀនអង្គនេះ បញ្ជាក់​បន្តថា វត្ត​កោះ​ដូង ពុទ្ធបរិស័ទ​ខ្មែរ​តិច​ចំណែក​ការកសាង​កុដិ សាលា ព្រះវិហារ​ព្រមទាំង​ការឧបត្ថម្ភ​ដល់​ការសិក្សា​របស់​ព្រះសង្ឃ ឬក្មេង​ជាដើម ភាគច្រើន​ពឹងពាក់​ចំពោះ​សទ្ធាជ្រះថ្លា​របស់​សប្បុរសជន ​និង​ពុទ្ធបរិស័ទ​វៀតណាម ​ទាំង​ក្នុង​ចំណុះជើងវត្ត​ និង​ទាំង​ពុទ្ធបរិស័ទ​មកពី​ទី​ឆ្ងាយ ​មាន​មកពី​ទីក្រុង​ព្រៃនគរ​ជាដើម ដូច្នេះហើយ​បានជា​ក្នុង​ពេលធ្វើ​បុណ្យទាន​ម្ដង ៗ ដូចជា​បុណ្យ​កឋិនទាន​ជាដើម ​តែងមាន​ប្រើ​ភាសា​វៀតណាម និង​អនុវត្ត​កម្មវិធី​មួយចំនួន​ទៅតាម​ទំនៀប​ទម្លាប់​របស់​វៀត​ណា​ម​ខ្លះ​ ហើយទៅតាម​តម្រូវការ​ម្ចាស់​សាមី​ដើម​ទាន ។ ព្រះអង្គ​បញ្ជាក់​សាជាថ្មី​ថា ការកសាង​ទាំងអស់​ក្នុង​វត្ត​កោះ​ដូង ទាំង​ផ្នែក​សេនាសនៈ​ក្ដី សិល្បៈ​ក្ដី និង​ធនធានមនុស្ស​ក្ដី​មិន​ឲ្យ​ប្រាសចាក​ពី​លក្ខណៈ​ពុទ្ធសាសនា​ខ្មែរ និង​វប្បធម៌​ខ្មែរ​ឡើយ​ ។​

​លោកគ្រូ​អាចារ្យ​បរៀន​៖ «​អ្នកដឹកនាំ​ត្រូវមាន​ឧត្ដមគតិ ដឹកនាំ​ទៅតាម​មាគ៌ា​រប​ស់​ព្រះសម្មាសម្ពុទ្ធ ខំ​រក្សា​ទំនៀប​ទម្លាប់​ប្រពៃណី អរិយធម៌​ពី​ជីដូន ជីតា​យើង​មក​ទី ​១ និង​ទី ​២ ទៅតាម​កាលទេស​ ដើម្បី​បង្កបង្កើត​នូវ​សទ្ធា​ជ្រះថ្លា ដើម្បី​បង្កបង្កើត អភិវឌ្ឍន៍​សង្គម​យើង​មិន​បែងចែក​នូវ​វណ្ណៈ​ពណ៌​សម្បុរ​ឡើយ​»​ ។​

​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ប្រចាំ​អឺ​រុ​បលោក ត្រឹង សា​រ៉ុង លើកឡើងថា​ លោក​សូម​កោតសរសើរ​ចំពោះ​ព្រះសង្ឃ​ពុទ្ធបរិស័ទ​ខ្មែរក្រោម ដែល​បាន​ខិតខំ​កៀងគរ​សប្បុរសជន​គ្រប់​ចតុទិស​ឲ្យ​ចូលរួម​ជួយ​កសាង​វត្ត​អារាម កុដិ សាលា វិហារ បាន​ធំ​ស្គឹ​ម​ស្គៃ​ល្អ​ស្អាត ។ តែ​សូម​ពុទ្ធបរិស័ទ​ខ្មែរក្រោម​គ្រប់​ទីកន្លែង ប្រុងប្រយ័ត្ន​ឱ្យ​មែនទែន​ ថែរក្សា​វត្ត​អារាម សិល្បៈ​កេរ​ដូនតា​ខ្មែរ កុំ​ឲ្យ​ជាតិ​សាសន៍​ដទៃ​ចូល​ជ្រៀតជ្រែក ​កាឡៃ​សិល្បៈ​វប្បធម៌​ខ្មែរ​បាន​ឲ្យសោះ ។​ ពោល គឺ​ខ្មែរក្រោម​ទទួលយក​ការចូលរួម​បំពេញ​កុសល កសាង​ពី​សប្បុរសជន​គ្រប់ទិសទី តែ​មិន​ទទួល​ការចូលរួម​កែប្រែ​សិល្បៈ​វប្បធម៌​ខ្មែរ​ឡើយ ​។​

​វត្ត​អារាម​ជា​ដួងព្រលឹង​របស់​ខ្មែរក្រោម ទន្ទឹម នឹង​នេះដែរ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប អឺ​រុ​ប សំណូមពរ​ថា​ សូម​កុំ​ភ្លេច​កសាង​ធនធានមនុស្ស​ផង ពីព្រោះ​ធនធានមនុស្ស​ជា​ឆ្មាំ​ដ៏​រឹងមាំ​ សម្រាប់​ការពារ​សម្បត្តិ​មត៌ក​វប្បធម៌​ជាតិ​ទាំងនេះ ​ឲ្យ​គង់វង្ស​បាន ​។​

​លោក ត្រឹង សា​រ៉ុង​៖ «​យើង​ត្រូវ​សរសេរ​ក្នុងនាម​ជា​លក្ខណៈ​ប្រវត្តិ​វិញ អំពី​ការខិតខំ​របស់​បុព្វបុរស​យើង​ផ្សេងៗ តាម​វ​ត្តិ​នីមួយៗ ដែល​កន្លង​ពីមុនមក លោក​ខំប្រឹង​កសាង​សព្វគ្រប់​បែបយ៉ាង ហ្នឹងហើយ​ជា​កេរដំណែល ។ កេរដំណែល​មិនមែន​មានតែ​សំបក​ផ្ទះ​ហ្នឹង​ទេ គឺ​នៅ​ក្នុងផ្ទះ​ហ្នឹង​មានអី​ខ្លះ ដូច្នេះ​វត្ត​អារាម​ហ្នឹង ព្រះចៅអធិការ​ត្រូវ​ដឹងគុណ ព្រះចៅអធិការ​ពីមុនៗ​បុព្វបុរស​ពីមុនៗ អស់លោក បានធ្វើ​អ្វីខ្លះ​» ។​

ពិធីបុណ្យកឋិន នៅចន្ទរង្សី ឋិននៅទីក្រុង ព្រៃនគរ ។ រូប Phật Sự Online
ពិធីបុណ្យកឋិន នៅចន្ទរង្សី ឋិននៅទីក្រុង ព្រៃនគរ ។ រូប Phật Sự Online

​ចំណែក ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា​លោក​ តាំង សារៈ​ បញ្ជាក់ថា​ ក្នុង​រដូវ​កឋិន​កាល​មួយខែ​នេះ លោក​ក៏​ឮ ក៏​ឃើញ​មតិ​ជាច្រើន​ទាំង​ក្នុង​ និង​ក្រៅ​បណ្ដាញ​ព័ត៌មាន​សង្គម ពោល​សរសើរ​ដល់​ការរីកដុះដាល​នូវ​ការប្រតិបត្តិ​ប្រពៃណី​ទំនៀមទម្លាប់ និង​សិល្បៈ​កម្សាន្ត របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ។ ទន្ទឹម នឹងនេះ ក៏​មានមតិ​មួយចំនួន​លើកឡើងថា​ ពេលនេះ​អាជ្ញាធរ​វៀតណាម​បាន​បន្ធូរបន្ថយ​ច្រើន​ដល់​ខ្មែរក្រោម​ ក្នុងការ​ប្រតិបត្តិ​ប្រពៃណី​ទំនៀមទម្លាប់​របស់ខ្លួន​ ។​

ឆ្លើយ​តម នឹង​ការលើកឡើង​នេះ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា បំភ្លឺថា ការបន្ធូរបន្ថយ​រប​ស់​អាជ្ញាធរ​វៀតណាម​ពេលនេះ គ្រាន់តែ​ជាការ​សំដែង​កាយវិការ​មនុស្សធម៌​ក្លែងក្លាយ​ប៉ុណ្ណោះ ការសំដែង​ដូច្នេះ ប្រការ​ទីមួយ ​គឺ​ដើម្បី​ឲ្យ​រួច​ផុតពី​ការ ស្ដីបន្ទោស​ពី​សហគមន៍​អន្តរជាតិ​ករណី​រំលោក​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម រួចហើយ​គេ ​នឹង​កាត់​ជំនួយ​ផ្នែក​ណាមួយ​ពី​រដ្ឋាភិបាល​វៀតណាម ជាមិនខាន​ ។​

​ប្រការ​ទី​ពីរ​ទៀត​មនុស្សធម៌​ក្លែងក្លាយ​របស់​របប​កុ​ម្មុយ​និ​ស្តុ​វៀតណាម​នេះ ដើម្បី​ទាញយក​សិល្បៈ​ប្រពៃណី​ខ្មែរ ធ្វើជា​កីឡា​កម្សាន្ត វត្ត​អារាម​ខ្មែរ បិ​តិក​ភ័​ណ្ឌ​ខ្មែរ​ធ្វើជា​សួន​កម្សាន្ត​ ។ ចំពោះ​ការយក​សម្បត្តិ​វប្បធម៌​ខ្មែរក្រោម​ ធ្វើ​អាជីវ​កម្មនេះ វៀតណាម​បាន​កេងចំណេញ​ថវិកា​មិនតិច​ទេ​ចូលទៅក្នុង​ហោ​ប៉ាវ​របស់គេ ។​

​ប្រការ​ទី​បី​នោះ​ គឺ​មនុស្សធម៌​ក្លែងក្លាយ​របស់​របប​កុ​ម្មុយ​និ​ស្តុ​វៀតណាម ធ្វើជា​បន្ធូរបន្ថយ​ឲ្យ​ខ្មែរក្រោម​ប្រតិបត្តិ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​នោះ ក៏​ព្រោះតែ​វៀតណាម​ខ្លាច​សហគមន៍​អន្តរជាតិ​គាំទ្រ​ដល់​ការស្វែងរក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ ដោយ​ខ្លួនឯង​របស់​ខ្មែរក្រោម ប្រសិនជា​វៀតណាម ​នៅ​បន្ត​ការគាបសង្កត់​បិទ​សិទ្ធិសេរីភាព​ខ្មែរក្រោម​ ដូច​ពេល មុន​ ។​

​លោក តាំង សារៈ ស្វាគមន៍​ចំពោះ​ការខិតខំ​ប្រឹងប្រែង​តស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា​ថែរក្សា​ទំនៀមទម្លាប់​របស់​ប្រជាជាតិ​ខ្មែរក្រោម ​ទាំង​ព្រះសង្ឃ ​ទាំង​គ្រហស្ថ​ ទាំង​មន្ត្រី​រដ្ឋការ​ នៅ​កម្ពុជា​ក្រោម​សព្វថ្ងៃ ហើយ​លោក​សូម​ឲ្យ​ខ្មែរក្រោម​រក្សា​នូវ​ជំហរ​តស៊ូ ទាមទារ​សិទ្ធិ​ជា​ជនជាតិដើម​របស់​ខ្មែរក្រោម ដោយ​ពឹង​ផ្អែកទៅលើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម​ជា​មូលដ្ឋាន​ស្របតាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ នេះ​តទៅទៀត​ទើប​រដ្ឋអំណាច​វៀតណាម​មិនអាច​រារាំង​នូវ​ការតស៊ូ​នេះ​បាន​ ។​

​ទន្ទឹម នឹង​នេះដែរ​លោក​តាំង សារៈ​ក៏បាន​ប្រតិកម្ម​ចំពោះ​មតិ​លើកឡើង​ នៅក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​មួយចំនួន​ ដែលមាន​ទិដ្ឋិ​អគតិ​ចំពោះ​ខ្មែរ​ ។ លោក​បញ្ជាក់ថា ខ្មែរក្រោម​ដែល​រស់រានមានជីវិត​ និង​រក្សា​អត្តសញ្ញាណរបស់ខ្លួន​បាន​មកដល់​សព្វថ្ងៃនេះ ​គឺជា​ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់​របស់​ដូនតា​ខ្មែរ ប្រយុទ្ធ​ប្រឆាំង នឹង​ការកាប់សម្លាប់​បំបាត់​ពូជសាសន៍​ខ្មែរ​ពីរ​បប​អាណានិគម​វៀតណាម​គ្រប់​ជំនាន់ មិនមែន​បានមក​ដោយសារ​វៀតណាម​អនុគ្រោះ​នោះទេ​ ។​

​លោក​តាំង សារៈ​៖ «​ដូច្នេះ​សូម​បងប្អូន​ខ្មែរ គ្រប់​ទីកន្លែង គ្រប់​និន្នាការ កុំ​ប​ញ្ឍឺ​ខ្មែរ​កម្ពុជា​ក្រោម​ដោយ​និយាយថា កុំ​ឲ្យ​ជឿ​ខ្មែរ​កម្ពុជា​ក្រោម​បច្ចុប្បន្ន ព្រោះ​វា​ខួរក្បាល​យួន ។ អស់លោក​គួរ​អាណិត​ដល់​ខ្មែរ​កម្ពុជា​ក្រោម ដែល​រស់នៅ​ក្រោម​គំនាប គាបសង្កត់ របស់គេ​ហើយ​ខិតខំ​រើរ​បម្រាស​ឡើង​រក្សាបាន​នូវ​ទំនៀមទម្លាប់​ប្រពៃណី​យ៉ាងនេះ គួរ​ណាស់​តែ​បងប្អូន​ទាំងអស់​អាណិតអាសូរ​ដ​ល់​ខ្មែរ​កម្ពុជា​ក្រោម​ផង​ ។ ដែល​អស់លោក​មិនទាន់បាន​ជួប​នូវ​ទិដ្ឋភាព​បែប​នោះ ប្រសិនបើ​អស់លោក​បាន​ជួប​នូវ​ទិដ្ឋភាព​អស់នោះ នោះ​អស់លោក​ទើប​ដឹងថា​ការឈឺចាប់​របស់​ខ្មែរក្រោម​មាន​ដល់​កម្រិតណា​»​ ។​

ពិធីបុណ្យកឋិនមួយ នៅភូមិខែ្វងដង្ហិត ក្នុងខេត្តពលលាវ បាន​ដាក់តាំងនូវ​ផ្ទាំងរូបថត​ លោក ហូ ជីម៉ិញ អតីត​មេដឹក​នាំ​​​​វៀតណាម ។ រូបៈ Facebook
ពិធីបុណ្យកឋិនមួយ នៅភូមិខែ្វងដង្ហិត ក្នុងខេត្តពលលាវ បាន​ដាក់តាំងនូវ​ផ្ទាំងរូបថត​ លោក ហូ ជីម៉ិញ អតីត​មេដឹក​នាំ​​​​វៀតណាម ។ រូបៈ Facebook

​ការលើកឡើង​នេះ ​បន្ទាប់ពី​បញ្ចប់​រដូវ​កាល​កឋិន​កាល​មួយខែ នៃ​ខែតុលា​កន្លងទៅនេះ ដែល​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ប្រារព្ធ​ពិធីបុណ្យ​កឋិនទាន​យ៉ាង​គគ្រឹកគគ្រេង អមដោយ​សិល្បៈ​តន្ត្រី​មាន​ទាំង​សម័យ និង​បូរាណ​ផង​ធ្វើឱ្យ​ផ្ទុះ​នូវ​ការសរសើ​មិន​ដាច់​ពី​មាត់​តាំង​ពុទ្ធបរិស័ទ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក ទន្ទឹម នឹង​ការសរសើរ​ក៏មាន ការរិះគន់​ផងដែរ​ ។ ដែល​រង​ការរិះគន់​ច្រើនជាងគេ​ គឺ​ការ​រាំ​សប្បាយ​របស់​យុវជន​មួយចំនួន​ ដែលរាំ​តែ​ចង្វាក់​ញាក់​ នៅក្នុង​វត្ត​ទោះជា​ចង្វាក់រាំវង់​ ក៏​នៅតែ​ញាក់​ ។ រីឯ​តាម​វត្ត​អារាម​ខ្មែរ​មួយចំនួន ប្រតិ​បត្តិទំនៀមទម្លាប់​វៀតណាម ប្រើ​ភាសា​វៀតណាម​ច្រើនជាង​ភាសា​ខ្មែរ​ជាដើម ។​

​ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ លោកព្រឹទ្ធាចារ្យ សឺ​ង សម្រេច បាន​ព្យាករណ៍​ទុក​ថា ​ជាតិ​ខ្មែរក្រោម​ នឹងមិន​រលាយ​ឡើយ ព្រោះ​ខ្មែរ​ភ្ញាក់រឭក​ហើយ ។​
ព្រឹទ្ធាចារ្យ ​សឺ​ន សម្រេច​៖ «​ដូច្នេះ​មធ្យោបាយ​របស់​យើង គឺ​ប្រើពាក្យ​ដែល​អាច​ដាស់សតិ គ្នា​យើង​កុំ​ឲ្យ​ដេកលក់ ។ នៅក្នុង​ប្រយោគ​របស់​ព្រះពុទ្ធ​អង្គ មួយ​ឃ្លា​ថា​ ម្រឹគ​ដែល​ឆ្លាត​ដេក​លើ​អន្ទាក់​ហើយ ​មិនជាប់អន្ទាក់​ហើយ មិន​ជាប់អន្ទាក់​ទៀត​ ។ ចំណែក​យើង​នៅ​ជាមួយ​គេ​ឲ្យ​ស្រួល គ្រាន់​ថា​កុំ​ឲ្យ​ជាប់អន្ទាក់ ដេក​ហើយ​ក្រោក​ឡើង​ដើរ​ឆ្កុយ​អត់​មាន​ជាប់អន្ទាក់ មកពី​យើង​ចេះ​ដេក​»​ ។​

​ការតស៊ូ​របស់​ខ្មែរក្រោម ឲ្យ​រួច​ផុតពី​អន្ទាក់​វៀតណាម ដើម្បី​ថែរក្សា​អត្តសញ្ញាណ​ជាតិ​ខ្លួន​ឲ្យ​បាន​គង់វង្ស​នោះ ​គឺ​មាគ៌ា តស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា ស្របតាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ​នេះឯង ហើយ​តាមរយៈ​មាគ៌ា​នេះ សព្វថ្ងៃ​ខ្មែរក្រោម ​កំពុងតែ​ប្រតិបត្តិ​ពី​ប្រពៃណី​ទំនៀមទម្លាប់​របស់ខ្លួន​បាន​យ៉ាង​ខ្ជាប់ខ្ជួន និង​រីក​រាលដាល​ថែម​ទៀតផង ៕ ​

Leave A Reply

Your email address will not be published.