​កម្មករ​ខ្មែរក្រោម​ ​នៅ​ក្នុង​ទីក្រុង​ព្រៃនគរ​ ​ផ្ទុះ​ការ​តវ៉ា​ចង់​ចាកចេញ​ពី​តំបន់​បិទ​ខ្ទប់​ ​ដោយសារ​បញ្ហា​ខ្វះ​ស្បៀង​

0 226

ដោយ ស៊ឺន ចែងចើន

កម្មករ​ខ្មែរក្រោម​ ​ស្ថិតនៅ​ក្នុង​តំបន់​ក្រហម​ ​ឬ​តំបន់​បិទ​ខ្ទប់​ ​នៅ​ទីក្រុង​ព្រៃនគរ​ ​នាំគ្នា​ប្រមូលផ្ដុំ​ ​នៅមុខ​ប៉ុស្តិ៍​យាម​ប្រចាំការ​របស់​សមត្ថកិច្ច​ (​សម្រាប់​ត្រួតពិនិត្យ​ដំណើរ​ចេញ​-​ចូល​ក្នុងមណ្ឌល​ច​ត្តាឡី​ស័ក​) ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ស្បៀងអាហារ​ដល់​ពួកគេ​ ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​ ​បាន​យក​ប៉ា​រ៉ា​ស់​បិទ​ខ្ទប់​មិន​ឲ្យ​ពួកគេ​ចេញពី​តំបន់​ ​ដែល​កំពុង​រស់នៅ​ ​។​ ​ការ​ផ្ទុះ​ការ​តវ៉ា​នោះ​ ​ក៏បាន​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​តម្លៃ​ផ្ទះ​ជួល​ដែរ​ ​។​ ​ក្រុម​កម្មករ​តវ៉ា​លើក​ឡើ​ថា​ ​ពួកគេ​លែង​មានលទ្ធភាព​គ្រប់គ្រាន់​ ​ក្នុង​ការ​ដោះស្រាយ​ស្បៀងអាហារ​ ​ដោយខ្លួនឯង​ហើយ​ ​បន្ទាប់ពី​រដ្ឋអំណាច​នៃ​ប្រទេស​កុម្មុនិ​ស្ត​វៀតណាម​មួយ​នេះ​ ​បិទ​ខ្ទប់​តំបន់​ខាងត្បូង​ទាំងមូល​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-​១​៩​ ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ប្រមាណ​ជាង​ ​៣​ ​ខែ​មក​ហើយ​ ​។​ ​កម្មករ​ខ្មែរក្រោម​ ​ក៏បាន​ព្រមាន​ផង​ដែរ​ថា​ ​ប្រសិនបើ​រដ្ឋាភិបាល​មិន​ឆាប់​ដោះស្រាយបញ្ហា​នៃ​ការ​ទាមទារ​នេះ​ទេ​នោះ​ ​ពួកគេ​ ​នឹង​សម្រុក​ចាកចេញ​ពី​ទីក្រុង​ព្រៃនគរ​ ​ដើម្បី​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​​ជាក់​ជាមិនខាន​ឡើយ ​។​ ​

កម្មករខ្មែរក្រោម នៅក្នុងទីក្រុងព្រៃនគរ ផ្ទុះការតវ៉ាចង់ចាកចេញពីតំបន់បិទខ្ទប់ ដោយសារបញ្ហាខ្វះស្បៀង ។ រូបៈ Screenshot
កម្មករខ្មែរក្រោម នៅក្នុងទីក្រុងព្រៃនគរ ផ្ទុះការតវ៉ាចង់ចាកចេញពីតំបន់បិទខ្ទប់ ដោយសារបញ្ហាខ្វះស្បៀង ។ រូបៈ Screenshot

កម្មករ​ខ្មែរក្រោម​ ​ប្រមាណ​ជិត​ ​១​ ​ពាន់​នាក់​ ​នៅ​ទីក្រុង​ព្រៃនគរ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​ ​ខែ​តុលា​ ​ស​ប្តាហ៍​នេះ​ ​បាន​នាំគ្នា​ចេញ​មក​តវ៉ា​ករណី​ត្រូវ​អាជ្ញាធរ​ដាក់​ពួកគេ​ឲ្យ​នៅ​ដាច់ដោយឡែក​ ​ក្នុងមណ្ឌល​ច​ត្តាឡី​ស័ក​ ​ស្ថិតនៅ​ក្នុង​បរិវេណ​រោងចក្រ​ ​និង​ផ្ទះ​ជួល​អស់​រយៈពេល​ជាង​ ​៣​ ​ខែ​ ​និង​បន្ត​រាំង​ខ្ទប់​មិន​ឲ្យ​កម្មករ​ចេញក្រៅ​ផ្ទះ​ ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​ក្រុម​កម្មករ​ខ្មែរក្រោម​ ​រួម​ទាំង​កម្មករ​ ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ជនជាតិ​ចម្រុះ​ផ្សេងៗ​ ​ជាច្រើន​រាយ​នាក់​ទៀត​ ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ព្រៃនគរ​ ​ដោះស្រាយ​ស្បៀងអាហារ​ដល់​ពួកគេ​ ​ដោយសារតែ​ពួកគេ​គ្មាន​អាហារ​ ​សម្រាប់​បរិភោគ​ ​និង​ស្នើសុំ​បើកផ្លូវ​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ ​។​ ​ប៉ុន្តែ​ ​ការ​តវ៉ា​នោះ​ ​ត្រូវ​បាន​នគរបាល​វៀតណាម​រារាំង​ ​មិន​ឲ្យ​ចាកចេញ​ពី​មណ្ឌល​ច​ត្តាឡី​ស័ក​នោះ​ទេ​ ​។​

កម្មករ​ ​ដែល​ចូលរួម​ការ​តវ៉ា​នោះ​ ​សុទ្ធតែ​លើកឡើង​ដូច​ៗ​ ​គ្នា​ថា​ ​វិធានការ​របស់​អាជ្ញាធរ​វៀតណាម​ ​ដែល​ដាក់ឲ្យ​ពួកគេ​ ​ស្ថិតនៅ​ដាច់ដោយឡែក​ ​អូស​បន្លាយ​ជាង​ ​៣​ ​ខែ​មកនេះ​ ​បាន​ធ្វើឲ្យ​ពួកគេ​បាត់បង់​ប្រាក់ចំណូល​ ​និង​ខ្វះខាត​ស្បៀងអាហារ​ ​ខណៈ​ប្រាក់ឧបត្ថម្ភ​ពី​ដ្ឋាភិ​បាល​វៀតណាម​ ​ក្នុង​ពេល​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​មិនដល់​ដៃ​ពលរដ្ឋ​ ​ដែល​ជា​ដល់ដៃ​ជនរងគ្រោះ​ពិតប្រាកដ​នោះ​ឡើយ​ ​។​

​នេះ​គឺជា​សំឡេង​ត្អូញត្អែរ​របស់​កម្មករ​រោងចក្រ​មួយ​ ​នៅ​ស្រុក​កូឈី (Củ C​h​i​) ​ទីក្រុង​ព្រៃនគរ​ ​ដែល​ចូលរួម​តវ៉ា​នេះ​ ​បាន​និយាយ​ក្នុង​ពេល​ផ្សាយ​ផ្ទាល់​ ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ ​អំពី​ក​ម្រិ​ត​ជីវភាព​កម្មករ​ដុនដាប​ ​ដោយសារតែ​កំពុង​ជួបប្រទះ​បញ្ហា​នៃ​ការ​បង់ថ្លៃ​ជួល​បន្ទប់​ ​ការ​ព្រួយបារម្ភ​កង្វះ​ស្បៀងអាហារ​ចិញ្ចឹមជីវិត​ ​នា​អំឡុង​ពេល​ ​ដែល​ពួកគេ​បាត់បង់​ប្រាក់ចំណូល​ ​ក្នុង​ស្ថានភាព​កូ​វី​ដ​ ​១​៩​ ​នេះ​ ​។

​គួរ​រំឭក​ថា​ ​កាលពី​ថ្ងៃ​ទី​ ​៩​ ​ខែ​កក្កដា​ ​កន្លងទៅ​ ​រដ្ឋអំណាច​វៀតណាម​ ​សម្រេច​ចេញ​បទបញ្ជា​ឲ្យ​បិទ​ខ្ទប់​ទីក្រុង​ព្រៃនគរ​ ​ដែល​មាន​ប្រជាជន​ ​៩​ ​លាន​នាក់​ ​តម្រូវ​ឲ្យ​ស្នាក់​នៅតែ​ក្នុង​ផ្ទះ​ ​។​ ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នោះ​ ​អាជ្ញាធរ​ក៏​លើកលែង​ដែរ​ ​ចំពោះ​អ្នក​ដែល​អាច​ចាកចេញ​ពី​ផ្ទះ​បាន​ ​តែ​ក្នុង​ករណី​ចាំ​បាច​បំ​ផុត​ ​ប៉ុណ្ណោះ​ ​ដូចជា​ ​ទៅ​ទិញ​ម្ហូបអាហារ​ ​គ្រឿងឧបភោគបរិភោគ​ ​ទៅពេទ្យ​ ​ឬ​ទិញ​ថ្នាំសង្កូវ​ ​ជាដើម​ ​ប៉ុន្តែ​ ​ត្រូវ​ភ្ជាប់​ឯកសារ​ ​ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​វៀតណាម​ ​។​

​មួយ​ស​ប្តាហ៍​ក្រោយមក​ ​នៅ​ថ្ងៃ​ទី​ ​១​៧​ ​ខែ​កក្កដា​ ​រដ្ឋាភិបាល​វៀតណាម​ ​បាន​សម្រេច​ចេញ​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​ ​ក្នុង​ខេត្ត​ចំនួន​ ​១​៦​ ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ (​កម្ពុជាក្រោម​) ​តាម​បទបញ្ជា​លេខ​ ​១​៦​ ​របស់​នាយក​រដ្ឋ​ម​ន្រ្តី ​ដើម្បី​ទប់​ស្កាត់​រលក​ចម្លង​កូ​វី​ដ​-​១​៩​ បំ​ប្លែងខ្លួន​ថ្មី​ ​ដែល​បាន​ចាប់ផ្តើម​ នៅ​ចុងខែ​មេសា​ ​។

​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ពី​ទីក្រុង​ព្រៃនគរ​ ​ដែនដី​កម្ពុជាក្រោម​ ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ ​កម្មករ​ខ្មែរក្រោម​ម្នាក់​ ​ដែល​ចូលរួម​ការ​តវ៉ា​នោះ​ ​ឲ្យដឹង​ថា​ ​មូលហេតុ​ដែល​ពួកគេ​ចេញ​តវ៉ា​ ​នៅ​តំបន់​បិទ​ខ្ទប់​នោះ​ ​​គឺក្នុងគោលបំណង​​ស្នើសុំ​អាជ្ញាធរ​ផ្តល់​ជំនួយ​ស្បៀងអាហារ​ ពីព្រោះ​ស្បៀងបម្រុង​ទុក​របស់​ពួកគេដាច់​អស់ហើយ​ដោយសារតែ​បាត់បង់​ការងារ​ធ្វើជា​កម្មករ​រោងចក្រ​ ​និង​គ្មាន​ប្រាក់ចំណូល​ ​ក្រោយ​រដ្ឋាភិបាល​បាន​ដាក់​បម្រាម​ ​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​ ​ដើម្បី​ការពារ​ ​កុំឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចូលក្នុង​សហគមន៍​ ​។​ ​កម្មករ​ខ្មែរក្រោម​រូប​នេះ​ ​ដដែល​បន្ត​ថា​ ​ពួកគេ​ទាំងអស់គ្នា​ ​សុទ្ធតែ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នេះ​ ​ប៉ុន្តែ​ ​គ្មាន​ជម្រើស​អ្វី​ល្អ​ប្រសើរ​ជាង​នេះ​ឡើយ​ ដូច្នេះ​ ​ពួកគេ​ត្រូវ​បង្ខំចិត្ត​រួមគ្នា​តវ៉ា​ ​ដើម្បីឲ្យ​អាជ្ញាធរ​វៀតណាម​ ​ដោះស្រាយបញ្ហា​ខ្វះខាត​ម្ហូបអាហារ​ ​និង​ស្នើ​ជួយ​អន្តរាគមន៍​ ​ចំពោះ​ម្ចាស់ផ្ទះ​ ​ដែល​មាន​បន្ទប់​ជួល​ឲ្យ​មានការ​បញ្ចុះតម្លៃ​ ឬ​លើក​ការ​បង់ថ្លៃ​បង់​ផ្ទះ​ជួល​ ​។​

​កម្មករ​ ​ដែល​មក​តវ៉ា​និយាយ​ថា​ ​ក្នុង​ករណី​រដ្ឋអំណាច​វៀតណាម​ ​មិន​ដោះស្រាយបញ្ហា​នេះ​ទេ​ ​ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​ ​ត្រូវតែ​ដក​របាំង​កា​ពារ​ចេញពី​ផ្លូវ​ ​ដើម្បី​ពួកគេ​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ ​បើ​ពុំនោះទេ​ ​ពួកគេ​នឹង​ព្យាយាម​ទម្លុះ​របាំង​ប៉ូលិស​បិទផ្លូវ​នោះ​ ​ដោយខ្លួនឯង​ ​។

​ជា​ការ​ឆ្លើយតបនឹង​ការ​ទាមទារ​របស់​កម្មករ​នេះ​ ​អាជ្ញាធរ​មូលដ្ឋាន​ ​នៅ​ស្រុក​កូឈី​នៃ​ក្រុង​ព្រៃនគរ​ ​បាន​ចេញ​មក​សម្របសម្រួល​ផ្ទាល់​ ​នៅ​ទីតាំង​ប្រមូលផ្តុំ​របស់​កម្មករ​ ​ដោយ​បាន​ប្រកាស​តាម​ឧគ្ឃោសនស័ព្ទ​ ​ប្រាប់​ក្រុម​អ្នក​តវ៉ា​ ​ដែល​ពាក់​ម៉ា​ស​នាំគ្នា​ឈរ​ស្រែក​យ៉ាង​កងរំពង​រួមគ្នា​នោះ​ ​ថា​ ​អាជ្ញាធរ​សូម​អំពាវនាវ​ដល់​កម្មករ​មានការ​អត់ធ្មត់​ ​ហើយ​ត្រូវ​បំ​បែកគ្នា​ ​បញ្ឈប់​សកម្មភាព​តវ៉ា​ ​និង​វិលត្រឡប់​ទៅកាន់​បន្ទប់​ជួល​រៀង​ៗ​ ​ខ្លួន​ ​ហើយ​ចាត់​ឲ្យ​មាន​អ្នកតំណាង​ ​ចូលរួម​កិច្ច​សហការ​ល្អជា​មួយ​អាជ្ញាធរ​ ​ដើម្បី​ដោះស្រាយបញ្ហា​នេះ​ ​ដោយ​សន្តិវិធី​ ​។​ ​ទោះបីជា​យ៉ាងនេះ​ក្ដី​ ​ក្រុម​កម្មករ​ ​ដែល​ឈរ​តវ៉ា​នោះ​ ​មិនព្រម​ឡើយ​ ​និង​នៅតែ​បន្ត​ស្រែក​កាន់តែ​ខ្លាំង​ ​ដោយ​ទាមទារ​ឲ្យ​ផ្ដល់​ដំណោះស្រាយ​សមរម្យ​នៅនឹង​កន្លែង​ដល់​ពួកគាត់​ ​។

​អាជ្ញាធរ​វៀតណាម​ ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ឈាន​ចូល​ថ្ងៃសុក្រ​ទី​ ​១​ ​ខែ​តុលា​ ​បាន​ដក​វិធានការ​រឹតត្បិត​សកម្មភាព​ផ្នែក​ខ្លះ​ ​ប្រឆាំង​កូ​វី​ដ​-​១​៩​ ​ដើម្បីឲ្យ​សេដ្ឋកិច្ច​ដើរ​ឡើងវិញ​ ​នៅ​ក្នុង​ទីក្រុង​ ​ព្រៃនគរ​ ​និង​ខេត្ត​/​ក្រុង​ចំនួន​ ​១​៨​ ​ក្រោយ​ពី​បាន​ដាក់​វិធានការ​ឲ្យ​តំបន់​ទាំងនោះ​ ​នៅ​ដាច់ដោយឡែក​ ​អស់​រយៈពេលជាង​ ​៣​ ​ខែ​ ​។​

កម្លាំងសមត្ថកិច្ចវៀតណាម ចុះរារាំងការវិលត្រឡប់ទៅស្រុករបស់កម្មករ នៅទីតាំង ដែលបិទខ្ទប់ ។ រូបៈ Zing News
កម្លាំងសមត្ថកិច្ចវៀតណាម ចុះរារាំងការវិលត្រឡប់ទៅស្រុករបស់កម្មករ នៅទីតាំង ដែលបិទខ្ទប់ ។ រូបៈ Zing News

​យោង​តាម​ការប្រកាស​របស់​អាជ្ញាធរ​វៀតណាម​ ​ទីក្រុង​ ​ព្រៃនគរ​ ​និង​ខេត្ត​/​ក្រុង​ទាំងអស់​ ​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ ​នឹង​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ប្រឆាំង​កូ​វី​ដ​-​១​៩​ ​ខ្លះ​ ​និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សហគ្រាស​អាជីវកម្ម​ ​ចាប់ផ្តើម​ផលិតកម្ម​ឡើងវិញ​ ​ចាប់ពី​ថ្ងៃ​ទី​ ​១​ ​តុលា​ ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ ​និង​សង្គម​ឡើងវិញ​ ​ដែល​រងគ្រោះ​ខ្លាំង​ ដោយ​អនុវត្ត​វិធានការ​គ​ម្លា​ត​សង្គម​ដ៏​តឹងរ៉ឹង​បំផុត​អស់​រយៈពេល​ជាង​ ​៣​ ​ខែ​ ​ដើម្បី​ប្រឆាំង​ជំងឺឆ្លង​ ​ដែល​រីក​រាលដាល​អស់ពេលដ៏យូរ​នេះ​ ​។​

​បន្ទាប់ពី​អាជ្ញាធរ​បើក​ទីក្រុង​ ​និង​ខេត្ត​នានា​ ​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ ​មាន​សកម្មភាព​មមាញឹក​ឡើងវិញ​ ​គេ​សង្កេតឃើញ​ថា​ ​កម្មករ​ខ្មែរក្រោម​ ​និង​កម្មករ​ចម្រុះ​ជាតិ​សាសន៍​ផ្សេងទៀត​ ​រាប់ពាន់​នាក់​ន​ស្ពាយ​បង្វេចខោអាវ​ ​សម្រុក​ចាកចេញ​ពី​ទីក្រុង​ធំ​ៗ​ ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​ ​ដូចជា​ ​ទីក្រុង​ព្រៃនគរ​ ​ខេត្ត​ទួល​តា​មោក​ (Bìn​h​ ​D​ươn​g​) ​ខេត្ត​ដូន​ណៃ (Đồn​g​ N​a​i​) ​ដើម្បី​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ​ ​។​

​ការធ្វើដំណើរ​ចាកចេញ​របស់​កម្មករ​​ ​ដោយសារតែ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​រលក​ឆ្លង​កូ​វី​ដ​-​១​៩​ ​ស្ទុះឡើង​ខ្លាំង​សារ​ជាថ្មី​ ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​ការធ្វើដំណើរ​ត្រឡប់ទៅ​ស្រុកកំណើត​វិញ​នោះ​ ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​អនុញ្ញាត​ឲ្យ​ឆ្លង​ចេញចូល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​ឡើយ​ ​។​ ​ពួក​អាជ្ញាធរ​វៀតណាម​ ​បាន​ដាក់​ពង្រាយ​កងកម្លាំង​ចម្រុះ​រាប់​រយ​នាក់​ឈរ​យាមល្បាត​តាម​ដង​ផ្លូវ​នានា​យ៉ាង​តឹងតែង​ជាទីបំផុត​ ​។​

​ទោះជាយ៉ាងណា​ ​កម្មករ​ខ្មែរក្រោម​ជាច្រើន​រយ​នាក់​ ​នៅតែ​ប្តេជ្ញា​ចិត្ត​ថា ​នឹងបន្ត​ធ្វើដំណើរ​វិលត្រឡប់​មក​ផ្ទះ​វិញ​ ​ឲ្យ​ខាន​តែ​បាន​ ​។​ ពួកគេ លើក​ឡើង​ស្រដៀងៗ ​គ្នា ថា បើមិន​ប្រថុយប្រថាន​​ទេ ហើយបន្ត​រស់​នៅ​ទាំងត្រដាបត្រដួសនោះ ពួកគេ នឹងអាច​ស្លាប់​ដោយសារ​ដាច់​បាយ​ មុន​ស្លាប់​ដោយ​ជំងឺ​កូវីដ​-១៩ ខាង​មុខ​មិនខានឡើយ ។

ក្រសួងសុខាភិបាល​វៀតណាម​ ​នៅ​យប់​ថ្ងៃសៅរ៍​ទី ២ តុលានេះ​ ​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ ​ថ្មី​ ​ចំនួន​ ​៥​,​៤​៩​០​ ​ដែល​ជា​កំណត់​ត្រា​ឆ្លង​ទាប​បំផុត​ក្នុងរយៈពេល​មួយ​ខែ​ ​។​ ​ក្នុង​ចំនួន​អ្នក​ឆ្លង​ថ្មី​នេះ​ ​ទីក្រុង​ ​ព្រៃនគរ​ ​ដែល​ជា​ចំណុច​កណ្តាល​ ​នៃ​ការ​ផ្ទុះ​រីក​រាល​នៃ​ជំងឺ​នេះ​ ​មាន​អ្នក​ឆ្លង​ថ្មី​ ​២​,​៧​២​៣​ ​នាក់​ ​។​

​ក្នុង​របាយការណ៍​រយៈពេល​ ​២​៤​ ​ម៉ោង​ចុងក្រោយ​នេះ​ ​ក្រសួងសុខាភិបាល​វៀតណាម​ ​ក៏បាន​ប្រកាស​ពី​ករណី​អ្នក​ស្លាប់​ថ្មី​ ​ចំនួន​ ​១​៦​៤​ ​នាក់​បន្ថែម​ទៀត​ ​។​ ​ចំនួន​ស្លាប់​ថ្មី​នេះ​ ​នាំឲ្យ​ប្រទេស​នេះ​ ​មាន​អ្នក​បាត់បង់ជីវិត​ដោយ​កូ​វី​ដ​-​១​៩​ ​សរុប​ឡើង​ដល់​ ​១​៩​,​៦​០​១​ ​នាក់​ ​ខណៈ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​ ​ចំនួន​ ​៨​០​៣​,​២​០​២​ ​នាក់​ ​និង​អ្នក​ជាសះស្បើយ​ ​ចំនួន​ ​៦​៦​៤​,​៩​៣​៨​ ​នាក់​ ​។

ចំណែកតួលេខអ្នកស្លាប់ជាខ្មែរក្រោមវិញ គិត​ត្រឹម​ថ្ងៃ​ទី​ ​២​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​យ៉ាងហោចណាស់​ ​ក៏មាន​ពលរដ្ឋ​ខ្មែរក្រោម​ ​មិន​តិច​ជាង​ ​១​០​០​ ​នាក់​ ​រស់នៅ​ខេត្ត​ផ្សេងគ្នា​ ​បាន​ស្លាប់​ ​និង​ជាច្រើន​រយ​នាក់​ផ្សេងទៀត​ ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​៕

Leave A Reply

Your email address will not be published.