កម្មករខ្មែរក្រោមទាមទារឲ្យឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ
ដោយ ថាច់ ប្រីជា គឿន
កម្មករខ្មែរក្រោមដែលធ្វើការនៅក្នុងទីក្រុងព្រៃនគរ បានរួមគ្នាចុះហត្ថលេខានៅលើញត្តិរួមមួយ ស្នើទៅក្រុមហ៊ុន និង រោងចក្រដែលខ្លួនកំពុងធ្វើការ ដើម្បីសុំឈប់សម្រាកនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នេះ តែកម្មករខ្លះបានឈប់ និងកម្មករខ្លះទៀត មិនត្រូវបានរោងចក្រអនុញ្ញាតឲឈប់តាមសំណូមពរឡើយ ។

យោងតាមញត្តិរួម ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៩ ផ្ញើទៅប្រធានសហជីពពលកម្មវៀតណាម នៅទីក្រុងព្រៃនគរ (Chủ tịch Liên đoàn Lao động Việt Nam Thành phố Hồ Chí Minh) បានស្នើទៅក្រុមហ៊ុន និង រោងចក្រទាំងអស់នៅក្នុងទីក្រុងព្រៃនគរ និង នៅទូទាំងដែនដីកម្ពុជាក្រោម អនុញ្ញាតឲកម្មករខ្មែរក្រោម បានឈប់សម្រាក ៤ ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ។
ការធ្វើញត្តិនេះ បន្ទាប់ពីកម្មករខ្មែរក្រោមម្នាក់នៅទីក្រុងព្រៃនគរ បានថ្លែងជាសាធារណៈតាមបណ្ដាញសង្គម Facebook អំពាវនាវឲកម្មករខ្មែរក្រោមគ្រប់រូប ត្រូវរួបរួមគ្នាស្នើទៅក្រុមហ៊ុន និង រោងចក្រដែលខ្លួនធ្វើការ ដើម្បីសុំឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។ យោងតាមវីដេអូឃ្លីបមួយដែលបានផ្សាយផ្ទាល់ (Live) នៅលើគណនេយ្យ Facebook ឈ្មោះ ថាច់ កឿង (Thach Cuong) បានថ្លែងថា កម្មករខ្មែរក្រោមគ្រប់រូបត្រូវតែបានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែររបស់ខ្លួនដោយគ្មានលក្ខខណ្ឌឡើយ ដោយសាររាល់ពិធីបុណ្យរបស់ជនជាតិយួន ក្រុមហ៊ុន និងរោងចក្របានអនុញ្ញាតឲឈប់សម្រាកទូទាំងប្រទេស ចុះហេតុអ្វីបុណ្យរបស់ជនជាតិខ្មែរបែរជាមិនបានឈប់ទៅវិញ ។
ម្ចាស់គណនេយ្យ Facebook បានថ្លែងយ៉ាងនេះថា៖ “ទីមួយ អ្នកទាំងអស់គ្នាជាជនជាតិខ្មែរ ដែលទៅធ្វើជាកម្មករ តាមក្រុមហ៊ុន នៅខេត្តបិនយឿង, នៅដូនណៃ និងនៅទីក្រុងព្រៃនគរ ជាដើម ។ អ្នកទាំងអស់គិតមើល ! ច្បាប់របស់ក្រុមហ៊ុន ចូលឆ្នាំយួនចិនបានឈប់, ចូលឆ្នាំសកលបានឈប់, ទិវា ៣០ មេសា, ១ ឧសភា បានឈប់, ២ កញ្ញា បានឈប់ ។ គឺឲ្យតែបុណ្យរបស់ជនជាតិយួន អ្នកទាំងអស់គ្នាបានឈប់សម្រាក ប៉ុន្តែផ្ទុយទៅវិញ បុណ្យចូលឆ្នាំរបស់ជនជាតិខ្មែរ ហេតុអ្វីក្រុមហ៊ុនមិនអនុញ្ញាតឲ្យគេ [ខ្មែរក្រោម] ឈប់ ។ ឥឡូវនេះ ខ្ញុំឡើងមកទីនេះ ធ្វើបាតុកម្មទាមទារ និងការពារផលប្រយោជន៍ឲ្យកម្មករ នៅក្នុងប្រទេសវៀតណាមនេះ” ។
ម្ចាស់គណនេយ្យ Facebook នេះបានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃ ប្រទេសវៀតណាម ត្រូវតែពិនិត្យឡើងវិញនូវការអនុវត្តច្បាប់របស់ក្រុមហ៊ុន និង រោងចក្រទាំងអស់ដែលកំពុងតែដំណើរការនៅក្នុងប្រទេសវៀតណាម ក្នុងការអនុញ្ញាតឲ្យកម្មករខ្មែរក្រោមបានឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ផងដែរ ។
“ខ្ញុំសូមសំណូមពរ និង ស្នើទៅថ្នាក់លើ និងអ្នកដឹកនាំទាំងអស់ ត្រូវតែពិនិត្យឡើងវិញនូវក្រុមហ៊ុនទាំងអស់ ដែលនៅក្នុងប្រទេសវៀតណាម ដូចជា នៅខេត្តព្រះត្រពាំង, នៅព្រៃនគរ និង នៅបិនយឿង ឬ នៅដូនណៃ គឺ បុណ្យចូលឆ្នាំរបស់ជនជាតិខ្មែរ ត្រូវតែសម្រេចឲ្យគេ [ខ្មែរក្រោម] បានឈប់សម្រាកចំនួន ៤ ថ្ងៃ ។ ខ្ញុំបានទទួលដំណឹងពីកម្មករប្រាប់មកថា ចូលឆ្នាំថ្មីនេះ ខ្ញុំមិនបានត្រឡប់ទៅស្រុកទេ ព្រោះក្រុមហ៊ុនមិនឲ្យឈប់ ។ មិនបានជាដាច់ខាត! អ្នកទាំងអស់គ្នា ត្រូវតែការពារផលប្រយោជន៍ និង ការពារជាតិសាសន៍របស់យើង ពីព្រោះក្នុងមួយឆ្នាំយើងមានបុណ្យចូលឆ្នាំតែម្ដងទេ ដែលធំជាងគេ” ។
ជារៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជា បុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា និង ពិធីបុណ្យភ្ជុំបិណ្ឌ ឬ បុណ្យសែនដូនតា នៅថ្ងៃ ១៤ និង ១៥ រោច ខែភទ្របទ ពលរដ្ឋខ្មែរក្រោមដែលជានិស្សិត សិស្សសាលា កម្មករ បុគ្គលិក និងកម្មាភិបាល ដែលកំពុងតែរៀន និង ធ្វើការនៅតាមសាលា រោងចក្រ និងការិយាល័យរដ្ឋនានា មិនមានសេរីភាពគ្រប់គ្រាន់ក្នុងការចូលរួមពិធីបុណ្យប្រពៃណីជាតិរបស់ខ្លួនទេ ។ មូលហេតុ ដោយសាររដ្ឋាភិបាលវៀតណាមមិនមានគោលនយោបាយជាមូលដ្ឋាន និងអនុម័តនូវច្បាប់ជាផ្លូវការណាមួយសម្រាប់ឲមាន ថ្ងៃឈប់សម្រាកក្នុងថ្ងៃ បុណ្យសែនដូនតា និង បុណ្យចូលឆ្នាំថ្មី របស់ជនជាតិខ្មែរ ។ នៅក្នុងថ្ងៃពិធីបុណ្យនេះ សាលារៀននៅតែរៀន រោងចក្រ និងការិយាល័យរដ្ឋ និងឯកជននៅតែធ្វើការជាធម្មតា ដែលធ្វើឲ្យពលរដ្ឋខ្មែរក្រោមមានអារម្មណ៍ថា ពួកគេមិនទទួលបាននូវសេរីភាព និង យុត្តិធម៌ពិតប្រាកដក្នុងការចូលរួម និង ថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួនឡើយ ។ ផ្ទុយទៅវិញ ជនជាតិយួន និង ចិន រដ្ឋាភិបាលវៀតណាមបានអនុម័តច្បាប់ជាផ្លូវការឲ្យមានថ្ងៃឈប់សម្រាកទូទាំងប្រទេសពី ១០ ទៅ ១៥ ថ្ងៃ នៅក្នុងឱកាស បុណ្យចូលឆ្នាំយួន និង ចិន ជារៀងរាល់ឆ្នាំ ។ ទង្វើទាំងនេះ ត្រូវបានគេមើលឃើញថា វាផ្ទុយនឹងអ្វីដែល រដ្ឋាភិបាលវៀតណាមតែងតែឃោសនាថា យួន ចិន និង ខ្មែរក្រោម ជាជនជាតិទាំងបីបងប្អូននឹងគ្នារស់នៅភាគខាងត្បូងនៃប្រទេសវៀតណាម ដោយជនជាតិយួន និង ចិន បានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ពួកគេយ៉ាងសេរី តែខ្មែរក្រោមវិញបែរជាមិនបាន ៕