យុវជន​ខ្មែរក្រោម ​ទាមទារ​តុលាការ​វៀតណាម​ ដោះលែង​កសិករ​ខ្មែរក្រោម ៤ រូប

0 170

ដោយ យាង សុ​ធារិ​ន្ទ

យុវជន ​និង​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​នៅ​លើ​បណ្តាញ​សង្គម​ដើម្បី​ទាមទារ ឱ្យ​រដ្ឋាភិបាល​វៀតណាម​ឈប់​ធ្វើទុក្ខ​បុកម្នេញ​លើ​កសិករ​ខ្មែរក្រោម ​ដែល​ជា​ម្ចាស់ដី​ ហើយ​ត្រូវបាន​តុលាការ​វៀតណាម​កាត់ទោស​ដាក់​ពន្ធនាគារ​ដោយសារតែ​បាន​តវ៉ា​ការពារ​ដីធ្លី​ស្រែ​ចំការរបស់​ខ្លួន ។ យុទ្ធនាការ​នេះ ​ត្រូវ​បាន​ទទួលការ​គាំទ្រ​ពីសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម ​ដែល​កំពុងតែ​តាមដាន​ និង​ឃ្លាំមើល​វិធានការ​របស់​អាជ្ញាធរ​វៀតណាម ​មក​លើ​កសិករ​ខ្មែរក្រោម ។

ផ្ទាំងរូបភាព ដែលយុវជន ​និង​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​កម្ពុជា​ ធ្វើ​យុទ្ធនាការ​នៅ​លើ​បណ្តាញ​សង្គម​ ដើម្បី​ទាមទារ ឱ្យ​រដ្ឋាភិបាល​វៀតណាម​ឈប់​ធ្វើទុក្ខ​បុកម្នេញ​លើ​កសិករ​ខ្មែរក្រោម ។ រូបៈ Khmer Krom Youth Council (KKYC)
ផ្ទាំងរូបភាព ដែលយុវជន ​និង​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​កម្ពុជា​ ធ្វើ​យុទ្ធនាការ​នៅ​លើ​បណ្តាញ​សង្គម​ ដើម្បី​ទាមទារ ឱ្យ​រដ្ឋាភិបាល​វៀតណាម​ឈប់​ធ្វើទុក្ខ​បុកម្នេញ​លើ​កសិករ​ខ្មែរក្រោម ។ រូបៈ Khmer Krom Youth Council (KKYC)

យុវជន​ខ្មែរក្រោម ​លើកឡើង​ថា យុទ្ធនាការ​របស់​ខ្លួន​ គឺជា​ការ​រួមចំណែក​លើកទឹកចិត្ត​ការ​តស៊ូរបស់​កសិករ​ខ្មែរក្រោម ​ប្រឆាំង​ទៅ​នឹង​ការរំលោភ​បំពាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ ពីសំណាក់​អាជ្ញាធរវៀតណាម ។

កាល​ថ្ងៃទី ៣ ខែធ្នូ តុលាការ​ស្រុក​ព្រៃ​មេង ខេត្ត​ក្រមួនស ដែល​វៀតណាម​បាន​ប្តូរ​ទៅជា​ស្រុក Giang Thanh ខេត្ត Kien Giang បាន​ផ្ដន្ទាទោស​ពលរដ្ឋខ្មែរ​ក្រោម​ចំនួន ៤ នាក់​ដែល​បាន​តវ៉ា ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ដោយបង្ខំ​ពី​ដីស្រែ​ចំការ​ឲ្យ​ជាប់ពន្ធ​នា​គារ ពី ១ ឆ្នាំទៅ ២ ឆ្នាំ​កន្លះ ពី​បទ​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ​វៀតណាម ។

ពលរដ្ឋខ្មែរ​ក្រោម​ទាំង ៤ នាក់​នោះ រួមមាន​លោក ហ្វិ​ន វ៉ាំ​ងឌែប លោក តៀន ដាម លោក តៀន ណាម និង​លោកយាយ ធី ភិច អាយុ ៧១ ឆ្នាំ ។

ក្រោយ​ការ​កាត់ទោស​នេះ ក្រុម​យុវជន​ខ្មែរក្រោម ​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ដោយ​បង្ហោះ​រូបថត ជនរងគ្រោះ​ខ្មែរក្រោម​ទាំង ៤ រូប​ដែល​កំពុង​ឈរ​នៅក្នុង​សាល​សវនាការ​តុលាការ​វៀតណាម ភ្ជាប់​ដោយសារ​ធ្វើឡើង​ជា​បី​ភាសា​គឺ ខ្មែរ អង់គ្លេស និង វៀតណាម ដែល​មានខ្លឹមសារ​ថា ៖ «អយុត្តិធម៌​ខ្មែរក្រោម ! តុលាការ​វៀតណាម​ត្រូវ​ទម្លាក់ ចោល​បទចោទប្រកាន់​លើ​កសិករ ខ្មែរក្រោម​ទាំង ៤ រូប ។ អាជ្ញាធរ​វៀតណាម​ត្រូវ​ផ្តល់​ដីធ្លី​ឱ្យ​ពលរដ្ឋខ្មែរ​ក្រោម​ជាង ១០០ គ្រួសារ​វិញ និង​ត្រូវការ​ពារ​សិទ្ធិ​តវ៉ា​ដីធ្លី​ដោយសន្តិវិធី​របស់​ពលរដ្ឋខ្មែរ​ក្រោម»

យុទ្ធនាការ​នេះ ធ្វើឡើង​ក៏​ស្រប​ពេល​ដែល​ក្រុម​យុវជន​ខ្មែរក្រោម ​ចូលរួម​អបអរសាទរ និង​រម្លឹក ខួប ៧២ ឆ្នាំ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ដោយ​បាន​ទាមទារ​ឱ្យ​រដ្ឋា​ភិ​បា​លកុម្មុយ​នី​ស្ត​វៀ​តណាម ​គោរព​សិទ្ធិមនុស្ស​ខ្មែរក្រោម ​ដែល​ជា​ម្ចាស់​នៃ​ទឹកដី​កំណើត​របស់​ខ្លួន ​នៅ​កម្ពុជាក្រោម ។

យុវជន​ខ្មែរក្រោម​យល់ថា នេះ​ជា​មធ្យោបាយ​មួយ​ក្នុងចំណោម​មធ្យោបាយ​ផ្សេងទៀត​ក្នុង​ការ តស៊ូ​មតិ​ដើម្បី​បង្ហាញ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ឃើញថា ខ្មែរក្រោម​នៅ​គ្រប់ទិសទី មិន​សប្បាយចិត្ត​ឡើយ​ នៅពេល​ដែល​តុលាការ និង​អាជ្ញាធរ​វៀតណាម ​ធ្វើបាប​ពលរដ្ឋខ្មែរក្រោម ។ វា​ក៏​ជា​ការ​ផ្តល់​ដំណឹង​ដល់​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ ឱ្យ​បានដឹង​ពី​ទុក្ខ​លំ បា​កដែល​ខ្មែរក្រោម​កំពុង​ជួបប្រទះ​នៅ​ដែនដី​កម្ពុជាក្រោម​ផង​ដែរ។

លោក ថាច់ ចន្រ្ទា ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​ខ្មែរក្រោម ​បាន​សរសេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​ ចាត់ទុក​ទង្វើ​របស់​តុលាការ​និង​អាជ្ញាធរ​វៀតណាម​ថា​ ជា​អំពើយង់ឃ្នង អសីលធម៌ និង​អមនុស្សធម៌ មក​លើ​ខ្មែរក្រោម​ដែល​ជា​ម្ចាស់​ទឹកដី ។ លោក​ក៏បាន​អំពាវនាវ ពលរដ្ឋខ្មែរ​ក្រោម​ឱ្យ​ភ្ញាក់​រលឹក និង​ក្រោក​ឡើង​រួមគ្នា​តស៊ូប្រឆាំង​នឹង​ភាព​អយុត្តិធម៌​ប្រព្រឹត្តិ ដោយ​អាជ្ញាធរ​វៀតណាម ។

អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ខ្លះ​ បាន​សម្តែង​ការ​ឈឺចិត្ត​នៅពេល​ឃើញ​ពលរដ្ឋខ្មែរ ក្រោម​រង​ការធ្វើបាប ។

លោក ទៀ ថេន បច្ចុប្បន្ន​ជាទី​ប្រឹក្សា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​លើកឡើង​ថា ខ្មែរក្រោម​នឹង​រៀបចំ​សំណុំរឿង​នេះ ​ប្តឹង​ឡើង​ទៅ​អន្តរ​ប្រទេស​ធំៗ​ ដើម្បី​សុំ​អន្តរាគមន៍ ។ លោក អំពាវនាវ​ឱ្យ​ខ្មែរក្រោម​ទាំងអស់​ក្រោកឈរ​ឡើង​ព្រមគ្នា​បញ្ចេញ​សំឡេង​ ដើម្បី​ជួយ​រំដោះ​ជន​រងគ្រោះ​ខ្មែរក្រោម ​ឱ្យ​បាន​រួចផុត​ពី​ការជិះជាន់​និង​ធ្វើបាប ។ លោក​ថា មានតែ​ការ​ក្រោក​ឡើង​ព្រមគ្នា​របស់​ខ្មែរក្រោម​ប៉ុណ្ណោះ ទើប​អាច​រក​យុត្តិធម៌​ជូន​ខ្មែរក្រោម​រងគ្រោះ​បាន ។ លោក​បញ្ជាក់​ថា នេះ ​គឺជា​ឱកាស​ដែល​ខ្មែរក្រោម​អាច​ស្រែក​ប្រាប់​ឱ្យ​ពិភពលោក​បានឮ បានឃើញ អំពី​ការ​បន្ត រំលោភបំពាន​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​រដ្ឋាភិបាល​វៀតណាម ។

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម កាលពី​ថ្ងៃទី ៥ ខែធ្នូ ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស តុលាការ​វៀតណាម និង​ទាមទារ​ឱ្យ​ទម្លាក់​បទចោទប្រកាន់​លើ​កសិករ​ខ្មែរក្រោម ។

កសិករ​ខ្មែរ​ក្រោម ៤ នាក់ ក្នុង​តុលាការ​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ ២០២០ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ៦ ខែ​ដល់​ជិត ៣ ឆ្នាំ ពី​បទ​ប្រើ​ហិង្សា​លើ​កងកម្លាំង​សមត្ថកិច្ច ពេល​តវ៉ា​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ដី​ស្រែ​ចម្ការ ។ រូបៈ ខ្មែរ​នៅ​កម្ពុជាក្រោម
កសិករ​ខ្មែរ​ក្រោម ៤ នាក់ ក្នុង​តុលាការ​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ ២០២០ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ៦ ខែ​ដល់​ជិត ៣ ឆ្នាំ ពី​បទ​ប្រើ​ហិង្សា​លើ​កងកម្លាំង​សមត្ថកិច្ច ពេល​តវ៉ា​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ដី​ស្រែ​ចម្ការ ។ រូបៈ ខ្មែរ​នៅ​កម្ពុជាក្រោម

កាលពី​ថ្ងៃទី ៥ ខែឧសភា អាជ្ញាធរ​វៀតណាម រួមមាន ប៉ូលិ​ស ទាហាន ដែល​ប្រដាប់ដោយ​អាវុធ ប្រមាណ​ជា ១០០ នាក់ បាន​ចុះទៅ​រឹបអូស​យក​ដី​ជាង ៣.០០០ ហិ​កតា ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ ពី​ពលរដ្ឋខ្មែរ​ក្រោម​ចំនួន ១៤៥ គ្រួសារ​កំពុង​ប្រើប្រាស់​ដី​កេរមត៌ក​ដែល​ដូនតា​របស់​ពួក​គេ​បន្សល់ទុក​មក ។ ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរក្រោម បាន​ធ្វើការ​ជំទាស់​រហូត​ផ្ទុះ​ជា​អំពើ​ហិង្សា បណ្ដាលឲ្យ​ពលរដ្ឋខ្មែរ​ក្រោម​ជាង ១០ នាក់​រង​បួស​ធ្ងន់ និង​ស្រាល ។ ពលរដ្ឋខ្មែរ​ក្រោម ឲ្យដឹង​ថា ពួក​គេ​បាន​អាស្រ័យផល​លើ​ដី​នោះ​តាំងពី​អំឡុង​ឆ្នាំ ១៩៧៣ មក​ម្ល៉េះ ប៉ុន្តែ អាជ្ញាធរ​វៀតណាម​មិនព្រម​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​នោះ​ទេ ។

ក្រៅពី​កសិករ​ខ្មែរក្រោម​ទាំងបួន​នាក់ ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ខាងលើ ពលរដ្ឋខ្មែរ​ក្រោម ជាប់ពាក់ព័ន្ធ​ចំនួន ២៣ នាក់​ផ្សេងទៀត ក៏​ត្រូវ​បាន​អាជ្ញាធរ​ម្រេច​ដាក់​ពិន័យ​រដ្ឋបាល ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នា​ក់ៗ ចាប់ពី​បី​លាន​ដុង​ទៅ​បួន​លាន​ដុង ឬស្មើ នឹង ១៥០ ដុល្លារ ទៅ ២០០ ដុល្លារ ។

លោក សឺន ជុំ​ជួន អគ្គលេខាធិការ នៃ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ចាត់ទុក​ការសម្រេច​របស់​តុលាការ​វៀតណាម​ជា​អំពើ​អយុត្តិធម៌ ។ តែ​ទោះជាយ៉ាងណា លោក បាន​លើកទឹកចិត្ត​ជនរងគ្រោះ​ខ្មែរក្រោម ​និង​សាច់ញាតិ កុំ​អោយ​អស់សង្ឃឹម ឬបាក់ទឹកចិត្ត ព្រោះ​លោក​ថា​ ខ្មែរក្រោម​នៅ​គ្រប់ទិសទី​នឹង​បន្ត​តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌​ឱ្យ​ពួក​គេ ៕

Leave A Reply

Your email address will not be published.