បើទោះនិន្នាការផ្សេងគ្នា ប៉ុន្តែ យុវជនខ្មែរក្រោម បង្ហាញជំហរសាមគ្គីរួម ដើម្បីជួយពលរដ្ឋខ្មែរក្រោម
ដោយ គឹម សាវតា
ខណៈដែលការបោះឆ្នោតថ្នាក់ជាតិនិតិកាលទី ៦ សម្រាប់កម្ពុជាកាន់តែជិតចូលមកដល់ យុវជនខ្មែរក្រោម ដែលរស់នៅកម្ពុជា បានបង្ហាញពីជំហរមិនប្រកាន់និន្នាការនយោបាយនោះទេ ពោលគឺនៅតែគិតផលប្រយោជន៍ពលរដ្ឋខ្មែរក្រោមជាធំ និងបានអះអាងថា ព្យាយាមជួយសម្រួលកិច្ចការពលរដ្ឋ ដែលជាជនរួមឈាម នៅពេលដែលជួបទុក្ខបាក និងត្រូវការពឹងពាក់ការងាររដ្ឋបាលផ្សេងៗ ។

លោក សឿង សុធានី ជាយុវជនខ្មែរក្រោម ដែលមាននិន្នាការទៅរកគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា បានប្រាប់សារព័ត៌មានព្រៃនគរ និងសំឡេងកម្ពុជាក្រោម (VOKK) ថា ដោយសារតែមើលឃើញកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា លោកក្នុងនាមជាយុវជនខ្មែរក្រោម ដែលមករស់នៅកម្ពុជា បានចូលរួមនយោបាយជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តកសាងប្រទេសជាតិ ។
យ៉ាងនេះក្តី លោកនៅតែបន្តកិច្ចការមនុស្សធម៌ជួយដល់ពលរដ្ឋខ្មែរក្រោម ដែលត្រូវការជំនួយផ្សេងៗ តាមរយៈសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ក្នុងនាមលោកជាប្រធាន ។ លោក សឿង សុធានី អះអាងថា បើទោះជាមានយុវជនខ្មែរក្រោម ហើយមាននិន្នាការនយោបាយផ្សេងគ្នា ប៉ុន្តែសុខទុក្ខពលរដ្ឋខ្មែរក្រោម តាំងមូលជាប្រយោជន៍រួម ពោលគឺលោកមិនបានប្រកាន់និន្នាការអ្វីនោះទេ ហើយបើកចំហរក្នុងការងារមនុស្សធម៌ ដើម្បីជួយពលរដ្ឋខ្មែរក្រោមដូចគ្នា ។ លោកបញ្ជាក់បន្ថែមថា ជាគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា មិនអនុញ្ញាតឱ្យយកខ្មែរណាជាសត្រូវ ឬបញ្ឈេះកំហឹងឱ្យមានការស្អប់ខ្ពើមគ្នានោះឡើយ ។
យុវជនខ្មែរក្រោមមួយរូបទៀត គឺលោក ខឿន ប៊ុនធឿន គឺជាអ្នកគាំទ្រគណបក្សភ្លើងទៀន ។ លោកអះអាង ពេលដែលលោកធ្វើកិច្ចការមនុស្សធម៌ជាមួយយុវជន ដែលមាននិន្នាការផ្សេង ដើម្បីជួយដល់ពលរដ្ឋខ្មែរក្រោម ដែលជួបទុក្ខលំបាក គឺលោកភ្លេចបាត់ទៅហើយ ថា យើងមាននិន្នាការផ្សេងគ្នា ព្រោះអ្វីដែលសំខាន់ពីប្រយោជន៍ពលរដ្ឋខ្មែរក្រោម ដែលកំពុងត្រូវការពួកយើងជួយសង្គ្រោះ និងជួយសម្រួលការងាររដ្ឋបាលខណៈ ដែលពួកគាត់មករស់នៅកម្ពុជា ។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសង្កាត់មួយក្នុងរាជធានីភ្នំពេញផងនោះ យុវជនជ ខឿន ប៊ុនធឿន អះអាងថា លោកតែងតែជួយសម្រួលដល់ពលរដ្ឋខ្មែរក្រោម ក្នុងមូលដ្ឋានរបស់លោកដោយមិនប្រកាសនិន្នាការឡើយ ធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរក្រោមមានសិទ្ធិគ្រប់គ្រាន់ក្នុងនាមពលរដ្ឋខ្មែរ ។
ចំពោះការលើកឡើងថា នៅពេលដែលមាននិន្នាកានយោបាយខុសគ្នា គឹតែងតែមិនចុះសម្រុងជាមួយគ្នានោះ យុវជន ខឿន ប៊ុនធឿន អះអាងថា ឱ្យតែបានជជែកគ្នាហើយយល់ពីគ្នានោះ គឺមិនមានឡើយការប្រកាន់ និងរើសអើងគ្នា ពោលគឺមានតែជួយសម្រួលគ្នាទៅវិញទៅមក ។
ជាការកត់សម្គាល់ទាំងលោក សឿង សុធានី និងលោក ខឿន ប៊ុនធឿន ដែលមានស្រុកកំណើតក្នុងខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោមដូចគ្នា គឺតែបង្ហាញពីកិច្ចការមនុស្សធម៌ជួយដល់ពលរដ្ឋខ្មែរក្រោមតាមរយៈបណ្ដាញសង្គម ។
ចំណែក ថាច់ ចន្ទ្រា មានដើមកំណើតនៅខេត្តលង់ហោរ នៃ ដែនដីកម្ពុជាក្រោម មិនដែលខ្វល់ឡើយថា លោកត្រូវគាំទ្រគោលនយោបាយរបស់គណបក្សមួយណា ។ ការប្រកាន់យកគណបក្សនយោបាយរបស់យុវជនខ្មែរក្រោម ដែលមករស់នៅកម្ពុជា គឺសិទ្ធិសេរីភាពរបស់ពួកគាត់រៀងៗ ខ្លួន ។ មូលហេតុដែលលោកមិនចូលរួមជាមួយគណបក្សនយោបាយណាមួយ គឺងាយស្រួលធ្វើការងារមនុស្សធម៌ជួយដល់ពលរដ្ឋខ្មែរក្រោម ហើយលោកត្រេកអរ ដែលឃើញមានពលរដ្ឋខ្មែរក្រោម មាននៅគ្រប់និន្នាការនយោបាយនៅកម្ពុជា ។ ត្រេកអរ គឺដោយសារតែនៅពេលពលរដ្ឋខ្មែរក្រោម មានទុក្ខលំបាក គឺជួយគ្នាស្វែងរកជំនួយមនុស្សធម៌ដោយមិនប្រកាន់និន្នាការ ។
បើទោះបីជា លោកមិនមានប្រកាន់និន្នាការនយោបាយទៅរកគណបក្សណាមួយក្តី ប៉ុន្តែ លោកបានផ្ដល់ជាគំនិតថា ដើម្បីកុំឱ្យមានការឈ្លោះទាស់ទែងគ្នា រឿងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិខាងមុខ គឹត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនមើលឃើញផលប្រយោជន៍ផ្ទាល់ខ្លួន លាភសក្ការៈ ពោលគឺការស្រឡាញ់រាប់អានគ្នាដោយធម៌មេត្ដា ។
បើតាមលោក ថាច់ ចន្ទ្រា នៅពេលដែលរស់នៅដែនដីកម្ពុជាក្រោម យើងបានដឹងហើយថា ការគាបសង្កត់ពីអាជ្ញាធរវៀតណាម លើពលរដ្ឋខ្មែរក្រោមជាម្ចាស់ស្រុក មានសភាពយ៉ាងណា ដូចនេះ នៅពេលមកដល់កម្ពុជាហើយ គឺត្រូវតែរួមគ្នាជាធ្លុងមួយ ហើយចូលរួមតស៊ូមតិ ដើម្បីកុំឱ្យវៀតណាម បន្តការធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកម្ពុជាក្រោមទៀត ៕