យុវជន​ខ្មែរ​ក្រោម​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ​បន្ត​ពាក់​អាវ​យឺត អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម

0 348

ដោយ យន់ សាមៀន | RFA Khmer

យុវជន​ខ្មែរ​ក្រោម ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ បន្ត​ពាក់​អាវ​យឺត ដែល​មាន​ពាក្យ​ថា អបអរសាទរ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី ៧៣ ឆ្នាំ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ជន​ជាតិ​ដើម ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម បាន​ចោទ​ប្រកាន់​យុវជន​ខ្មែរ​ក្រោម ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​ពួក​គេ ពាក់​អាវ​យឺត​នេះ ។

យុវជន​ខ្មែរក្រោម (នៅ​ខាង​ឆ្វេង​ដៃ​បង្អស់) ត្រូវ​អាជ្ញាធរ​វៀតណាម​ កោះហៅ​ទៅ​គំរាម​រឿង​ពាក់​អាវ​យឺត ដែល​មាន​ពាក្យ​ថា អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី ៧៣ ឆ្នាំ ។ រូបៈ ហ្វេសប៊ុក​យុវជន​ តោ ហ្វាងចឿង
យុវជន​ខ្មែរក្រោម (នៅ​ខាង​ឆ្វេង​ដៃ​បង្អស់) ត្រូវ​អាជ្ញាធរ​វៀតណាម​ កោះហៅ​ទៅ​គំរាម​រឿង​ពាក់​អាវ​យឺត ដែល​មាន​ពាក្យ​ថា អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី ៧៣ ឆ្នាំ ។ រូបៈ ហ្វេសប៊ុក​យុវជន​ តោ ហ្វាងចឿង

យុវជន​ខ្មែរ​ក្រោម ដែល​សកម្ម​ធ្វើ​ការងារ​សង្គម និង​តស៊ូ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​សំណូមពរ​ដល់​យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​​​ទូទៅ​ បន្ត​ពាក់​អាវ​យឺត ដែល​មាន​អក្សរ​ថា អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី ៧៣ ឆ្នាំ ជា​បន្ត​ទៀត ពីព្រោះ​ទង្វើ​នេះ ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់​វៀតណាម និង​អន្តរជាតិ ។

យុវជន ថាច់ កឿង ដែល​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ធ្វើ​យុទ្ធនាការ​ ពន្យល់ខ្មែរ​ក្រោម ឲ្យ​ប្រើប្រាស់​សិទ្ធិ​សំដែង​មតិ តាម​រយៈ​ការ​ពាក់​អាវ​យឺត​នោះ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា វៀតណាម​ កំពុង​គំរាម​កំហែង​ខ្មែរ​ក្រោម ​មិន​ឲ្យ​ងើប​ឡើង​ ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម ។ យ៉ាង​ហោច​ណាស់ យុវជន​ខ្មែរ​ក្រោម​ម្នាក់​ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ខេត្ត​ព្រះត្រពាំង បានរឹបអូស​យក​អាវ​យឺត ពេល​លោក​កំពុង​ធ្វើ​ការងារ​ ក្រោម​ហេតុផល​ថា ការ​ពាក់​អាវយឺត​នេះ ជា​អំពើ​ក្បត់​ជាតិ ។ យុវជន ថាច់ កឿង បន្ត​ថា វៀតណាម ​កំពុង​ព្រួយ​បារម្ភ​ពី​ការ​ងើប​ឡើង​តស៊ូ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដោយ​សារ​តែ​បច្ចុប្បន្ន​ពួក​គេ​ខ្លះ ​បាន​យល់​ដឹង​ច្បាប់​ពី​សិទ្ធិ​ជនជាតិ​ដើម ទើប​វៀតណាម​ចង់​បង្ក្រាប​យុវជន​ខ្មែរ​ក្រោម ​ឲ្យ​បាន​មុន៖ «ពីព្រោះ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ហ្នឹង ​ត្រូវ​ដឹង​សិទ្ធិ យើង​ជា​ជន​ជាតិ​ដើម ។ យើង​ត្រូវ​តែ​ដឹង​សិទ្ធិ​របស់​យើង ដូច​ជា សិទ្ធិ​អន្តរជាតិ ។ ដូច្នោះ ត្រូវ​ឲ្យ​គាត់​ពាក់ ដើម្បី​ឲ្យ​គាត់​ដឹង​សិទ្ធិ»

កាល​ពី​ពេល​ថ្មីៗ នេះ យុវជន​ខ្មែរ​ក្រោម​ បាន​នាំ​គ្នា​បោះពុម្ព​អាវយឺត​ ដោយ​ដាក់​អក្សរ​ថា អបអរសាទរ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី ៧៣ ឆ្នាំ ហើយ​បាន​ដើរ​ចែក​​ចាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដោយ​ឥត​គិត​ថ្លៃ ។ យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ ពេញ​ចិត្ត​នឹង​ការ​តស៊ូ​មតិ​អហិង្សា ហើយ​បាន​នាំ​គ្នា​ពាក់​អាវ​យឺត ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម ។ យុវជន ថាច់ កឿង ថា ការ​ពាក់​អាវ​យឺត មិន​មែន​ជា​ទង្វើ​​​ក្បត់​ជាតិ​នោះ​ទេ គឺ​ពួក​គេ​ចង់​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម តែ​ប៉ុណ្ណោះ ៖ «និយាយ​រួម​មក​អាវ​យុវជន​ខ្មែរ​ពាក់​ហ្នឹង គ្មាន​ខុស​ច្បាប់​ទេ ។ នគរបាល​វៀតណាម​ហ្នឹង គេ​ខ្លាច​យើង​ដឹង​ប្រវត្តិសាស្ត្រ ។ ខ្លាច​យើង​ដឹង​សិទ្ធិ​ជនជាតិ​ដើម ដូច្នោះ គេ​មិន​ចង់​ឲ្យ​យើង​ដឹង»

ចាប់​តាំង​ពី​ពិភពលោក ជាប់​ដោះ​ស្រាយ​វិបត្តិ ជំងឺ​កូវីដ-១៩ មក អាជ្ញាធរ​វៀតណាម​ បាន​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព បង្ក្រាប​លើ​ការ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​របស់​ខ្មែរ​ក្រោម​ដែរ ។ កាល​ពី​ពេល​ថ្មី​នេះៗ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ឃ្លាំង បាន​ហៅ​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ ទៅ​សម្លុត ហើយ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​យុវជន​នោះ បន្ទាប់​ពី​លោក​បាន​ចែកចាយ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី និង​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បន្ត ។ វៀតណាម ​ក៏​បាន​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម រឿង​ប្រមូល​ថវិកា​កសាង​សាលា​ឆ​ទាន ដើម្បី​ឲ្យ​ខ្មែរ​ក្រោម​គោរព​ សាសនា​ ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​បួន​នាក់ ដាក់​ពន្ធនាគារ រឿង​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​បាត់បង់​ទឹក​ដី​កម្ពុជាក្រោម និង​ទាមទារ​ដី​ស្រែ ​ពី​ការ​រឹបអូស​របស់​វៀតណាម​ជាដើម ។

របាយការណ៍​ជំរឿន​ឆ្នាំ ២០១៩ របស់​រដ្ឋាភិបាល​វៀតណាម ​បង្ហាញថា ចំនួន​ពលរដ្ឋ​ខ្មែរក្រោម ​មាន​ប្រមាណ​តែ​ជាង ១ ​លាន ៣​ សែននាក់​ប៉ុណ្ណោះ ក្នុងចំណោម​ប្រជាជន​ទាំងអស់​ នៅក្នុងប្រទេស​វៀតណាម ​ដែល​បច្ចុប្បន្ន​មាន​ប្រមាណ ៩៦ លាន​នាក់​ ។ ចំណែកសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​និង​អង្គការ​ប្រជាជាតិ ​និង​ប្រជាជន​គ្មាន​តំណាង ហៅ​កាត់​ថា UNPO វិញ ថា​ពលរដ្ឋ​ខ្មែរក្រោម​ មាន​មិនតិចជាង ៧ លាន​នាក់​នោះទេ នៅក្នុងពេល​បច្ចុប្បន្ន ។ ខ្មែរ​ក្រោម​ភាគ​ច្រើន​ប្រកប​របប​កសិកម្ម ប៉ុន្តែ​ ​ពួក​គេ​កំពុង​រង​ផល​ប៉ះពាល់​ ដោយសារតែ វិសមភាព​សង្គម​ និង​រឹបអូស​ដីធ្លី​កសិកម្ម​ពី​សំណាក់​វៀតណាម ។ វៀតណាម​ ក៏​បាន​ហាម​ឃាត់​ខ្មែរ​ក្រោម ​មិន​ឲ្យ​មាន​សិទ្ធិ​បោះពុម្ព រឹតត្បិត​ការ​អនុវត្ត​សាសនា​ និង​ការ​ចុះ​ឈ្មោះ អង្គការ​សង្គម​ស៊ីវិល​ជា​ដើម ។ ទោះ​បី​វៀតណាម បាន​អនុម័ត​ទទួល​យក​សេចក្ដី​ប្រកាស​សកល​អង្គការ​សហប្រជាជាតិ ​ស្ដីពី​ជនជាតិ​ដើមក​ក៏​ដោយ ប៉ុន្តែ​ រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ ​បាន​រំលោភ​សេចក្ដី​ប្រកាស​សកល​នេះ​ដែរ ។

សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ​ ស្ដីពី​ជន​ជាតិ​ដើម ធានា​ថា ជន​ជាតិ​ដើម មាន​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង កំណត់​វាសនា​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និង​អភិវឌ្ឍន៍ ។ ពួក​គេ​អាច ប្រើប្រាស់​សិទ្ធិ​បង្កើត​រដ្ឋាភិបាល​ស្វយ័ត​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង និង​ហិរញ្ញវត្ថុ ។

ពាក់ព័ន្ធ​ការ​មិន​គោរព​សិទ្ធិ​ជន​ជាតិ​ដើម​នេះ យុវជន​ខ្មែរ​ក្រោម​អះអាង​ថា ជា​មូល​ហេតុ​ចំណង​បណ្ដាល​ឲ្យ​ពួក​គេ ធ្វើ​ការ​តស៊ូ​មតិ ដោយ​បោះ​ពុម្ព​អាវ​យឺត​ចែក​ជូន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ ។ យុវជន តោ ហ្វាងជឿង ប្រាប់​អាស៊ី​សេរី​ថា លោក និង​យុវជន​ខ្មែរ​ក្រោម​ ផ្សេង​ទៀត​នឹង​បន្ត យុទ្ធនាការ​ចែក​ជូន​អាវ​យឺត​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​បន្ត​ទៀត៖ «យុទ្ធនាការ​បន្ត​ទៀត​ហ្នឹង យើង​នឹង​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​យើង​ហ្នឹង ​កុំ​ឲ្យ​ភ័យ​ខ្លាច​រដ្ឋាភិបាល​គេ​មក​គំរាម​សម្លុត»

អាណានិគម​បារាំង បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ​ទៅ​ឱ្យ​វៀតណាម​ត្រួតត្រា​ទាំង​​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ចាប់​តាំង​ពី​ពេល​នោះ​មក វៀតណាម​ បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ សាសនា និង​ទំនៀម​ទម្លាប់​ខ្មែរ​ក្រោម ។ មក​ទល់​ខែ​មិថុនា​ខាង​មុខ​នេះ ខ្មែរ​ក្រោម​បាន​បាត់បង់​ទឹក​ដី​រយៈ​ពេល ៧៣ ឆ្នាំ​មក​ហើយ ៕

Leave A Reply

Your email address will not be published.