របរ​ធ្វើ​ស្ករត្នោត​របស់​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ខេត្ត​មាត់ជ្រូក​

0 249

អត្ថបទ និង​រូបថត​ផ្ដល់​ដោយ​ពលរដ្ឋ​​ ពី​កម្ពុជាក្រោម

របរ​ធ្វើ​ស្ករត្នោត​របស់​ពលរដ្ឋខ្មែរ​ក្រោម នៅ​ខេត្ត​មាត់ជ្រូក​មាន​តាំងពី​យូរយារ​មក​ហើយ​ ដែល​ពលរដ្ឋខ្មែរ​ក្រោម​ ប្រកបរបរ​មួយ​នេះ និង​ថែរក្សា​បង្ហាត់​បង្រៀន​តៗ គ្នា​ ពី​ជំនាន់​មួយ​ទៅ​ជំ​នាន់មូយ​ទៀត​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ ។ ចំណែក​តំបន់​ភូមិ​សាស្រ្ត ដែល​អ្នក​ប្រកបមុខរបរ​ផលិត​ស្ករត្នោត​ច្រើនជាង​គេ​ មាន​ដូចជា ស្រុក​ស្វាយ​ទង (Tri​ Ton​) និង​ស្រុក​ក្របៅ​ (Tinh Bien​) ជាដើម ។

ថ្វីត្បិតតែ​របរ​ធ្វើ​ស្ករត្នោត​មានការ​លំបាក និង​គ្មាន​ចំណូល​ខ្ពស់​ ហើយ​អាច​មាន​គ្រោះថ្នាក់​ច្រើន ក៏​ដោយ​ពល​រដ្ធ​ខ្មែរក្រោម នៅតែ​ថែរក្សា​បាន​គង់​វង់​មកដល់​បច្ចុប្បន្ន​នេះ​ ដោយ​ពួក​គេ​ចាត់ទុកថា ដើមត្នោត​ជា​និមិត្តរូប​របស់​ជនជាតិ​ខ្មែរ​ និង​ចង់​ថែរក្សា​មិន​ឲ្យ​បាត់បង់ ។

រដូវ​ប្រមូល​ទឹកត្នោត និង​ផលិត​ស្ករត្នោត មាន​រយៈពេល​ប្រហែល​ ៦ ខែ​ គឺ​ចាប់តាំងពី​ខែ​វិ​ឆ្ឆិ​កាដ​ល់​ខែឧសភា​ មុន​ពេល​ប្រមូល​ផល​មកដល់​ គឺ​ពួក​គាត់​បាន​រៀប​ចំ​សាម្ភារៈ​ទុកជាមុន មាន​ដូចជា​ទិញ​ដើម​ឬស្សី សម្រាប់​ធ្វើ​ជណ្តើរ​ឡើង​ដើមត្នោត​ ដើម្បី​កាត់ បំពង​សម្រាប់​ដាក់​ទឹកត្នោត​ស្រស់ បោ​សស​ម្អា​ត់​ចង្ក្រាន និង​ធ្វើ​អនា​មយ័​ឆ្នាំង​ខ្ទៈ​ និង​អុស​ភ្លើង​ជាដើម ។

កសិករ​ប្រកបមុខរបរ​ផលិត​ស្ករត្នោត​ម្នាក់ បាន​ចែករំលែក អំពី​របៀប​នៃ​ការ​ប្រមូល​វត្ថុធាតុដើម​ និង​ផលិត​ទឹកត្នោត​ស្រស់​យក​មក​ស្ល​រធ្វើ​ជា​ស្ករត្នោត ដូចតទៅ​នេះ៖

ការងារ​ដំបូង គឺ​នៅពេល​ថ្ងៃរសៀល អ្នកភូមិ​ដែល​មុខរបរ​នេះ ត្រូវតែ​ឡើង​ទៅកាន់​ចុង​ដើមត្នោត​ និង​រកមើល​ផ្កាត្នោត​ណា​ ដែល​ធំ​ល្អ​កាត់ចុង​ផ្កា​គាប​ហើយ​យក​បំពង់​ត្រង​យក​ទឹកត្នោត​ស្រស់​ ពេលព្រឹក​ថ្ងៃបន្ទាប់​ ​ពួក​គាត់ នឹង​ឡើង​ទៅកាន់​ចុង​ដើមត្នោត​ម្តង​ទៀត ដើម្បី​យក​បំពង់​ទឹកត្នោត​នោះ ចុះ​មក​ខាងក្រោម​ ហើយ​យក​ទៅផ្ទះ​ចាប់ផ្តើម​ដាំ​ស្ល​រ ដើម្បី​ផលិត​ឲ្យ​ទៅជា​ស្ករត្នោត ។

បន្ទាប់ពី​នោះ គេ​យក​ឆ្នាំង​មួយ​ធំ​ចំណុះ​ប្រហែលជា ៤០ លិត ហើយ​គេ​ចាក់ទឹក​ត្នោត​ស្រស់​ទាំងអស់​ចូល​ទៅ​ក្នុង​ឆ្នាំង​ រួច​ចាប់​ផ្តើម​ស្ល​រ ចន្លោះ​ចាប់ពី ៨ ទៅ ១០ ម៉ោង ទើបបាន​សម្រេច​ទៅជា​ស្ករត្នោត ។ ចំណែក​ផលិតផល​ស្ករត្នោត ១ គីឡូក្រាម លក់​ទៅកាន់​ទីផ្សារ​មានតម្លៃ​ចន្លោះ​ចាប់ពី​ ២២០០០ ដុង ឬប្រហែល ១$ ។ ក្នុង​មួយថ្ងៃ​ គ្រួសារ​មួយ​អាច​ផលិត​បានសម្រេច​ជា​ផលិតផល​ស្ករត្នោត​ប្រមាណ​ជា​ ២០​ គីឡូក្រាម​ ។

កសិករ​ប្រកបមុខរបរ​ផលិត​ស្ករត្នោត​ដដែល​រូប​នេះ ឲ្យដឹង​ទៀត​ថា ចំពោះ​គ្រួសារ​អ្នក​ផលិត​ស្ករត្នោត​ណា​ ដែល​គ្មាន​ដីស្រែ​ចំការ ឬដើមត្នោត​ទេ​ គឺ​ពួក​គាត់​បាន​ទៅ​ជួល ឬចុះ​កុងត្រា​ជាមួយ​អ្នកភូមិ​ណា​ ដែល​មាន​ដើមត្នោត នៅក្នុង​ភូមិស្រុក​ជិតខាង​ដើម្បី​ប្រមូល​យក​ទឹកត្នោត​ស្រស់​យក​មក​ផលិត​ជា​ស្ករត្នោត​លក់​យក​បា្រក់​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ ការ​ចុះ​កុងត្រា​នោះ អាស្រ័យ​ទៅលើ​កិច្ច​ព្រមព្រៀង​គ្នា ខ្លះ​មាន​រយៈពេល​ ១ ឆ្នាំ ឬលើ​ពីនេះ ។រី​ឯតម្លៃ​ដែល​ពួក​គាត់​បាន​ចុះ​កុងត្រា​ជាមួយ និង​ម្ចាស់​ដើមត្នោត​នោះ​ គឺ​មានតម្លៃ​ពី ៤ ម៉ឺន​ទៅ ៥ ម៉ឺន​ដុង​ក្នុង​ដើមត្នោត ១ ដើម ឬស្មើ​និង ២$ ក្នុង​ ១ ឆ្នាំ​ ។ នា​ពេល​បច្ចុប្បន្ន​ ចំនួន​គ្រូ​សារ​ខ្មែរក្រោម​តិច​តូច​ណាស់​ នៅក្នុង​ភូមិ​នេះ​ដែ​ លមា​នដើ​មត្នោ​ត ដែល​បា​នប​ន្សល​ទុក​មក​ ពី​ជីដូនជីតា​របស់​ពួក​គាត់ ។

មាត់ជ្រូក​ជា​ខេត្ត​មួយ​របស់​ខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ស្ថិត​ជាប់​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​ មាន​ប្រជាជន​ខ្មែរក្រោម​រាប់​សែន​គ្រួសារ​ បាន​រស់នៅ​លើ​ដែនដី​កំណើត​របស់​ពួក​គេ តាំងពី​យូរយារណាស់មកហើយ ។ ពួក​គាត់​ភាគច្រើន​ជា​អ្នក​ប្រកបមុខរបរ​ជា​កសិករ​ ធ្វើស្រែ​ចំការ ដាំដំណាំ ចិញ្ចឹមសត្វ តម្បាញ​សូត្រ​កន្ទេល និង​ផលិត​ស្ករត្នោត​ ជាដើម ។

របរ​ផលិត​ស្ករត្នោត​ជា​ការងារ​បន្ទាប់បន្សំ​របស់​ពលរដ្ឋខ្មែរ​ក្រោម​ រស់នៅ​ខេត្ត​មាត់ជ្រូក​ដែនដី​កម្ពុជាក្រោម ។ កាលពី​អតីតកាល​ពលរដ្ឋខ្មែរ​ក្រោម នៅក្នុង​ខេត្ត​មួយ​នេះ​ បាន​ផលិត​ស្ករត្នោត​មាន​លក្ខណៈ​តូច សម្រាប់​តែ​ផ្គត់ផ្គង់​អតិថិជន តែ​នៅក្នុង​ខេត្ត​របស់​ខ្លួន​ប៉ុណ្ណោះ​ ។ ប៉ុន្តែ ក្រោយពេល​មាន​អ្នក​វិនិយោគ និង​ក្រុមហ៊ុន​បរទេស ព្រមទាំង​លំ​ហូរ​នៃ​ភ្ងៀវ​ទេសចរណ៍​ នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជាច្រើន បាន​អញ្ជើញ​មក​ទស្សនា នៅ​ខេត្ត​មាត់ជ្រូក និង​បណ្តា​ខេត្ត​ខ្មែ​រនាៗ​ នៅ​ដែនដី​កម្ពុជាក្រោម ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​កាន់តែ​ច្រើន​ឡើង​ៗ ក៏​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ខេត្ត​មួយ​នេះ បាន​ផលិត​ស្ករត្នោត​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​ផ្គត់ផ្គង់​ទៅតាម​តម្រូវ​កា​ររបស់​ភ្ងៀវ​ទេស​ចរ​ណ៏៍​ បាន​ទាន់ពេល​វា​លា ។

ទោះជា​ប្រាក់ចំណូល ពី​ការផលិត​ស្ករត្នោត​របស់​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ខេត្ត​មាត់ជ្រូក នៅ​មាន​កំរិត​ទាប​ក៏​ពិតមែន ។ ប៉ុនែ្ត​យ៉ាងហោចណាស់​មុខរបរ​មួយ​នេះ​ បាន​ជួយ​សម្រាល​បន្ទុក់​មួយ​ចំណែក ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ដល់​ពលរដ្ឋខ្មែរ​ក្រោម​ ជាច្រើន​គ្រួសារ នៅក្នុង​ខេត្ត​មាត់ជ្រូក នា​ពេល​បច្ចុប្បន្ន​ ហើយក៏​ពួក​គាត់ ថា នឹង​ប្តេជ្ញា​ចិត្ត​ថែរក្សា​នូវ​មុខរបរ​ប្រពៃណី​មួយ​នេះ​ ឲ្យគង់​វង់​តទៅ​ពេល​អនា​គត់ ៕

រូបភាពខ្លះៗ នៃសកម្មភាពដំណើរការផលិតស្ករត្នោតខ្មែរក្រោម

Leave A Reply

Your email address will not be published.