ខ្មែរក្រោមប្រតិកម្មទៅ នឹងវៀតណាមមិនឲ្យ ទៅលេងស្រុក

0 120

ឆាយ ច័ន្ទនីដាល |ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ខ្មែរ​កម្ពុជា​ក្រោម​មួយ​ក្រុម​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​អាជ្ញាធរ​វៀតណាម​ដែល​បាន​ចាប់​ឃាត់​ខ្លួន និង​ហាម​ឃាត់ មិន​ឲ្យ​ពួក​គេ​ចូល​ទៅ​លេង​ស្រុក​កំណើត នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ជា​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ជា​ការ​រំលោភ​ទៅ​លើ​សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស និង​សេចក្តី​ប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ វៀតណាម​ក៏​ជា​ប្រទេស​ហត្ថលេខី​ផង​ដែរ​នោះ​។

ខ្មែរកម្ពុជាក្រោមក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ រូបថត ច័ន្ទនីដា
ខ្មែរកម្ពុជាក្រោមក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ រូបថត ច័ន្ទនីដា

ដែន​ដី​កម្ពុជា​ក្រោម ដែល​មាន ២១ ខេត្ត ក្រុង ត្រូវ​បាន​អាណានិគម​បារាំង កាត់​ប្រគល់​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ត្រួត​ត្រា កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩​។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពី​ម្សិលមិញ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​និង​អ្នក​ចូល​រួម​បាន​លើក​ឡើង​ថា ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ធ្វើ​ដំណើរ​របស់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​មាន​សភាព​ធ្ងន់​ធ្ងរ ខណៈដែល​ព្រះ​សង្ឃ និង​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឆ្លង​ដែន​ទៅ​លេង​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ឃាត់​ខ្លួន កោះ​ហៅ​សាក​សួរ​ដក​ហូត​លិខិត​ឆ្លង​ដែន​និង​បញ្ជូន​មក​កម្ពុជា​វិញ ហើយ​មាន​ខ្លះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ដល់​ដី​វៀតណាម​ហើយ តែ​ត្រូវ​នគរបាល ឬ​គិញ​សម្ងាត់​របស់​វៀតណាម តាម​ឃ្លាំ​មើល​ជាប់​ជា​ប្រចាំ​។

កាល​ពី​ថ្ងៃ ទី​១២ ខែ​មេសា លោក លី ឈួន ចាងហ្វាង​សារ​ព័ត៌មាន​ព្រៃ​នគរ និង​ភរិយា​ព្រម​ទាំង​កូន​ស្រី​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើ​ការ​ឃាត់​ខ្លួន​៤៨ ម៉ោង ដោយ​ធ្វើ​ការ​ឆែក​ឆេរ​រក​ឯកសារ​ប្រឆាំង​នឹង​វៀតណាម​ហើយ​ក្រោយ​មក​បញ្ជូន​មក​កម្ពុជា​វិញ​។ លោក​លី ឈួន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ​ថា នៅ​ថ្ងៃ​ចន្ទ​នេះ លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម (KKKHRDA) ប្តឹង​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម។

លោក លី ឈួន​បន្ត​ថា៖ «ខ្ញុំ​ប្តឹង​វៀតណាម​រឿង​រំលោភ​សិទ្ធិ​ឯកជន​របស់​ខ្ញុំ​ដែល​ឃុំ​ខ្លួន​ខ្ញុំ​២យប់ ២ ថ្ងៃ​មិន​ឲ្យ​ទៅ​លេង​ស្រុក​កំណើត​»។

ព្រះ តេជគុណ សៀង សុវណ្ណារ៉ា ព្រះ​ចៅ​អធិការ​វត្ត​សាមគ្គី​រង្ស៊ី ដែល​ជា​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​ស្ថិត​នៅ​ភូមិ​ទ្រា ក្នុង​ខណ្ឌ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ព្រះ​អង្គ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ដក​ហូត​លិខិត​ឆ្លង​ដែន​នៅ​ព្រំដែន តែ​ពេល​តវ៉ា​ខ្លាំង ទើប​ប្រគល់​ឲ្យ​វិញ​។ ពេល​ព្រះ​អង្គ​ទៅ​ដល់​ស្រុក​កំណើត នៅ​ខេត្ត​ឃ្លាំង​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ ២០១៣ នេះ ត្រូវ​នគរបាល​វៀតណាម​មក​និមន្ត​ព្រះ​អង្គ​ទៅ​ផ្ទះ​មន្ត្រី​ម្នាក់​និង​ចោទ​សួរ​ជា​ច្រើន​។ ព្រះ​តេជគុណ​បន្ត​ថា៖«គេ​ប្រាប់​កុំ​ឲ្យ​អាត្មា​ធ្វើ​អី​(ជំទាស់​វៀតណាម) តែ​តាម​ពិត​អាត្មា​គ្រាន់​តែ​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​នៅ​កម្ពុជា​ក្រោម​ប៉ុណ្ណោះ​។ គេ​ហាម​អាត្មា​មិន​ឲ្យ​អាត្មា​ចូល​រួម​ការងារ​ពាក់ព័ន្ធ​ចលនា​ទាម​ទារ​សិទ្ធិ​ សេរីភាព​ខ្មែរ​ក្រោម​ពេល​មក​ដល់​កម្ពុជា​វិញ​»។

ព្រះ​តេជគុណ លី ចាន់នេន និមន្ត​មក​ពី​ប្រទេស​កាណាដា ដែល​និមន្ត​ទៅ​លេង​ស្រុក​កំណើត​នៅ​ខេត្ត​ឃ្លាំង​កាល​ពី​ខែ​កុម្ភៈ មិន​ត្រូវ​បាន​រដ្ឋការ​វៀតណាម​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ឡើយ​។ ព្រះ​អង្គ មាន​សង្ឃ​ដីកា​ថា​ព្រះ​អង្គ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ ជា​ពិសេស​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ស្តី​បញ្ហា​ខាង​លើ​នេះ​។

កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ​លោក សឺន ស៊ូបែរ្តិ៍ ជា​ឧត្តម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ឃាត់​ខ្លួន​ជា​ច្រើន​ម៉ោង​រួច​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​។

លោក គឹម ស៊ីសំណា លេខាធិការ​នៃ​លេខា​ធិការដ្ឋាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម (KKKHRDA) ឲ្យ​ដឹង​ថា ករណី​ខាង​លើ​នេះ គឺ​គ្រាន់​តែ​ជា​ករណី​ខ្លះ​ដែល​អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​ទុក្ខ​បុកម្នេញ ក្នុង​ការ​បំបិទ​សិទ្ធិ​សេរីភាព​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ប៉ុណ្ណោះ​។ លោក​កត់​សម្គាល់​ថា៖ «យើង​ឃើញ​ថា​វៀតណាម​ធ្វើ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ​មក​លើ​ខ្មែរ​កម្ពុជា​ក្រោម​។ នេះ​គឺ​បំពាន​នឹង​សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស និង​សេចក្តី​ប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​វៀតណាម​ក៏​ជា​ហត្ថលេខី​ដែរ»។ លោក​បាន​បន្ត​ទៀត​ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នឹង​សរសេរ​របាយការណ៍​ ស្តី​ពី​ទង្វើ​រំលោភ​បំពាន​ច្បាប់​របស់​វៀតណាម​នេះ​ ផ្ញើ​ជូន​ទៅ​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ ប្រចាំ​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​លើ​ការ​រំលោភ​បំពាន​នេះ។

លោក ឡេ ម៉ិញ​ង៉ុក អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល​៕

Leave A Reply

Your email address will not be published.