ពិធីបុណ្យចូលឆ្នាំខ្មែរ នៅកម្ពុជាក្រោម រៀបចំក្នុងសភាពស្ងប់ស្ងាត់ ដូចនៅកម្ពុជាដែរ
ដោយ សេក បណ្ឌិត | RFA
ពិធីបុណ្យចូលឆ្នាំខ្មែរ នៅលើទឹកដីកម្ពុជាក្រោម ត្រូវបានរៀបចំក្នុងសភាពស្ងប់ស្ងាត់ ដូចនៅប្រទេសកម្ពុជាដែរ ដោយសារតែឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ-១៩ (Covid-19) ជាសាកល ។ ព្រះសង្ឃ និងពលរដ្ឋ ថា ពិធីតាមបែបសាសនា នៅតែរៀបចំដដែល តែកាត់បន្ថយការជួបជុំមនុស្សច្រើន និងលុបចោលកម្មវិធីល្បែងប្រជាប្រិយ ក្បួនដង្ហែព្រះកេសព្រះព្រហ្ម តាមភូមិស្រុក និងរាំវង់ធុងបាស ជាដើម ។

ពិធីបុណ្យចូលឆ្នាំខ្មែរ នៅកម្ពុជាក្រោមឆ្នាំនេះ មានភាពសោះកក្រោះជាងឆ្នាំណាៗ ទាំងអស់ ព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩ ។ ព្រះសង្ឃ ពុទ្ធិបរិស័ទចំណុះជើងវត្ត សិស្ស និស្សិត និងកម្មករធ្វើការនៅទីក្រុង មិនអាចទៅបានជួបជុំគ្នា សប្បាយចូលឆ្នាំបានទេ តែអាចសែនព្រេន ទទួលទេវតា នៅតាមផ្ទះរៀងៗ ខ្លួន ។
ព្រះភិក្ខុ ចាន់ ថយ គង់នៅវត្តមុនីរង្សីមេពាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ឲ្យដឹងថា តាមអារាមទាំងឡាយ សុទ្ធតែបានបោសសំអាត ចង់បដា ស្វាគមន៍ឆ្នាំថ្មីរួចរាល់ហើយ តែស្ថិតក្នុងសភាពស្ងប់ស្ងាត់ ។ ទាំងអាជ្ញាធរវៀតណាម និងពលរដ្ឋខ្មែរក្រោម សុទ្ធតែមានក្ដីបារម្ភពីជំងឺកូវីដ-១៩ នេះ ដូចគ្នា ។
ជនជាតិដើមខ្មែរ នៅកម្ពុជាក្រោម ដែលមានជំនឿថា ទេវតានឹងចុះ ក្នុងថ្ងៃបុណ្យចូលឆ្នាំ និងចុះត្រូវនៅពេលាដូចគ្នា នៅកម្ពុជាដែរ នឹងផ្អាកការជួបជុំគ្នាទទួលទេវតាទ្រង់ទ្រាយធំ នៅតាមវត្ត ។ ល្បែងប្រជាប្រិយ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ជាដើម ដែលខ្មែរក្រោម លេងកម្សាន្ត ទៀងទាត់តាមវត្តអារាមរាល់ពេលចូលឆ្នាំថ្មី សឹងតែថា រក្សាការលេងបានល្អ ជាងអ្នកនៅកម្ពុជាផង ក៏ត្រូវលុបចោល នៅឆ្នាំនេះដែរ ។
ព្រះអង្គ ចាន់ ថយ បន្តថា ពិធីដង្ហែ ព្រះសិរសាកបិលមហាព្រហ្ម ជាបិតា នៃទេវតាទាំង ៧ អង្គ ជុំវិញព្រះវិហារ វត្តអារាម ការដង្ហែ ដើម្បីប្រោះព្រំទឹក តាមផ្លូវ ក្នុងភូមិ ក៏ត្រូវលុបចោល ហើយការ រាំវង់ ធុងបាស ក្នុងវត្តអារាម នៅពេលរាត្រី លុបចោលដូចគ្នា ។ ប៉ុន្តែការសម្ដែងធម្មទេសនា មានពុទ្ធិបរិស័ទក្រោម ២០នាក់ អាចសម្ដែងធម៌បាន តែត្រូវពាក់ម៉ាស់ ទាំងព្រះសង្ឃ និងគ្រហស្ថ៖ «ផ្អាកកម្មវិធីមួយចំនួន ដូចជាកម្មវិធីដង្ហែមហាសង្ក្រាន្ត ឬក៏កម្មវិធីព័ទ្ធជុំវិញភូមិស្រុកហ្នឹង ក៏មានការផ្អាកមួយចំនួន ហើយកម្មវិធីរាប់បាត្រ កម្មវិធីស្រង់ទឹកព្រះ ។ កម្មវិធីស្រង់ទឹកព្រះហ្នឹង មិនមែនថា ផ្អាកមិនធ្វើទេ ។ រៀបចំ ដែរ ប៉ុន្តែរៀបចំទុកតម្កល់សម្រាប់ព្រះសង្ឃហ្នឹង យើងស្រង់ទឹកព្រះរៀងៗ ខ្លួន ។ មិនមែនផ្អាកទាំងស្រុងទេ ។ នៅតាមគេហដ្ឋានរបស់ប្រជាបរិស័ទវិញ គឺគាត់នៅតែរៀបចំ ការសម្ដែងគាត់ ទទួលទេវតាឆ្នាំថ្មី តាមរបៀបគ្រួសារអ៊ីចឹង។ ធ្វើចង្ហាន់វនចរអ៊ីចឹង មកប្រគេនព្រះសង្ឃ ។ តាមវត្តមួយចំនួន ក៏បានចាត់ចែងជាកម្មវិធីសម្ដែងព្រះធម៌ទេសនា ដូចជា ព្រះវេស្សន្ដរជាដើម គ្រាន់តែកាត់បន្ថយ ឲ្យស្ងប់ស្ងាត់ជាងមុនបន្តិចប៉ុនហ្នឹង» ។
ព្រះអង្គ បន្តថា ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ចាប់ផ្ដើមសម្អាតផ្ទះ រៀបចំរណ្ដាប់ទទួលទេវតារួចរាល់អស់ហើយដែរ ។ ឯកម្មករ ធ្វើការនៅតំបន់ទីប្រជុំជន ដូចជា នៅទីក្រុងព្រៃនគរ ខេត្តទួលតាមោក មិនអាចមកលេងចូលឆ្នាំ នៅស្រុកកំណើតបានទេ ។ អាជ្ញាធរវៀតណាម បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពពលរដ្ឋ តាមផ្លូវឆ្លងខេត្ត និងមានវិធានការមិនឲ្យប្រមូលផ្ដុំ ជួបជុំគ្នាឡើយ ។ ចំណែកប៉ុស្តិ៍ទូរទស្សន៍រដ្ឋរបស់ខេត្ត ដែលមានជនជាតិខ្មែររស់នៅច្រើន ក៏មានការចាក់បញ្ចាំង ការសម្ដែងរបាំប្រពៃណី ប្រជាប្រិយខ្មែរដែរ ។

ពិធីបុណ្យចូលឆ្នាំខ្មែរ នៅកម្ពុជាក្រោម គេមិនហៅថា សង្ក្រាន្តឆ្នាំថ្មីទេ គេហៅថា ថ្ងៃឆ្លងចូលឆ្នាំថ្មី ។ ពលរដ្ឋខ្មែរ មានជំនឿលើរឿង កបិលមហាព្រហ្ម កាត់សិរសា ព្រោះចាញ់ប្រស្នាធម្មបាលកុមារដែរ ទើបបង្កើតឲ្យមានទេវតា ៧ អង្គ ផ្លាស់វេនគ្នា ចុះមកផែនដី ដើម្បីគ្រងថែរក្សាមនុស្សជាតិ ។
នៅថ្ងៃចូលឆ្នាំ រាល់ឆ្នាំគឺ ខ្មែរក្រោម ច្រើនតែណាត់គ្នា ទទួលទេវតាឆ្នាំថ្មី នៅវត្តអារាម ។ នៅពេលាទេវតាចុះ ខ្មែរក្រោម ធ្វើពិធីសូត្រមន្តទទួលទេវតា ។ ថ្ងៃឆ្លងឆ្នាំ គេតែងជួបជុំគ្នា ទទួលទេវតា សម្ដែងព្រះបរិត្ត ពូនភ្នំខ្សាច់ លេងល្បែងប្រជាប្រិយ ។ ថ្ងៃចូលឆ្នាំ ទី ២ គឺវរវ័នប័ត ខ្មែរក្រោម នាំគ្នាធ្វើពិធីងូតទឹកជូនឪពុកម្ដាយតាមផ្ទះរៀងៗ ខ្លួន ហើយពួកគេបន្តទៅវត្ត ធ្វើពិធីងូតទឹកប្រគេន ព្រះគ្រូចៅអធិការ និងតាជី យាយជី នៅក្នុងវត្តអារាម ។ ឯថ្ងៃចូលឆ្នាំ ទី ៣ ជាថ្ងៃឡើងស័ក ខ្មែរក្រោមនាំគ្នា ធ្វើពិធីស្រង់ព្រះពុទ្ធបដិមា តាមវត្តពេលរសៀល ។
រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី គ្រប់ទីវត្តអារាមជាង ៥០០ វត្ត នៅកម្ពុជាក្រោម ឮសំឡេងកងរំពង អំពីការសូត្រធម៌ ការលេងល្បែងប្រជាប្រិយ ហើយពុទ្ធសាសនិកស្លៀកសំលៀកបំពាក់ តាមបែបប្រពៃណីយកចង្ហាន់ប្រគេនព្រះសង្ឃ ។ រាល់ឆ្នាំ កម្មករខ្មែរក្រោម ធ្វើការនៅទីក្រុង ឬទីប្រជុំជនឆ្ងាយៗ មិនត្រូវបានថៅកែអនុញ្ញាតច្បាប់ ឲ្យទៅលេងចូលឆ្នាំខ្មែរទេ តែអ្នកខ្លះ សុខចិត្តឲ្យថៅកែកាត់លុយ ដើម្បីទៅជួបជុំគ្រួសារ ។
ចូលឆ្នាំខ្មែរ ឆ្នាំនេះ កម្មករខ្មែរក្រោម ធ្វើការនៅទីក្រុង មិនបានទៅចូលឆ្នាំ នៅស្រុកកំណើតទេ ដោយសារថៅកែមិនឲ្យឈប់ អាជ្ញាធរបិទផ្លូវ និងបម្រាបពីគ្រួសារ មិនឲ្យត្រលប់ទៅស្រុកវិញ ព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩ ។
កម្មករធ្វើការនៅរោងចក្រស្បែកជើងមួយកន្លែង ក្នុងទីក្រុងព្រៃនគរ លោក ពន្លក វុទ្ធី ជាអ្នកខេត្តព្រះត្រពាំង ។ លោក ក៏ដូចកម្មករខ្មែរ រាប់ពាន់នាក់ផ្សេងទៀត ដែលកំពុងធ្វើការរោងចក្រនៅទីក្រុងព្រៃនគរដែរ គឺមិនបានមកលេងចូលឆ្នាំនៅស្រុកកំណើតទេ ដោយសារតែជំងឺកូវីដ-១៩ ។ លោក រំលឹកថា រាល់ឆ្នាំទោះបីកម្មករ មិនបានទៅលេងស្រុកកំណើត ក៏អាចរ៉ៃអង្គាសលុយគ្នា ជួលធុងបាស មកច្រៀងរាំលេងកម្សាន្ត នៅម្ដុំបន្ទប់ជួល ឬមុខរោងចក្របានដែរ តែឆ្នាំនេះ កម្មករលែងអាចធ្វើបែបនេះ បានហើយ ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ និងមានបម្រាបជួបជុំគ្នា ពីអាជ្ញាធរវៀតណាម ។
កម្មកររូបនេះ បន្តថា ចំណែកសាច់ញាតិ នៅស្រុកកំណើត ក្នុងខេត្តព្រះត្រពាំង បានរៀបចំសម្អាតផ្ទះ និងត្រៀមរណ្ដាប់ទទួលទេវតារួចអស់ហើយ ។ លោក ថា អ្នកភូមិ នឹងជួបជុំគ្នាជាទ្រង់ទ្រាយតូច លក្ខណៈគ្រួសារ អុជធូបទៀន ទទួលទេវតាឆ្នាំថ្មី ។ យ៉ាងណា លោកថា អារម្មណ៍ពេលនេះ នៅតែស្រងេះស្រងោច ដោយសារមិនបាន លេងសប្បាយ ចូលឆ្នាំខ្មែរ ដូចរាល់ឆ្នាំ៖ «ធម្មតាពេលចូលឆ្នាំ គឺយើងមានអារម្មណ៍ចង់ទៅស្រុកទាំងអស់គ្នាហ្នឹង ។ ប៉ុន្តែមានជំងឺសព្វថ្ងៃហ្នឹង យើងមិនអាចទៅមក មិនបានសប្បាយ មិនបានជួបជុំគ្នាច្រើនអ៊ីចឹងណាបង។ គ្រាន់តែយើងធ្វើពិធីតូចៗ ដូចជាស្រង់ទឹកជូនអ្នកមានគុណញាតិ ហើយយើងបំបែកគ្នាទៅ ។ នៅព្រៃនគរ ប៉ុន្តែរោងចក្រគេឲ្យឈប់សម្រាកហើយ ដោយសារខ្វះការងារ ហើយគេមួយចំនួនទៀត ច្រើនគ្នាណាស់បង គេឲ្យយើងឈប់ខ្លះ ប្ដូរវេនគ្នា ដើម្បីយើងអង្គុយឆ្ងាយពីគ្នា ។ គេមិនឲ្យអង្គុយជិតៗគ្នា ។ បើយើងឈប់ ក៏យើងមិនអាចទៅស្រុកបានទេ ។ បើបងប្អូនណាមានម៉ូតូ នឹងអាចទៅស្រុកបានរវាងមួយថ្ងៃ ពីរថ្ងៃ ដែលគេឲ្យឈប់សម្រាក ។ ប៉ុន្តែគេមិនឲ្យឈប់សម្រាកបួន ប្រាំថ្ងៃទេ គេឲ្យមួយថ្ងៃ ពីរថ្ងៃ ប្ដូរវេនគ្នាណាបង» ។
ថ្វីត្បិត គ្មានរបាយការណ៍បញ្ជាក់ថា ទឹកដីកម្ពុជាក្រោម មានទំហំប៉ុនណាឲ្យប្រាកដ តែអ្នករស់នៅលើអតីតទឹកដីខ្មែរទាំង ២១ ខេត្តក្រុង និងតាមបណ្ដាកោះជាច្រើន នៅក្នុងសមុទ្ទ សុទ្ធតែប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ។ ឯវត្តទាំងជាងប្រាំរយ (៥០០) វត្ត ក៏រៀបចំសូត្រមន្ត ជួបជុំពុទ្ធិបរិស័ទ ចូលឆ្នាំខ្មែររាល់ឆ្នាំដែរ ។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បី សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ធ្លាប់សង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មិនសូវរងការរឹតត្បិត ពីអាជ្ញាធរវៀតណាម ដូចពេលមុនៗ ទេ ។ ប៉ុន្តែវៀតណាម នៅតែមិនព្រមឲ្យកម្មករខ្មែរ និងសិស្សានុសិស្សខ្មែរ បានឈប់សម្រាក ក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ។ សហគមន៍ខ្មែរក្រោម តែងតែ អំពាវនាវ យ៉ាងទទូចសុំឲ្យអាជ្ញាធរវៀតណាមគ្រប់គ្រងនៅខែត្រ ដែលមានខ្មែររស់នៅច្រើន បានឈប់សម្រាក ក្នុងពិធីបុណ្យជាតិធំៗ របស់ខ្មែរ តែមិនទទួលបានការអនុញ្ញាតឡើយ ៕