មហាសង្រ្កាន្ត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ដោយ ថាច់ ប្រីជា គឿន
សង្ក្រាន្តឆ្នាំថ្មី ឆ្នាំជូតទោស័ក នឹងចូលមកដល់នៅវេលាម៉ោង ០៨:៤៨ នាទីយប់ ថ្ងៃច័ន្ទ ៦ រោច ខែចេត្រ ឆ្នាំ ជូតទៅស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ ២០២០ ។ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ត្រូវនឹងថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២០ ទើប ពុទ្ធសករាជ នឹងបានឈាន ចូល ឆ្នាំ ២៥៦៤ តរៀងទៅ ។
យោងតាម ក្បួនមហាសង្ក្រាន្ត រៀបរៀងដោយ លោក អ៊ឹម បុរិន្ទ នៅប្រទេសកម្ពុជា បានបញ្ជាក់ថា ទេវតា ដែលយាងចុះមកគ្រប់គ្រងចក្រវាឡ នៅក្នុងអាណត្តិឆ្នាំជូតទោសស័ក ពុទ្ធសករាជ ២៥៦៤ នេះ មានព្រះ នាមថា គោរាគទេវី ជាបុត្រីទី ២ នៃកបិលមហាព្រហ្ម ចុះមកពីឋាន ចាតុម្មហារាជិកា ។ ព្រះនាង ទ្រង់អម្ពរ ឬ ស្លៀកពាក់សំពត់ពណ៌លឿងស្រង៉ែ, លម្អនូវព្រះកាណ៌ ឬ ត្រចៀកសៀតផ្កាអង្គាបុស្ប, ពាក់កែវមុក្តា ឬ ត្បូងដែលកើតអំពីខ្យង ជាអាភរណៈ ឬជាគ្រឿងអលង្ការ, សោយ តេលំ ឬ ប្រេងសណ្តែក-ល្ង ជា អាហារ ។ ព្រះហស្តស្តាំទ្រង់ ឬកាន់ ព្រះខ័ន ព្រះហស្តឆ្វេង ទ្រង់ ឬកាន់ យដ្ឋិ ឬ ឈើច្រត់ ជាអាវុធ ។ ព្រះនាង គង់ផ្ទំ ឬ ដេក បើកព្រះនេត្រលើខ្នង ព្យគ្ឃៈ ឬ ខ្លាធំ ជាយានជំនិះ ។
ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ គឺ៖
- ថ្ងៃច័ន្ទ ៦ រោច ខែចេត្រ ឆ្នាំ ជូតទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ. ស. ;២០២០ ជាថ្ងៃសង្ក្រាន្ត ។ ទេវតានឹងយាង មកនៅវេលា ម៉ោង ០៨:៤៨ នាទីយប់ ។ យោងតាម វចនា នុក្រមខ្មែរ “សង្ក្រាន្ត” មានន័យថា “ ដំណើរដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី” ។
- ថ្ងៃអង្គារ៍ ៧ រោច ខែចេត្រ ឆ្នាំជូតទោស័ក ព. ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ. ស. ២០២០ ជាវារៈវ័នបត ។
- ថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំ ជូតទោស័ក ព. ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ. ស. ២០២០ ជាវារៈវ័នបត ។
- ថ្ងៃព្រហស្បត៍ ;៩ រោច ខែចេត្រ ឆ្នាំ ជូតទោស័ក ព. ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ. ស. ២០២០ ជាវរៈឡើងស័ក ឬ ថ្ងៃបង្ហើយ ។
សូមបញ្ជាក់ថា ចូលឆ្នាំខ្មែរ ជាពិធីបុណ្យមួយដែលពលរដ្ឋខ្មែរ កំណត់ប្រារព្ធនៅថ្ងៃទី ១៣, ១៤, ១៥ និង ១៦ ខែមេសា តាមប្រតិទិនសុរិយាគតិ ជារៀងរាល់ឆ្នាំ ។ ចំណែក ពុទ្ធសករាជ វិញ គេកំណត់យកតាម ប្រតិទិនចន្ទគតិ ដោយ ពុទ្ធសករាជ ត្រូវចូលមកនៅថ្ងៃ ១ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ។ នៅក្នុងពុទ្ធ សាសនា គេបានកំណត់រាប់ឆ្នាំ ពុទ្ធសករាជ ក្រោយថ្ងៃដែល ព្រះពុទ្ធសមណគោតម ចូលបរិនិព្វាន ឬ អស់ព្រះជន្មមួយថ្ងៃ គឺ ព្រះពុទ្ធបានចូលបរិនិព្វាន នៅថ្ងៃ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ទើបគេបានកំណត់រាប់ឆ្នាំពុទ្ធសករាជចាប់តាំងពីពេលនោះមក ។ បច្ចុប្បន្ននេះ ពុទ្ធសករាជ បាន ២៥៦៣ ឆ្នាំ នឹងឈានចូល ២៥៦៤ នៅថ្ងៃ ១ រោច ខែពិសាខ ខាងមុខនេះ គឺក្រោយថ្ងៃបុណ្យចូល ឆ្នាំខ្មែរមួយខែ ៕