​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ ចាត់តាំង​កម្មវិធី​ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​សិក្សា​ទូទាំង​ខេត្ត​ខេត្ត​ព្រះត្រពាំង

0 278

ដោយ ស៊ឺន ចែងចើន

ខេត្ត​ព្រះត្រពាំង៖ កម្មវិធី​ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ និង ទុតិយភូមិ បាន​ចាប់ផ្តើម​ហើយ នៅ​ថ្ងៃសុក្រ ទី ២២ ខែមករា នេះ នៅ​ខេត្ត​ព្រះត្រពាំង ដែនដី​កម្ពុជាក្រោម ។ កម្មវិធី​ប្រឡង​រួម​បញ្ចប់​ថ្នាក់ទូ​ទាំង​ខេត្ត មាន​បេក្ខជន​ប្រឡង​មក​ពី​ស្រុក និង ទីក្រុង​ទាំង ៨ ក្នុង​ខេត្ត​មួយ​នេះ សរុប ៤៧៤ អង្គ និង រូប ។

គណៈ​មន្ត្រី​សង្ឃ គណៈកម្មការ​មេប្រយោគ គ្រូបង្រៀន និង បេក្ខ​សមណ​សិស្ស​-សិស្ស​ទាំង ២ ថ្នាក់ នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំទី ៤ ឬថ្នាក់​បាលី​រង និង សាលា​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំទី ៣ ឬថ្នាក់​គរុកោសល្យ​ទី ៣ នៅ​ទូទាំង​ខេត្ត​ព្រះត្រពាំង ដែល​បាន​និមន្ត​មក​សិក្សា នៅ​តាម​វត្តអារាម​នានា ក្នុង​ខេត្ត​មួយ​នេះ បាន​មក​ជួបជុំគ្នា នៅ​មណ្ឌល​ប្រឡង វត្ត​សិលា​ទ្រ (ថ្ម​ទល់​) ឋិតនៅ​សង្កាត់​ទី ៩ ទីក្រុង​ត្រា​វិញ (ព្រះត្រពាំង​) ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ខេត្ត ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃសុក្រ ៩ កើត ដល់​ថ្ងៃអាទិត្យ ១១ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២២ ខែមករា ដល់​ថ្ងៃទី ២៤ ខែមករា គ្រិស្តសករាជ ២០២១ ក្រោម​ការចាត់តាំង​របស់​អាគារ​សិក្សាធិការ​នៃ​គណៈ​មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត​ព្រះត្រពាំង ។

យោង​តាម​របាយការណ៍ របស់​គណៈកម្មការ​រៀបចំ​កម្មវិធី​ប្រឡង​ផ្នែក​ពុទ្ធិក​សិក្សា​ថ្នាក់​ខេត្ត ដែល​បង្ហោះ​ នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ព្រះតេជព្រះគុណ Khmer Srey Pheap ដែល​ជាស​មា​ជិ​កគណៈកម្មការ​រៀបចំ​កម្មវិធី​ប្រឡង​ផ្នែក​ពុទ្ធិក​សិក្សា បាន​បង្ហោះ​ជា​សាធារណៈ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃទី ២២ ខែមករា ឲ្យដឹង​ថា សមណ​សិស្ស​ទាំង ២ ថ្នាក់ ដែល​បាន​ចូល​ប្រឡង​រួម​បញ្ចប់​ថ្នាក់ ក្នុង​ឆ្នាំ​សិក្សា​ពុទ្ធសករាជ ២៥៦៤ នេះ សរុប​ទាំងអស់​មាន​ចំនួន ៤៧៤ អង្គ និង រូប (សិស្ស​បឋមភូមិ ចំនួន ៣៤៦ អង្គ​+រូប និង សិស្ស​ទុតិយភូមិ ចំនួន ១២៨ អង្គ​+រូប​) ក្នុង​នោះ ក៏​មាន​មាន​យុវ័ន យុវតី ចូលរួម​ប្រឡង​ផង ។ ចំណែក​គណៈកម្មការ​មេប្រយោគ ដែល​បាន​និមន្ត និង អញ្ជើញ​មក​ពី​វត្ត​នានា ដើម្បី​កែ​វិញ្ញាសា និង សម្រេច​លទ្ធផល​ប្រឡង មាន​ចំនួន ២៤១ អង្គ និង រូប (ព្រះសង្ឃ ១៣៥ អង្គ លោកគ្រូ ៩៩ រូប និង អ្នកគ្រូ ០៧ រូប​) ។ សរុប​បេក្ខ​សមណ​សិស្ស​-សិស្ស​ទាំង ២ ថ្នាក់ និង គណៈកម្មការ​មេប្រយោគ មាន​ចំនួន ៧១៥ អង្គ និង រូប ។

របាយការណ៍​ដដែល បាន​បញ្ចាក់​ថា បេក្ខជន​ដែល​ជាស​មណ​សិស្ស និង សិស្ស សិក្សា​ផ្នែក​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ និង ទុតិយភូមិ​ទូទាំង​ខេត្ត​ព្រះត្រពាំង មាន​ទាំងអស់ ២១ បន្ទប់ ដោយ​ក្នុង​នោះ ថ្នាក់​ពុទ្ធិ​កម្យ​មសិ​ក្សា​បឋមភូមិ មាន ១៧ បន្ទប់ និង ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ មាន ៤ បន្ទប់ ។

ចំណែក​វិញ្ញាសា​ប្រឡង សម្រាប់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំទី ៤ មាន​ចំនួន ១២ គឺ​ព្រះ​វិន័យ តែងសេចក្ដី សរសេរ​តាម​អាន ធម្មបទ វេយ្យាករណ៍​បាលី ភាសាខ្មែរ ព្រះ​គាថា ព្រះអភិធម្ម ទស្សនៈ​ពុទ្ធសាសនា អង់គ្លេស ទូ​រេ​និទាន គណិតវិទ្យា និង ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំទី ៣ មាន​ចំនួន ១០ វិញ្ញាសា គឺ​សរសេរ​តាម​អាន ព្រះ​បាតិមោក្ខ បរមាធិប្បាយ សាសនា​សកលលោក កំណាព្យ​ខ្មែរ ភាសាខ្មែរ សម្ព័ន្ធ មង្គល​ត្ថ​ទីប​នី អង់គ្លេស គណិតវិទ្យា ។

កម្មវិធី​ប្រឡង​នេះ​ដែរ ក៏នឹង​ប្រកាស​លទ្ធផល និង ប្រគេន​រង្វាន់​លើកទឹកចិត្ត​ដល់​បេក្ខ​សមណ​សិស្ស ពី​គណៈកម្មការ​ប្រឡង នៅ​រាត្រី​ថ្ងៃទី ២៤ ខែមករា ។ ពិធី​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ នឹង​មានការ​និមន្ត និង អញ្ចើញ​ចូលរួម​ពី​ព្រះសង្ឃ និង ពុទ្ធបរិស័ទ​ខ្មែរក្រោម នៅ​ចំណុះជើងវត្ត​នានា នៃ​ខេត្ត​ព្រះត្រពាំង ។

ទិដ្ឋភាពជួបជុំគណៈ​មន្ត្រី​សង្ឃ គណៈកម្មការ​មេប្រយោគ គ្រូបង្រៀន និង បេក្ខ​សមណ​សិស្ស​-សិស្ស​ទាំង ២ ថ្នាក់ នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំទី ៤ និង សាលា​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំទី ៣ នៅ​មណ្ឌល​ប្រឡង វត្ត​សិលា​ទ្រ (ថ្ម​ទល់​) ស្ថិតនៅទីក្រុង ព្រះត្រពាំង ។ រូបៈ Binth Thuone
ទិដ្ឋភាពជួបជុំគណៈ​មន្ត្រី​សង្ឃ គណៈកម្មការ​មេប្រយោគ គ្រូបង្រៀន និង បេក្ខ​សមណ​សិស្ស​-សិស្ស​ទាំង ២ ថ្នាក់ នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំទី ៤ និង សាលា​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំទី ៣ នៅ​មណ្ឌល​ប្រឡង វត្ត​សិលា​ទ្រ (ថ្ម​ទល់​) ស្ថិតនៅទីក្រុង ព្រះត្រពាំង ។ រូបៈ Binth Thuone

គួរ​ជម្រាប​ជូន​ថា នៅក្នុង​ខែបុស្ស ពុទ្ធសករាជ ២៥៦៤ កន្លងទៅ​នេះ ជារ​ដូវ​កាល ដែល​គណៈកម្មការ​សង្ឃ​ខ្មែរ​ថ្នាក់​ស្រុក នៃ​ខេត្ត​ព្រះត្រពាំង ក៏បាន​រៀបចំ​កម្មវិធី​ប្រឡង​បញ្ចប់​កម្មវិធី​សិក្សា​របស់​សមណ​សិស្ស​ទូទាំង​ស្រុក​ផង​ដែរ ។ កម្មវិធី​ប្រឡង​រួម​បញ្ចប់​ថ្នាក់ទូ​ទាំងស្រុក ក្រោម​ការចាត់តាំង​របស់​សមាគម​សង្ឃ​ស្រុក​ទាំង ៨ រួមមាន ស្រុក​កំពង់ស្ពាន ស្រុក​ផ្នោ​ដាច់ ស្រុក​ថ្កូវ ស្រុក​ញ្ចោង ស្រុក​កន្លង់ ស្រុក​មាត់សមុទ្រ ស្រុក​កំពង់ធំ និង​ទីក្រុង​ព្រះត្រពាំង ។ ស្រុក នី​មួយ​ៗ បាន​រៀបចំ​កម្មវិធី​ប្រឡង​រួម នៅក្នុង​មណ្ឌល​ប្រឡង នៅក្នុង​វត្ត​ណាមួយ ដែល​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការ​ទទួល​សមណ​សិស្ស និង សិស្ស​មក​ពី​វត្ត​នានា​ទូទាំង​ស្រុក ។

កម្មវិធី​សិក្សា​ថ្នាក់​ពុទ្ធិក​សិក្សា នៅ​កម្ពុជាក្រោម ជា​កម្មវិធី​សិក្សា​មួយ ផ្ដោត​លើ​ការ​រៀនអក្សរ​សាស្ត្រ​ខ្មែរ និង ភាសាបាលី ក្រោម​ការចាត់តាំង​របស់​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ នៅ​ដែនដី​កម្ពុជាក្រោម ដែល​មានឈ្មោះ​ថា «សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ» ។ សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ បាន​បង្កើត​ឡើង នៅក្នុង​ឆ្នាំ ១៩៦៥ ដោយ​ព្រះតេជព្រះគុណ សឺង វង់ (Son Vong​) អតីត​ព្រះ​បា​ឡា​តគណ​ខេត្ត​ព្រះត្រពាំង ។ សមាគម​មួយ​នេះ ដើរតួ​នាទី​បណ្ដុះបណ្ដាល​វិស័យ​អប់រំ​ដល់​ពលរដ្ឋ និង ព្រះសង្ឃ​ខ្មែរក្រោម បាន​សិក្សា​រៀនសូត្រ​ទាំង​ផ្នែក​ពុទ្ធចក្រ និង អាណាចក្រ ។

នៅ​កម្ពុជាក្រោម ដែល​មានផ្ទៃ​ដី​ប្រមាណ ៦៧.៧០០ គីឡូម៉ែត្រ​ក្រឡា ចែកចេញជា ២១ ខេត្ត​/ក្រុង មាន​ពលរដ្ឋខ្មែរ​ក្រោម​មិន​តិច​ជាង ៧ លាន​នាក់ មាន​វត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរ​ចំនួន ៤៦១ (ខេត្ត​ព្រះត្រពាំង មាន​វត្ត​ខ្មែរ​ទាំងអស់​ចំនួន ១៤៣ វត្ត​) និង មាន​ព្រះសង្ឃ​ខ្មែរក្រោម មិន​តិច​ជាង ១ ម៉ឺន​អង្គ​នោះ​ទេ បើ​គិត​ត្រឹម​ឆ្នាំ ២០១៤ កំពុងតែ​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា ប្រពៃណី ទំ​នៀ​នទម្លាប់ វប្បធម៌ អរិយធម៌ និង សិក្សា​អក្សរសាស្ត្រ​ជាតិខ្មែរ បាន​គង់វង្ស​តរ​ហូត​មកដល់​សព​ថ្ងៃ ៕

Leave A Reply

Your email address will not be published.