យុវជននៅកម្ពុជា អះអាងនឹងមិនទុកឲ្យកម្ពុជាក្រោម ឯកានោះទេ ព្រោះជាឈាមជ័រតែមួយ
ដោយ គឹម សាវតា
ខណៈដែលពលរដ្ឋខ្មែរក្រោម មួយចំនួនកំពុងតស៊ូមតិដោយអហិង្សាដើម្បី ទាមទារ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» នោះ យុវជនខ្មែរ នៅលើកទឹកដីកម្ពុជា ឯណេះវិញ អះអាងថា នឹងមិនទុកឲ្យដែនដីកម្ពុជាក្រោម និងជាពលរដ្ឋខ្មែរក្រោម ឯកានោះទេ ដោយពួកគេនឹងជួយផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ ព័ត៌មានស្តីអំពីខ្មែក្រោម ឲ្យបានទូលំទូលាយ ។ ការអះអាងយ៉ាងដូច្នេះ ដោយសារតែពលរដ្ឋខ្មែរក្រោម គឺជាឈាមជ័រតែមួយ និងបានរក្សាបាននូវវប្បធម៌ ទំនៀមទំលាប់ខ្មែរយ៉ាងល្អប្រសើរ ។

នៅក្នុងកិច្ចពិភាក្សារបស់អង្គភាពសារព័ត៌មាន Khmer K21 យុវជន និងព្រះសង្ឃ ដែលមានដើមកំណើត នៅកម្ពុជា ហើយដែលជានិសិត្សប្រវត្តិសាស្ត្រផងនោះ បានបញ្ចេញទស្សនៈ ទាក់ទងនឹងរឿងរ៉ាវនៃកម្ពុជាក្រោម ដោយបានលើកឡើង ពីប្រវត្តិសាស្ត្រ ដែលកម្ពុជាក្រោម ស្ថិតនៅក្រោម ការត្រួតត្រារបស់វៀតណាម និងការខិតខំថែរក្សាវប្បធម៌ ប្រពៃណី របស់ពលរដ្ឋខ្មែរក្រោម រហូតមកដល់ពេលនេះ ។ ក្រុមនិស្សិត ដែលជាវាគ្មិន ចូលរួមក្នុងកិច្ចពិភាក្សានោះ អះអាងថា នឹងមិនទុកឲ្យពលរដ្ឋជាសាច់ឈាមរបស់ខ្លួន នៅដែនដីកម្ពុជាក្រោមមួយនេះ នៅកំព្រានោះឡើយ ។
ព្រះតេជព្រះគុណ សុខ រីណា មានស្រុកកំណើត នៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានបន្ទូលថា នៅពេលដែលនិយាយដល់ការបាត់បងទឹកដីខ្មែរ គឺតែងនឹកឃើញ នូវភាពឈឺចាប់មួយ ដែលទឹកដី មួយភាគជាអតីតរបស់កម្ពុជា ត្រូវគេបោះបង់ចោល នោះ គឹប្រជាជនរស់នៅដែនដីកម្ពុជាក្រោម ។ ព្រះអង្គបន្តថា នៅពេលដែលលឺពីពាក្យថា «កម្ពជាក្រោម» មិនគ្រាន់តែខ្មែរជំនាន់មុន ឬជំនាន់ក្រោយនោះទេ គឺមានការសោកស្ដាយ ជាពិសេសនៅពេលដឹងថា ពលរដ្ឋខ្មែរក្រោមមិនអាចប្រតិបត្តិនូវវប្បធម៌ ប្រពៃណី ដែលធ្លាប់មានពីមុនមក នៅលើទឹកដីកំណើតរបស់ខ្លួន ។ ព្រះអង្គបន្ថែមថា អ្វីដែលធ្វើឲ្យដែនដីកម្ពុជាក្រោម ត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាមនោះ គឺការខ្វះឆន្ទះបង្រួបបង្រួម ដូចនេះ យុវជនសម័យនេះ មិនថា ខ្មែរក្រោម ខ្មែរកណ្ដាល ឬ ខ្មែរលើនោះទេគឺត្រូវរៀនសូត្រ ដើម្បីកុំឲ្យប្រវត្តិសាស្ត្របែបនេះ កើតមានម្ដងទៀត ហើយមានឆន្ទះសហការគ្នាជាធ្លុងមួយ ។
ព្រះតេជគុណ សុខ រីណា «យើងនឹងមានចលនា នៅក្នុងចិត្តថា មិនចង់ឲ្យ ឬក៏មិនធ្វើឲ្យព្រឹត្តិការណ៍ហ្នឹងកើតម្ដងទៀត ព្រោះអីវាជារឿងឈឺចាប់ នៅពេលដែលយើងដឹង វាជារឿងមួយដែលខកបំណងនៅពេលដែលស្គាល់ ហើយស្គាល់កាន់តែច្បាស់ ធ្វើឲ្យយើងមានអារម្មណ៍សោកស្ដាយ» ។
កញ្ញា សារុន រ៉ុងសៃ មានស្រុកកំណើតនៅខេត្តកំពត ដែលចូលរួមក្នុងកិច្ចពិភាក្សាដែរនោះ បានលើកឡើងថា កញ្ញាបានដឹងថា ពលរដ្ឋខ្មែរក្រោម គឺជាឈាមជ័រតែមួយ តែអ្វីដែលធ្វើឲ្យខ្មែរ និងខ្មែរក្រោមឃ្លាតឆ្ងាយ និងយល់ច្រឡំថាជាយួន ព្រោះថា នៅដែនដីកម្ពុជាក្រោម មានសង្គ្រាម និងក្រោយមកត្រូវបានបារាំងកាត់ទឹកដីនោះ ឲ្យទៅវៀតណាមគ្រប់គ្រង ។ កញ្ញាបានបញ្ចេញទស្សនៈបន្តថា ដើម្បីផ្សព្វផ្សាយ ពីសក្ដានុពល និងរឿងរ៉ាវផ្សេងៗ ដែលកើតឡើងនៅដែនដីកម្ពុជាក្រោម គឺមានតែការផ្សព្វផ្សាយចេញនូវប្រវត្តិសាស្ត្រ ពីសំណាក់រាជរដ្ឋាភិបាល ពីសំណាក់ភាគីពាក់ព័ន្ធផ្សេងៗទៀត ។
កញ្ញា សារុន រ៉ុងសៃ «សម្រាប់ខ្ញុំជាយុវជន យើងទ្រង់នៅក្មេងខ្ចីបន្តិចមែន ប៉ុន្តែ មិនស្ទាក់់់ស្ទើរទេក្នុងការចូលរួមតាមដាន ក៏ដូចជាចូលរួមចំណែកដឹងលឺ ចំពោះទឹកដីខ្មែរកម្ពុជាក្រោម» ។
ចំណែកយុវជនមួយរូបទៀត គឹ លោក ធូ រិទ្ធិ មានស្រុកកំណើតនៅខេត្តបាត់ដំបង និងជានិសិត្សផ្នែកប្រវត្តិសាស្ត្រមួយរូបផងនោះ ក៏បានបញ្ចេញទស្សនៈថា ទឹកដីកម្ពុជាក្រោមគឺ ជាទឹកដី គឺមានកំពង់ផែ អូរកែវ ជាទីដែលមានជំនួញពាណិជ្ជកម្មដ៏ធំមួយជាមួយចិន ប៉ុន្តែ ដោយសារតែ ការបែកបាក់របស់ខ្មែរ ហើយទៅពឹងប្រទេសជិតខាង ដើម្បីជួយខ្លួន ធ្វើឲ្យខ្មែរចាប់ផ្ដើមមានឱនភាពបន្តិចម្តងៗ រហូតកម្ពុជាក្រោម ត្រូវស្ថិតក្រោមការត្រួតត្រារបស់ប្រទេសផ្សេង ។ លោកបន្តថា ពីមួយជំនាន់ទៅមួយជំនាន់ មេដឹកនាំ នៅកម្ពុជា ហាក់មិនមានឆន្ទះក្នុងការដោះស្រាយបញ្ហា ដែលកើតមាន នៅកម្ពុជាក្រោមនោះទេ ខណៈដែលពលរដ្ឋខ្មែរក្រោមខ្លួនឯងព្យាយាមតស៊ូរើបំរាស់ ដើម្បីទាមទារសិទ្ធិអាជ្ញាធរវៀតណាម ។ លោកបន្ថែមថា មិនថាខ្មែរលើ ខ្មែរកណ្ដាល ខ្មែរក្រោម ជាពិសេស គឺយុវជនត្រូវស្វែងយល់អំពីបញ្ហា ដែលកើតមានកន្លងមក ហើយត្រូវមានគំនិតជាតិនិយម និងឆន្ទះក្នុងការឈឺឆ្អាលរឿងប្រវត្តិសាស្ត្រ និងប្រទេសជាតិ ។
លោក ធូ រិទ្ធិ «កុំឲ្យស្រម៉ៃថា កម្ពុជាក្រោម គឺបាត់បង់នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ហើយយើងអត់នឹកនាដល់កម្ពុជាក្រោម មិនមែនអញ្ចឹងទេ គឺត្រូវតែព្យាយាមធ្វើយ៉ាងណាធ្វើម៉េចទាក់ទងឲ្យបាន ហើយខាងកម្ពុជាក្រោម វិញក៏ដូចគ្នាដែរតាមរយៈការផ្សព្វផ្យាយវប្បធម៌ ប្រពៃណី បង្ហាញតាមទំព័រហ្វេសប៊ុកទៅ យើងខាងលើនេះក៏ឃើញ គឺយើងអាចភ្ចាប់គ្នាបាន» ។
លោក ថាច់ ចន្ទ្រា ប្រធានក្រុមប្រឹក្សាយុវជនខ្មែរក្រោម បានប្រាប់វិទ្យុសំលេងខ្មែរក្រោម ថា មួយរយៈកាលចុងក្រោយនេះ គឺខ្មែរកណ្ដាល ជាពិសេសយុវជនបានដឹង និងស្គាល់ខ្មែរក្រោម ជាបន្តបន្ទាប់ ខណៈដែលកន្លងមកមានប្រជាពលរដ្ឋខ្មែរ មួយចំនួនយល់ច្រឡំថា ពលរដ្ឋខ្មែរក្រោម គឺជាជនជាតិយួន ដែលករណីនេះ លោកថា ពលរដ្ឋខ្មែរក្រោម ហាក់មានទុក្ខជាន់លើទុក្ខ ព្រោះថា ពេលដែលរស់ នៅដែនដីកម្ពុជាក្រោមជនជាតិយួនចោទថា នៅពេលមករស់នៅកម្ពុជា ពលរដ្ឋខ្មែរចោទពលរដ្ឋខ្មែរក្រោម ដែលជាឈាមជ័រខ្លួនថា ជាជនជាតិយួនទៅវិញ ។ យ៉ាងនេះក្ដី លោកថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយ ហាក់ទូលំទូលាយ ដូចនេះ ខ្មែរក្រោមអាចផ្សព្វផ្សាយឲ្យមជ្ឈដ្ឋានខាងក្រៅស្គាល់ និងដឹងថាខ្មែ រក្រោមគឺជាអ្នកណា មានប្រវត្តិយ៉ាងណា រងការគាបសង្កត់យ៉ាងណា ។
លោក ថាច់ ចន្ទ្រា «ទី១ គឺការផ្សព្វផ្សាយតាមបណ្ដាញសង្គម ទី២ ខ្លួនខ្ញុំផ្ទាល់ទៅដល់ទីណាក៏ខ្ញុំនិយាយថា ខ្ញុំគឺខ្មែរក្រោមដែរ ខ្ញុំអត់ដែលខ្លាចបាត់បង់ ខ្លាចគេរើសអើងអីដែរ ហើយខ្ញុំជំរុញឲ្យមិត្តភក្តិ បងប្អូនប្រាប់គេថាជាខ្មែរក្រោម យើងមោទនភាពខ្លួនឯងថាជាខ្មែរក្រោម ហើយយើងជំរុញឲ្យគេ គាំទ្រយើងដែរ» ។
ក្រៅពីផ្សព្វផ្សាយឲ្យយុវជនខ្មែរបានដឹងពីទំនៀមទម្លាប់ ប្រពៃណី ប្រវត្តិសាស្ត្រជាពិសេស គឺប្រវត្តិនៃដែនដីកម្ពុជាក្រោម ឲ្យពលរដ្ឋខ្មែរទាំងអស់បានស្គាល់ និងចងចាំកុំឲ្យមានប្រវត្តិឈឺចាប់នេះ កើតមានជាបន្តទៅទៀត ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្រៅប្រទេស ក៏បានផ្សព្វផ្សាយ អំពីបច្ចុប្បន្នភាពខ្មែរក្រោម ឲ្យពិភពលោកបានដឹងជាបន្តបន្ទាប់ដែរ ។ អ្វីដែលសំខាន់ទៀតនោះ គឺផ្សព្វផ្សាយឲ្យពិភពលោកបានដឹង ពីការគាបសង្កត់សិទ្ធិសេរីភាពរបស់ខ្មែរក្រោម ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចវៀតណាម ផង ៕