ខ្មែរក្រោមនៅកម្ពុជានឹងរំឭកខួប ៣៧ ឆ្នាំ ទិវាទាមទារសិទ្ធិម្ចាស់ការពីវៀតណាម

0 135

ក្រុម​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ជួបជុំ​រំឭក​ខួប​ឆ្នាំ​ទី ៣៧ នៃ ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ដែលជា​ថ្ងៃ​តស៊ូ​ទាមទារ​សិទ្ធិសេរីភាព​ពី​វៀតណាម ដើម្បី​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង លើ​ដែនដី​កម្ពុជា​ក្រោម ។ ពិធី​ជួប​ជុំនោះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី ១៦ ខែ វិច្ឆិកា នៅ​វត្ត​សាមគ្គី​រង្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ។​

ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ក្នុងនាម​ជា​អង្គការ​សមាគម​ចំនួន ១២ នឹង​ជួបជុំ​ប្រារព្ធ​ពិធី​រំឭក​ខួប ៣៧ ឆ្នាំ ទិវា​តស៊ូ​របស់​ខ្មែរក្រោម ក្នុងការ​ទាមទារ​សិទ្ធិសេរីភាព​ពី​រដ្ឋអំណាច​វៀតណាម ដើម្បី​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង នៅលើ​ទឹកដី​កម្ពុជា​ក្រោម ថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ​១៩៧៦-​ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១៣ ។ ពិធី​ជួបជុំ​នេះ​នឹង​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ១៦ វិច្ឆិកា នៅ​វត្ត​សាមគ្គី​រង្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

Khmer Krom Flag
ទង់ជាតិខ្មែរក្រោម ។

​តាម​សេចក្តីប្រកាស ក្នុង​ពិធី​ជួបជុំ​នោះ ជនរងគ្រោះ​នឹង​រៀបរាប់​រម្លឹក​ពី​ព្រឹត្តិការណ៍​ប៉ះទង្គិច រវាង​ក្រុម​អ្នកតស៊ូ​ខ្មែរក្រោម និង​កងកម្លាំង​នៃ​រដ្ឋអំណាច​វៀតណាម នៅ​ឆ្នាំ ១៩៧៦ ដែល​នាំ​ឲ្យ​មានការ​ចាប់ខ្លួន និង​សម្លាប់​ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន ។​

​ព្រះ​តេជគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី និង​ជា​ប្រធានស្តីទី​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹងថា ពិធី​រំឭក​ដល់​ថ្ងៃ​តស៊ូ​របស់​ខ្មែរក្រោម ក្នុងការ​ទាមទារ​សិទ្ធិសេរីភាព​ពី​រដ្ឋអំណាច​វៀតណាម នៅ​ថ្ងៃ ១៦ វិច្ឆិកា នៅ​ឆ្នាំនេះ ប្រារព្ធ​ឡើង​ធំ​ជាង​ឆ្នាំមុន ។ គោលបំណង ដើម្បី​រំឭក​ពី​គុណូបក្ការៈ របស់​បុព្វបុរស​ខ្មែរក្រោម ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​ជាតិ សាសនា និង​មាតុភូមិ នៅ​ដែក​ដី​កម្ពុជា​ក្រោម ។​

​រហូតដល់​សព្វថ្ងៃនេះ ព្រះ​តេជគុណ សៀង សុវណ្ណារ៉ា បាន​លើកឡើងថា ស្ថានភាព​ពលរដ្ឋ​ខ្មែរ រស់​លើ​ទឹកដី​កម្ពុជា​ក្រោម មិនមាន​សិទ្ធិ​ពេញលេញ​ទេ ដូចជា នៅពេល​ថ្មីៗ​នេះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន ក៏ត្រូវ​បាន អាជ្ញាធរ វៀតណាម​ចាប់​ផ្សឹក និង​កាត់ទោស​ដាក់ពន្ធនាគារ ថែមទៀត ។​

​ដែនដី​កម្ពុជា​ក្រោម ត្រូវបាន​អាណានិគម​បារាំង កាត់​ឲ្យ​វៀតណាម នៅ​ថ្ងៃទី ៤ មិថុនា ឆ្នាំ​១ ៩៤៩ ដែល​ឥឡូវនេះ ជា​ទឹកដី ភាគខាងត្បូង​របស់​ប្រទេស​វៀតណាម ។ វៀតណាម បានចាត់ទុក​ពលរដ្ឋ​ខ្មែរក្រោម ជា​ជនជាតិ​ភាគ តិច​ក្នុងចំណោម​ជនជាតិភាគតិច ទាំង ៥៣ ផ្សេងទៀត​ដែល​រស់នៅក្នុង​ប្រទេស​វៀ​ត​ណា​ម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បដិសេធ​នូវ​ការដែល​វៀតណាម បានចាត់ទុក​ខ្មែរក្រោម​ថា ជា​ជនជាតិភាគតិច ហើយ​បានទាមទារ​ឲ្យ​មាន​ចាត់ទុក​ខ្មែរក្រោម ថា​ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម និង​ជម្រុញ​ឲ្យ​វៀត ណា​ម​គោរព​សិទ្ធិ​ជនជាតិដើម​តាម​សេចក្ដី ប្រកាស​ជាស​កល​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី ៕​

Leave A Reply

Your email address will not be published.